មន្ទីរពេទ្យ​ឯកជន​ចំនួន​៣​ ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ​១៩ ​ដោយ​គិត​ថ្លៃ​ព្យាបាល

ដោយ អាស៊ីសេរី
2021-05-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ទីរពេទ្យ​ឯកជន​ចំនួន​៣​ ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ​១៩ ​ដោយ​គិត​ថ្លៃ​ព្យាបាល

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន។ រូប​ពី​ហ្វេសប៊ុក


មន្ទីរពេទ្យ​ឯកជន​ចំនួន​៣ ទទួល​បាន​សិទ្ធិ​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ ពី​ក្រសួងសុខាភិបាល​។ មន្ទីរពេទ្យ​ទាំងនោះ​មាន​ដូចជា មន្ទីរពេទ្យ​សង់ត្រាល់​មាន​ទីតាំងនៅ​សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូនពេញ មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​មន្ទីរ​ពហុព្យាបាល​វិសាល​សុខ ស្ថិតនៅ​ផ្លូវ​មុនីរ៉េត​សង្កាត់​ទួល​ស្វាយព្រៃ​២ ​ខណ្ឌ​ចំការមន។

ក្រសួងសុខាភិបាល​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ ឧសភា​ថា៖ «​មន្ទីរពេទ្យ​ទាំង​បី​ទីតាំង​នោះ​មាន​សិទ្ធិ​ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​កូវីដ​១៩ ព្រមទាំង​មាន​សិទ្ធិ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​១៩» ផង​ដែរ។

នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​សម្រេច​ឱ្យ​សេវា​សុខាភិបាល​ឯកជន ព្យាបាល និង​ថែទាំ​ជំងឺ​កូ​វីដ​១៩ ដោយ​គិត​ថ្លៃ​ព្យាបាល។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ស្នើ​ឱ្យ​ក្រសួង​កំណត់​តម្លៃ​សមរម្យ​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ទាំងនេះ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ភាង គូ (Peang Ku) បាន​បញ្ចេញមតិ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល​ថា៖ «សូម​ក្រសួងសុខាភិបាល​ដាក់ចេញ​នូវ​តារាង តំលៃ នៃ​សេវា​ពេទ្យ​ឯកជន​ផង​កំពុង​វឹកវរ​ផង យក បុ័ងតោ សាម៉ូរ៉ៃ កាប់​អ្នក​ជំងឺ​បង្ក​ឱ្យ​ឈឺក្បាល​ដល់​បងៗ សមត្ថកិច្ច និង​តុលាការ​ទៀត»។

មន្ទីរពេទ្យ​ឯកជន​ទាំង​បី​ដែល​ទទួល​បាន​សិទ្ធិ​ព្យាបាល​ជំងឺ​កូវីដ​-១៩​នេះ សុទ្ធ​សឹង​ជា​មន្ទីរពេទ្យ​ដែល​មាន​តម្លៃ​សេវា​ថ្លៃ​ស្រាប់ បើ​ធៀប​នឹង​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​។ បើ​គិត​តម្លៃ​បន្ទប់​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​មាន​តម្លៃ​បន្ទប់​ចាប់ពី​រាប់​រយ​ដុល្លារ​ឡើង​ទៅ​។ ពេទ្យ​សង់ត្រាល់​មាន​តម្លៃ​បន្ទប់​ចាប់ពី ៦៥​ដុល្លារ​ឡើង​ទៅ ខណៈ​ពេទ្យ​វិសាល​សុខ មាន​តម្លៃ​បន្ទប់​ក្រោម​ពេទ្យ​សង់ត្រាល់​បន្តិច​ប៉ុណ្ណោះ។

ការអនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ ធ្វើ​ឡើង​រយៈពេល ៣​សប្ដាហ៍ បន្ទាប់​ពី​ក្រសួងសុខាភិបាល ចេញ​សេចក្ដីសម្រេច​មួយ​ដោយ​រៀបចំ​ឱ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្ទះ​។ ក្រសួង​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ទាំងពីរ​នេះ ធ្វើឡើង​ដើម្បី​សម្រាល​បន្ទុក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ពេញ​ដោយ​អ្នកជំងឺ​។ រដ្ឋាភិបាល​យក​ទីតាំង​ផ្សេងៗ ដើម្បី​ធ្វើជា​កន្លែង​ព្យាបាល​រួម​មាន​ទីតាំង​មណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ ស្តាត​អូឡាំពិក និង​អគារ​រោងចក្រ​ជា​ដើម។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ឧសភា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង ១ម៉ឺន ៧ពាន់​នាក់​ហើយ (១៧.៦២១) បន្ទាប់ពី​ក្រសួង​រក​ឃើញ​ករណី​ថ្មី​ ៦៥០នាក់​បន្ថែម​ទៀត។ ក្នុងចំណោម​តួលេខ​ឆ្លង​សរុប​នេះ អ្នកជា​សះស្បើយ​មាន​ជិត​ ៧ពាន់​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ជាង ១ម៉ឺន ១ពាន់​នាក់ និង​អ្នក​ស្លាប់​មាន ១១៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles