កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងសម្រាកព្យាបាល

កម្ពុជា-កូវីដ១៩
04/05/2021 – 08:43
ដោយ៖ វណ្ណ សុគន្ធា
RFI

ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩ © Internet

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៩៣៨​នាក់​បន្ថែម​ទៀត​ភាគច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៣៦១​នាក់​ត្រូវ​បាន​ព្យាបាល​ជា ​សះស្បើយ ​និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ បើ​តាម​ក្រសួង​សុខាភិបាល ​គឺ​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ មិន​មាន​កន្លែង​សម្រាក​ព្យាបាល​ បន្ទាប់​ពី​បញ្ជូន​ពួក​គេ​ទៅ​ដល់​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៩៣៨នាក់នេះ គឺនៅភ្នំពេញមានដល់ទៅ៦០៨នាក់ ខេត្តកណ្ដាលមាន១៧៥នាក់ ព្រះសីហនុ ៧៧នាក់ បន្ទាយមានជ័យ ៥១នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់ កំពង់ចាម ៣នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១នាក់ ស្វា​យ​រៀង ១នាក់ បាត់ដំបង ១នាក់ និងខេត្តសៀមរាបចំនួន១នាក់។ គិតមកត្រឹមថ្ងៃទី០៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ ១៥ ៧៤៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលសរុបវិញមាន១០ ៣៩៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួនសរុប៥ ៧៩១នាក់។ ចំណែក អ្នកស្លាប់វិញ មានចំនួនដល់ទៅ១០៧នាក់ បន្ទាប់ពីរកឃើញស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ។

ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី០២ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣០នាក់​ ហើយថ្ងៃបន្ទាប់ គឺបានរកឃើញចំនួន៨៤១នាក់ និងថ្ងៃនេះទៀត បានរកឃើញដល់ទៅ៩៣៨នាក់ឯណោះ។ ស្របពេលអ្នកឆ្លងបន្តកើនឡើងខ្ពស់បែបនេះ អ្នកជំងឺកូវីដ១៩មួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះកន្លែងសម្រាប់សម្រាកព្យាបាលផងដែរ។

ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ម្នាក់បានទម្លាយឱ្យដឹងពីការខ្វះកន្លែងសម្រាកព្យាបាលនៅកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈវីដេអូនៅតាមបណ្តាញសសង្គមហ្វេសប៊ុកជាង២០នាទី អ្នកជំងឺកូវីដ១៩នៅភូមិដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ៣ជាង២០នាក់បានប្រាប់ថា ពួកគេត្រូវបញ្ជូនមកកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ១យប់ហើយ តែមិនត្រូវបានក្រុមគ្រូពេទ្យប្រចាំការទទួល​ឱ្យចូលសម្រាកព្យាបាលនោះទេ ពោល គឺពួកគេរកកន្លែងសម្រាកនៅក្បែរៗនោះដោយខ្លួនឯង។

រីឯ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ក៏បានរិះគន់តាមវីដេអូក្នុងហ្វេសប៊ុកថា ក្រុមគ្រូប្រចាំការនៅទីនោះ បានអនុញ្ញាតឱ្យឡានដឹកអ្នកជំងឺចូល ប៉ុន្តែមិនទាន់ទទួលអ្នកជំងឺដែលធ្វើឱ្យមានការកកស្ទះឡានពេទ្យ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

សូមបញ្ជាក់ថា បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងមិនថមថយក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ។ ប៉ុន្តែតំបន់មួយចំនួនដែលនៅតែមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចបន្តបិទដដែលតាមការសម្រេចរបស់អភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តក្នុងរាជធានី និងការសម្រេចរបស់អភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្នុងខេត្តកណ្តាល៕

What Next?

Recent Articles

Leave a Reply

Submit Comment