អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​គ្រោង​​នឹង​​បញ្ជូន​​ជន​បរទេស​ជាង​​ ២០​ នាក់​ចេញ​​ពី​​កម្ពុជា​​ក្រោយ​​ពី​​បាន​​បំពាន​​បម្រាម​​រដ្ឋាភិបាល​​

ដោយ ហេង រស្មី
2021-05-04
RFA

អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​គ្រោង​​នឹង​​បញ្ជូន​​ជន​បរទេស​ជាង​​ ២០​ នាក់​ចេញ​​ពី​​កម្ពុជា​​ក្រោយ​​ពី​​បាន​​បំពាន​​បម្រាម​​រដ្ឋាភិបាល​​

ជនជាតិ​ចិន ២៨ ​​នាក់ ដែលត្រូវបានអាជ្ញាធរខេត្តស្វាយរៀងឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមេសា ដែលបម្រុង​លួច​​ឆ្លង​ដែន ទៅ​ប្រទេស​វៀតណាម។ រូប៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។


ជនបរទេស​​ដែល​​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​របស់​​ក្រសួង​​មហាផ្ទៃ​គ្រោង​​នឹង​​ចាប់​​បញ្ជូន​​ចេញ​​នោះ​ មាន​​ជនជាតិ​​ឥណ្ឌូណេស៊ី​ ១៦​ នាក់​​ ជន​ជាតិ​ចិន​​​ ៤​ នាក់​​ និង​​ជន​ជាតិ​វៀតណាម​ ២​ នាក់​ ​នឹង​​បញ្ជូន​​ចេញ​​ទៅ​​ប្រទេស​​កំណើត​​របស់​​ខ្លួន​វិញ​​ក្នុង​​ពេល​​ខាង​​មុខ​​នេះ​ ហើយ​នឹ​ង​​មិន​​អនុញ្ញាត​​ឱ្យ​ចូល​​មក​​កាន់​​ប្រទេស​​កម្ពុជា​​ ម្ដ​ង​​ទៀត​ទេ។​

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​នៃ​​ក្រសួង​​មហាផ្ទៃ​បញ្ជាក់​​ថា​ មូលហេតុ​នៃ​ការ​​យឺត​យ៉ាវ​​ក្នុង​ការ​​បណ្ដេញ​​ជនបរទេស​​ទាំង​​នោះ​​ចេញ​​ពី​​កម្ពុជា ​​គឺ​​ដោយ​​សា​រ​​តែ​ជា​​ធម្មតា​​ខាង​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​ត្រូវ​​រង់​ចាំ​​អគ្គស្នង​ការ​​នគរ​បា​ល​​ជាតិ​​បញ្ជូន​​ជន​សង្ស័យ​មក​​សិន។​ ប៉ុន្តែ​​មុន​​នឹង​​អគ្គស្នងការ​​នគរ​បាល​​ជាតិ​​​ចាប់​បញ្ជូន​​មក​​ត្រូវ​​ដាក់​​ឱ្យ​ធ្វើ​​ចត្តាឡឺស័ក​​ចំនួន​​ ១៤​ ថ្ងៃ​សិន។​

​លោក​​បន្ថែម​​ថា​ នៅពេល​ណា​ជនបរទេស​ទាំង​នោះ​មក​ដល់​នាយកដ្ឋាន​អន្តោប្រវេសន៍​ នាយកកដ្ឋានត្រូវ​សុំ​នីតិវិធី​ប្រកាស​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ហើយ​ចាំ​រហូត​ដល់​ពេល​ចេញ​សេចក្ដី​ប្រកាស​ទើប​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អាច​បណ្ដេញ​ចេញ​ពី​កម្ពុជា​បាន។

ទាក់​ទិន​ទៅ​នឹង​សំនួរ​ដែល​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ជនបរទេស​ទាំង​នោះ​មិន​កាត់​ឱ្យ​ជាប់​ទោស​នៅ​កម្ពុជា។​ លោក​ កែវ វណ្ណថន​ បញ្ជាក់​ថា​ មាន​ករណី​កន្លង​មក​ជនបរទេស​ជាច្រើន​ ធ្លាប់​កាត់​ឱ្យ​ទទួល​ទោស​នៅ​កម្ពុជា​ ជា​មុន​សិន​ មុន​នឹង​សម្រេច​បណ្ដេញ​ចេញ​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ មាន​ជនបរទេស​ប៉ុន្មាន​នាក់​ដែល​តុលាការ​កាត់​ឱ្យ​ជាប់​ទោស​នៅ​កម្ពុជា​ មុន​នឹង​សម្រេច​បណ្ដេញ​ចេញ​នោះ​៖ «កន្លង​មក​យើង​កាត់​ទោស​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​ បម្រាម​ក្រសួង​សុខាភិបាល​។​​យើង​កាត់​ទោស​ ក្រោយ​កាត់​ទោស​បាន​យើង​ បណ្ដេញ​ចេញ។​ ប៉ុន្តែ​ករណី​ខ្លះ​គ្រាន់​តែ​បទ​ល្មើស​អន្តោប្រវេសន៍​ស្នាក់​នៅ​លើស​ទិដ្ឋាការ​កំណត់​ យើង​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​បណ្ដេញ​ចេញ​ មិន​មែន​អត់​កាត់​ទោស​ទេ​ កន្លង​មក​យើង​កាត់​ទោស​ច្រើន​ដែរ​»។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី​២១​ ខែមេសា​ បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​ ១៦​ នាក់​ និង​ជនជាតិ​ខ្មែរ​ ២​ នាក់​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​​បំពាន​បម្រាម​បិទ​ខ្ទប់របស់​​រដ្ឋាភិបាល។ ចំណែក​ជនជាតិ​ចិន​ ៤​ នាក់​ និង​ជនជាតិ​វៀតណាម​ ២​ នាក់​​ ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​ពី​បទ​បំពាន​បម្រាម​រដ្ឋាភិបាល​ដូច​គ្នា​នេះ​ដែរ។

នាយករង​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​អំ សំអាត​ និយាយថា បើ​ជនបរទេស​ណា​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​កម្ពុជា ​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​តែ​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​តឹង​រឹង​ ដោយ​មិន​ប្រកាន់​ជនជាតិ​ណា​ទេ​ ដើម្បី​ឱ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខច្បាប់៖ «​វា​ទាក់ទង​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​អី​ចឹង​។​ អាជ្ញាធរ​ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​មុន​ដែរ​ ហើយ​ក៏​វា​ពិបាក​ នៅ​ក្នុង​ការ​បណ្ដេញ​ចេញ​លឿន​ៗ​អី​ចឹង​ ហើយ​ឧបសគ្គ​ទាំង​អស់​នេះ​ ដែល​អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហើយ​ត្រូវ​បណ្ដេញ​ចេញ​»។

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា​ បាន​បញ្ជូន​​ជនជាតិ​ចិន​ និង​វៀតណាម​ចំនួន​ជាង​ ១៣០​នាក់​ ឱ្យ​ទៅ​ធ្វើ​ចត្តាឡឺស័ក​ក្រោយ​ពី​បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ព្រំដែន​បាវិត​ខេត្ត​ស្វាយរៀង​ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រឹតបណ្ដឹង​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ចូល​ទៅ​ក្នុង​សហគមន៍។

ទាក់​ទិន​នឹង​សំណុំ​រឿង​ជនជាតិ​ចិន​នេះ​ផង​ដែរ សមត្ថកិច្ច​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែមេសា បាន​ឃាត់​ខ្លួន មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ ឈ្មោះ ស៊ុំ ពៅ ​អនុ​ប្រធាន​​ក្រុម​ការងារ​​ស្រាវជ្រាវ​​យុទ្ធសាស្ត្រ​យោធា​​នៃ​​អគ្គ​បញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ និង​​បក្ខ​ពួក​ចំនួន​ ៦ ​នាក់ ​​ផ្សេង​ទៀត ជា​ជន​ជាតិ​ខ្មែរ​បញ្ជូន​ទៅ​តុលាការ ដោយសារ​ជាប់ចោទពីរត់​ពន្ធ​ជនជាតិ​ចិន ២៨​​នាក់ បម្រុង​លួច​ដឹក​ឆ្លង​ដែន ទៅ​ប្រទេស​វៀតណាម។ បច្ចុប្បន្ន មន្ត្រី​យោធា ផ្កាយ​២ និង​បក្ខ​ពួក ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ពាក់ព័ន្ធ​​នឹង​​ល្មើស​បម្រាប​បិទ​ខ្ទប់។ ​ចំណែក​​ជន​ជាតិ​​ចិន ទាំង​ ២៨ ​នាក់​​​​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​នៅ​ក្រុង​បាវិត​ មុន​នឹង​សម្រេច​បញ្ជូន​ទៅជំនុំជម្រះ​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment