អង្គការ​​សង្គម​​ស៊ីវិល​​និង​​អ្នក​​សារព័ត៌មាន​​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​បើក​​ទូលាយ​​សិទ្ធ​​សារព័ត៌មាន​

ដោយ មាន ឫទ្ធិ
2021-05-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​​សង្គម​​ស៊ីវិល​​និង​​អ្នក​​សារព័ត៌មាន​​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​បើក​​ទូលាយ​​សិទ្ធ​​សារព័ត៌មាន​

អង្គការអ្នកកាសែតគ្មានព្រំដែនឱ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២០ ស្ថិតនៅលេខរៀងទី១៤៤ ក្នុងចំណោម១៨០ ប្រទេសនៅលើពិភពលោក។ រូប៖ RFA


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​និង​​អ្នក​សារព័ត៌មាន​​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ​​បើក​ទូលាយ​សិទ្ធិ​សេរីភាព​​​ដល់​សារព័ត៌មាន​​​ ដើម្បី​អ្នក​​សារព័ត៌មាន​​​បាន​​បំពេញ​​​​ការ​ងារ​​តាម​​វិជ្ជាជីវៈ​។ ​​​សង្គម​ស៊ីវិល​​​កត់​សំ​គាល់​ថា ​អាជ្ញាធរ​កម្ពុជា​​នៅ​តែ​​បន្ត​​រឹតត្បិត​សិទ្ធិ​សេរីភាព​ដ​​​​​​​​​​​​​​​ល់​អ្នក​សារព័ត៌មាន​។ ការលើកឡើងនេះ គឺ​ក្នុងឱកាសប្រារព្ធ​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក​នៅថ្ងៃទី៣ ខែឧសភា។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​សារព័ត៌មាន​ លើក​ឡើង​ថា​ ​ការ​រឹតត្បិត​សិទ្ធ​សេរីភាព ផ្នែក​សារព័ត៌មាន​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​សង្គម​ជាតិ​នោះ​ឡើយ​ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)លោក ស៊ឹង សែន​ករុណា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា​ថា ​អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​​ដល់​ការ​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​សង្គមជាតិ​ឱ្យ​មាន​ការ​រីក​ចំរើន​ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​បើក​ទូលាយ​​សេរីភាព​ភាព​ដល់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ​។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​​ថា ​នៅ​ក្នុង​​ឆ្នាំ​២០២១​នេះ​​​​ អាជ្ញាធរ​នៅ​តែ​បន្ត​រឹតត្បិត​​សេរីភាព​ដល់​អ្នក​សារព័ត៌មាន​​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ឯករាជ ដែល​​​​ផលិត​ព័ត៌មាន​ផ្នែក​អភិបាលកិច្ច​ ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ​និង​​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​ជា​ដើម​ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​​​​​មិន​​អាច​បំពេញ​ការងារ​​​ឱ្យ​បាន​ពេញលេញ​តាម​វិជ្ជាជីវៈ​​បាន​ឡើយ​។​ នៅ​ក្នុង​ឱកាស​ទិវា សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២១​នេះ លោក​ស៊ឹង សែន​ករុណា​ ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​ទូលាយ​សេរីភាព​​​សារព័ត៌មាន​ឡើង​វិញ៖ «សង្គម​ប្រជាធិបតេយ្យ​មិន​មាន​ឯករាជ្យ​ភាព​អ្នក​សារព័ត៌មាន​ចម្រុះ​​ទស្សនៈ​ចូល​រួម​ទេ​ គឺ​មិន​អាច​រាប់​ថា ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​បាន​ត្រឹម​ត្រូវ​ទេ​។ ដើម្បី​ឱ្យ​ស្របតាម​មត្តិកា​សញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​ បាន​ផ្ដល់​សច្ចាប័ន​ដែរ​ ក្នុង​ហ្នឹង​គឺ​​ស្ដី​ពី​សិទ្ធិ​នយោបាយ​ ហើយ​មាន​ត្រា​ទី​១៩​ចែង​ច្បាស់​ណាស់​គឺ​សេរីភាព​នេះ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​»

​ដូច​គ្នា​នេះ​ដែរ​​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក​ស្រី​ចក់ សុភាព មាន​ប្រសាសន៍​នៅ​ក្នុង​​កិច្ច​ពិភាក្សា​​​ទិវា​សារព័ត៌មាន​ថា ​​នៅ​ក្នុង​ឆ្នាំ​២០២១​ ​​​អ្នក​ប្រើ​ប្រាស់​បណ្ដាល​សង្គម​ និង​អ្នក​សារព័ត៌មាន​ជាង ១០០​ ករណី​​ ត្រូវ​បាន​​អាជ្ញាធរ​រឹតត្បិត​និង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​​​​បញ្ចេញ​មតិ​។ លោក​ស្រី​​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​ផ្នែក​សារព័ត៌មាន​​របស់​ពលរដ្ឋ​៖ «ការ​បញ្ចេញ​មតិ​ក្ដី​ដែល​ជា​សេរីភាព​ជា​មូលដ្ឋាន​ហ្នឹង​គឺ​មាន​សារៈសំខាន់​ណាស់​ហើយ​គឺ​ជា​ការ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​បង្ក​បរិយាកាស​អំណោយផល​សម្រាប់​អ្នក​សារព័ត៌មាន​លោក​អាច​បំពេញ​​ភារកិច្ច​ដោយសេរី​និង​មិន​មាន​ការ​ភ័យ​ខ្លាច​ដែរ​»

​​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០​ប្រទេស ដែល​បង្ហាញថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។ ការ​ដាក់​ចំណាត់ថ្នាក់​ថយ​ចុះ​នេះ​ជា​ការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែលនៅតែ​​បន្ត​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន ដោយ​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ ការ​គំរាមកំហែង និង​ការប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នកសារព័ត៌មាន​ជាដើម។

​​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ​ នៅ​តែ​មាន​ប្រសាសន៍​ដូចកាលពីលើក​មុន​ៗ​ថា ​កម្ពុជា​​​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​អ្នក​សារព័ត៌មាន​នោះ​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​​បាន​អះអាង​​ថា ​​​មួយ​រយៈ​ចុង​ក្រោយ​នេះ​​សេរីភាព​សារព័ត៌មាន​​នៅ​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​ ក្នុង​នោះ​មាន​ដូច​ជា​ស្ថានីយវិទ្យុ​ ទូរទស្សន៍​ កាសែត​ ​និង​សារព័ត៌មាន​អនឡាញ​​បាន​កើន​ឡើង​ជា​ច្រើន។​ ជាង​នេះ​ទៅ​ទៀត ​​​​បរិមាណ​អ្នក​ព័ត៌មាន​​ក៏​មាន​​ចំនួន​កើន​ឡើង​ច្រើន​ផង​ដែរ​៖ «តើ​អ្នក​សារព័ត៌មាន​ទាំង​នោះ​គាត់​បាន​ប្រព្រឹត្ត​ខុស​​ដូច​ដែល​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ដែល​ឬ​អត់​?​ តើ​លោក​ហើយ​លោក​ស្រី​បាន​ពិនិត្យ​ទៅ​នឹង​អង្គហេតុ​នៃ​ច្បាប់​នូវ​ករណី​នីមួយៗ​បាន​ត្រឹម​ត្រូវ​ហើយ​ឬ​នៅ​?។​ តើ​អស់លោក​លោក​ស្រី​ដែល​បាន​ពិនិត្យ​ទៅ​លើ​រឿង​នោះ​បាន​ចូល​រួម​តាម​ទិដ្ឋភាព​ច្បាប់​ហើយ​ឬ​នៅទើប​ធ្វើ​ការ​វាយ​តម្លៃ​សន្និដ្ឋាន​ទៅ​លើ​ករណី​នីមួយៗ​»

​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក៏​បាន​ចេញ​សារ​លិខិត​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៨​ នេះ​ដែរ។ លោក​ ហ៊ុន សែន​ បញ្ជាក់​ក្នុង​សារលិខិត​ដោយ​ទទួល​ស្គាល់​ថា​​ សារព័ត៌មាន​​ពិតជា​មាន​សារសំខាន់​ដល់​សាធារណជន​ ហើយ​លោក​ក៏​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់​ប្រឹងប្រែង​ផ្ដល់​ព័ត៌មាន​ពិត​ទៅ​ដល់​ពលរដ្ឋ​បន្ត​ទៀត ជា​ពិសេស​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ។ ទោះជាយ៉ាងណា អ្វី​ដែល​កំពុង​ឡើង​នៅ​កម្ពុជា​នេះ គឺរបបរបស់លោក ហ៊ុន សែន មិនបានផ្តល់សេរីភាព និងការពារអ្នក​សារព័ត៌មាន​នោះ​ឡើយ ដោយបានចាត់ទុកអ្នកសារព័ត៌មានឯករាជ្យជាសត្រូវ និង​បង្ក្រាប​ឥត​ឈប់​ឈរ។ 

​​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBO-JA) លោក ណុប វី លើកឡើង​ថា ការ​កើន​បរិមាណ​​អ្នក​យក​ព័ត៌មាន​ និង​ស្ថាប័ន​ផ្សព្វផ្សាយ​ពុំ​មែន​ជា​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ​ ពី​ព្រោះ​​សារព័ត៌មាន​និង​ស្ថាប័ន​ទាំង​អស់​នោះ​​​ភាគ​ច្រើន​​គ្មាន​វិជ្ជាជីវៈ​និង​ផលិត​ព័ត៌មាន​​លំអៀង​ទៅ​រដ្ឋាភិបាល។ អ្នក​ជំនាញ​សារព័ត៌មាន​រូប​នេះ​កត់​សំគាល់​ថា ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ​ សេរីភាព​ផ្នែក​​សារព័ត៌មាន​នៅតែ​​រង​ការ​ធ្វើ​ទុក្ខ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ដដែល៖ «អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​គាត់​ទៅ​យក​ព័ត៌មាន​រឿង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ រឿង​កន្លែង​លេងល្បែង​ខុស​ច្បាប់​ដូច​ជា​ជន​មាន់​​ ហើយ​ត្រូវ​បាន​គេ​វាយ​ដុំ​បែក​មុខ​មាត់​​។ តែ​លទ្ធភាព​ជនល្មើស​មិន​មាន​អ្នក​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​យក​មក​ដាក់​ពន្ធនាគារ​ ឬ​ឱ្យ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​ទេ​ ហើយ​តាម​យើង​ដឹង​អ្នក​ដែល​ចូល​រួម​គាំទ្រ​អំពើ​ល្មើស​ហ្នឹង​មាន​ជាប់​ព័ន្ធ​ជា​មួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទៀត​»​​

​​​​ដោយ​ឡែក​អ្នក​យក​ព័ត៌មាន​​ខ្មែរ​ក្រោម និង​ជា​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក​ យាង សុធារិន​ ​ថ្លែង​ថា​ ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​​នៅ​តែ​បន្ត​រឹតត្បិត​ខ្លាំង​ដដែល​ ។​នៅ​ក្នុង​ឱកាស​នេះ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​តាម​យាយី​គាត់ ​​និង​​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​​​និង​ផ្ដល់​ឯកសារ​ចាប់​យក​ទាំង​អស់​ដល់​​​គាត់​ និង​លោក​ អ៊ួន ឈិន​​​ មក​វិញ​៖ «អីចឹង​សូម​បើ​សិន​ជា​ដូច​ការ​ប្រកាស​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​សារព័ត៌មាន​អីចឹង​ខ្ញុំ​ថា គួរតែ​ជួយ​ពិនិត្យ​ពិចារណា​កន្លែង​ហ្នឹង​។ ​ទាំង​តុលាការ​ក៏​ដោយ​ក្រសួងព័ត៌មាន​កី​ដោយ​សូម​មេត្តា​ជួយ​ពិនិត្យ​កន្លែង​ហ្នឹង​នៅ​ពេល​អ្នក​ព័ត៌មាន​មិន​ប្រព្រឹត្ត​កំហុស​ នៅ​ពេល​អ្នក​ព័ត៌មាន​រង​ភាព​អយុត្តិធម៌​​គាត់​គួរតែ​ជំរុញ​រក​យុត្តិធម៌​ឱ្យ​អ្នក​ព័ត៌មាន​ ដើម្បី​ឱ្យ​បង្ហាញ​ថា រដ្ឋាភិបាល​ពិតជា​ប្ដេជ្ញា​ចិត្ត​ការពារ​អ្នក​កាសែត​ពិតប្រាកដ​មែន​ »

​ក្នុងទិវាសេរីភាពសារព័ត៌មាននៅឆ្នាំនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ចំនួន​ ៤៥​ ស្ថាប័ន ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​ប្រឆាំង​នឹង​​អ្នក​សារព័ត៌មាន​ បញ្ឈប់​ការយាយី​លើ​ប្រ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ដែល​បាន​អនុវត្ត​សិទ្ធិ​ជា​មួលដ្ឋាន​ចំពោះ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​។​​

ជា​មួយ​គ្នា​នេះ​​ ការិយាល័យឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ក៏បានចេញសេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៣​ឧសភា​ថា​ សេរីសារព័ត៌មាន គ្មាន​ការ​រិតត្បិត និង​ឯករាជ្យ គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សង្គមប្រជាធិបតេយ្យ។ ​​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ពិនិត្យឃើញថា អ្នកសារព័ត៌មាន​តែងតែប្រឈម មុខ​នឹង​ការ​វាយ​ប្រហារ ការ​គំរាមកំហែង ការ​យាយី​និង​ការចោទប្រកាន់ ផ្នែក​ព្រហ្មទណ្ឌ​ដោយសារ​តែ​ការងារ​របស់​ខ្លួន​ដែរ។ ចំនួន​អ្នកសារព័ត៌មាន និងបុគ្គលិកអ្នកសារព័ត៌មាន ត្រូវ​បាន​សម្លាប់ ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ មាន​ជិត​មួយ​ពាន់​នាក់ នៅលើពិភពលោក ។ ចំនួន​ដ៏​គួរ​ឱ្យ​រន្ធត់​នៃ​ការ​វាយប្រហារ រួមមាន តាម​រយៈ​តួអង្គ​រដ្ឋ ក្រុម​ប្រដាប់​អាវុធ ឬ​ក្រុម​ឧក្រិដ្ឋជន​គឺ​មាន​លក្ខណៈ​កាច​សាហាវ ដូច​ជា​ភាព​អសកម្ម​ដែល​ពួកគេ​បាន​ជួប​ប្រទះ។ មាន​ករណី​តិច​តួច​បំផុត ដែលអ្នកប្រព្រឹត្តឬជនល្មើសត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ​នាំមក​កាត់ទោស និងផ្តន្ទាទោសទៅតាមច្បាប់។

ការិយាល័យឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា  បន្តថា ជាង​នេះ​ទៅ​ទៀត​នៅ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩​នេះ​ បាន​ស្តែង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ការ​ធ្វើ​របាយការណ៍​រិះគន់​លើ​គោល​នយោបាយ រដ្ឋាភិបាល ឬ​ឥស្សរជន​សាធារណៈ ជារឿយៗ តែង​​ប្រឈម​នឹង​ការចោទប្រកាន់។ ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត ឬ​អនុវត្ត ដើម្បី​រឹតត្បិត និង​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋ​ផ្សេងៗ​ផង​ដែរ ​ដើម្បី​កំណត់​គោលដៅ​ទៅលើ​អ្នកសារព័ត៌មាន៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​​សង្គម​​ស៊ីវិល​​និង​​អ្នក​​សារព័ត៌មាន​​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​បើក​​ទូលាយ​​សិទ្ធ​​សារព័ត៌មាន​"

  1. Anonymous says:

    You all kive in cage of Veitcong mafia dictator and his groups can’t ask anything ‘ You have to followed the mouth of Veitcong groups’

Leave a Reply

Submit Comment