អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​កើន​ដល់​ជាង​១០០​នាក់​និង​ឆ្លង​ថ្មី​ជាង​៧០០​នាក់

ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ០២ ឧសភា ២០២១ |ម៉ោង ១៣:២៦
VOD

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)


ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកស្លាប់ដោយវីរុសកូវីដ-១៩ មានចំនួន៦នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួន​អ្នកស្លាប់ដោយសារជំងឺនេះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់១០៣នាក់ ខណៈកម្ពុជាក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង៧០០នាក់បន្ថែមទៀតផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយវីរុសកូវីដ-១៩ ទាំង៦នាក់នោះ មានស្ត្រីចំនួន២នាក់ និងបុរសចំនួន៤នាក់ ដែលមានអាយុចន្លោះពី៤៥ឆ្នាំ ដល់៧៦ឆ្នាំ។

ក្រសួងបន្ថែមថា ពួកគាត់ស្លាប់ដោយបញ្ហាផ្លូវដង្ហើមនិងរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរបង្កឡើងដោយវីរុសកូវីដ-១៩ ហើយអ្នកស្លាប់៣នាក់ក្នុងចំណោម៦នាក់នោះ គឺមានប្រវត្តិជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធ​ឈាមឬជំងឺលើសឈាមប្រចាំកាយ​ផងដែរ។

​ក្រៅពីរកឃើញអ្នកស្លាប់ថ្មី ក្រសួងក៏ បានប្រកាសពីការរកឃើញ​អ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧៣០នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៩នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ថែមទៀត។

អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មីទាំងនោះគឺមាន​តែ​២​នាក់​ប៉ុណ្ណោះជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​​ ក្រៅពីនេះសុទ្ធតែជា​អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​។​

អ្នកឆ្លងជំងឺ​កូ​វីដ​-១៩ ទាំង៧៣០នាក់ រួមមាន នៅរាជធានីភ្នំពេញ ៤៥៤នាក់, ព្រះសីហនុ ១២៤នាក់, ​កណ្តាល ១០៧នាក់, កំពង់ធំ ១៤នាក់, តាកែវ ១១នាក់, ព្រៃវែង ៦នាក់, ត្បូងឃ្មុំ ៥នាក់, កំពង់ចាម ៤នាក់ និងខេត្តសៀមរាប ២នាក់។ ដោយឡែក ខេត្តដែលរកឃើញអ្នកឆ្លងកូ​វីដ​-១៩ ម្នាក់ៗ ដូចជា ខេត្តកំពត ​​ស្ទឹងត្រែង និងខេត្តពោធិ៍សាត់។

គិតត្រឹម​ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១៤ ៥២០នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន​១០៣នាក់។ ដោយឡែក អ្នកជាសះស្បើយចំនួន៥ ៣៦៩នាក់ ហើយអ្នកជំងឺចំនួន៩ ០៤០នាក់កំពុងសម្រាកព្យាបាល​នៅឡើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​កើន​ដល់​ជាង​១០០​នាក់​និង​ឆ្លង​ថ្មី​ជាង​៧០០​នាក់"

  1. ពុទ្ធោ!ពុទ្ធោ! says:

    សំណួរ!តើរបបក្រុងភ្នំពេញដឹកនាំដោយ ហ៊ុន សែន មានសមត្ថភាពក្នុងការកម្ចាត់ កូវិដ ១៩ ដែរឬទេ? បើគ្មានទេ! តើប្រជារាស្រ្តខ្នែរត្រូវធ្វើយ៉ាងណា?តើយើងបណ្ដោយអោយរបបមួយនេះបំផ្លាញយើងដល់ណាទឿត។

Leave a Reply

Submit Comment