គ្រួសារ​អតីត​មន្រ្តី​​និង​សកម្ម​ជន​បក្ស​ប្រឆាំង​​បារម្ភ​ពី​សុវត្ថិ​ភាព​ ខណៈ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់​

តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ត្រាន់ តិចសេង |០៧ ឧសភា ២០២១ |ម៉ោង ១៦:២០
VOD

ជនរងគ្រោះ កាក់ សុវណ្ណច្ឆ័យ មកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្រោយរងរបួសដោយជនអនាមិកគប់នឹងដុំថ្មបែកក្បាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (យុវជនអតីតបក្សសង្គ្រោះជាតិ)

ជនរងគ្រោះ កាក់ សុវណ្ណច្ឆ័យ មកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្រោយរងរបួសដោយជនអនាមិកគប់នឹងដុំថ្មបែកក្បាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (យុវជនអតីតបក្សសង្គ្រោះជាតិ)


សាច់ញាតិ​អតីតមន្រ្តី​និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ​បន្តបារម្ភពី​សុវត្ថិភាពផ្ទាល់ខ្លួន​និងគ្រួសារ និងមិនរំពឹងបានទទួលយុត្តិធម៌ ខណៈជនដៃដល់នៅមិនទាន់​វែកមុខ​យកទៅផ្តន្ទាទោសតាមច្បាប់នៅឡើយ តែ​​មន្ត្រីសមត្ថកិច្ចថាកំពុងស្រាវជ្រាវលើ​​ករណីទាំងនោះ។

កា​លពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កូនប្រុសរបស់​លោក កាក់ កុម្ភារ អតីតមន្រ្តីបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារ គឺយុវជន​ កាក់ សុវណ្ណច្ឆ័យ វ័យ១៥ឆ្នាំ ត្រូវ ជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់លើ បណ្តាលឱ្យរងរបួសក្បាល ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកស្រី ព្រុំ ចាន់ថា ដែលជាម្តាយជនរងគ្រោះ ចាត់ទុកការប្រើហិង្សានេះថាជារឿង​​នយោ​បា​យ ហើយអ្នកស្រីអំពាវនាវដល់​សាច់ញាតិអតីតសកម្មជននិងមន្រ្តីអតីតបក្សប្រឆាំងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាពរប​ស់ខ្លួន។ សក​ម្ម​ជ​នស្រ្តីថ្ងៃសុក្ររូបនេះ ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​ថា ជនដៃដល់អាចលបវាយពួកគេគ្រប់ពេលនិងគ្រប់កាលៈទេសៈ ហើយសមត្ថកិច្ចនឹងមិ​នអាចស្រាវជ្រាវរកជនទាំងនោះឃើញទេ។

អ្នកស្រី ចាន់ថា និយាយថា៖ «សូមឱ្យបងៗប្រយ័ត្នប្រយែងអ្នកដទៃៗ ទៅណាមកណាពាក់មួកការពារឱ្យបានជាប់លាប់ ទោះជាទៅណាមួយជំហាន ក៏ត្រូវពាក់មួកការពារដែរ ឱ្យតែចេញក្រៅផ្ទះ។ កុំប្រហែសឱ្យសោះ ហើយមុននឹងចេញ ត្រូវមើលឆ្វេងមើលស្តាំ​សិ​ន ព្រោះការធ្វេសប្រហែសរបស់ខ្ញុំហ្នឹងហើយ ព្រោះខ្ញុំគិតថាវាស្ងាត់ ខ្ទប់ជាប់ហ្នឹង បានជាខ្ញុំប្រហែសអត់បានពាក់មួកការពារ»។

បន្ទាប់ពីដាក់ពាក្យបណ្តឹង​ក្រោយពេលកើតហេតុ អ្នកស្រីថា មិនទាន់មានសមត្ថកិច្ចណាមកសួ​រនាំឱ្យទៅ​បំភ្លឺនៅឡើ​យ ខណៈសមត្ថកិច្ចមូលដ្ឋានថា ករណីកូនរបស់គាត់ពិបាករកមុខសញ្ញាជ​នល្មើស ដោយសារកាមេរ៉ាសុវត្ថិភាពបំពាក់តាមផ្ទះ ក្បែ​រចំណុចកើតហេតុ ចា​ប់តម្រុយមិនបាន។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនទី១​ លោក ឈឹម ចំរើន មានប្រសាសន៍កាលពីថ្ងៃម្សិលមិញ​ថា លោ​​​​​ក​បាន​បញ្ជូនពាក្យ​​បណ្តឹងរបស់ជនរងគ្រោះនិងសំណុំរឿងនេះទៅអធិការដ្ឋានខណ្ឌ ដើម្បីស៊ើបអង្កេតបន្តហើយ បន្ទាប់ពីការស៊ើបបឋមរួចក្នុងរយៈពេល១សប្តាហ៍កន្លងមក​។

វីអូឌី មិនអាចទាក់ទងសាកសួរជុំវិញការស៊ើបអង្កេតបន្តលើករណីជនរងគ្រោះឈ្មោះ កាក់ សុវណ្ណច្ឆ័យ ពីអធិការខណ្ឌ​មានជ័យ លោក ម៉េង វិមានភារា ​បានទេ។

អ្នកនាង ហេង បូរី កូនស្រីរបស់​លោក ហេង ចាន់ សុធី អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបទៀតដែលកំពុងឃុំខ្លួននៅពន្ធ​នា​គារ លើកឡើងថា អ្នកនាងមិនទាន់ទទួលបានព័ត៌មានពី​តម្រុយជនសង្ស័យដែលបាន​វាយឪ​ពុ​ក​របស់​គាត់ឱ្យ​រងរបួសក្បា​លកា​លពីចុងឆ្នាំ២០១៩ ពីសមត្ថកិច្ចនៅឡើយ បើទោះជា​នៅ​ក្បែរកន្លែងកើតហេតុនិងតាមដងផ្លូវមានបំពាក់កាមេរ៉ាសុវត្ថិភាពក៏ដោយ​។

ប្រភពដដែលបន្ថែមថា ខ្លួនអស់ជំនឿលើសមត្ថកិច្ចក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារ ដោយសារអ្នកនាងចាត់ទុក​ថា រឿងនោះជា​ករណីហិង្សាគំរាមកំហែងផ្នែកនយោបាយ ដោយសារឪពុករបស់អ្នកនាងនៅតែផ្ទះមើលថែចៅ មិនធ្លាប់មានជម្លោះជាមួយអ្នកដទៃឡើយ​។

អ្នកនាង បូរី និយាយថា៖ «ខ្ញុំមានការបារម្ភខ្លាំងពីបញ្ហាហ្នឹង ខ្លាចវាកើតឡើងម្តងហើយម្តងទៀត អ៊ីចឹងវាអាចប៉ះពាល់ដល់សុ​វត្ថិភា​ព​ក្រុមគ្រួសារខ្ញុំទាំងអស់គ្នា។ […] មុនខ្ញុំចេញទៅណាទៅណី ខ្ញុំតែងតែប្រយ័ត្នប្រយែង ព្រោះខ្ញុំបារម្ភខ្លា​ច​យើងអាចមានហានិភ័​យ​គ្រប់ពេល។ ណាមួយឥលូវវាស្របពេលគេចាប់ឪពុកខ្ញុំទៀត ខ្ញុំកាន់តែមានការបារម្ភហើយ»

អតីតប្រធានកងអង្គរក្សរបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណ លបវាយឱ្យរងរបួសក្បាល កាលពីខែកញ្ញា ឆ្នាំ២០​១​៩ និងកំពុងឋិតនៅក្រៅឃុំក្រោមបណ្តឹងតុលាការ មិនរំពឹងថាលោក​នឹងទទួលបានយុត្តិធម៌នោះទេ ព្រោះ​សូម្បីករណីស្រដៀងគ្នានឹងលោក ដែល កើតលើអតីតចៅសង្កាត់កោះដាច់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានកាមេរ៉ាថតជាប់ជនដៃដល់ ក៏សមត្ថកិច្ចនៅមិនទាន់រកឃើញជនសង្ស័យ​នៅឡើយ​។

លោក ពួក ចិន្តា និយាយថា៖ «គ្មានទៅរកយុត្តិធម៌ឱ្យយើងទេ វាយតគ្នាតែរហូតដូចតែគ្នាហ្នឹង ឃើញទេ? វាយគ្រប់គ្នាអ៊ីចឹង គ្មានរកឃើញអាណាមួយទេ កុំទៅនេះនោះ ​[…] ចេះតែប្រយ័ត្នៗខ្លួនឯងដែរហ្នឹង ស្ថានការអ៊ីចឹងយើងមាននេះឯណា គ្រាន់តែឥលូវយើងមានដែលទៅធ្វើស្អីឯណាផង»

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា លើកឡើងថា សមត្ថកិច្ចតែងតែខិតខំបើកការស៊ើបអង្កេតនិង​បន្តការស្រាវជ្រាវលើ​គ្រប់សំណុំរឿងដែលប្រជាពលរដ្ឋ​បានប្តឹង ដោយស្មើភាពគ្នា​និងមិនមានការ​​បែងចែកនិន្នាការន​យោបាយឬពណ៌សម្បុរឡើយ​។

អ្នកនាំពាក្យរូបនេះបន្ថែមថា ពលរដ្ឋត្រូវចូលរួមសហការគ្នាផ្តល់ព័ត៌មាននិងបំភ្លឺទៅសមត្ថកិច្ច ដោយការជឿទុក​ចិត្ត​គ្នា និង​​មិ​នគួរលាបព​ណ៌លើស​មត្ថកិច្ចនោះទេ។ លោកថា ករណីហិង្សាលើពួកគេ អាចផ្តើមពីបញ្ហាផ្សេងៗ ដូចជា ទំនាស់បុគ្គល ឬបំណុល ជាដើម។  

លោក សាន សុខសីហា មានប្រសាសន៍ថា៖ «យើងតែងតែប្រឹងប្រែងជានិច្ច មិនថាជាករណី​អីឬករណីអីទេ​! តែគ្រាន់តែថាករ​ណី​ហ្នឹង យើងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងពេលឆាប់រហ័សឬក៏យឺតយ៉ាវ វាតាមករណីជាក់ស្តែង ហើយតាមរបៀបរប​ប​ការស្រាវជ្រាវជាក់ស្តែង។ វាមិនអាចដូចអ្វីដែលគាត់គិតថា ដាក់ភ្លាមឃាត់បានភ្លាម​ទេ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មើលឃើញថា ការបាត់ទំនុកចិត្ត និងចាត់ទុកករ​ណីហិង្សាលើសាច់ញាតិ​អតីតសកម្មជននិងមន្រ្តីបក្សប្រឆាំងជាប់ពាក់ព័ន្ធរឿងនយោបាយ គឺដោយ​សា​រករណីទាំងនោះកើតឡើងស្រ​ដៀងគ្នា ហើយមិនទាន់មានជនដៃដល់ឬអ្នកពាក់ព័ន្ធណាម្នាក់ត្រូវបានចាប់ខ្លួន​​មក​ផ្តន្ទាទោសនៅឡើយ​។

បើតាមមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ចាប់តាំងពីអតីត​​គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលក្រមតុលាការកំ​ពូលក្នុងឆ្នាំ២០១៧មក អតីតមនុស្សស្និទ្ធជាមួយបក្សនេះនិងក្រុមគ្រួសាររបស់ពួកគេជិត៣០​នាក់​ហើយ ត្រូវបានរងគ្រោះដោយអំពើហិង្សា​ពីជនមិនស្គាល់អត្តសញ្ញាណ។

លោក សឹង សែនករុណា មានប្រសាសន៍ថា៖ «ដើម្បីកុំឱ្យមានបញ្ហា [ចោទប្រកាន់] ហ្នឹងកើតឡើង វាលុះត្រាតែសមត្ថកិច្ចហ្នឹងបានចាត់វិធានការទៅរកឃើញថា វាអត់មែនជារឿងនយោបាយទេ។ ហើយធ្វើការបំភ្លឺសាធារណជនថា រឿងនេះវាកើតឡើងដោយសារអី មូលហេតុអីអ៊ីចឹង! ហើ​យការបំភ្លឺហ្នឹងវាទាល់តែ​ធ្វើឱ្យសាធារណជនហ្នឹងមានការជឿទុកចិត្តបានទៀត មិនមែនគ្រាន់តែជាធ្វើឱ្យតែបាន»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "គ្រួសារ​អតីត​មន្រ្តី​​និង​សកម្ម​ជន​បក្ស​ប្រឆាំង​​បារម្ភ​ពី​សុវត្ថិ​ភាព​ ខណៈ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដៃ​ដល់​"

  1. Anonymous says:

    I knew the killer are still at large please fight back when you see them come next time . AH ..CHHKOUTH SO SOCHEATH that I though so much