“បញ្ហា​កម្មករ​ជិះ​ប្រជ្រៀត​គ្នា និង​ស្នាក់​នៅ​​ផ្តុំ​គ្នា​ច្រើន នៅតែ​គ្មាន​ដំណោះស្រាយ ទោះ​កម្មករ​​ឆ្លង​​កូវីដ រាប់​ពាន់​នាក់”

ដោយ មួង ណារ៉េត
2021-05-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

"បញ្ហា​កម្មករ​ជិះ​ប្រជ្រៀត​គ្នា និង​ស្នាក់​នៅ​​ផ្តុំ​គ្នា​ច្រើន នៅតែ​គ្មាន​ដំណោះស្រាយ ទោះ​កម្មករ​​ឆ្លង​​កូវីដ រាប់​ពាន់​នាក់"

រថយន្ត​ដឹក​កម្មករ​ចេញ​ពី​ធ្វើ​ការ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA


បញ្ហា​កម្មករ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ និង​កម្មករ​ស្នាក់នៅ​បន្ទប់​ជួល​ផ្តុំគ្នា​ច្រើន ដែល​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ តែ​គ្មាន​ដំណោះស្រាយ បើ​ទោះ​បី​ជា​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​កែសម្រួល​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​ខ្លះ​ក៏ដោយ។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​កម្មករ​នៅតែ​បន្ត​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ និង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅ​ទូទាំង​ប្រទេស​នឹង​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី៦ ខែ​ឧសភា មាន​រោងចក្រ​ចំនួន ៣៨០ ដែល​មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ-១៩​។ ចំនួន​នេះ មិន​រាប់​បញ្ចូល​រោងចក្រ​ប្រមាណ ៧០ រោងចក្រ​ទៀត នៅ​ខេត្ត​កណ្ដាល តាកែវ និង​ក្រុងព្រះសីហនុ ដែល​មាន​កម្មករ​ឆ្លង​ជំងឺ​នេះ​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការងារ ថា​ត្រឹម​ចុងខែ មេសា មានកម្ម​ករ​ជិត ១,៧០០ នាក់​ឆ្លង​ជំងឺ​នេះ។

ការ​ឆ្លង​រាលដាល​ខ្លាំង​ដល់​កម្មករ​រាប់​រយ​រោងចក្រ​នេះ កើត​មាន​ឡើង​ក្រោយ​រដ្ឋាភិបាល និង​ភាគី​ថៅកែ​រោងចក្រ រង​ការ​រិះគន់​ថា មិន​បាន​រិះរក​រក​មធ្យោបាយ​សម​ស្រប និង​ទាន់​ពេល​វេលា ក្នុង​ការ​កាត់បន្ថយ​ការ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ទៅ​ធ្វើ​ការ និង​មិន​បាន​ជួយ​សម្រួល​លក្ខខណ្ឌ​រស់នៅ​ផ្តុំគ្នា​តាម​ផ្ទះ​ជួល និង​ការ​ប្រមូល​ផ្តុំគ្នា​នៅ​តាម​រោងចក្រ ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩ កំពុង​វាយលុក​ខ្លាំង​នៅ​ពេញ​ផ្ទៃ​ប្រទេស។

សូម្បីតែ​ការ​ឆ្លង​ជំងឺ​នេះ កើតឡើង​មួយថ្ងៃ​រាប់​រយ​ករណី ក៏​រដ្ឋាភិបាល​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​កម្មករ​រោងចក្រ​បន្ត​ប្រឈម​ហានិភ័យ​នេះ តាម​យថាកម្ម​។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ និង​មន្ត្រី​សហជីព​ឯករាជ្យ ធ្លាប់​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើនគ្រា ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​រឿង​នេះ ប៉ុន្តែ ជា​លទ្ធផល​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់។

បន្ទាប់​ពី​ឃើញ​មាន​ការ​ឆ្លង​កាន់តែ​ខ្លាំង​ឡើង ទើប​មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី លី អៃឡែន (Li Ailan) ទទួលស្គាល់​ថា បទពិសោធន៍​នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ២០ កុម្ភៈ បង្ហាញ​មេរៀន​គួរ​ឱ្យ​ឈឺចាប់​មួយ គឺ​ករណី​ឆ្លង​នេះ មាន​កើត​ច្រើន​ក្នុងចំណោម​កម្មករ​រោងចក្រ​នេះ​។ អ្នកស្រី ឱ វណ្ឌ​ឌីន ថ្លែង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី​៤ ខែ​ឧសភា ថា​កន្លែង​ប្រមូល​ផ្តុំ​ដូចជា​ផ្សារ និង​រោងចក្រ​នេះ ដែល​មាន​ករណី​ឆ្លង​ច្រើន​ខ្លាំង៖ «ភាគច្រើន​លើសលុប គឺ​ឆ្លង​នៅ​ទីតាំង​ដែល​មាន​ការ​ប្រមូល ផ្តុំ​មនុស្ស​ច្រើន ហើយ​ដែល​មនុស្ស​ធ្វើ​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅ​មក ដោយ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​នៅ​គម្លាត​សុវត្ថិភាព​បុគ្គល។ ឥឡូវនេះ​បញ្ហា​ច្រើន​បងប្អូន​កម្មករ​របស់​យើង មានការ​ចម្លង​បន្ត​គ្នា ហើយ​ដែល​ភាគច្រើន​បងប្អូន​លោក​រស់នៅ​ជុំគ្នា បើ​មាន​ការឆ្លង ផ្ទុះឡើង​ការឆ្លង​នេះ​នៅក្នុង​ចង្កោម»។

ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​សុខាភិបាល​រូប​នេះ បាន​ត្រឹម​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អនុវត្ត​គោល​ការ​បី​កុំ និង​បី​ការពារ ស្រប​ពេល​ដែល​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា ស្នើ​ឱ្យ​កែសម្រួល​លក្ខខណ្ឌ​តាម​រោងចក្រ ដោយ​លៃលក​យ៉ាងណា​រក្សា​សុវត្ថិភាព​កម្មករ​ឱ្យ​បាន។

ឥឡូវ​សេចក្តី​អំពាវនាវ​ទាំងនេះ បាន​ត្រឹមតែ​អំពាវនាវ ព្រោះ​ការពិត​ជាក់ស្តែង គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​សមាជិក​ភាគច្រើន​លើសលុប​ជា​សហជីព ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ និង​មិនសូវ​មាន​តំណាង​ពី​សហជីព​ឯករាជ្យ​នោះ បានសម្រេច​វិធានការ​រដ្ឋបាល ១៤ ចំណុច កាលពី​ថ្ងៃទី៤ ខែ ឧសភា ដើម្បី​កែសម្រួល​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ ក្នុង​ស្ថានភាព​ដែល​មាន​កម្មករ​កើត​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ​។ ក្នុង​នោះ​មាន​ចំណុច​មួយ ដែល​និយាយ​អំពី​ការបែងចែក​កម្មករ​ពាក់​កណ្តាល ឱ្យ​ធ្វើ​ការ​ឆ្លាស់​វេន​គ្នា រៀងរាល់​ពីរ​សប្តាហ៍​ម្ដង និង​ផ្តល់​ម៉ាស់​យ៉ាង​តិច​មួយ​ឱ្យ​កម្មករ ក្នុង​ម៉ោង​ធ្វើការ​បែង​ចែកវេន​សម្រាប់​បរិភោគ​អាហារ​ថ្ងៃត្រង់ និង​រៀបចំ​រនាំង ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​គម្លាត​ពេល​អង្គុយ​ហូប​បាយ​ជុំគ្នា ជាដើម។

ប៉ុន្តែ​ក្នុង​ចំណោម ១៤​ចំណុច​នេះ គ្មាន​ចំណុច​ណាមួយ និយាយ​អំពី​វិធានការ​ជួយ​សម្រាល​បន្ទុក​កម្មករ ដែល​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដូច​ស្និតចេក និង​ការ​ស្នាក់នៅ​បន្ទប់​ជួល​ផ្តុំគ្នា​នោះ​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ភ្ញាក់ផ្អើល​ដែល​បទពិសោធន៍​ឈឺចាប់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយសារតែ​ស្ថានភាព​ប្រជ្រៀត​គ្នា​ជិះ​រថយន្ត និង​រស់នៅ​ផ្តុំគ្នា​នេះ បែរជា​គណៈកម្មការ​ប្រឹក្សា​ការងារ​មិន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ដដែល​។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថា បញ្ហា​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា និង​ការរស់នៅ​ផ្តុំគ្នា​របស់​កម្មករ​នេះ គួរតែ​ជា​ចំណុច​ស្នូល​នៃ​ការពិចារណា និង​យកចិត្តទុកដាក់​ដោយ​ស្វ័យ​ប្រវត្តិ មិន​គួរ​មើល​រំលង​ដូច្នេះ​នោះ​ទេ៖ «ដោយ​ស្វ័យប្រវត្តិ​សំដៅលើ​ទាំង​ស្ដង់ដារ​នៃ​ការ​ធ្វើដំណើរ ការរស់នៅ​របស់​កម្មករ កន្លែង​ខ្លះ​កម្មករ​ជួល​ផ្ទះ​ស្នាក់នៅ​ជុំគ្នា ដេក​ចង្អៀត​ណែន​។ កន្លែង​បន្ទប់​ជួល​ខ្លះ​មាន​បន្ទប់ទឹក​រួម​តែម្តង ដូច្នេះ​គេច​ពីឆ្វេង​ទៅ​ជាប់​នៅ​ស្ដាំ​។ ជា​រឿង​មួយ​ពិបាក​ដោះស្រាយ​មែនទែន ទាល់តែ​គោលការណ៍​រក្សា​គម្លាត​នេះ​មាននៅ​គ្រប់​ទីកន្លែង នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ផង នៅ​កន្លែង​ធ្វើការ​ផង»។

ការ​ស្នាក់នៅ​ជុំគ្នា​របស់​កម្មករ នៅ​តាម​ផ្ទះ​ជួល​នេះ គឺ​មិនមែន​សុទ្ធតែ​កម្មករ​រោងចក្រ​តែមួយ ស្នាក់នៅ​បន្ទប់​ជួល​រួមគ្នា​នោះ​ទេ​។ មន្ត្រី​សហជីព​ថា នៅ​តាម​បន្ទប់​ជួល​ខ្លះ មានកម្មករ​ពី​រោងចក្រ​ផ្សេងៗ​គ្នា មក​ជួល​បន្ទប់​ស្នាក់​នៅ​រួមគ្នា​។ មិនតែប៉ុណ្ណោះ រថយន្ត​ដែល​ដឹក​កម្មករ​ប្រជ្រៀត​គ្នា​មក​ធ្វើការ​រាល់ថ្ងៃ មាន​រថយន្ត​ខ្លះ មិនមែន​ដឹក​កម្មករ​រោងចក្រ​តែមួយ​ទេ គឺ​ដឹក​កម្មករ​ពី​រោងចក្រ​ផ្សេង​ចម្រុះ​គ្នា លើ​រថយន្ត​តែមួយ​នោះ​។ ប្រការ​នេះ ធ្វើ​ឱ្យ​ការ​ឆ្លង​ជំងឺ​ពី​កម្មករ​ម្នាក់​ទៅ​ម្នាក់ទៀត កើតឡើង​យ៉ាង​ងាយ និង​ពិបាក​គ្រប់គ្រង​។ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ជា​សហជីព​ឯករាជ្យ​មួយ​លោក អាត់ ធន់ ថា​លោក​លើកឡើង​អំពី​បញ្ហា​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែរ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី ក្រៅពី​ការ​អះអាង​ពី​តំណាង​ក្រសួង​ការងារ​លោក ហេង សួរ ថា​ការ​កែ​សម្រួល​លក្ខខណ្ឌ​ការងារ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី ០៤ ខែ ឧសភា​នោះ ជា​ដំណោះស្រាយ​រួម​ទៅ​ហើយ៖ «ក៏ប៉ុន្តែ​ខាង​ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ហើយ​ថា តាម​ពិត​យើង​បាន​ដោះស្រាយ​ដោយ​ស្វ័យប្រវត្តិ (automatic) ចំពោះ​ការ​ជិះឡាន​ប្រជ្រៀត​គ្នា ដោយសារតែ ចំនួន​កម្មករ​ដែល​ម​ក​ធ្វើការ​ហ្នឹង​មិន​ទាំងអស់គ្នា​ទៀត​ទេ​។ មានន័យ​ថាបើ​កម្មករ​ហ្នឹង​មកពី​ភូមិ​ហ្នឹង ១​ពាន់​នាក់ ដូច្នេះ​វេន​ទីមួយ​ហ្នឹង អាច​ត្រឹម​បី​បួន​រយ​នាក់​តែប៉ុណ្ណោះ​។ វា​អាច​ខុសគ្នា ៤០៦០ ឬ ៥០៥០​។ ដូច្នេះ​អ្នក​ជិះ​ឡាន​អត់​ជុំគ្នា​ទៀត​ទេ»។

អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ បាន​ទេ ដោយសារ​អ្នក​ទាំងពីរ​មិន​លើក​ទូរស័ព្ទ។

ប៉ុន្តែ បើ​ទោះ​បី​ជា​វិធានការ​ធ្វើការ​ឆ្លាស់​វេន​គ្នា​នេះ ត្រូវ​អនុវត្ត​ក៏ដោយ ក៏​តំណាង​សហជីព​នៅតែ​ព្រួយបារម្ភ​ថា កម្មករ​នៅតែ​ធ្វើដំណើរ​តាម​រថយន្ត​ប្រជ្រៀត​គ្នា​ដដែល ព្រោះ​មិនឃើញ​មាន​យន្តការ​ណាមួយ ដែល​ធានា​ថា កម្មករ​នៅ​ភូមិ​ជាមួយគ្នា ឬ​កម្មករ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា ត្រូវ​ចែកវេន​គ្នា​ធ្វើការ​នោះ​ឡើយ។ លោក អាត់ ធន់ ថា​បញ្ហា​ប្រឈម​នៅ​មាន​ច្រើន​តទៅទៀត ព្រោះ​រឿង​នេះ​ស្មុគស្មាញ​ខ្លាំង៖ «បើសិនជា​តៃកុង​ទៅ​ប្រមូល​ឱ្យ​ពេញ វា​នៅតែ​ដដែល​រឿង​ទីមួយ​។ រឿង​ទី​ពីរ​បើ​ក្នុង​ករណី​មួយ​ភូមិ​ហ្នឹង​ត្រូវ​វេន​តែមួយ ក៏​វា​នៅតែ​ដដែល​ដែរ។ ចំពោះ​ការ​ស្នាក់​នៅផ្ទះ​ជាមួយគ្នា ពិបាក​ដោះស្រាយ​បន្តិច ដោយសារ​កម្មករ​គាត់​ជួល​បន្ទប់​រួមគ្នា ហៅ​នៅផ្ទះ​ជួនកាល​បងប្អូន គ្រួសារ និង​នៅ​ជាមួយគ្នា​យូរ​ហើយ មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​បានទេ»។

ជាទូទៅ ភាគី​ដែល​ពាក់ព័ន្ធ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​កម្មករ​នេះ មាន​បួន​ធំៗ​។ ទីមួយ​ភាគី​រដ្ឋាភិបាល ទី​ពីរ​ភាគី​ថៅកែ​រោងចក្រ ទី​បី​ភាគី​សហជីព​តំណាង​កម្មករ និង​ទី​បួន​ភាគី​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​។ ឥឡូវនេះ ទាំង​ភាគី​រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​តំណាង​សហជីព​ដែល​ភាគច្រើន​គាំទ្រ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ហាក់ដូចជា​យល់ស្រប​គ្នា ឱ្យ​កម្មករ​នៅ​បន្ត​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ព្រោះ​មិន​មាន​វិធានការ​ជាក់លាក់ ក្នុង​ការ​យកចិត្តទុកដាក់​លើ​ការ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា និង​ការ​ស្នាក់នៅ​បន្ទប់​ជួល​ផ្តុំគ្នា​របស់​កម្មករ។

ភាគី​សំខាន់​ចុងក្រោយ គឺ​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​។ កន្លង​មក​ក្រុមហ៊ុន​ទាំងនេះ ដែល​ភាគច្រើន​មាននៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក តែងតែ​បង្ហាញ​ជំហរ​ទទួល​ខុសត្រូវ​របស់​ខ្លួន រាល់ពេល​មាន​ការ​រំលោភសិទ្ធិ​កម្មករ។ ក្នុង​កាលៈទេសៈ​នេះ ក្រុមហ៊ុន​ទាំងនេះ ក៏​មាន​កាតព្វកិច្ច​ក្នុង​ការធានា​សុវត្ថិភាព​កម្មករ​ដែរ ពោល​គឺ​ពួកគាត់​ត្រូវ​ធានា​ថា រាល់​ការ​បញ្ជាទិញ​របស់​ពួកគាត់ នឹង​មិន​ធ្វើ​ឱ្យ​កម្មករ​ប្រឈម​គ្រោះថ្នាក់​នោះ​ឡើយ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ណាមួយ​ពី​សមាគមន៍​អ្នកបញ្ជា​ទិញ​ទាំងនេះ នៅឡើយ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​សម្ព័ន្ធ​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ចំនួន​បួន​ធំៗ នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​នៅឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គឺជា​បញ្ហា​រួម និង​ជា​សាកល​។ អង្គការ​សុខភាព​ពិភពលោក (WHO) មាន​ពាក្យស្លោក​របស់​ខ្លួន​មួយ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាល​ជំងឺ​កូវីដ-១៩ ថា​គ្មាន​រណា​មាន​សុវត្ថិភាព​នោះ​ទេ ទាល់តែ​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព​។ ដូចគ្នា​នេះ​ដែរ មន្ត្រី​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​កម្មករ ថា​គ្មាន​នរណា​មាន​សុវត្ថិភាព​នោះ​ទេ បើ​កម្មករ​គ្មាន​សុវត្ថិភាព​។ ពួកគាត់​ថា ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ បាន គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ និង​សមត្ថភាព​របស់​ភាគី​ពាក់ព័ន្ធ ក្នុង​ការធានា​សុវត្ថិភាព​កម្មករ​នេះ​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles