ស្នង​ការ​​ខេត្ត​មណ្ឌលគិរី​​កោះហៅ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​៥​នាក់​​ ​ក្រោ​យ​​ពី​​បុគ្គល​​មាន​អំណាច​​ប្តឹង​​

ដោយ ហេង រស្មី
2021-05-04
RFA

​ស្នង​ការ​​ខេត្ត​មណ្ឌលគិរី​​កោះហៅ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​៥​នាក់​​ ​ក្រោ​យ​​ពី​​បុគ្គល​​មាន​អំណាច​​ប្តឹង​​

ស្នងការ​​ខេត្ត​​មណ្ឌលគិរី​​បាន​​អនុញ្ញាត​​ឱ្យ​​ជនជាតិ​​ដើម​​ភាគតិ​ច​ ​៥​នាក់​ ​ត្រឡប់មក​​ផ្ទះ​វិញ​ ​ក្រោយ​ពី​​សាកសួរ​​ពេញ​មួយ​ព្រឹក​​ ​ទាក់​ទិន​​ជម្លោះ​​ដីធ្លី​​នៅ​​តំបន់​​ភ្នំ​រ៉ាដា​ង​។ រូប៖ គេ​ផ្ដល់​ឱ្យ


ស្នងការ​​ខេត្ត​​មណ្ឌលគិរី​​បាន​​អនុញ្ញាត​​ឱ្យ​​ជនជាតិ​​ដើម​​ភាគតិ​ច​ ​៥​នាក់​ ​ត្រឡប់មក​​ផ្ទះ​វិញ​​ហើយ​ ​នៅ​​រសៀល​​ថ្ងៃ​ទី​​​៣​ ខែ​ឧសភា​  ​ក្រោយ​ពី​​សាកសួរ​​ពេញ​មួយ​ព្រឹក​​ ​ទាក់​ទិន​​ជម្លោះ​​ដីធ្លី​​នៅ​​តំបន់​​ភ្នំ​រ៉ាដា​ង​ ​ជាមួយ​​បុគ្គល​​មាន​​លុយ​​មាន​អំណាច​។​ ​ក្នុង​​ពេល​​កោះហៅ​នោះ​​ ​មាន​​ជនជាតិ​​ដើម​​ភាគតិ​ច​​ជាង​​ ​១​០ ​នាក់​​បាន​​លើក​គ្នា​​ឃ្លាំមើល​​ដល់​​ស្នងការ​ខេត្ត​  ​ហើយ​​ចាត់​​ទុក​​ការ​​កោះហៅ​នេះ​​​ជា​ការ​​កាច់​បំបាក់​​ស្មារតី​ពលរដ្ឋ​​ដែល​លះបង់​​កម្លាំង​​កាយ​ចិត្ត​​ការពារ​​សម្បត្តិ​រដ្ឋ​។​​

ជនជាតិ​ដើម​ភាគតិច​ព្នង ៥ ​នាក់​ ​រស់នៅ​ភូមិ​ពូ​លូ​ង​ ​សង្កាត់​រម​នា​ ​ក្រុង​សែន​មនោ​រម្យ​ឱ្យ​ដឹង​ថា​  ​អ្នកមានអំណាច​ម្នាក់​ឈ្មោះ​ ​សេង​ ​យ៉ា​ន​ ​គឺជា​ដើមបណ្តឹង​ ​ចោទ​ក្រុម​ពលរដ្ឋ​ថា​ ​បាន​សាងសង់​សំណង់​លើ​ដី​របស់​ខ្លួន​ ​នៅ​ខ្នងភ្នំ​រ៉ាដា​ង​។​ ​ពួកគេ​ថា​ ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​នេះ​ ​បាន​ហៅ​ពលរដ្ឋ​សួរនាំ​ម្តងម្នាក់​ៗ​ ​ដើម្បី​គំរាមកំហែង​ ​បំភិតបំភ័យ​ ​មិន​ឱ្យ​ងើប​តវ៉ា​ ​ទាមទារ​ភ្នំ​រ៉ាដា​ង​ ​ដែល​បុគ្គល​មានអំណាច​ប្រើ​ល្បិច​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ភ្នំ​នេះ​ទាំងមូល​។​

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង​ ​ដែល​សមត្ថកិច្ច​កោះហៅ​លោកស្រី​ ​រឿង​ ​ហែង​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​សមត្ថកិច្ច​បាន​សួរនាំ​ពួក​លោកស្រី​ ​ពី​មូលហេតុ​ ​ដែល​សាង​សង់ផ្ទះ​ ​លើ​ដី​ជា​កម្មសិទ្ធិ​ឯកជន​របស់​ភាគី​ម្ខាងទៀត​ ​ដែល​មាន​ប្លង់​រឹង​។​  ​ក៏ប៉ុន្តែ​ពលរដ្ឋ​បកស្រាយ​ថា​ ​ខ្នងភ្នំ​រ៉ាង​ ​ជា​តំបន់​ជំនឿ​ ​អារក្ស​អ្នកតា​ ​និង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ ​ពុំមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​៖​ ​«យើង​នឹង​តស៊ូ​ ​តស៊ូ​ដល់​ថ្ងៃ​បញ្ចប់​ ​ករណី​ដែល​គាត់​នៅតែ​ប្តឹង​ពួក​ខ្ញុំ​ ​គឺ​ពួក​ខ្ញុំ​នឹង​ប្តឹង​ពួកគាត់​ ​រហូតដល់​ថ្ងៃ​បញ្ចប់​។​ ​ពួកយើង​មិន​ចង់​ឱ្យ​បាត់បង់​ទំនៀមទម្លាប់​ប្រពៃណី​ ​ជនជាតិ​ដើម​យើង​ទេ​។​ ​យើង​សូម​ឱ្យ​ពួកគាត់​ហ្នឹង​ ​មន្ត្រី​ទាំងឡាយ​ ​សូម​ឱ្យ​ពួកគាត់​ពិនិត្យ​កាល​ជាក់ស្តែង​ ​»​។

​ស្ត្រី​ដដែល​បន្ថែម​ថា​ ​ភ្នំ​រ៉ាដា​ង​ ​ត្រូវ​ឈ្មួញ​ឈូស​ឆាយ​ដើមឈើ​ដុះ​ព័ទ្ធជុំវិញ​ភ្នំ​នេះ​ ​ជាច្រើន​ហិកតារ​ ​អម​ដោយ​ព្រៃ​ត្រណម​ ​និង​ព្រៃ​កប់​សព​ ​ប៉ះពាល់​ប្រភព​ទឹក​អូរ​ធម្មជាតិ​និង​បាត់បង់​ទីកន្លែង​គោរព​បូជា​អារក្ស​អ្នកតា​បន្សល់​ចុងក្រោយ​។​ ​អ្នកភូមិ​បាន​ស្រែក​តវ៉ា​ ​និង​ដាក់​ញត្តិ​ជាច្រើន​ស្ថាប័ន​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ ​តែ​គ្មាន​លទ្ធផល​៖​ ​«​កន្លែង​ដែល​កំពុង​តវ៉ា​ ​មិន​អាច​ធ្វើ​ប្លង់​បាន​ ​ហេតុ​អី​នេះ​ព្រៃ​ភ្នំ​ ​កន្លែង​អារក្ស​អ្នកតា​ ​របស់​ជនជាតិ​ខ្ញុំ​ ​ហេតុ​អី​នៅ​មាន​អ្នកធ្វើ​ប្លង់​បាន​? ​ពួក​ខ្ញុំ​កំពុង​តវ៉ា​ ​កក្រើក​មេឃ​ដី​ ​ហេតុអ្វី​ ​ពួកគាត់​ធ្វើ​ក្រដាស​ផ្ទេរ​សិទ្ធិ​ឱ្យ​គ្នា​ទៅវិញ​ ​ទៅមក​បាន​? ​ពួក​ខ្ញុំ​កំពុង​ដាក់​ទប់​ស្កាត់​ ​ដល់​មន្ទីរ​ដែនដី​ ​ស្រាប់តែ​ចេញ​ប្លង់​រឹត​បាន​។​ ​ខ្ញុំ​អត់​យល់​ហ្មង​ »។

ស្នងការ​ខេត្ត​មណ្ឌលគិរី​ ​លោក​ ​ឡោ​ ​សុខា​ ​បដិសេធ​ផ្តល់​បទ​សម្ភាស​ឱ្យ​អាស៊ី​សេរី​  ​ព្រោះ​លោក​ថា​ ​កំពុង​ជាប់រវល់​។​ 

ចំណែក​ស្នងការ​រង​លោក​ ​សូ​ ​សុវណ្ណ​ ​វិញ​ ​លោក​បាន​ប្រាប់​កាសែត​ភ្នំ​ព​ញ​ប៉ុស្តិ៍​ថា​ ​ការ​កោះហៅ​ពលរដ្ឋ​ ​៥​ ​នាក់​នោះ​ ​ផ្អែក​តាម​បណ្តឹង​របស់​ភាគី​ម្ខាងទៀត​ ​ដែល​ជា​ម្ចាស់ដី​។​ ​លោក​ថា​ ​ដើមបណ្តឹង​បាន​ប្តឹង​ពលរដ្ឋ​ ​ពី​បទ​កាន់កាប់​លើ​ដី​មាន​ម្ចាស់កម្មសិទ្ធិ​ ​ហើយ​ថែមទាំង​បាន​សាងសង់​សំណង់​លើ​ដី​នោះ​។​ 

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿន​នេះ​​ពី​ដើមបណ្តឹង​លោក​ ​សេង​ ​យ៉ា​ន​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​​៣​ ខែ​ឧសភា​។

តែ​ទោះ​យ៉ាងណា​ ​ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​លោក​ ក្រើ​ង​ ​តុលា​ ​ចាត់​ទុក​ករណី​នេះ​ ​ជា​រឿង​អយុត្តិធម៌​។​  ​លោក​ថា​ ​ដើមចម​នាំ​ឱ្យ​កើតមាន​ជម្លោះ​ដីធ្លី​នេះ​ ​បណ្តាលមកពី​អំពើ​ពុក​លួ​យ​ ​ដែល​អាជ្ញាធរ​ខិលខូច​ ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​មិន​ប្រក្រតី​ ​រំលោភ​សម្បត្តិ​រដ្ឋ​។​ ​លោក​សង្កត់ធ្ងន់​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​ផ្តើម​គំនិត​ ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​រឿង​នេះ​៖​​«​​សម្តេច​រាល​ថ្ងៃ​ ​ដូច​គាត់​ថា​ ​គាត់​ផោម​ក៏​គាត់​ឮ​ដែរ​ ​ដល់ពេល​បញ្ហា​អ៊ីចឹង​ៗ​ ​ធ្វើមិនដឹង​មិន​ឮ​។​ ​អ៊ីចឹង​ចំណុច​ហ្នឹងហើយ​ខ្ញុំ​គិតថា​ ​សម្តេច​គាត់​ ​អត់មាន​គោលការណ៍​ច្បាស់​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​។​ ​ខ្ញុំ​គ្រាន់តែ​សំណូមពរ​ ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ ​ថ្នាក់ក្រោម​ជាតិ​ ​អភិបាល​ខេត្ត​គួរតែ​ពង្រឹង​លើ​ ​រដ្ឋបាល​របស់​ខ្លួន​ ​កុំ​ឱ្យ​បំភិតបំភ័យ​ពលរដ្ឋ​ ​ដែល​ការពារ​សម្បត្តិ​រដ្ឋ​ ​ហើយ​គួរតែ​លើកទឹកចិត្ត​ »។

ជុំវិញ​រឿង​នេះ​ ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍មូលដ្ឋាន​ ​នៃ​សមាគម​អា​ដ​ហុ​ក​ (​A​d​h​oc) ​លោក​ ​ប៉ែន​ ប៊ុណ្ណារ៍  ​ពន្យល់​ថា​  ​ដី​តំបន់​ភ្នំ​មិន​អាច​ទិញ​លក់ដូរ​បានទេ​ ​ព្រោះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​ ​លោក​ថា​ ​ការ​ទិញដូរ​ដី​ភ្នំ​ ​និង​ធ្វើ​ប្លង់​រឹង​មិន​ប្រក្រតី​ ​ជា​ទង្វើ​ល្មើសច្បាប់​ ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់លាស់​ករណី​នេះ​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​៖​ ​«​នរណា​ថា​ហ្នឹង​ ​ភ្នំ​របស់​ខ្លួន​ ​មាន​លិខិត​ ​មាន​ប្លង់​រឹង​ ​តែ​ប្លង់​ហ្នឹង​វា​មិន​ស្រប​ច្បាប់​ ​ប្លង់​ឃុបឃិត​ទុច្ច​រឹត​។​ ​បើ​យើង​និយាយទៅ​ ​សម្តេច​តេជោ ​លោក​បាន​លើកឡើង​អ៊ីចឹង​។​ ​អ៊ីចឹង​យើង​ឱ្យ​និយមន័យ​ថា​ ​គឺជា​ប្លង់​មួយ​ ​ដែល​កើត​ចេញពី​កា​រលក់​ទិញ​ ​អ៊ីចឹង​វា​ ​ខុសច្បាប់​បាត់​ទៅ​ហើយ​ ​ភ្នំ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ »​។​

ខ្នងភ្នំ​រ៉ាដា​ង​ ​មាន​ទំហំ​ជាង​ ​៦​ហិកតារ​  ​ជា​បណ្ដុំ​ប្រពៃណី​វប្បធម៌​ ​ដែល​ក្រុម​ពលរដ្ឋ​គោរព​បូជា​តាំងពី​បុរាណកាល​មក​។​ ​កន្លងទៅ​ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់​សិប​នាក់​ ​បាន​លើកគ្នា​តវ៉ា​នៅ​លើ​ភ្នំ​នេះ​ ​ដោយ​ទទូច​អង្វរ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ចេញ​បញ្ជា​អនុវត្ត​ច្បាប់​លើ​ជន​ខិលខូច​ដែ​លលក់​ ​និង​ឈូស​ឆាយដី​ភ្នំ​រ៉ាដា​ង​ ​ជា​ប្រភព​ទឹក​អូរ​ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​ប៉ុន្តែ​ការ​តវ៉ា​ទាំង​អម្បាលម៉ាន​មិន​មាន​ប្រ​សិទិ្ធ​ភាព​ឡើយ​។​

អ្នកភូមិ​ថា​ ​នៅ​តំបន់​ភ្នំ​រ៉ាដា​ង​ ​មាន​ទឹក​អូរ​ច្បារ​ ជា​ប្រភព​ទឹក​សំខាន់​ហូរ​ឆ្ពោះទៅ​ស្រុក​កោះ​ញែក​មិន​ចេះ​រីងស្ងួត​ ​ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នឹង​បាត់បង់​ទីកន្លែង​អាស្រ័យផល​ ​ប្រសិនបើ​រដ្ឋ​មិន​ជួយសង្គ្រោះ​ភ្នំ​នេះ​ទេ​។​ ​ក្រុម​ពលរដ្ឋ​ ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ ​រក្សា​តំបន់​នោះ​ជា​កន្លែង​អភិ​រក្ស​សម្រាប់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ព្នង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment