អ្នក​ជំងឺ​កូវីដ​ម្នាក់​ស្លាប់ ​ក្រោយ​មន្ទីរពេទ្យ​មួយ​ចំនួន​បដិសេធ​ព្យាបាល​ និង​ទារ​សេវា​ថ្លៃ

ដោយ សុជីវី
2021-05-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំងឺ​កូវីដ​ម្នាក់​ស្លាប់ ​ក្រោយ​មន្ទីរពេទ្យ​មួយ​ចំនួន​បដិសេធ​ព្យាបាល​ និង​ទារ​សេវា​ថ្លៃ

 Photo: RFA


ស្ត្រី​អ្នក​ជំងឺ​កូវីដ-១៩ ​ម្នាក់ ​បាន​ស្លាប់ ​ក្រោយ​ទទួល​បាន​ការ​ព្យាបាល​យឺត​យ៉ាវ​ ដោយ​សារ​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ​បដិសេធ​ការ​ព្យាបាល និង​ទាមទារ​តម្លៃ​សេវា​ព្យាបាល​ថ្លៃខ្ពស់ពេក។ ស្ត្រី​រូប​នេះ​មានឈ្មោះ សូ ហៀង ​អាយុ ៥៨ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុង ឃុំ​ត្រងិល ​ស្រុក​កំពង់លែង​ ខេត្ត​កំពង់​ឆ្នាំ។ គាត់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា ក្រោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ​ចូល​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​មួយ​ថ្ងៃ។ កូន​ចំនួន​ពីរ​នាក់​របស់​ស្ត្រី​ដែល​ស្លាប់​នេះ ក៏​បាន​ឆ្លង​ជំងឺ​កូវីដ​ពី​គាត់​ដែរ។

អាស៊ី​សេរី ​មិនទាន់​អាច​ទាក់ទង​សាច់​ញាតិ​របស់​ស្ត្រី​ដែល​ស្លាប់​នេះ ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ហ្វេ្រសញូវ ​(Fresh News) ​ចុះផ្សាយ​នៅថ្ងៃទី៣ ​ឧសភា​ដោយ​ស្រង់​សម្ដី​កូនៗ​ របស់​ស្ត្រី​រូប​នេះ​ថា ​ពួកគាត់ ​និងម្តាយ ​បាន​ស្នាក់នៅ​ធ្វើ​ការ​ក្នុង​សង្កាត់​ទួលសង្កែ ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ ​ហើយ​កាលពី​ថ្ងៃទី១​ ខែឧសភា ម្ដាយ​របស់​គាត់ ​មាន​អាការៈ​ក្ដៅ​ខ្លួន​ ឈឺ​ក​ ហត់​ ពិបាក​ដក​ដង្ហើម ​និង​ពិបាក​ទទួលទាន​អាហារ។ នៅ​ថ្ងៃ​ដដែល​នោះ ​ពួកគាត់​ បាន​នាំ​ម្តាយ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​មួយ ​ប៉ុន្តែ​ក្រោយ​ពី​គ្រូពេទ្យ​បាន​សួរ​នាំ និង​ដឹង​ថា​ ម្ដាយ​របស់​គាត់​មាន​អាការៈ​ទាក់ទង​នឹង​កូវីដ១៩ ​គ្រូពេទ្យ​ បាន​បដិសេធ​ក្នុង​ការ​ព្យាបាល​។ បន្ទាប់មក​ ពួក​គាត់​ បាន​បញ្ជូន​ម្ដាយ​ទៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ទៀត ​(មិន​ចាំ​ឈ្មោះ)​នៅ​ជិត​ទួលគោក ​ដើម្បី​ពិនិត្យ​បន្ត ​ប៉ុន្តែ​គ្រូពេទ្យ​ទីនោះ​ទាមទារ​តម្លៃ​នៃ​ការ​ធ្វើតេស្ត​សំណាក​រក​មេរោគ​កូវីដ​ក្នុង​មួយ​លើក​ ១៤០ដុល្លារ។ ដោយសារ​តម្លៃ​ថ្លៃ​ពេក ​នៅព្រឹកព្រលឹមថ្ងៃទី២ ​ខែឧសភា​ កូនៗ ទាំង​ពីរ​នាក់​ សម្រេច​ជួល​ម៉ូតូ​កង់​បី ​ដឹក​ម្ដាយ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង។ ពួកគាត់​​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ​នៅម៉ោង១២​ ថ្ងៃ​ត្រង់ថ្ងៃទី២ ខែ​ឧសភា ​ហើយ​ភ្លាមៗ​នោះ ​គ្រូពេទ្យ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា ពួកគាត់​ទាំង៣នាក់​ម្ដាយ​កូន​មាន​ជំងឺ​កូវីដ-១៩ ​និង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា ​ដោយសារ​ស្ត្រី​ជា​ម្ដាយ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ​ហើយ​គាត់​បាន​ស្លាប់​នៅ​ម៉ោង​ជិត ៣​ រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី៣ ​ខែឧសភា។

អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ​លោក​វេជ្ជ​បណ្ឌិត ប្រាក់ វ៉ុន ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី ឱ វណ្ណឌីន ​ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​នេះ​បាន​នៅ​ឡើយ​ទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ករណី​ស្លាប់​របស់​ស្ត្រី​រូប​នេះ​ ក្រសួង​សុខាភិបាល ក៏​មិនទាន់​ដាក់បញ្ចូល​ក្នុង​សេចក្ដី​ជូនដំណឹង របស់​ខ្លួន​ដែល​ចេញនៅថ្ងៃ៣​ ខែ​ឧសភា​នៅ​ឡើយ​ទេ។

ទាក់ទង​ករណី​នេះ ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​លោក យង់ គិម​អេង ​មានប្រសាសន៍ថា​ រដ្ឋាភិបាល​ គួរ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ ​ព្រោះ​ទង្វើ​របស់​មន្ទីរពេទ្យ​ដែល​បដិសេធ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ​និង​ទាមទារ​តម្លៃ​សេវា​ពិនិត្យ​និង​ព្យាបាល​តាម​ចិត្ត​នេះ ​មិន​ត្រឹមត្រូវ​ឡើយ។ លោក ​បន្ត​ថា ​រដ្ឋាភិបាល​ គួរ​តែ​បញ្ចេញ​ឈ្មោះ​មន្ទីរពេទ្យ​ឯកជន ​ដែល​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ និង​ព្យាបាល​ជំងឺ​កូវីដ​ជា​សាធារណៈ ​និង​កំណត់​តម្លៃ​ច្បាស់លាស់​ ឬ​រដ្ឋាភិបាល​គួរតែ​ទទួល​បន្ទុក​ចំណាយ ​ព្រោះ​ជំងឺ​កូវីដ​ជា​វិបត្តិ​សកល ​ដូច្នេះ​ពលរដ្ឋ​គួរ​តែ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដូចៗ គ្នា៖ «បើសិនជា​ខ្លួនឯង (មន្ទីរពេទ្យ)​ មិន​ព្រម​ព្យាបាល​ម៉េច​មិន​ព្រម​រាយការណ៍ ​ឬ​មិន​ជួយ​អន្តរាគមន៍​ឲ្យ​គាត់​ទៅ​ទទួល​បាន​ការ​ព្យាបាល​ទេ​ ដូច្នេះ​អា​ហ្នឹង ​គួរតែ​មាន​ការ​ដាក់​ពិន័យ​គាត់ (មន្ទីរពេទ្យ)។ បើ​សិន​មន្ទីរពេទ្យ​ឯកជន​មិនព្រម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​អ្នក​ជំងឺ​ទៅ​ព្យាបាល​ទេ ​គាត់​នឹង​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​កូវីដ​កាន់តែ​រាលដាល​ទៅ​អ្នក​ផ្សេងៗ ទៀត។ នេះ​គឺ​ជា​រឿង​មួយ​សំ​ខាន់​ណាស់ ហើយ​រឿង​មួយ​ទៀត គឺ​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស ​ត្រូវតែ​មាន​តម្លៃ​ស្មើៗ​ គ្នា ​ដូច្នេះ​ត្រូវតែ​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​គាត់​ទាំងអស់»

កន្លងមក​ ក៏​មាន​អ្នក​ជំងឺ​កូវីដ​មួយ​ចំនួន​ បាន​ស្លាប់​ដោយសារ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​សេវា​ពិនិត្យ​និង​ព្យាបាល​ត្រឹមត្រូវ​នៅ​តាម​មន្ទីរ​ពេទ្យ​ដែរ ​ដោយ​ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ​ខ្លះ​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​ ឬ​ស្លាប់​តាម​ផ្លូវ​មុន​ពេល​បញ្ជូន​ទៅ​ព្យាបាល​ជាដើម​។

ដោយ​ឡែក ​នៅ​ថ្ងៃ​ចន្ទ​ ទី៣​ សភា​ដដែល​នេះ ​ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​អ្នក​ជំងឺ​កូវីដ​ចំនួន​៤នាក់​ទៀត ​បាន​ស្លាប់​ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៨៤១នាក់។

ក្រសួង​សុខាភិបាល​ប្រកាស​ថា ​អ្នក​ស្លាប់​ទី១ ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ២៤ឆ្នាំ រស់​នៅ​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម ​ស្លាប់​កាល​ពី​ថ្ងៃ​ទី១ ឧសភា។ អ្នកស្លាប់ទី២ ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ ៤០ឆ្នាំ រស់នៅ​ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ ស្លាប់​ថ្ងៃ​ទី២ ខែ​ឧសភា។ អ្នក​ស្លាប់​ទី៣ ជា​បុរស​ជន​ជាតិ​ខ្មែរ ​អាយុ ៥៥ឆ្នាំ​ រស់​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំ​ពេញ ស្លាប់​ថ្ងៃ​ទី២ ឧសភា។ អ្នក​ស្លាប់​ទី៤​ ជា​បុរស​ជន​ជាតិខ្មែរ ​អាយុ៦១ ​រស់នៅ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី៣ ឧសភា។

ចំណែក​អ្នក​ឆ្លង​ថ្មី​ទាំង ៨៤១នាក់​វិញ ក្រសួង ​បញ្ជាក់​ថា ភាគ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន​ដល់ ៥២៥នាក់ ខេត្ត​កណ្ដាល ៣៣នាក់ ខេត្ត​ព្រះសីហនុ ៦២នាក់ និង​ខេត្ត​កំពង់ចាម ២១នាក់។ សម្រាប់​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​មាន​សន្ទុះ​អ្នក​ឆ្លង​កើន​ឡើង​ដែរ ដោយ​មាន​ចំនួន​រហូត​ដល់ ១៥៣នាក់។

ជា​មួយ​គ្នា​នេះ ក្រសួង ប្រកាស​ថា អ្នក​ជា​សះស្បើយ​មាន​ចំនួន ៦១នាក់។

គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង ១៥.៣៦១នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ ៥.៤៣០នាក់ និង អ្នក​កំពុង​សម្រាក​ព្យាបាល ៩.៨១៨នាក់ ។ ចំពោះ​ករណី​ស្លាប់​វិញ ​ក្រសួង​ទទួល​ស្គាល់​ថា​ កើន​ឡើង​ដល់​ចំនួន ១០៦នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment