មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ ប្រកប​​ដោយ​តម្លាភាព​លើ​ជនបរទេស​ទាំងអស់

ដោយ ហេង រស្មី
2021-05-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ ប្រកប​​ដោយ​តម្លាភាព​លើ​ជនបរទេស​ទាំងអស់

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA


មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ក្រុងភ្នំពេញ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ប្រកប​ដោយ​តម្លាភាព​ទៅលើ​ជនបរទេស​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​។ ការ​ស្នើ​ឡើង​នេះ​បាន​កើត​មាន​ឡើង ក្រោយពី​អគ្គស្នងការ​នគរបាល​ជាតិ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​ប្រវត្តិ​ជនសង្ស័យ និង​ជនរងគ្រោះ ចាប់ពី​ខែ​ឧសភា នេះ​តទៅ។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា មូលហេតុ​នៃ​ការ​ស្នើ​សុំ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ប្រកបដោយ​តម្លាភាព​នេះ គឺ​ដោយសារតែ​ជនបរទេស ភាគច្រើន​ជនជាតិ​ចិន បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត ដោយ​យក​ប្រទេស​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ដើម្បី​គំរាមកំហែង​ជនរងគ្រោះ​នៅ​ប្រទេស​ចិន។

នាយករង​អង្គការ​លីកាដូ (Licadho) ទទួលបន្ទុក​សិទ្ធិមនុស្ស លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​លើ​ជនបរទេស នៅ​បណ្ដា​ប្រទេស​ផ្សេងៗ តាមរយៈ​ការគ្រប់គ្រង​ទិន្នន័យ​បទល្មើស តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​បាន​ធ្វើ​ឡើងជា​យូរយារ​ណាស់​មក​ហើយ​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា លោក​ថា ទើបតែ​ចាប់ផ្ដើម ដែល​គេ​នៅ​មិនដឹង​ថា ប្រព័ន្ធ​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​បាន​ប៉ុណ្ណា​ទេ​។ តែ​ទោះជា​យ៉ាងណា លោក អំ សំអាត ស្នើ​សុំ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ នេះ​ប្រកបដោយ​តម្លាភាព៖ «បញ្ហា​កន្លងមក​ក៏​យើង​ឃើញ​មាន​បទល្មើស​កើតឡើង​ច្រើន​ដែរ​ចំពោះ​ជនជាតិ​ចិន​ហ្នឹង​។ យើង​ឃើញ​ហើយ​មាន​ទាំង​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បទល្មើស​ជាច្រើន​ទៀត​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​គ្រឿងញៀន ឬ​អំពើ​ហិង្សា ផ្សេងៗ​ទៀត​កើតមាន​ជា​បន្តបន្ទាប់​ដែរ​។ អីចឹង​បញ្ហា​ទាំងអស់​នេះ​ខ្ញុំ​គិតថា បញ្ហា​ប្រព័ន្ធ​អនុវត្ត​វិធានការណ៍​ហ្នឹង​ចេញ​ធ្វើ​យ៉ាងណា​ដោយ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ទៅលើ​ជនបរទេស ដែល​មាន​ពាក់ព័ន្ធ​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​ហ្នឹង​បាទ»។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត្រ សាវឿន កាលពី​ថ្ងៃទី​៥ ឧសភា បាន​ចេញ​សេចក្ដីណែនាំ​មួយ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បទល្មើស​ព្រហ្មទណ្ឌ​ស្របតាម​បច្ចេកវិទ្យា​ព័ត៌មាន ហៅ​កាត់​ថា អ៊ី​-ក្រែម ២០២០( E-Crime 2020) ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែ​ឧសភា នេះ តទៅ។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹម​ឃឿន តែ​លោក​មិន​លើក​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី​០៥ ឧសភា​។ ក៏ប៉ុន្តែ​សេចក្ដី​ណែនាំ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឱ្យដឹង​ថា ការបង្កើត​ប្រព័ន្ធ​នេះ​ឡើង​គឺ​ដើម្បី​ទាញយក​ទិន្នន័យ​បទល្មើស​ចេញពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ឬ ដេតាបេស (Database) យក​ទៅ​ប្រើប្រាស់​ក្នុង​​ការ​វិភាគ វាយតម្លៃ​ស្ថានភាព​បទល្មើស​តាម​ភូមិសាស្ត្រ តាម​កាលកំណត់ ព្រម​គ្រប់គ្រង សាវតារ​ជាតិ​ជនសង្ស័យ ជនរងគ្រោះ ប្រវត្តិ​នៃ​ការអនុវត្ត​ទោស​របស់​ជនល្មើស និង​អនុវត្ត​ដីកា​បង្គាប់​ប្រកប​ដោយ​ប្រសិទ្ធភាព។

នាយកដ្ឋាន​អង្គភាព​ជំនាញ និង​ស្នងការ​នគរបាល​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ត្រូវ​កំណត់​គោលការណ៍​សម្រាប់​រយៈពេល នៃ​ការ​បញ្ចូល​ទិន្នន័យ​បទល្មើស​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន អ៊ីក្រែម​២០២០( E-Crime 2020) នេះ ក្នុង​រយៈពេល​៤៨ ម៉ោង បន្ទាប់​ពី​បទល្មើស​កើត​មានឡើង និង​កំណត់ត្រា​បញ្ចូល​ទិន្នន័យ​ដីកា​បង្គាប់ ចាប់​ពី​ឆ្នាំ ២០០០ រហូត​មក​ដល់​បច្ចុប្បន្ន ព្រម​ទាំង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជា​ប្រចាំ។

ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវ​អ្នកជំនាញ​ផ្នែក​ព័ត៌មាន​ស្វាគមន៍ ដោយសារ​ថា អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ផ្សេងៗ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី មាន​ប្រសាសន៍​ថា កន្លង​មក​អ្នកសារព័ត៌មាន មិន​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការគ្រប់គ្រង​ទិន្នន័យ​ឧក្រិដ្ឋកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ទេ​។ លោក​បន្ត​ថា ករណី​នៃ​ការគ្រប់គ្រង​បែប​នេះ ជំរុញ​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ អាច​ផ្ដល់​ព័ត៌មាន​បាន​រហ័ស​ជាង​មុន ហើយ​អាច​បង្ក​ឱ្យ​មាន​ផល​កាន់តែ​ប្រសើរ​នៅក្នុង​ការ​ទំនាក់ទំនង ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ឧក្រិដ្ឋជន​ផ្សេងៗ តាម​ប្រព័ន្ធ​ថ្មី​នេះ៖ «ទាក់ទង​នឹង​សមត្ថកិច្ច​ប្រហែល​ជា​មាន​របៀប ឬក៏​បច្ចេកទេស ឬមួយ​វា​មាន​ផលប្រយោជន៍​ច្រើន​ជាង។ នេះ​វា​ផ្ទុយ​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នកសារព័ត៌មាន​យើង ពី​ព្រោះ​កន្លង​មក យើង​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ពី​ខាង​សមត្ថកិច្ច​ជា​ពិសេស​ទាក់ទង​នឹង​រឿង​ទិន្នន័យ​បទឧក្រិដ្ឋ​ធំៗ គឺ​យើង​មិន​ងាយ​នឹង​ទទួល​បាន​ព័ត៌មាន​ទេ»។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទូទៅ អ្នក​កាសែត និង​អង្គការ​សង្គម​ស៊ីវិល អាច​ចូល​ទៅ​ឆែក​មើល​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បទល្មើស​ព្រហ្មទណ្ឌ​ស្របតាម​បច្ចេកវិទ្យា​ព័ត៌មាន ហៅ​កាត់​ថា អ៊ី-ក្រែម ២០២០(E-Crime 2020) ដែរ​ឬ​យ៉ាងណា​នោះ​ទេ។

របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ មាន​ជនបរទេស សរុប​ចំនួន ជិត ២​ម៉ឺន​នាក់ (១៧,២៣០​នាក់​) ក្នុង​នោះ​មាន​ស្ត្រី​ជិត ៣​ពាន់​នាក់ (ស្ត្រី ២,៩៧១​នាក់​) ស្មើនឹង ១០៤ សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​រក​ឃើញ​ថា ចូល​មក​ធ្វើការ​និង​រស់នៅ​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្សេងៗ​។ ក្នុងចំណោម​នោះ ជនជាតិ​ចិន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ច្រើន​ជាងគេ ដូចជា បទ​ឆបោក សញ្ចរ​កម្ម ការ​កេង​ចំណេញ​ផ្លូវភេទ​លើ​ស្រី​វ័យក្មេង ចាប់ជំរិត និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត វីអូអាយភី (VOIP) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles