ព្រះសង្ឃ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​បន្ត​ខ្វះ​ចង្ហាន់ ទោះ​លោក ហ៊ុន សែន ស្នើ​ឱ្យ​គិតគូរ​យ៉ាងណា​ក្ដី

ដោយ ខែ សុណង
2021-05-07
RFA

ព្រះសង្ឃ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​បន្ត​ខ្វះ​ចង្ហាន់ ទោះ​លោក ហ៊ុន សែន ស្នើ​ឱ្យ​គិតគូរ​យ៉ាងណា​ក្ដី

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​យកគ្រឿងឧបភោគបរិភោគប្រគេន​ព្រះសង្ឃ​គង់នៅស្រុក​ភ្នំស្រួច នៅ​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០២១។ រូប​ពី​ហ្វេសប៊ុក


ព្រះសង្ឃ​តាម​វត្ត​មួយចំនួន​បន្ត​ខ្វះខាត​ចង្ហាន់ បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​គិតគូរ​ដល់​ព្រះសង្ឃ​ដែល​មិន​អាច​ចេញ​បិណ្ឌ​បាត្រ ខណៈ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បន្ត​អូស​បន្លាយ​។ អ្នកឃ្លាំមើល​សង្គម​លើក​ឡើង​ថា ព្រះសង្ឃ​អាច​រួមគ្នា​ធ្វើ​សំណើ​ទៅ​មន្ត្រី​សង្ឃ ឬ​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ដឹង​ដើម្បី​ជួយ​ដោះស្រាយ។

ក្រៅ​តែ​ពី​ខ្វះខាត​ស្បៀងអាហារ ព្រះសង្ឃ​កំពុង​ជួប​បញ្ហា​ខ្វះ​បច្ច័យ​សម្រាប់​បង់ថ្លៃ​ទឹក​ភ្លើង ខណៈ​ព្រះ​សង្ឃ​មិន​អាច​ចេញ​ទៅ​បិណ្ឌ​បាត្រ ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ។

ចៅអធិការ​វត្ត​ត្បែង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ សាត សុភាព មាន​ថេរ​ដីកា​ថា ពេលនេះ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ប្រឈម​នឹង​ការ​ខ្វះ​ចង្ហាន់។ ជា​ការ​ដោះស្រាយ បញ្ហា​ខ្វះ​ចង្ហាន់​នេះ ព្រះសង្ឃ​បាន​និមន្ត​ទៅ​បេះ​បន្លែ​តាម​របង​វត្ត ឬ​វាលស្រែ​ដើម្បី​ឆាន់​។ ព្រះតេជព្រះគុណ​បន្ត​ថា មាន​សប្បុរសជន និង​អាជ្ញាធរ​បាន​ឧបត្ថម្ភ​ស្បៀង​ដូចជា​អង្ករ និង​មី​ខ្លះ​ដែរ ប៉ុន្តែ​ដោយ​វត្ត​នេះ​មាន​ព្រះសង្ឃ​គង់នៅ និង​រៀនសូត្រ​ចំនួន​៥០​អង្គ ដូច្នេះ​ស្បៀង​ដែល​មាន​នោះ​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឡើយ បើ​វិបត្តិ​ជំងឺ​កូវីដ​១៩ អូស​បន្លាយ​តទៅទៀត​នោះ​។ ព្រះចៅ​អធិការ​ឱ្យ​ដឹង​ទៀត​ថា វត្ត​នេះ​ក៏​កំពុង​ពិបាក​រក​បច្ច័យ​សម្រាប់​បង់ថ្លៃ​ភ្លើង​ផង​ដែរ ដោយ​ក្នុង​មួយ​ខែៗ​ត្រូវ​បង់​ប្រមាណ ៦០​ម៉ឺន ទៅ​៨០​ម៉ឺន​រៀល​៖ «អត់​មាន​ការ​ចុះ​តម្លៃ​អី​ទេ បើ​មាន​ការ​ចុះ​តម្លៃ​អី​មែន​គឺ​ល្អ​មែនទែន​។ អាត្មា​ចង់​ចម្រើនពរ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ សុំ​បិណ្ឌ​បាត្រ​ជួយ​គិតគូរ​ដល់​ព្រះសង្ឃ ព្រោះ​ថា កូវីដ​នេះ​បើ​ញាតិ​ញោម​គាត់​អត់​ហើយ អ៊ីចឹង​ពឹង​ថ្នាក់​ដឹកនាំ»។

រីឯ​ព្រះតេជព្រះគុណ ណុប វណ្នី គង់នៅ វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា ព្រះសង្ឃ​មួយចំនួន​បាន​និមន្ត​ទៅ​គង់​នៅ​វត្ត​តាម​ខេត្ត​មុន​ពេល​បិទ​ក្រុង ដូច្នេះ​ស្បៀង​អាហារ​ដែល​វត្ត​នៅ​សល់ អាច​ទ្រទ្រង់​បាន​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ ប៉ុន្តែ​បើ​បញ្ហា​នេះ​បន្ត​អូស​បន្លាយ​អាច​ធ្វើ​ឱ្យ​ព្រះសង្ឃ​ខ្វះ​ចង្ហាន់​។ ទោះ​យ៉ាងណា ព្រះតេជព្រះគុណ​ថា ព្រះសង្ឃ​គ្មាន​បច្ច័យ​ឬ​ថវិកា​សម្រាប់​ប្រើប្រាស់​ការ​ចំណាយ​ប្រចាំថ្ងៃ​នោះ​ទេ​៖ «អាច​ដោះស្រាយ​បាន​អាច​ទប់ទល់​បាន​តិចតួច​អី​ទៀត ឥឡូវនេះ​អង្គ​ខ្លះ​លោក​ដាច់​ដែរ ប៉ុន្តែ​យើង​មិនដឹង​ធ្វើ​ម៉េច»។

វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​រារាំង​ព្រះសង្ឃ​មិន​អាច​ចេញ​បិណ្ឌ​បាត្រ ចំណែក​ពុទ្ធបរិស័ទ​ក៏​ពិបាក​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​យក​ចង្ហាន់ ស្បៀងអាហារ ឬ ថវិកា​ប្រគេន​ព្រះសង្ឃ​ដែរ​។ ទោះ​យ៉ាង​ណា​ក្តី បន្ទាប់ពី​សារព័ត៌មាន​ចុះផ្សាយ បញ្ហា​នេះ​កាលពី​អំឡុង​ខែ​មេសា​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ទៅ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ចង្ហាន់​ព្រះសង្ឃ​នៅ​តាម​ទី​អារាម​នានា​ក្នុង​កំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ចេញ​ជា​គោលការណ៍​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ លោក​គ្រាន់តែ​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បែបនេះ​មិន​មាន​អ្នក​ទៅ​ធ្វើ​បុណ្យ ហើយ​ព្រះសង្ឃ​ក៏​មិន​អាច​និមន្ត​បិណ្ឌ​បាត្រ​បាន​ដែ​ល​អាច​នាំ​ឱ្យ​ព្រះសង្ឃ​ដាច់​ចង្ហាន់​៖ «ប្រជាជន​មិនអាច​ចេញពីផ្ទះ​ទៅ​ធ្វើ​បុណ្យ​ហើយ​ព្រះសង្ឃ​ក៏​មិនអាច​បិណ្ឌ​បាត្រ​បាន ក្រៅពី​រាជធានី ភ្នំពេញ និង​ខេត្ត​កណ្ដាល​ក៏​មាន​ខេត្ត​ដទៃ​ដែល​ត្រូវ​យកចិត្តទុកដាក់»។

ជុំវិញ​រឿង​នេះ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃទី​០៦ ខែឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

រីឯ​ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក និង​ជា​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកា​ថា តាម​ព្រះតេជព្រះគុណ​ទទួល​ដំណឹង​ពី​មេគុណ​តាម​បណ្ដា​ខេត្ត គឺ​មិន​ទាន់​មាន​វត្ត​ណាមួយ​ដាច់​ចង្ហាន់​នៅឡើយ​ទេ ប៉ុន្តែ​គ្រាន់​តែ​មិនសូវ​សម្បូរ​ដូច​ពេល​ធម្មតា​។ ទោះ​​យ៉ាងណា ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ចំពោះ​បញ្ហា​ថ្លៃ​ទឹក​ភ្លើង​ព្រះអង្គ​ឱ្យ​ដឹង​ថា សូម្បី​តែ​វត្ត​ព្រះអង្គ​គង់​នៅ​ភ្នំពេញ​សព្វថ្ងៃ​ក៏​ត្រូវ​បង់ថ្លៃ​ទឹក​ភ្លើង​ដូច​ពេល​ធម្មតា​ដែរ​។ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​អង្គ​នេះ​យល់​ថា ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ​ប្រសិនបើ​មានការ​សម្របសម្រួល បន្ធូរបន្ថយ ឬ​ពន្យារ​ពេល​ដល់​វត្ត​អារាម​លើ​បញ្ហា​នេះ​ជា​រឿង​ល្អ​៖ «ពរ​បើសិនជា​ខាង​អគ្គិសនី​ជួយ​បន្ធូរបន្ថយ​ដល់​វត្ត​ដែល​មាន​ព្រះសង្ឃ​ស្នាក់នៅ​រៀនសូត្រ​ច្រើនៗ​គឺ​ពិតជា​ប្រសើរ​មែនទែន ជា​ធម្មតា​គ្រប់​វត្ត​ទាំង​អាត្មា​ស្នាក់នៅ​ទាំង​វត្ត​ផ្សេងៗ​អាស្រ័យ​ទៅ​នឹង​ពុទ្ធបរិស័ទ ប៉ុន្តែ​ក្នុង​ដំណាក់កាល​នេះ ពុទ្ធបរិស័ទ​ក៏​មាន​ការ​ខ្វះខាត​អ៊ីចឹង ហើយ​បើ​ពុទ្ធបរិស័ទ​ខ្វះ​ខាត​ហើយ​យើង​ព្រះសង្ឃ​អាស្រ័យ​បច្ច័យបួន​របស់​ពុទ្ធបរិស័ទ​ក៏​កាន់តែ​យ៉ាប់​ទៀត»។

ព្រះអង្គ​បាន​ណែ​នាំទៅ​មេគុណ​តាម​វត្ត​ឱ្យ​ចេះ​ជួយ​ចែករំលែក​គ្នា ត្បិត​ពេលនេះ​ព្រះសង្ឃ​មិនអាច​ចេញ​បិណ្ឌ​បាត្រ​បាន ហើយ​ចំពោះ​វត្ត​ដែល​មាន​ទីធ្លា គឺ​អាច​ដាំ​បន្លែ​បន្ទាប់​បន្សំ។

ដោយឡែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់ថា អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន គួរ​យកចិត្តទុកដាក់​លើ​ព្រះសង្ឃ​បន្ថែម​ទៀត​។ លើស​ពី​នេះ លោក​យល់ថា ព្រះសង្ឃ​តាម​វត្ត​នានា​គួរ​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថាប័ន​សង្ឃ ឬ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ពី​បញ្ហា ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​អាច​ពាំនាំ​ទុក្ខ​លំបាក​របស់​ព្រះសង្ឃ​ទៅ​ថ្នាក់​ដឹកនាំ​ជួយ​ដោះស្រាយ​៖ «ព្រះសង្ឃ​នៅ​តាម​វត្ត​នីមួយៗ​ត្រូវតែ​លើក​បញ្ហា​ហ្នឹង​ជំរុញ​ទៅ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ណាមួយ​ដែល​អាច​ធ្វើ​ទៅរួច​សម្រាប់​វត្ត​អារាម»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ដែរ​ថា ក្រសួង​ធម្មការ​គួរ​ផ្ដល់​លេខ​ទូរស័ព្ទ​ដល់​វត្ត​អារាម​នានា ដើម្បី​អាច​ទូរស័ព្ទ​បិណ្ឌ​បាត្រ​ជំនួយ​ពី​រដ្ឋាភិបាល​នៅពេល​ជួប​បញ្ហា​ខ្វះ​ចង្ហាន់។

បច្ចុប្បន្ន​មាន​វត្ត​អារាម​ទូទាំង​ប្រទេស​ជាង ៥​ពាន់​វត្ត និង​មាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន​អង្គ។ តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ព្រះសង្ឃ​តែង​ពឹង​លើ​ចង្ហាន់​ពុទ្ធបរិស័ទ​ដែល​នាំ​យក​ទៅ​ប្រគេន ប៉ុន្តែ​ចាប់​តាំង​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ចូលក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​កន្លង​ទៅ ព្រះសង្ឃ​ភាគច្រើន​ទូទាំង​ប្រទេស មិន​អាច​ចេញ​បិណ្ឌ​បាត្រ​បានទេ ចំណែក​ពលរដ្ឋ​ក៏​ពិបាក​នឹង​ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជាប់ដៃ​ដោះស្រាយ​បញ្ហា​ក្រពះ​រៀងៗ​ខ្លួន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles