អង្គការ​សមាគម​ជិត​៤០​ អំពាវ​នាវ​ទៅ​រដ្ឋា​ភិបាល​ជួយ​ការពារ​សុវត្ថិ​ភាព​កម្មករ​នៅ​កន្លែង​ធ្វើការ​អំឡុង​វិបត្តិ​កូវីដ-១៩

ការងារ | កូវីដ-១៩ | ព័ត៌មានជាតិ
លោក ណាត សុភាព | ០២ ឧសភា ២០២១ |ម៉ោង ១៥:៤៤
VOD

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅពីមុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅពីមុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)


អង្គការ សមាគម និងសហជីព ជិត៤០ បានអំពាវនាវទៅរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាសុខភាពនិងសុវត្ថិភាពដល់កម្មករនិយោជិតនៅកន្លែងធ្វើការងារអំឡុងពេលជួបវិបត្តិកូវីដ-១៩ ខណៈបច្ចុប្បន្ន ពួកគេកំពុងជួបបញ្ហាប្រឈមជាច្រើនទាំងផ្នែកសុខភាពនិងសុវត្ថិភាពស្បៀង បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

អង្គការសមាគមទាំង៣៦នោះ រួមមាន សម្ព័ន្ធខ្មែរជំរឿន និងការងារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់, អង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា, អង្គការសមាគមធាងត្នោត, សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា, គណៈកម្មាធិការ ដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល,​ សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សម្ព័ន្ធសហជីពកម្ពុជា, សម្ព័ន្ធសហជីពឯករាជ្យ, សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងសហជីពឯករាជ្យកម្លាំងសាមគ្គីកម្មករ ជាដើម។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមចំនួន៣៦ ដែល វីអូឌី ទទួលបាន ឱ្យដឹងនៅថ្ងៃនេះថា សុខភាព សុវត្ថិភាពនៅកន្លែងការងារមានសារៈសំខាន់បំផុត ក្នុងការរួមចំណែកពីសំណាក់ភាគីនិយោជក សហជីព រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីយកឈ្នះជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា និងលើសកលលោក។ ពួកគេបន្តថា ជំងឺផ្លូវដង្ហើមមួយនេះធ្វើឱ្យមានបញ្ហាប្រឈមនានាក្នុងការរក្សាដំណើរការផលិតភាព សុខភាព និងសុវត្ថិភាពកម្មករនិយោជិត ដែលមិនត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅកន្លែងធ្វើការងារ ជាដើម។

បន្ថែមពីនេះ អង្គការសមាគមទាំងនោះក៏បានលើកជាឧទាហរណ៍ពាក់ព័ន្ធរឿងបាក់រលំអគារនៅពេលកំពុងសាងសង់ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩ និងបាក់អគារកំពុងសាងសង់នៅខេត្តកែបនៅឆ្នាំ២០២០ បណ្តាលឱ្យកម្មករស្លាប់និងរបួសរាប់សិបនាក់ ដោយសារការដ្ឋានសាងសង់នោះពុំមានច្បាប់អនុញ្ញាតពីមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។

ដោយឡែក នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងដេរស្បែកជើង ក៏កំពុងតែប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយសារតែប្រព័ន្ធធ្វើដំណើររបស់ពួកគេពីផ្ទះទៅកន្លែងធ្វើការងារជិះប្រជ្រៀតគ្នាខ្លាំង ពុំមានបច្ចេកទេសត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវ ដែលអាចប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិតនៅពេលធ្វើដំណើរ ឬឆ្លងជំងឺជាសកលនេះនាអំឡុងពេលជួបវិបត្តិកូវីដ-១៩ ទៀតផង។

ករណីនេះ អង្គការសមាគមទាំងនោះអំពាវនាវទៅរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធគោលនយោបាយរបស់រដ្ឋ ដើម្បីជំរុញឱ្យមានការលើកកម្ពស់ និងធានាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការងារ។ ពួកគេបន្តថា ​វិធានការនេះ ត្រូវធ្វើចំពោះក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គម ខណៈកម្មករជាង១ពាន់នាក់ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា៖ «គិតមកដល់ពេលនេះ មានកម្មករជាង១ពាន់នាក់ត្រូវបានរកឃើញឆ្លងកូវីដ-១៩ នៅតាមរោងចក្រជាង៩០ នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ដែលជាទីបារម្ភបំផុតចំពោះសុខភាពនិងសុវត្ថិភាពរបស់កម្មករដែលប្រថុយប្រថានក្នុងការវិលត្រឡប់ទៅកន្លែងធ្វើការងាររបស់ពួកគេវិញ ក្នុងស្ថានភាពមិនទាន់ធានាសុខភាពនិងសុវត្ថិភាពនៅកន្លែងការងារ»។

ក្រុមអង្គការ​សមាគមដដែល ចង់ឱ្យរដ្ឋាភិបាលបង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះបញ្ហាសុខភាព និងសុវត្ថិភាពកម្មករនិយោជិត ជាមួយនឹងដៃគូអង្គការសង្គមស៊ីវិល តំណាងសហព័ន្ធ សហជីព សមាគម តំណាងកម្មករនិយោជិត និយោជក នៅតាមបណ្តាការដ្ឋានសំណង់និងក្រុមហ៊ុនសាងសង់តាមបណ្តារាជធានី-ខេត្តនានា ជាប្រចាំ ប្រកបដោយតម្លាភាព។ ជាងនេះទៀត ត្រូវឱ្យក្រុមហ៊ុនទាំងនោះគោរពលក្ខខណ្ឌសុខភាព សុវត្ថិភាព រួមទាំងចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះមានប្រសិទ្ធភាពខ្ពស់។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី២ ខែឧសភា ខណៈ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ក៏​នៅមិនទាន់អាចទាក់ទងបានដែរ។

យ៉ាងណា រដ្ឋាភិបាលតាមរយៈក្រសួងការងារ កន្លងមក បានដាក់ចេញនូវយុទ្ធនាការ​ចាក់វ៉ាក់សាំងជូន​កម្មករ​និយោជិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩​ ទៅកាន់សហគមន៍​ ពិសេសវិស័យ​កាត់ដេរនៅកម្ពុជាបន្ថែមទៀត។

កាលពីថ្ងៃម្សិលមិញ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ ​ដោយបង្ហាញពីលទ្ធផល​នៃការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ដូសទី១ ជូនកម្មករ និងថ្នាក់ដឹកនាំ​អង្គការវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី៧ ខែមេសា រហូតដល់​ថ្ងៃទី១ ខែឧសភា គឺមានចំនួន១២២ ១៣៤នាក់ ក្នុងនោះជនបរទេសចំនួន៣ ៩៣៩នាក់។

ដោយឡែក សម្រាប់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលបានចាក់វ៉ាក់សាំងដូសទី២ គិតត្រឹមម្សិលមិញ មានចំនួន៤៥ ៥៤១នាក់ ក្នុងនោះជនបរទេសមានចំនួន១ ៥៨៨នាក់។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចនៃក្រសួងការងារ បញ្ជាក់ថា នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជាបន្តបន្ទាប់ទៀត។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹងពេលនោះថា​ មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តារាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩។

លោកបន្តថា ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍​ ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមកនោះ មានកម្មកររោងចក្រប្រមាណ​៤០០ ០០០នាក់ មិនអាចចេញទៅធ្វើការបានឡើយ ខណៈកម្មករនិយោជិតជាង១លាន២សែននាក់បានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍នោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment