អង្គការ​សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន​ចេញ​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​កុមារ​នៅ​កម្ពុជា

ដោយ ខែ សុណង
2021-05-06
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​កុមារ ជាង​២០​ស្ថាប័ន ព្រួយបារម្ភ​ចំពោះ​ស្ថានភាព និង​បញ្ហា​ប្រឈម​នានា​របស់​កុមារ​ដែល​ត្រូវ​បាន​គេ​ដកហូត​សិទ្ធិ​សេរីភាព ឬ​កុមារ​ជាប់​ពាក់ព័ន្ធ​នីតិវិធី​ច្បាប់ ថា ពួកគេ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​ជាក់លាក់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។

សេចក្ដីថ្លែងការណ៍​រួមគ្នា ស្ដីពី​ការ​គាំទ្រ​ឱ្យ​មានការ​សិក្សា​ជា​សាកល​មួយ ជុំវិញ​បញ្ហា​ប្រឈម​របស់​កុមារ​ដែល​ត្រូវ​បាន​គេ​ដកហូត​សិទ្ធិ​សេរីភាព ផ្សាយ​កាលពី​ថ្ងៃទី​៥ ខែឧសភា ឱ្យ​ដឹង​ថា ការ​ដក​ហូត​សិទ្ធិ​សេរីភាព​កុមារ គឺជា​ការ​ដកហូត​សិទ្ធិ​សេរីភាព​នៃ​កុមារភាព និង​ជា​ទម្រង់​នៃ​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​មក​លើ​កុមារ​។ កុមារ​ទាំងនោះ គឺជា​កុមារ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ កុមារ​នៅក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ និង​កុមារ​ដែល​រស់នៅ​ក្នុង​មណ្ឌល​ជាដើម​។ ក្រុម​អង្គការ​ទាំងនេះ គូស​បញ្ជាក់​ថា កុមារ​ទាំងនោះ​ក៏​មាន​សិទ្ធិ​ដូចជា​កុមារ​ដទៃ​ដែរ។

ក្រុម​អង្គការ​លើកស្ទួយ​សិទ្ធិ​កុមារ​ទាំងនេះ ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ក្នុង​ការបង្កើត​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​កុមារ ការ​ពង្រឹង​យន្តការ​ការពារ​កុមារ ការ​ធ្វើ​សមាហរណកម្ម​កុមារ​ចេញពី​មណ្ឌល និង​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​។ តែ​ទោះបីជា​យ៉ាងណា អង្គការ​ទាំងនេះ​គូសបញ្ជាក់​ថា កម្ពុជា​នៅ​មាន​កិច្ច​ការដែល​ត្រូវធ្វើ​បន្ត​ទៀត ហើយ​ថា ការសិក្សា​ស្រាវជ្រាវ​ជា​សាកល​នេះ អាច​ផ្តល់​ការណែនាំ​ចាំបាច់​នានា ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល។

ក្រុម​អង្គការ​ទាំងនេះ បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ចូលរួម​សហការ​ជាមួយ​សហគមន៍ ជុំវិញ​ការសិក្សា​ស្រាវជ្រាវ​នេះ និង​រួមចំណែក​ដោះស្រាយ​ឬ​គល់​នៃ​បញ្ហា​នានា ដែល​បណ្ដាល​ឱ្យ​មានការ​ដកហូត​សិទ្ធិ​សេរីភាព​កុមារ ដើម្បី​កែ​លម្អ​ស្ថានភាព​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles