ក្រុម​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ស្នើសុំ​ចូល​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម

ដោយ ម៉ៅ សុធានី
2021-05-06
RFA

ក្រុម​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ស្នើសុំ​ចូល​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម

ទិដ្ឋភាព​ពលរដ្ឋនៅ​តំបន់​ធ្វើ​ចត្តាឡីស័កក្នុងតំបន់ក្រហម នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ចេញទាមទារ​រក​ជំនួយ​ស្បៀងអាហារ និង​អ្នក​សារព័ត៌មាន ព្យាយាមប្រមូលយក​ព័ត៌មាន​ពី​ខាង​ក្រៅ​របាំង​ហាមឃាត់ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អង្គការនិងសមាគមអ្នកសារពត៌មានចំនួន ៤ស្ថាប័ន អំពាវនាវ​ឲ្យ​ក្រសួង​ព័ត៌មាន​ស្ដារ​ឡើង​វិញ នូវ​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន ក្នុង​ការ​ចូល​ទៅ​យក​ព័ត៌មាន​ដោយ​សុវត្ថិភាព នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី ប្រាប់​អាស៊ី​សេរី​នៅ​ព្រលប់​ថ្ងៃ​ទី៦ ឧសភា​ថា ក្រុម​អ្នក​សារ​ព័ត៌មាន​ទទូច​ដល់​ក្រសួង​ព័ត៌មាន​ឲ្យ​ពិនិត្យ​ឡើង​វិញ នូវ​ការ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​មិន​មាន​ស្ថាប័ន (Freelance Journalists) ដែល​មាន​ប័ណ្ណ​បញ្ជាក់​អត្តសញ្ញាណ​នៅ​មាន​សុពលភាព អាច​បំពេញ​មុខងារ​របស់​ពួក​គេ​បាន ដោយ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម៖ «យើង​យល់​ឃើញ​ថា ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ គឺ​បន្ត​ដាក់​សម្ពាធ និង​ការ​រឹតត្បិត​ចំពោះ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន ដោយ​សារ​កន្លង​មក ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន ឲ្យ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​បិទ​ខ្ទប់។ ដូច​នេះ​យើង​យល់​ឃើញ​ថា ការ​អនុញ្ញាត​ឲ្យ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម ជា​តួនាទី​របស់​អ្នក​សារ​ព័ត៌មាន ដែល​មិន​អាច​ខ្វះ​បាន និង​តម្រូវការ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ការ​ទទួល​បាន​នូវ​ព័ត៌មាន»

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី៦ ខែឧសភា បញ្ជាក់​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​ទទួល​យក​ហានិភ័យ​និង​ចាត់​វិធានការ​ការពារ​ខ្លួន ដែល​ចាំបាច់ ដើម្បី​ចុះ​យក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម ទៅ​តាម​វិធី​ដែល​អាច​ការពារ​ខ្លួន​ពួក​គេ និង​ការពារ​សុវត្ថិភាព​សាធារណៈ​បាន។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ការ​រឹតត្បិត​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​នេះ គឺ​ជា​ការ​រឹតត្បិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​កិច្ច​ការពារ​សេរីភាព​សារ​ព័ត៌មាន និង​ការ​ទទួល​បាន​ព័ត៌មាន។

ក្រុម​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​រួម​មាន សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ) និង ​ក្លឹម​អ្នក​សារ​ព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles