លោក សម រង្ស៊ី ប្រកាស​ថា​នឹង​ប្ដឹង​លោក ហ៊ុន សែន​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ទាក់ទង​​នឹង​ការ​​បិទ​​ខ្ទប់​​បង្អត់​​អាហារ​​ពលរដ្ឋ​​

ដោយ ទីន ហ្សាការីយ៉ា
2021-05-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រកាស​ថា​នឹង​ប្ដឹង​លោក ហ៊ុន សែន​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ទាក់ទង​​នឹង​ការ​​បិទ​​ខ្ទប់​​បង្អត់​​អាហារ​​ពលរដ្ឋ​​

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និងលោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួម​គ្នា​ជា​មួយ​លោក​ ដើម្បី​ប្ដឹង​របប​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្ម​ទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​ជាតិទាក់ទង​ការ​បិទខ្ទប់ បង្អត់អាហារ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី ដែល​តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកា​តាម​ចាប់​ខ្លួន​កាល​ពី​ពេលថ្មីៗនេះ​ បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​រាត្រី​ថ្ងៃទី១ ខែឧសភា​ថា​ បើ​ស្ថាន​ការណ៍​ស្បៀង​អាហារមិនធូរស្រាល​ទេ លោក​នឹង​ពឹង​អ្នក​ច្បាប់​អន្តរជាតិ​ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​របប​លោក ហ៊ុន សែន។ លោកអះអាងថា​ ការបិទ​សិទ្ធិសេរីភាព​ឃុំខ្លួន​ពលរដ្ឋ​រាប់សែន​នាក់​នៅ​ក្នុង​ផ្ទះ​ធ្វើឲ្យ​ខ្វះចំណី​អាហារ​នេះគឺ​ជា​ស្ថានការណ៍​ដែលបង្ហាញ​​ពី​ការ​វាយ​ប្រហារទ្រង់ទ្រាយធំ និង​ជា​ប្រព័ន្ធ ទៅ​លើ​ពលរដ្ឋស៊ីវិល​ ក្នុង​ពេល​ពលរដ្ឋ​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ផង​នោះ៖ «មិនមែន​រឿង​នយោបាយ​ទេ​គឺជារឿង​មនុស្ស​ធម៌​សុទ្ធសាធ ហ៊ុន សែន ធ្វើឲ្យ​មនុស្ស​ស្លាប់ធ្វើឲ្យ​មាន​ទុរ្ភិក្ស​អីចឹង​យើង​ត្រូវ​ប្ដឹង​ហ៊ុន សែនបើ​យើង​មិន​ធ្វើ​អ្វីទាល់​តែ​សោះ​អាហ្នឹង​សន្តិភាព​ហ៊ុន សែន ហើយសន្តិភាព​ផ្នូរខ្មោច»។ 

ឆ្លើយតប​នឹង​ករណី​នេះ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន អះអាង​ថា​ រដ្ឋាភិបាល​បាន​ផ្ដល់​ស្បៀង​ឧបត្ថម្ភ​ដល់​ពលរដ្ឋនៅ​តំបន់​រាំងខ្ទប់​នោះ​ហើយ​ មិន​មាន​បញ្ហា​ខ្វះ​ស្បៀង​ទៀត​ទេ។ ចំពោះការ​ព្រមាន​ប្ដឹង​វិញ លោក សុខ ឥសាន្ត​ អះអាង​ថា​ ជារឿង​មិនអាច​ទៅរួច​ឡើយ៖ «ហាសហាជារឿងគួរ​ឲ្យសំណើច​ណាស់​ដែល​ទណ្ឌិត​រត់ចោល​ស្រុក​ខ្លួន​ឯង​ពួននៅ​ក្នុង​ត្រង់សេ​នៅ​ប្រទេស​បារាំង​មក​ឈឺឆ្អាល​រឿង​នៅ​កម្ពុជា​ឯណេះវាអត់​បាន​ប្រយោជន៍​អ្វីទេ​ចង់​ទៅប្ដឹង​ឯណា​ប្ដឹង​ទៅ»

People_Lockdown_protest_29_04_2021_01.jpg
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាច់ចិត្តប្រឆាំងនឹងបំរាមរបស់អាជ្ញាធរដើម្បីតវ៉ានិងស្នើសុំការឧបត្ថម្ភស្បៀងអាហារពីរដ្ឋាភិបាល។

លោក​សម រង្ស៊ី បាន​ហៅការ​រាំង​ខ្ទប់​នេះ ជាការ​បង្អត់​អាហារ​ដោយ​ចេតនា​ធ្វើឲ្យ​ពលរដ្ឋ ​មិន​អាច​ទទួល​បាន​ចំណី​អាហារ​ជា​មូលដ្ឋាន ដើម្បី​ទ្រទ្រង់​ជីវិត។ លោកថា​ ពលរដ្ឋ​មិន​អាច​ចេញ​ទៅរក​ស្បៀង​អាហារ​បាន​ធ្វើឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ឈឺ និង​អាច​ស្លាប់​បែប​នេះ គឺ​ជា​ប្រភេទ​ នៃ​ឧក្រិដ្ឋកម្ម​ ឬ​ហៅថា ​”ទង្វើ​អមនុស្សធម៌​ផ្សេងៗ​ទៀត” ក្នុង​ចំណោម​បទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ​ ដែល​មាន​ចែង​ក្នុង​បញ្ជីបទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​លក្ខន្តិកៈ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC) នៃលក្ខន្តិកៈទី​ក្រុង​រ៉ូម (Rome Statute)។

បទល្មើស​ព្រហ្មទណ្ឌ​ស្ថិតក្នុង​យុត្តាធិការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC)​ ត្រូវ​បាន​កំរិត​ដែន​កំណត់​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត​ ដែល​ធ្វើឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ​ទាំង​មូល។ តុលាការ​នេះ មាន​យុត្តាធិការ​អនុលោម​តាម​ច្បាប់​លក្ខន្តិកៈក្រុង​រ៉ូម​ ចំពោះ ​បទល្មើស​ព្រហ្មទណ្ឌ​ ដូចជា​ “បទល្មើសព្រហ្ម​ទណ្ឌ​ប្រល័យ​ពូជ​សាសន៍​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​បទល្មើស​មួយ​ចំនួន​ទៀត”។

លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome Statute) នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​វិញ​ ចែង​ពីការ​ដាក់ទោស​ចំពោះ​ជន​ណា​ ឬ មេដឹកនាំ​ណា ដែល ”ធ្វើឲ្យ​សាបសូន្យ​រួម​បញ្ចូល​ទាំងការ​ដាក់​លក្ខខណ្ឌ​លើ​ជីវិត​ដោយ​ចេតនាក្នុង​នោះមានការ​ដកហូត​សិទ្ធិ​ទទួល​បាន​អាហារនិង​ថ្នាំពេទ្យ​ក្នុង​កំរិត​មួយ​ដែល​ប្រុង​នឹង​នាំដល់​មានការ​បំផ្លិច​បំផ្លាញ​ផ្នែក​មួយ​នៃ​ប្រជាពលរដ្ឋ​ “ ជាដើម។​

រីឯ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន វិញ​ បាន​ថ្លែង​កាល​ពី​ចុង​ខែ​មេសា​ ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​រិះគន់​វ៉ាក់សំាង​ចិន និង​អ្នក​ល្មើស​នឹង​វិធានការ​រាំងខ្ទប់​របស់​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា​ លោក​សុខ​ចិត្ត​ឲ្យ​គេ​ប្ដឹង​លោក​ទៅ​តុលាការ​អន្តរជាតិ​ ក្នុង​បុព្វហេតុ​ការពារ​ពលរដ្ឋ​មិន​ឲ្យ​ឆ្លង​ជំងឺកូវីដ​១៩​នេះ លោក​មិន​ខ្លាច​ឡើយ៖ «ប្ដឹងខ្ញុំទៅ​តុលាការ​ឧក្រិដ្ឋ​កម្មឡាអេ​ធ្វើទៅ​ប្ដឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ក៏ធ្វើ​ទៅធ្វើតាម​ចិត្តបើខ្ញុំ​ធ្វើ​ដើម្បី​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​រស់​ហើយ​​ចាប់​ពួក​អាបំពុល​សង្គម​ញាត់​គុកហើយ​អ្នក​ឯងថា​ខ្ញុំ​ផ្ដាច់ការក៏​ថា​ទៅ​ខ្ញុំសុខចិត្ត​មាន​គុណ​ប្រយោជន៍​សង្រ្គោះ​ជីវិត»។

ទោះបីជា​បែប​នេះ​ក្ដី ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល​លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា​ វិធានការ​បិទខ្ទប់​នេះ មិន​មែន​ជា​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវ​ឡើយ។ លោក គល់ បញ្ញា សង្កត់ធ្ងន់​ថា​ រដ្ឋាភិបាល​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដាច់​ស្បៀង​ ដោយ​សារ​តែ​ការ​បិទ​ខ្ទប់​ឲ្យ​នៅ​ក្នុង​ផ្ទះ​បែប​នេះ​ឡើយ។ លោកថា ការ​ធ្វើ​ដូច្នេះ ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ជាសាកល៖ «រដ្ឋាភិបាល​ធ្វើហ្នឹង​មិន​មាន​លក្ខខណៈ​ត្រៀម​គិត​ទុក​មុន​ទេពេល​ព្រឹត្តិការណ៍​កើត​ឡើង​មួយ​ដោះស្រាយ​មួយ​ហើយ​ដោះ​ស្រាយ​នោះទៀត ​មិន​ធ្វើតាម​លក្ខណៈ​ត្រឹម​ត្រូវ​ទេ​ដោះស្រាយ​គឺ​ចាប់​មនុស្ស​ដាក់គុក»

People_Lockdown_protest_29_04_2021_02.jpg
ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញចេញមកតវ៉ាកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ទាក់ទង​នឹង​បញ្ហា​នេះ នាយិកា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty International)  អ្នកស្រី យ៉ាមីនី មីស្រា (Yamini Mishra) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមេសា ថា ការ​ចាត់ចែង​ខុស​យ៉ាង​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បិទ​ខ្ទប់ កំពុង​បង្កើត​នូវ​ទុក្ខវេទនា និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ប្រទេស​។ អ្នកស្រី​បន្ត​ថា ឥឡូវនេះ ពលរដ្ឋ​ក្នុង «​តំបន់​ក្រហម​» និង​នៅ​តាម​កន្លែង​ដទៃទៀត​នៅ​កម្ពុជា​កំពុងតែ​ដាច់​បាយ ដោយសារតែ​គោលនយោបាយ​មិន​សម​ហេតុផល​របស់​រដ្ឋាភិបាល​។

អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​កែប្រែ​របៀបរបប​ចាត់ចែង​ការ​បិទ​ខ្ទប់​នេះ ដោយ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​សម្រួល​លទ្ធភាព​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​។ អ្នកស្រី​ថា ពលរដ្ឋ​គ្រប់រូប​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវតែ​ទទួល​បាន​នូវ​ស្បៀងអាហារ​ហូបចុក ទឹក សេវា​ថែទាំ​សុខភាព និង​តម្រូវ​ការចាំបាច់​នានា​ដទៃ​ទៀត។

អង្គការ​អន្តរជាតិ​មួយ​បង្ហាញស្តិតិពលរដ្ឋនៅ​ភ្នំពេញ​មានជាង ៨​ម៉ឺន ៧​ពាន់​គ្រួសារ (៨៧.៣៤៩​គ្រួសារ​) ស្មើនឹង​ជិត ៣​សែន​នាក់ (២៩៣.៧៩១​នាក់​) កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​។ រីឯនៅ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ មាន​ពលរដ្ឋ​ជិត ៥​ពាន់​គ្រួសារ (៤.៨៨៦​គ្រួសារ​) ស្មើ​នឹង​ប្រមាណ ២​ម៉ឺន​៣​ពាន់​នាក់ (២៣.៨៥៤​នាក់) ដែល​កំពុង​ប្រឈម​បញ្ហា​ដាច់​ស្បៀង​ដូចគ្នា។

Worker_In_Red_zone.jpg
កម្មករនៅក្នុងទីក្រុងភ្នំពេញខ្លះជាប់កុននៅក្នុងអគារដោយមិនអាចចេញទៅណាបានឡើយ ក្នុងអំឡុងពេលនៃការបិទខ្ទប់របស់អាជ្ញាធររដ្ឋាភិបាល។

លោក សម រង្ស៊ី បាន​ហៅ​វិធានការ​បិទខ្ទប់​នេះ ថា​ជា​ការ​បំផ្លាញ​សេដ្ឋកិច្ចជាតិ ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ។ លោក សម រង្ស៊ី ​បាន​ប្រៀប​ប្រដូច​ការ​រាំង​ខ្ទប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ដូច​ទៅ​នឹង​កំពុង​រស់​នៅក្នុង​គុក​ឥត​ជញ្ជាំង​ដូច្នោះ​ដែរ។ លោកបញ្ជាក់​ថា​ បើសិន​ជា​លោក ហ៊ុន សែន គិតគូរ​ដល់​ប្រជាពលរដ្ឋ​មែន​នោះ​ គឺ​ត្រូវ​លក់​ទ្រព្យ​សម្បត្តិ​ដ៏មហាសាល​របស់​លោក ដើម្បីយក​មក​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ មិនមែន​លោក​ជំរុញ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លើ​ខ្នង​រាស្រ្ត​លក់​ចំណី​អាហារ​ជូន​ប្រជាពលរដ្ឋ​បែប​នេះ​ឡើយ៖ «ហ៊ុន សែន គាត់​អួត​ខ្លួន​គាត់​ថានាឡិកា​គាត់​មាន​តម្លៃ​ ៤ លាន​ដុល្លារ​នាឡិកា​ខ្ញុំ​តែ​ ៤ ដុល្លារ​ទេ នាឡិកាជ័រ។ រាស្រ្ត​កំពុង​តែ​ដាច់​បាយហ៊ុន សែនពាក់​នាឡិកា​ ១ តម្លៃ ៤ លាន​ដុល្លារ​ខ្មាស់​គេ​ណាស់​លក់ទៅ​យក​លុយ​មក​ចែក​ប្រជាពលរដ្ឋ ៤ លាន​ដុល្លារ​ គឺ​ចែក​បាន​១ គ្រួសារ ១០០ ដុល្លារ​ចែក​បាន ៤ ម៉ឺនគ្រួសារ»

ទោះបីជា​បែប​នេះក្ដី ​លោក សុខ ឥសាន ព្យាករណ៍​ថា បើ​តាម​ទស្សនៈ​របស់​លោក​ បើសិន​ជាការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តែ​ថយ​ចុះ​ដូច​ក្នុង​រយៈពេល​ពីរបីថ្ងៃចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​នឹង​អាច​បើក​ទីក្រុង​ភ្នំពេញ នៅ​តំបន់​បិទខ្ទប់​នោះ​វិញ នៅថ្ងៃទី៥ ខែឧសភា ដូចការ​គ្រោង​ទុក។

រីឯ​លោក សម រង្ស៊ី វិញ អះអាងថា​ បើសិន​ជា​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ឬ​ពីរ​សប្ដាហ៍​ទៀត​ របប​លោក ហ៊ុន សែន មិន​បើក​លំហរ​សិទ្ធិសេរីភាព​ជូន​ប្រជាពលរដ្ឋ​វិញ​ទេ​នោះ ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ជា​ផ្លូវ​ការ។ ​ហើយ​ពលរដ្ឋ​ក្នុង​តំបន់​បិទខ្ទប់​វិញ​នឹង​នាំគ្នា​ដើរ​ចេញ​ពី​ផ្ទះ​ប្រមូល​ផ្ដុំគ្នា ដូច​ដែល​ពលរដ្ឋនៅ​ក្នុង​ខណ្ឌមានជ័យ​ធ្លាប់​បាន​ប្រមូល​ផ្ដុំគ្នា​កាល​ពីពេ​ល​ថ្មីៗ​នេះ ​ជា​គំរូ​ស្រាប់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment