គ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខក​ចិត្ត​ចំពោះ​គ្រូពេទ្យ​ដែល​មិន​ព្រម​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ

ដោយ ម៉ៅ សុធានី
2021-05-07
RFA

គ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខក​ចិត្ត​ចំពោះ​គ្រូពេទ្យ​ដែល​មិន​ព្រម​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ

គ្រួសារ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី១៩ ខក​ចិត្ត ចំពោះ​គ្រូពេទ្យ​មិន​បាន​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​ស្លាប់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


គ្រួសារ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ខក​ចិត្ត​ចំពោះ​គ្រូពេទ្យ​ដែល​មិន​បាន​ជួយ​សង្គ្រោះ​សាច់​ញាតិ​គាត់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទទួល​មរណភាព​ទាំង​ក្រុម​គ្រួសារ​មិន​ទាន់​អស់​ចិត្ត។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​អ្នក​ជំងឺ​ម្នាក់ ដោយ​អះអាង​ថា មិន​មាន​កន្លែង​សម្រាក​ព្យាបាល និង​មិន​មាន​សម្ភារៈ​ជា​ដើម។

គ្រួសារ​អ្នក​ស្លាប់​ដោយ​សារជំងឺកូវីដ១៩ ខក​ចិត្ត​ជា​ខ្លាំង ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​បាន​ចូល​សម្រាក​ព្យាបាល ទោះ​ជា​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ទៅ​ហើយ​ក្ដី។

លោក មាស រតនា គឺ​ជា​កូន​ប្រសារ​របស់​លោកស្រី ជាម ឆេង ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ នៅ​ពេល​ថ្មីៗ នេះ។ លោក​រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា ដំបូង​ឡើយ ម្ដាយ​ក្មេក​លោក​មាន​អាការៈ អស់​កម្លាំង ក្ដៅ​ខ្លួន និង​ពិបាក​ដង្ហើម ហើយ​លោក​បាន​ទូរស័ព្ទ​ទៅ​លេខ១១៥ របស់​ក្រសួង​សុខាភិបាល ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​អាការៈ​របស់​ម្ដាយ។ លោក​ថា មន្ត្រី​សុខាភិបាល​ណែនាំ​ឱ្យ​គ្រួសារ​យក​ម្ដាយ​លោក​ទៅ ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង ព្រោះ​ឡាន​នៅ​មន្ទីរពេទ្យ​មិន​អាច​ដឹក​អ្នក​ជំងឺ​បាន​ទេ។

លោក​រៀបរាប់​បន្ត​ថា ដោយសារ​ស្ថានភាព​ម្ដាយ​លោក​មិន​ថមថយ គ្រួសារ​លោក​សម្រេច​ចិត្ត​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​មន្ទីរពេទ្យ​លោក​សង្ឃ និង​មន្ទីរពេទ្យ​កាល់ម៉ែត​ទៀត ប៉ុន្តែ​មន្ទីរពេទ្យ​ទាំង​ពីរ​បាន​បដិសេធ​មិន​ទទួល​ម្ដាយ​លោក​ឡើយ ក្រោម​ហេតុផល​ថា គ្មាន​សម្ភារៈ​ធ្វើ​តេស្ត និង​បំពង់​អុកស៊ីហ្សែន ហើយ​កន្លែង​សម្រាក​ពេញ​ណែន​អស់​ទៅ​ហើយ។ លោក​ថា គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​លោក​យក​ម្ដាយ​ទៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ពេទ្យ​សម្ភព​ក្រុង​បន្ត​ទៀត។

លោក​ថា ការ​រុញ​ដាក់​គ្នា​ចុះ​ឡើង​បែប​នេះ ធ្វើ​ឱ្យ​គ្រួសារ​លោក​សម្រេច​យក​ម្ដាយ​ទៅ​ព្យាបាល និង​ថែទាំ​លក្ខណៈ​គ្រួសារ​នៅ​ផ្ទះ​វិញ ប៉ុន្តែ​ជា​អកុសល​ម្ដាយ​ក្មេក​លោក ក៏បាន​ស្លាប់នៅយប់ថ្ងៃទី០៤ ឧសភា ក្នុង​វ័យ ៦៧ឆ្នាំ៖ « »។

បន្ទាប់​ពី​ម្ដាយ​លោក​ស្លាប់​ អាជ្ញាធរបានចុះទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ភ្លាមៗ ហើយ​លទ្ធផល​បង្ហាញ​ថា គាត់​មាន​ជំងឺ កូវីដ១៩។

លោក មាស រតនា ថ្លែង​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​លោក​ចំនួន ១៧នាក់ ត្រូវ​បាន​អាជ្ញាធរ​ចុះ​យក​សំណាក និង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ។ ក្នុង​ចំណោម​នោះ ឪពុក​ក្មេក​លោក គឺ​លោក ង៉ាយ ហ៊ាង អាយុ៧៧ ត្រូវ​បាន​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រាប់​ថា មាន​ផ្ទុក​កូវីដ១៩ នៅថ្ងៃទី៦ ឧសភា​ ហើយ​សមាជិក​គ្រួសារ​ផ្សេង​ទៀត មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ។ បុរស​រូប​នេះ​ប្រាប់​ថា រហូត​ពេល​នេះ​គ្រូពេទ្យ​មិន​ទាន់​សួរ​នាំ ឬ​យក​ឪពុក​លោក​ទៅ​ព្យាបាល​ត្រឹមត្រូវ​នោះ​ទេ។ លោក​កំពុង​ព្រួយ​បារម្ភ​ពី​សុខភាព​ឪពុក​លោក ព្រោះ​គាត់​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ផង ដែល​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិន​បើ​មិន​បាន​យក​ចិត្ត​ទុក​ថែទាំ និង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ទេ​នោះ៖ « »។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត លោក ងី ម៉េង និង​ប្រធាន​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក តាន់ សុគុន បាន​ទេ នៅ​ថ្ងៃ​ទី៧ ឧសភា  ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា (CVMA) លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​មិន​គួរ​រុញ​អ្នក​ជំងឺ​ពី​មួយ​ទៅ​មួយ​បែប​នេះ​ទេ។ លោក​ថា ករណី​នេះ​បង្ហាញ​ថា គ្រូពេទ្យ​មិន​បាន​អនុវត្ត​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​សកម្មភាព​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល ជា​ពិសេស ក្រសួង​សុខាភិបាល​ត្រូវ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ ដើម្បី​បង្កើន​ជំនឿ​របស់​ពលរដ្ឋ​លើ​សេវា​សុខាភិបាល​របស់​ជាតិ៖ «

ករណី​អ្នក​ជំងឺ​កូវីដ-១៩ ស្លាប់​នៅ​ក្រៅ​មន្ទីរពេទ្យ ឬ​ស្លាប់​មុន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​នេះ តែង​កើត​មាន​ជា​ញឹកញាប់ ហើយ​ករណី​មន្ទីរពេទ្យ​មិន​ទទួល​ព្យាបាល​អ្នក​ជំងឺ ក៏​កើតឡើង​ជា​ហូរហែ​ដែរ។ ករណី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វេជ្ជសាស្ត្រ រិះគន់​ថា ជា​ភាព​ទន់ខ្សោយ និង​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជាមុន​របស់​អាជ្ញាធរ​កម្ពុជា ជា​ពិសេស​អាជ្ញាធរ​សុខាភិបាល។

ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ និង​សង្គម​ស៊ីវិល បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​គោល​នយោបាយ ឆ្លើយតប​ជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ដូច​ជា កញ្ចប់​ថវិកា ធនធាន​មនុស្ស សម្ភារៈ កន្លែង​ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការ​ព្យាបាល​​អ្នកជំងឺ​កូវីដ១៩ និង​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ៕

Cheam_Chheng_died_by_Covid19_050421.jpg
រូបថតលោកស្រី ជាម ឆេង នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២១ ក្រោយ​ពេល​​គ្រួសារ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ ​គ្រូពេទ្យ​មិន​បាន​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ និង​ស្លាប់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ។ រូប៖ ពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles