ក្រសួង​​សុខាភិបាល​អំពាវនាវ​​ពលរដ្ឋ​កុំ​​ឲ្យ​​ទិញ​​អាល់កុល និង​​ជែល​​លាង​ដៃ​ដែល​​លក់​​តាម​​ហ្វេសប៊ុក​ព្រោះ​​គ្មាន​​ប្រសិទ្ធភាព​​សម្លាប់​​មេរោគ​​

ដោយ អាស៊ីសេរី
2021-05-04
RFA

ក្រសួង​​សុខាភិបាល​អំពាវនាវ​​ពលរដ្ឋ​កុំ​​ឲ្យ​​ទិញ​​អាល់កុល និង​​ជែល​​លាង​ដៃ​ដែល​​លក់​​តាម​​ហ្វេសប៊ុក​ព្រោះ​​គ្មាន​​ប្រសិទ្ធភាព​​សម្លាប់​​មេរោគ​​

ក្រសួង​​សុខាភិបាល​អំពាវនាវ​​ពលរដ្ឋ​កុំ​​ឲ្យ​​ទិញ​​អាល់កុល និង​​ជែល​​លាង​ដៃ​ដែល​​លក់​​តាម​​ហ្វេសប៊ុក​ព្រោះ​​គ្មាន​​ប្រសិទ្ធភាព​​សម្លាប់​​មេរោគ​​។ រូប៖ ហ្វេសប៊ុក


ក្រសួង​​សុខាភិបាល​អំពាវ​នាវ​​ពលរដ្ឋ​ កុំ​ឲ្យ​​ទិញ​​អាល់កុល និង​​ជែល​​លាង​​ដៃ​ដែល​​ផ្សព្វផ្សាយ​​លក់​​តាម​​ហ្វេសប៊ុក (faceboook) ព្រោះ​អាល់កុល និង​​ជែល​​ទាំង​​នោះ​ គ្មាន​​ប្រសិទ្ធភាព​ ក្នុង​ការ​​សម្លាប់​​មេរោគ​ទេ។

លិខិត​​របស់​​ក្រសួង​​​សុខាភិបាល ចុះ​ថ្ងៃ​ទី​​៣ ខែឧសភា បាន​បង្ហាញ​​ថា មាន​​​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​​ជា​ច្រើន​ កំពុង​​ផ្សព្វផ្សាយ​​លក់​​អាល់កុល ជែល​និង​​ផលិតផល​​សម្លា​ប់​​មេរោគ​​ដទៃ​​​​ជាច្រើន​ប្រភេទ​​ យ៉ាង​អនាធិបតេយ្យ និង​​គ្មាន​​ការ​​ត្រួត​ពិនិត្យ​​គុណភាព ឬ​ការ​អនុញ្ញាត​​ពី​ក្រសួង​។

ក្រសួងធ្លាប់​រក​ឃើញ​​ថា ផលិត​ផល​ទាំង​នោះ​ ភាគ​ច្រើន ​ជា​ផលិតផល​ក្លែងបន្លំ និង​​គ្មាន​​គុណ​ភាព​​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស មាន​​ផ្ទុក​សារធាតុ​មេតាណុល​សុទ្ធ ឬ​មាន​សារ​ធាតុ​មេតាណុល​លាយ​ ជាមួយ​អេតាណុល ឬ​ អាល់កុល។ ក្រសួង​បញ្ជាក់​​ថា ​ផលិត​ផល​​គ្មាន​​​គុណភាព​ទាំង​នោះ ​មាន​សារធាតុ​ប៉ះពាល់​សុខភាព ឬ អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង។

សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​អាជ្ញាធរ ​បង្ក្រាប​ផលិតផល​សម្លាប់​មេរោគ​ក្លែងក្លាយ​​​នេះ​ឲ្យ​អស់​និង​អនុវត្ត​តាម​ច្បាប់​ដើម្បី​ឲ្យ​ជន​ខិល​ខូច​ទាំង​នោះ​រាងចាល​។ ប្រធាន​មជ្ឈមណ្ឌល​​ប្រជា​ពលរដ្ឋ​ដើម្បី​​អភិវឌ្ឍន៍ និង​សន្តិភាពលោក យង់ គឹមអេង សង្កេត​ឃើញ​ថា ​ពលរដ្ឋដែល​​គ្មាន​ចំណេះ​ដឹង​វេជ្ជសាស្ត្រ បាន​រងគ្រោះ​ពី​ការ​ប្រកាស​លក់​នេះ គឺ​ខាត​ទាំង​​ថវិកា និង​​ប្រឈម​ការ​ឆ្លង​ជំងឺ ដោយសារ​អាល់កុល និង​ជែលទាំង​នោះ គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​សុខាភិបាល បញ្ចេញ​​​អាល់កុល និង​ជែល​លាង​ដៃ ​ដែល​មាន​​ប្រសិទ្ធ​ភាព​​ឲ្យ​​ពលរដ្ឋ​ងាយ​ស្រួល​ទិញយក​ទៅ​ប្រើប្រាស់​គ្រប់​​​បាន​គ្រប់​គ្នា។​​​

​កាល​ពី​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប» នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​រឹប​អូស​បាន​អាល់កុល​ក្លែង​ក្លាយ រាប់​ម៉ឺន​លីត្រ និង​ច្រើន​ប៊ីដុង នៅ​ទូទាំង​ប្រទេស​។ មន្ត្រី​ជំនាញ ក៏​បាន​ ​ចាប់​ខ្លួន អ្នក​លក់​ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ បញ្ជូន​ទៅ​តុលាការ​​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment