អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ ទាមទារ​ឱ្យ​​រដ្ឋា​ភិបាល​​ស្តារ​សេរី​ភាព​សារ​ព័ត៌មាន​សេរី​និង​ឯករាជ្យ​ឡើង​វិញ​

កូវីដ-១៩ | ព័ត៌មានជាតិ | សេរីភាពសារព័ត៌មាន
លោក ញឹម សុខន |០៤ ឧសភា ២០២១ |ម៉ោង ១៧:២៥
VOD

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)


ក្រុមអង្គការ-សមាគមជាង៤០ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលស្តារសេរីភាពសារព័ត៌មានសេរីនិង​ឯករាជ្យ​ឡើងវិញ ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​បាន​បំ​ពេ​​​ញតួនាទីរបស់ខ្លួនបានពេញលេញ ​ប្រកបដោយវិជ្ជាជីវៈ និងគ្មាន​ការយាយីដោយប្រព័ន្ធច្បាប់និងការរឹតត្បិតពីអាជ្ញាធរ។

ការទាមទារ​នេះធ្វើឡើងក្នុងសេចក្តី​ថ្លែងការណ៍រួមមួយចេញផ្សាយចំទិវាសេរីភាពសារព័ត៌មានពិភលោក ខួបលើកទី២៨ ថ្ងៃទី៣ ខែ​ឧសភា ​ម្សិលមិញ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់​អង្គការ-សមាគមចំនួន៤៥ស្ថាប័ននោះ បានលើកឡើងថា ពួកគេ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះការបន្ត​ធ្លាក់ចុះ​​នូវសេរីភាពសារព័ត៌មានសេរី និងប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យនៅកម្ពុជា​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេបានកត់សម្គាស់ថា ក្នុងឆ្នាំ​២០២០​ មានអ្នកកាសែត​មិនតិចជាង៧២នាក់​នោះទេ ​ត្រូវ​បានយាយី​តាមផ្លូវ​តុលាការ​ ដែល​ក្នុងនោះ​មាន៤២នាក់​ត្រូវបាន​ឃុំខ្លួនសាកសួរឬចាប់ដាក់ពន្ធ​នាគារ។

ក្រុមអ្នកឃ្លាំមើលទាំងនោះបន្ត​ថា អ្នកដែល​ត្រូវចាប់ខ្លួនភាគច្រើនត្រូវបាន​ចោទប្រកាន់​ពី «បទញុះញង់»​ ខណៈ​អតីត​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី ​លោក អ៊ួន ឈិន ​និងលោក ​យាង សុធារិន បានរងនូវការចាប់ខ្លួន​កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៧​ ក្រោម​ការចោទប្រកាន់​ពីបទ«ចារកម្ម ​និងផលិត​រូបភាព​អាសអាភាស»នោះ នៅមិនទាន់​បាន​ដោះស្រាយបញ្ចប់​នៅឡើយ បើទោះជាពេលនេះពួកគេត្រូវបានដោះលែងឱ្យ​នៅក្រៅឃុំក៏ដោយ​។

សេចក្តីថ្លែងការណ៍ដដែលបន្តកត់សម្គាល់ទៀតថា នៅឆ្នាំ២០២០ ​យ៉ាងហោចណាស់​មានអ្នកសារព័ត៌មានចំនួន​២២​នាក់​ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើ ត្រូវបាន​វាយប្រហារ​ឬគំរាមកំហែង​ដោយ​អំពើហិង្សា សងសឹក ​អំឡុងពេល​បំពេញភារកិច្ច ហើយពុំមានការស៊ើបអង្កេតត្រឹមត្រូវពីនគរបាលយុត្តិធម៌នោះទេ។​

​មួយវិញទៀត ក្រុមអង្គការ-សមាគមទាំងនោះលើកឡើងថា ​នៅ​ក្នុងបរិបទ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ-១៩​នេះ អាជ្ញាធរក៏​បានរឹត​បន្តឹងនិងមិនអត់​ឱនចំពោះសំឡេង​រិះគន់​ ដែលករណីនេះនឹងធ្វើឱ្យ​​អ្នកសារព័ត៌មានកាន់តែ​ងាយរងគ្រោះ​ពីការយាយីនិងការចោទ​ប្រកាន់​តាមផ្លូវតុលាការ​ ចំពោះ​សកម្មភាព​រាយការណ៍​ព័ត៌មាន​របស់ខ្លួន​​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​នឹងជំងឺ​រាតត្បាតនេះ​ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើងទាំងនេះ ក្រុមអង្គការសង្គមស៊ីវិលបានទាមទារទៅ «រដ្ឋាភិបាល​ចាំបាច់​ត្រូវចាត់វិធានការ​ជាក់ស្តែង​ ដើម្បី​បង្កឱ្យមាន​បរិយាកាស​អំណោយផល​ ដែ​ល​​​សេរី​ភាព​​សារព័ត៌មាន​​ត្រូវបាន​ការពារ​និងលើកកម្ពស់ ​ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ អាចបំពេញ​តួនាទី​ដ៏​សំ​ខាន់​​របស់ខ្លួន​បាន​ដោយសេរី ​និងគ្មានការ​ប្រឈមមុខ​​នឹងការយាយី ​ការសងសឹក​ ឬប្រថុយជីវិត​​របស់ខ្លួន​»។

អង្គការ-សមាគមទាំងនោះក៏បាន​ទទូចឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាស់​លាស់ ដើម្បី​ធានាថា ​អ្នកសារព័ត៌មាន​ត្រូវបាន​ការ​ពារនៅ​ពេល​បំពេញតួនាទី​របស់ខ្លួន​ និងបញ្ចប់​នូវរាល់​អំពើនិទណ្ឌភាព​នៃឧក្រិដ្ឋកម្មប្រឆាំង​នឹងអ្នកសារព័ត៌មាន ​តាមរយៈ​ការធ្វើការ​ស៊ើបអង្កេតប្រកប​ដោយ​ប្រសិទ្ធភាព​ ឯករាជ្យភាព​ តម្លាភាព​ និង​ការកាត់ទោស​ជនល្មើស ​ដោយអនុលោម​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

ពួកគេផ្តល់ជាយោបល់ថា៖ «ប្រទេសកម្ពុជា​មិនអាចសម្រេច​បាន​នូវលទ្ធិប្រជាធិបតេយ្យ​នោះទេ ​​បើ​គ្មានសារព័ត៌មាន​សេរី​និងឯករាជ្យ ​ដែលអាច​ទទួលបាន​ព័ត៌មាន​ ក៏ដូចជា​តម្លាភាព​ និង​គណនេយ្យភាព​របស់​ស្ថាប័នរដ្ឋ»។​

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានច្រានចោលការលើកឡើងនេះ ដោយថា វិធានការរបស់អាជ្ញាធរបានធ្វើទៅលើតែអ្នកបំពានច្បាប់ប៉ុណ្ណោះ ហើយការរឹតបន្តឹងប៉ុន្មានខែមកនេះជាការ​អនុវត្តវិធាន​សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

លោកថា៖ «គេអត់ឱ្យមានសិទ្ធិដើរទៅតំបន់ក្រហម ដើម្បីការពារអាយុជីវិតគាត់ តើម៉េចធ្វើដូច្នោះ? អានេះជាការលើកឡើងងងឹត​ងងុល គ្មានការពិចារណាទេ ដើម្បីតែប្រឆាំងនឹងរដ្ឋាភិបាល»។

លោកបានគូសបញ្ជាក់ផងដែរថា ករណីប្រើហិង្សាលើអ្នកសារព័ត៌មានមួយចំនួន សមត្ថកិច្ចត្រូវការពេលដើម្បីតាមស្វែងរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការ​​តាមផ្លូវ​ច្បាប់។

ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល​ជាស្ថានប័នអនុវត្តច្បាប់មួយទៀត​របស់រដ្ឋាភិបាល លោក អេង​ ហ៊ី បានឆ្លើយតប វីអូឌី តាមរយៈវេទិកាពិសេសស្តីពី «សកម្មភាពនិងលទ្ធផលនៃការអនុវត្តរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ លើ​ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេស» នាថ្ងៃនេះថា វិធានការកន្លងទៅ ជាការ​អនុវត្តច្បាប់ មិនមែនជាការរឹតបន្តឹងសេរីភាពអ្នកសារព័ត៌មាននោះ​ទេ។

លោកថា៖ «បើសិនគោរពច្បាប់ទាំងអស់គ្នា យើងមិនទៅឃាត់ខ្លួនគាត់ដែរ ទោះបីជាអ្នកសារព័ត៌មានក្តី មិនមែនអ្នកសារព័ត៌មានក្តី កាលណាប្រព្រឹត្តខុសច្បាប់ កាលណាមានធាតុផ្សំពិតប្រាកដ គឺយើងត្រូវតែឃាត់ខ្លួន»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា ការ​​ទាមទារ​របស់ក្រុមអង្គការ-សមាគមទាំងនោះ​ ហាក់​មិនបានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈរបស់ខ្លួនទេ តែហាក់បានជំរុញឱ្យសារព័ត៌មានគេចចេញពីការគោរពច្បាប់ទៅវិញ។

លោកថា៖ «ការទាមទាររបស់គាត់ចង់បានតែសេរីភាព ហើយមិនចង់ឱ្យអនុវត្តច្បាប់ ហ្នឹងគឺជាការទាមទារមួយមិនស្របទៅនឹងច្បាប់អន្តរជាតិនិងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ចាត់ទុកសេចក្តីថ្លែងការណ៍រួមនេះថា គ្រាន់តែជាលើកឡើង​ដោយគ្មានការពិចារណារបស់​​ក្រុមមនុស្សមួយក្រុមតូចដែលមើលមិន​ឃើញទង្វើល្អរបស់រដ្ឋាភិបាលប៉ុណ្ណោះ​ បើទោះជា​រដ្ឋាភិបាលបានចាត់ទុកអ្នកសារព័ត៌មានជាមនុស្សអាទិភាពក្នុងការ​​ផ្តល់វ៉ាក់សាំងការពារកូវីដ-១៩មុនគេ ដូចឥស្សរជននយោបាយមួយចំនួនក៏ដោយ។

លោកថា៖ «យើងមិនដែលឃើញអ្នកមួយក្តាប់តូចនោះលើកឡើងអំពីអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង នៅក្នុង​ការការពារអ្នកសារព័ត៌មានទេ ប៉ុន្តែគាត់លើកឡើងតែអ្វីដែលជាចំណុចនិងក្រុមគោលដៅអ្នកសារព័ត៌មានណា ដែលជាក្រុមគោ​ល​ដៅ​និងផលប្រយោជន៍ដល់​ក្រុមគាត់តែប៉ុណ្ណោះ»។

យ៉ាងណា លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាស្ថាប័នមួយបានចូលរួមចេញសេចក្តីថ្លែងការណ៍​រួមនេះដែរ បានថ្លែងក្នុងកិច្ចពិភា​ក្សាតុមូលក្នុង​​ទិវាសេរីភាពសារព័ត៌​មាន​ពិភពលោក កាលពីថ្ងៃម្សិលមិញថា លោកស្វាគមន៍ចំពោះ​អ្វីដែលរដ្ឋាភិបាលធ្វើល្អនិងបង្កើតបរិយាកាសល្អសម្រាប់​អ្នកសារព័ត៌មាន។ ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ត្រូវមានកាតព្វកិច្ច​​ក្នុងការធានាសេរីភាពអ្នកសារព័ត៌​មាននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ។

លោកបន្ត​ថា៖ «នៅពេលដែលមានបញ្ហាទំនាស់ផ្លូវច្បាប់ ខាងរដ្ឋាភិបាលថាអ្នកសារព័ត៌មានធ្វើខុស ហើយអ្នកសារព័ត៌មានថាខ្លួនឯ​ងធ្វើ​ត្រូវ តើយើងសម្អាងស្អី មិនអាចសម្អាងលើរដ្ឋាភិបាលថា​យ៉ាងម៉េចគឺអ៊ីចឹងទេ គឺយើងសម្អាងលើតុលាការ។ តែបើយើងនិយា​យ​ពីតុលាការ តើតុលាការយើង​យ៉ាងម៉េច យើងត្រូវទទួលស្គាល់ទាំងអស់គ្នា ហើយខ្ញុំឧទាហរណ៍នៅសម័យខ្មែរក្រហម សម្តេច​នា​យករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង គាត់ក៏ជាជនរងគ្រោះមួយនៃការអនុវត្តច្បាប់របស់ខ្មែរក្រហមដែរ អ៊ីចឹងបើយើងនិយាយតែការអនុវត្ត​​ច្បា​ប់តែមួយមុខ វាអត់ត្រូវដែរ! មើលអំពីដំណើរធ្វើច្បាប់ហ្នឹងយ៉ាងម៉េច? មានស្ថាប័នណា មានភាគីណាចូលរួមក្នុងនីតិវិធីធ្វើច្បាប់ហ្នឹង»។

យោងតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០២០​ ដែលវាយតម្លៃ​ពីការអនុវត្ត​ជាទូទៅ​នៃសេរីភាព​សារព័ត៌មាន​តាមបណ្តាប្រទេស​ និង​តំបន់​នានា​ជុំវិញ​សកលលោក​ បានចាត់​ចំណាត់ថ្នាក់​ប្រទេសកម្ពុជា​ថាមិនល្អ ​ដោយឈរ​នៅលេខ​រៀងទី១៤៤​ ក្នុងចំណោម​ប្រទេស១៨០។​ តួលេខ​នេះបានរុញ​ឱ្យកម្ពុជា​ធ្លាក់ចុះ​១២​​ចំណាត់ថ្នាក់​ បើប្រៀបធៀប​ទៅឆ្នាំ២០១៧​ ហើយ​ប្រទេសកម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា“ប្រទេសមិនសេរី”


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment