គ្រួសារ​​របស់​​អ្នក​​ជាប់​​ឃុំ​រឿង​​នយោបាយ​​និង​​សង្គម​​ខក​​ចិត្ត​​នឹង​​​​​​​​អាជ្ញាធរ​​ពន្ធនាគារ​ដែល​​មិន​​​អនុញ្ញាត​​ឲ្យ​អ្នក​​ជាប់​​ឃុំ​​ប្រើ​​ទូរស័ព្ទ​​​ប្រាប់​​ឲ្យ​​ដឹង​​ពី​​សុខ​ទុក្ខ​

ដោយ មួង ណារ៉េត
2021-05-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​​របស់​​អ្នក​​ជាប់​​ឃុំ​រឿង​​នយោបាយ​​និង​​សង្គម​​ខក​​ចិត្ត​​នឹង​​​​​​​​អាជ្ញាធរ​​ពន្ធនាគារ​ដែល​​មិន​​​អនុញ្ញាត​​ឲ្យ​អ្នក​​ជាប់​​ឃុំ​​ប្រើ​​ទូរស័ព្ទ​​​ប្រាប់​​ឲ្យ​​ដឹង​​ពី​​សុខ​ទុក្ខ​

រថយន្តដឹកសកម្មជនបក្សប្រឆាំងមកកាត់ទោសនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


គ្រួសារ​របស់សកម្មជនបក្សប្រឆាំងនិងសកម្មជសង្គមដែល​កំពុង​ជាប់​ឃុំ​ជាច្រើន​ ​បាត់​ដំណឹង​សាច់​​ញាតិ​​ក្នុង​ពន្ធនាគារ​ទាំង​ស្រុង ចាប់​តាំង​​ពី​​អាជ្ញាធរ​លែង​​អនុញ្ញាត​​ឲ្យ​ចូល​ជួប​​សួរសុខទុក្ខដោយ​ផ្ទាល់។

ប្រពន្ធ​របស់​​សកម្មជន​បក្ស​​ប្រឆាំង​​ម្នាក់​ កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​​ព្រៃ​ស​​លោក គង់ សំអាន គឺ​​លោកស្រី អៀប សួគ៌ រៀបរាប់​​ទាំង​​យំ​សោក​​​អាណិត​ប្ដី ព្រោះ​​លែង​បាន​​លឺ​​ដំណឹង​ប្ដី ច្រើន​​ខែ​​មក​ហើយ។ លោកស្រីប្រាប់​ថា អ្វី​ដែល​អាច​ធ្វើ​បាន​ពេល​នេះ គឺ​ការ​ផ្ញើ​លុយ​ តាម​មន្ត្រី​ឲ្យ​ប្ដី​ចាយ​​ក្នុង​ពន្ធនាគារ ហើយ​​ទោះ​ជា​​លុយ​នោះ​​ទៅ​ដល់​ ឬ​មិន​ទៅ​ដល់ ក៏​លោកស្រីមិន​ដឹង​ដែរ។ លោកស្រី​សោកស្ដាយ​ចំពោះ​អាជ្ញាធរ ដែល​យឺតយ៉ាវ ក្នុង​ការ​រៀបចំ​ទូរស័ព្ទឲ្យ​លោកស្រី និង​ប្ដី បាន​និយាយ​គ្នា។

បន្ថែម​ពី​នេះ លោកស្រីទាមទារ​ឲ្យ​​តុលាការ​ដោះ​លែង ឲ្យ​ប្ដី​របស់​លោកស្រី រស់​នៅ​មាន​សេរីភាព ជួបជុំ​គ្រួសារ​ឡើងវិញ៖ «អាណិត​គាត់​ណាស់ សូម្បី​តែ​ស្រមោល​ផ្លូវ​ក៏​គ្មាន​ដែរ។ គេ​មិន​អនុគ្រោះ​ទេ ខ្ញុំ​ពិបាក​ចិត្ត​ណាស់។ ឲ្យ​តែ​និយាយ​ដល់​គាត់ គឺ​ខ្លោច​ចិត្ត​អស់​ហើយ។ មិន​គួរណា​ គេ​យក​គាត់​ទៅ​ធ្វើ​អ៊ីចឹង​សោះ។ គាត់​ស្លូត​បូត​ឲ្យ​មនុស្ស​ល្អ។ ខ្មែរ​ដូច​គ្នា យើង​ត្រូវ​មាន​ចិត្ត​ឲ្យ​ល្អ​ដាក់​គ្នា។ ចាប់​គ្នា​ដាក់​ពន្ធនាគារ​ហើយ គួរ​ណាស់​ហើយ​ជួយ​ទូរស័ព្ទ​មក​គ្រួសារ​មិន​បាន​ឃើញ​មុខ​ បាន​ស្ដាប់​សំឡេង​ក៏​បាន​ដែរ។ តែ​នេះ​ខ្មែរ​និង​ខ្មែរ គាត់​គ្មាន​អាណិត​អាសូរ​អី​បន្តិច​។ ដាច់​ចិត្ត​ណាស់»។

ចំណែក​​សាច់​ញាតិ​របស់​សកម្មជន​សង្គម កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ម​២ ក៏​មិន​បាន​ដឹង​ពី​ដំណឹង​កូន​ស្រី​ដែរ។ ម្ដាយ​របស់​លោកស្រី ឈឿន ដារ៉ាវី ​គឺលោក​ស្រី ថាច់ ធីតា លែង​បាន​ជួប​មុខ​កូន​ស្រី ច្រើន​ខែមក​ហើយ។ លោកស្រី តែង​តែ​ស្នើ​ជា​រឿយៗ ឲ្យ​ខាង​ពន្ធនាគារ​រៀបចំ​ទូរស័ព្ទឲ្យ​កូន​របស់​លោកស្រី អាច​ទូរស័ព្ទ​ មក​គ្រួសារ​បាន។ លោកស្រីសោកស្ដាយ​ចំពោះ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការអនុញ្ញាត​ដាក់​ប្រព័ន្ធ​ទូរស័ព្ទ​ អី​អាច​ទំនាក់​ទំនង​គាត់​បាន​។​ ខ្ញុំ​ចង់​បាន​លក្ខណៈ​អ៊ីចឹង​ ប៉ុន្តែ​ក៏​មិន​អាច​។ ក្រោយ​មក​ទៀត​ ប្អូន​ក៏​សុំ​គេ​អ៊ីចឹង​ សុំ​ដាក់​ច្បាប់​ដាក់​អី មក​ខាង​ពន្ធនាគារ​អ៊ីចឹង​ទៅ។​ រួច​ក៏​គេ​អនុញ្ញាត។ ម្ដងម្កាល ១​ខែ​១ដង​២​ដង »

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារបញ្ជាក់​ថា ខាង​ពន្ធនាគារបញ្ឈប់​គម្រោង​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទ សម្រាប់​អ្នក​ជាប់​ឃុំ តេ​ (Call) ​ចេញ​មក​ក្រៅ​ទៀត​ហើយ។

អ្នក​នាំ​ពាក្យ​​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​២ ខែឧសភា ថាមន្ត្រី​ពន្ធនាគារ​​បញ្ឈប់​គម្រោង​រៀបចំ​ទូរស័ព្ទដោយសារ ជាប់​​រវល់​​​យក​ចិត្ត​ទុក​ដាក់ នឹង​​បញ្ហា​ប្រឈម គឺ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។ លោកបារម្ភ​ថា ការ​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទនឹង​ក្លាយ​ជា​អម្រែក​បន្ថែម​ទៀត សម្រាប់​មន្ត្រី​ពន្ធនាគារ៖ «ម្នាក់​កំពុង​តែ​មាន​វិធានការ កំពុង​អនុវត្ត​តាម​​គោលការណ៍​ណែនាំ​ផ្សេង​ហ្នឹង ក៏​ប្រយ័ត្ន​ខ្លាំង​ណាស់។ ហើយ​បើ​គិត​ការងារ​ហ្នឹង​មួយ​ទៀត ពិបាក​រឿង​រែក​ពន់​ដែរ។ អ៊ីចឹង​យើង​អត់​ទាន់​អ្វី​ប្រែប្រួល​ទេ។ ឥឡូវ​ការសិក្សា​ ក៏​បង្វែរ​ទៅ​ជា​ការ​ខិត​ខំប្រឹង​ប្រែង​ទប់​ស្កាត់​ជំងឺ​កូវីដ​វិញ »។

ទោះជាយ៉ាងណា ក្រុមគ្រួសារអ្នកជាប់ឃុំ និងមន្ត្រីសិទ្ធិមនុស្សរិះគន់ថា អាជ្ញាធរពន្ធនាគារមិនអាចដោះស្រាយរឿងមួយ ទុករឿងមួយបានទេ។ ពួកគេថា ប្រសិន​បើ​អាជ្ញាធររដ្ឋាភិបាល មិនដោះលែងពួកគាត់ឲ្យមានសេរីភាពក្នុងគ្រានេះទេ យ៉ាងណាហោចណាស់ អាជ្ញាធរផ្តល់សិទ្ធិឲ្យពួកគាត់មានទំនាក់ទំនង​ជាមួយ​គ្រួសារ​ដើម្បីដឹងសុខទុក្ខ ។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុកលោក នី សុខា លើក​ទឹក​ចិត្ត​ឲ្យ​​អាជ្ញាធរ​ពន្ធនាគារ​ មាន​ឆន្ទៈ​ខ្ពស់​ ក្នុង​ការ​​​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទ ឲ្យ​អ្នក​ជាប់​ឃុំ ​បាន​និយាយ​ជាមួយ​គ្រួសារ​។ លោកយល់​ថា ការ​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ នឹង​ជួយ​​កាត់​បន្ថយ​វិបត្តិ​ផ្លូវ​ចិត្ត​របស់​អ្នក​ជាប់​ឃុំ និង​គ្រួសារ​៖ «គិត​ថា​នេះ​ជា​ឆន្ទៈ​ខាង​​​ពន្ធនាគារ​ទេ។ បើ​សិន​ជា​ខាង​ពន្ធនាគារ​មាន​ឆន្ទៈ​ពិត​ប្រាកដ ខ្ញុំ​គិត​ថា ​មិន​មែន​ជា​ការងារ​មួយ​លំបាក​រហូត​ទេ អាច​ឲ្យ​ក្រុម​គ្រួសារ​គាត់​កាន់​ទូរស័ព្ទ​ ធ្វើការ​ជួប​ ដូច​ពី​មុន​ដែរ ប៉ុន្តែ​របៀប​ជួប​យើង​ជួប​បាន​តាម​ប្រព័ន្ធ​អនឡាញ។ គេ​អាច​មើល​មុខ​គ្នា​ឃើញបាន​ដូច​គ្នា​ហ្នឹង ព្រោះ​អី​ឥឡូវ​គេ​ធ្វើ​តាម​អនឡាញ​ហ្នឹង​ច្រើន​ណាស់។ អ៊ីចឹងយើង​មាន​តែ​ស្នើ​ឲ្យ​ពន្ធនាគារ​ហ្នឹង​ គិត​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ »។

គិត​មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ជាង ៧០ នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ពួក​គេ​ភាគច្រើន​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់។ ​សហគមន៍​ជាតិ និង​អន្តរជាតិ ​ចាត់​ទុក​ករណី​ទាំង​នេះ​ថា ជា​រឿង​នយោបាយ​ និង​ជា​ការ​ចាប់​ខ្លួន​ពលរដ្ឋ​តាម​អំពើ​ចិត្ត។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បង្ហាញ​ថា ​ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនា​គារ​នៅ​កម្ពុជា​មាន​ចំនួន​ជិត ៤ម៉ឺន (​៣៩.០០០)នាក់​។ នេះ​ជា​ចំនួន​ដ៏​ច្រើន​លើសលប់ ​ព្រោះ​អង្គការ​ជាតិ និង​អន្តរជាតិ ​បាន​ប៉ាន់​ប្រមាណ​ថា​ ពន្ធនាគារ​គួរតែ​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ចំនួន​ជាង ​២ម៉ឺន៦ពាន់ ​(២៦.៥៩៣) នាក់​​។

ចាប់​តាំង​ពី​​ឆ្នាំ​២០២០​មក ​ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ជា​បន្ទាន់​ លើ​ការ​ដោះលែង​អ្នក​ជាប់​ឃុំ ដែល​ប្រឈម នឹង​ហានិភ័យ​ខ្ពស់ ​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ១៩ រួមមាន អ្នក​ជាប់ឃុំ​បណ្ដោះអាសន្ន​ទាក់ទង ​នឹង​បទល្មើស​ស្រាល​ៗ និង​អ្នក​ទោស​​នយោបាយ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេងទៀត​ទាក់ទង​​នឹង​ការ​ឃុំខ្លួន​អ្នក​ទោស ដោយ​ឈរ​លើ​មូលដ្ឋាន​​លក្ខខណ្ឌ​សុខភាព អ្នក​ជាប់ឃុំ​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់ឃុំ​ដែល​មាន​កូន​តូច​នៅ​ជាមួយ ​និង​អ្នកជាប់ឃុំ​អាយុ​ក្រោម ១៨ឆ្នាំ​ ជាដើម។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល ​នៅតែ​មិន​ទាន់​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ បាន​នៅ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment