ក្រុម​កម្មករ​ខកចិត្ត​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ភាគរយ អំឡុង​ពេល​ពួកគេ​ផ្អាក​ការងារ

ដោយ អាស៊ីសេរី
2021-05-03
RFA

ក្រុម​កម្មករ​ខកចិត្ត​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ភាគរយ អំឡុង​ពេល​ពួកគេ​ផ្អាក​ការងារ

សកម្មភាព​ធ្វើ​តេស្ត​​រក​ជំងឺ​កូវីដ១៩ លើ​កម្មកររោងចក្រ​​មួយ​កន្លែង​នៅ​ខេត្ត​កណ្ដាល។ រូប​ពី​ហ្វេសប៊ុក


ក្រុម​កម្មករ​ទាមទារ​រដ្ឋាភិបាល​បន្ថែម​ប្រាក់​ឈ្នួល និង​ប្រាក់ឧបត្ថម្ភ អំឡុង​ពេល​ពួកគាត់​កំពុង​រស់នៅ​ទាំង​ត្រដាបត្រដួស​នៅក្នុង​តំបន់​បិទ​ខ្ទប់​។ មន្ត្រី​សហជីព​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​បញ្ហា​បន្ថែម​ទៀត​ជូន​កម្មករ ដើម្បី​ធានា​នូវ​ការរស់នៅ​សមរម្យ​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ​១៩។

ក្រុមកម្មករ​ដែល​កំពុង​បាត់បង់​ប្រាក់​ឈ្នួល​ដោយសារ​ផ្អាក​រោងចក្រ​អំពាវនាវ​រក​ជំនួយ​ដោះស្រាយ​ការ​លំបាក​របស់​ពួកគាត់​ពី​រដ្ឋាភិបាល។ ពួកគេ​កំពុង​ខ្វះ​ប្រាក់​បង់ថ្លៃ​ទឹក​ភ្លើង និង​ប្រឈម​បញ្ហា​បំណុល​ធនាគារ។

កម្មការិនី​រោងចក្រ ឌី ហាន លោកស្រី ព្រហ្ម សុភី លើកឡើង​ថា រោងចក្រ​លោកស្រី​បាន​ផ្អាក​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ដោយសារ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅក្នុង​រោងចក្រ​។ លោកស្រី​កំពុង​ព្រួយ​បារម្ភ​ពុំ​មាន​ប្រាក់​សម្រាប់​បង់​បំណុល​ធនាគារ​ជាង​៣​រយ​ដុល្លារ​ក្នុង​មួយ​ខែ ថ្លៃ​បន្ទប់​ជួល​៥០​ដុល្លារ​ក្នុង​មួយ​ខែ និង​បង់ថ្លៃ​ទឹក​ភ្លើង ទិញ​ថ្នាំពេទ្យ​ព្យាបាល​ជំងឺ​ប្តី ទិញ​ទឹកដោះគោ​ឱ្យ​កូន និង​ការចាយវាយ​ប្រចាំថ្ងៃ​ថែមទៀត ដូច្នេះ​លោកស្រី​សម្រេច​ថា លក់​ម៉ូតូ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​នេះ​។ កម្មការិនី​រូប​នេះ​អះអាង​ថា ប្រាក់​ឈ្នួល​៥០​ភាគរយ​មិន​អាច​ជួយ​បន្ធូរបន្ថយ​បន្ទុកគ្រួសារ​លោកស្រី​បាន​ទេ​។ លោកស្រី​ស្នើ​រដ្ឋាភិបាល​ជួល​សម្របសម្រួល​ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម និង​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត​ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​លោកស្រី​កំពុង​ទី​ទាល់ក្រ៖ «ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ជួល​គិត​គូ​ធ្វើ​ម៉េច​ឱ្យ​សមរម្យ​ពួក​ខ្ញុំ​អ្នក​ឃុំ​នេះ លុយ​៥០​ភាគរយ​សម្រាប់​ពួក​ខ្ញុំ ថ្លៃ​ផ្ទះ​ជួល​គឺ​អស់​ខាន​ចាយ​ម៉ង បន្ទប់​មួយៗ តម្លៃ​ហាសិប​ដុល្លារ​ឡើង​ទៅ ទឹក​ភ្លើង​ផ្សេង​ទៀត អ៊ីចឹង​ពួក​ខ្ញុំ​បាន​មក​បាន​តែ​ថ្លៃ​ផ្ទះ​ជួល សម្រាប់​ការ​ហូបចុក​អត់​គ្រាន់​តែម្តង អ៊ីចឹង​សូម​ឱ្យ​រដ្ឋាភិបាល​លោក​គិតគូរ​ឱ្យ​បាន​សមរម្យ​ឱ្យ​លើស​ពី​៥០​ភាគរយ​នៃ​ប្រាក់​ឈ្នួល តែ​នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ពួក​ខ្ញុំ​អ៊ីចឹង តែ​អាច​ជួយ​ដោះ​មួយ​ពេលៗ​បាន»។

ស្រដៀង​គ្នា​នេះ​ដែរ កម្ម​ការ​រោងចក្រ​ម្នាក់ទៀត​នៅ​តំបន់​បិទ​ខ្ទប់ លោក អ៊ូ ទិត្យ ប្រាប់​អាស៊ីសេរី​ថា​ប្រាក់​ឈ្នួល​៥០​ភាគរយ (៥០%) ស្មើនឹង ១០២​ដុល្លារ មិនអាច​ឆ្លើយតប​តម្រូវ​ការ​ចាំបាច់​ក្នុង​គ្រួសារ​លោក​ក្នុង​ស្ថាន​ភាព​បិទ​ខ្ទប់​នេះ​បាន​ទេ ព្រោះ​គ្រួសារ​លោក​ត្រូវ​ថ្លៃ​បន្ទប់ ទឹក​ភ្លើង ផ្គត់ផ្គង់​ជីវភាព​ជាដើម​។ លោក​មិន​មាន​ជំជឿ​លើ​ថៅកែ​រោងចក្រ​ឧបត្ថម្ភ​ប្រាក់​ដល់​កម្មករ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ឡើយ ដោយ​លោក​យល់​ថា ថៅកែ​នឹង​យក​លេស​ការ​ផ្អាក​ដំណើរ​រោងចក្រ​ដើម្បី​ដោះ សារ​ចំពោះ​កម្មករ៖ «មិន​គ្រប់​ទេ តែ​ឮ​ក្រសួង​គាត់​ប្រកាស​ដែល​ថា គេ​ឱ្យ​៥០​ភាគរយ​ហ្នឹង មិន​ដឹង​គេ​ឱ្យ​យើង​បើក​ថ្ងៃ​ណា ពេល​ណា​អត់ មើល​ទៅ​ដូច​អត់​ជំនឿ​ទីមួយ​រោងចក្រ​អត់​បាន​ដំណើរការ អ៊ីចឹង​យើង​គិត​ថា ប្រហែលជា​តិច​ណាស់​ដែល​ថា​រោងចក្រ​គាត់​ឧបត្ថម្ភ»។

សំណើ​នេះ​លើក​ឡើង​ក្រោយ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១៩ មេសា ចេញ​សេចក្តី​ណែនាំ​អំពី​ការ​បើក​ប្រាក់​ឈ្នួល​ដើម​ខែ​មេសា និង​ប្រាក់​ឧបត្ថម្ភ​របស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ដល់​កម្មករនិយោជិត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ឱ្យ​រក្សា​ប៉ុស្តិ៍​ការងារ និង​រក្សា​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​ក្នុងអំឡុងពេល​បិទ​ខ្ទប់ និង​ត្រូវ​បើកប្រាក់​ឈ្នួល​ពី​ថ្ងៃ​ទី​១ ដល់​១៥ មេសា ជូន​កម្មករនិយោជិត ប្រសិន​មិន​ទាន់​បាន​បើក​ពេល​កន្លងទៅ ត្រូវ​បើក​នៅ​ថ្ងៃក្រោយ​បញ្ចប់​វិធានការ​បិទ​ខ្ទប់ រួម​ទាំង​ណែនាំ​ឱ្យ​និយោជក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម ដល់​កម្មករ​និយោជិត​តាម​លទ្ធភាព ដោយ​ផ្អែក​លើ​ស្មារតី​មនុស្សធម៌ សាមគ្គីភាព និង​ជំនួល​ខុសត្រូវ​សង្គម​នៅក្នុង​គ្រា​លំបាក​រួម​នេះ។អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយ​បញ្ជាក់ បានទេ នៅ​ថ្ងៃទី​២ ឧសភា។

ចំណែក កម្មការិនី​រោងចក្រ​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ លោក ស្រី ឈួន ស្រីនាង ប្រាប់​ថា លោកស្រី​ទទួល​ជំនួយ​ស្បៀងអាហារ​ពី​អាជ្ញាធរ​ម្តង​រួមមាន​អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអីវ ប៉ុន្តែ​អង្ករ​ដែល​អាជ្ញាធរ​ចែក​ឱ្យ​នោះ​ហូប​មិន​បានទេ ព្រោះ​អង្ករ​បាត​ឃ្លាំង និង​ធុំក្លិន​ផ្អួរ ហើយ​ម្សៅ​ទឹកដោះគោ ទៀត​សោត​ក៏​ឆុង​ឱ្យ​កូន​ផឹក​មិន​បាន​ទៀត​។ លោកស្រី​ត្អូញត្អែរ​ថា មិនដឹង​ទៅ​ខ្ចីបុល​ពី​កន្លែង​ណា​ទេ​ក្នុង​អំឡុង​បិទ​ខ្ទប់​នេះ ដើម្បី​បាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូបចុក​ប្រចាំថ្ងៃ៖ «ដល់​ពេល​ដោះស្រាយ​ពេល​កូនខ្ចី​សងបំណុល​គេ ២.៥០០​ដុល្លារ ហើយ​ឥឡូវ​គេ​បិទ​ចត្តាឡីស័ក​ហ្នឹង គេ​ឃុំ​តាំង​ពី​ថ្ងៃទី​១០ ឥឡូវ​ហ្នឹង​គេ​អត់​ទាន់​ដោះលែង​ទេ»។

ការ​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ប្រកាស​បិទ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ពួកគាត់​ត្រូវ​ផ្អាក​ការងារ​មួយ​រយៈ ក្រោយ​រោងចក្រ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩។

ជុំវិញ​រឿង​នេះ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ មេសា គឺជា​កាតព្វកិច្ច​របស់​និយោជក ព្រោះ​ជា​ប្រាក់​ឈ្នួល​អំឡុង​ពេល​ដែល​កម្មករ​ធ្វើការ ហើយ​និយោជក​មិន​អាច​គេចវេស​បាន​ទេ​។ លោក​មើល​ឃើញ​ថា រដ្ឋាភិបាល និង​សមសគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មិន​បាន​ដាក់បញ្ចូល​លក្ខខណ្ឌ និង​កាតព្វកិច្ច​និយោជក ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​អំឡុង​ផ្អាក​រោងចក្រ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ មេសា នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ត្រឹមតែ​សេចក្តី​ណែនាំ​របស់​ក្រសួង និយោជក​អាច​យក​លេស មិន​បើកប្រាក់​ឧបត្ថម្ភ​ឱ្យ​កម្មករ។ លោក​ជំរុញ និង​លើក​ចិត្ត​ឱ្យ​និយោជក និង​សហជីព​នៅ​តាម​រោងចក្រ​ធ្វើ​ការ​ចរចា​គ្នា សម្បទាន តាម​គោលការណ៍​ស្មោះត្រង់៖ «យើង​ដឹង​ហើយ​ថា កម្មករនិយោជិត​ប្រាក់​ឈ្នួល​របស់​គាត់​មិនទាន់​ធានា​នូវ​ការ​រស់នៅ​សមរម្យ​នៅ​ឡើយ​ទេ ហើយ​ប្រាក់​ឈ្នួល​ហ្នឹង​ក៏​មិន​អាច​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែរ គឺ​គាត់​អត់​មាន​លុយ​ណា​សល់​នៅក្នុង​កុង​ធនាគារ​របស់​គាត់ ឬក៏​ប្រាក់​សន្សំ​របស់​គាត់​ទេ អ៊ីចឹង​មានន័យ​ម៉េច មានន័យ​ថា គាត់​អត់​មាន​ប្រាក់​សន្សំ​នៅក្នុង​ដៃ នៅក្នុង​ខ្លួន​ដើម្បី​ទំនុកបម្រុង​សម្រាប់​មាន​ហានិភ័យ​អី​កើត​ឡើង​ទេ ជាក់ស្តែង​កូវីដ​នេះ​ជា​រឿង​ហានិភ័យ​ខ្លាំង​ណាស់ វា​ជា​វិបត្តិ​ដែល​អាច​អូស​បន្លាយ»។

បច្ចុប្បន្ន​ក្រសួង​ការងារ​ទទួល​ស្គាល់​ថា មាន​រោងចក្រ សហគ្រាស​ចំនួន ២០៦ បាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​ចំណោះ​នោះ រាជធានី​ភ្នំពេញ ១៣៤ រោងចក្រ ខេត្តកណ្តាល ២៣​រោងចក្រ ខេត្តតាកែវ ២៦​រោងចក្រ ខេត្ត​ព្រះសីហនុ ១៦​រោងចក្រ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​រោងចក្រ សហគ្រាស មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​មាន​ច្រើន​រហូតដល់​ជាង​បី​រយ​រោងចក្រ សហគ្រាស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment