មន្ត្រីរដ្ឋា​ភិបាល​ចាត់​ទុក​​ការ​ប្រកាស​​ធ្វើ​​មាតុ​ភូមិ​និវត្ត​ន៍​ជា​ថ្មី​​​របស់​លោក​ សម​ រង្ស៊ី​ ​ថា​គ្មាន​ន័យ​

នយោបាយ | ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ០៧ ឧសភា ២០២១ |ម៉ោង ១៨:៤១
VOD

ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លង


មន្រ្តីរដ្ឋាភិបាលចាត់ទុកថា ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធានអតីតគណបក្ស​សង្គ្រោះ​​ជាតិ ដែល​ថានឹងវិលមកកម្ពុជាភ្លាមបើរដ្ឋាភិបាលបើកផ្លូវនោះ ថា​លែងមានន័យ​សំខាន់​ទៀត​ហើយ ហើយ​​ប្រៀបដូចសន្លឹកបៀរដែលត្រូវគេធីបចោល។

នៅក្នុងរូបភាពវីដេអូឡាយជាង៥នាទីនៅលើបណ្តាញសង្គមហ្វេ​សប៊ុក​ កាលពីថ្ងៃទី​៦ ខែ​ឧសភា លោក សម រង្ស៊ី បាន​អំពា​វ​នា​វជាថ្មី​​ឱ្យរដ្ឋាភិបាលបើកផ្លូវសម្រាប់រូបលោកនិងថ្នាក់ដឹកនាំ​គណបក្សនេះ​ដទៃទៀត អាចមានលទ្ធភាព​បានវិល​​ចូល​​ប្រទេស​វិញ។​​​

លោកបន្តថា បំណងនៃការធ្វើមាតុភូមិនិវត្តន៍ជាថ្មីទៀតនេះ ​គឺដើម្បីទៅប្រឈមមុន​នឹង​តុលា​ការ​​​​​កម្ពុជា ហើយ​រដ្ឋា​​ភិ​​បាល​​​​គួរហ៊ានបើក​ចិត្ត​​ឱ្យទូលាយ ​កុំបន្តបិទជើងយន្តហោះឬ​​រា​​រាំងតាមរូប​ភាព​​គំរាម​កំ​​ហែង​​អ្នកគាំទ្រ និងការ​សម្លុតចាប់ចង​ជាដើម។

លោក សម រង្ស៊ី អះអាង​ពីប្រទេសបារាំង បន្ថែម​ទៀត​ថា ប្រ​​សិនបើ​​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន មាន​បំណងពិតជាចង់ចាប់លោកមែន មិនត្រូវបិទខ្ទប់គ្រប់ច្រក​បែប​​នេះឡើយ។

លោកបន្តថា៖ «បើ ហ៊ុន សែន ឯងហ៊ាននិយាយតែប៉ុណ្ណឹង ហ៊ានតែប្រើ​ភាសា​មនុស្ស​ថ្លៃថ្នូរ មនុស្ស​ក្លា​​ហាន មិន​មែន​មនុស្សកំសាក! ពីរបីថ្ងៃទៀត ខ្ញុំរៀបចំខ្លួន ខ្ញុំទៅ​ដល់ទីក្រុងភ្នំពេញភ្លាម​ហើយ»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ប្រ​ធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បញ្ហារបស់​អតីត​ប្រធានស្តីទីបក្សប្រឆាំង គេលែង​និយាយ​ទៅហើយ។ មិនតែប៉ុណ្ណោះ លោកថា ​សំណុំរឿងរបស់​លោក សម រង្ស៊ី នេះ​ ​ប្រៀបទៅនឹងសន្លឹកបៀរ​ដែលគ្មានតម្លៃ ហើយ​ត្រូវគេធីបចោល​យ៉ាង​ដូច្នោះដែរ​។

លោក​​​​​បន្តថា៖ «ខ្ញុំព្យាយាមមិននិយាយ អាហ្នឹងទី១។ ទី២ និយាយតែពីយើងរួមគ្នាកសាងជាតិ ឬរឿងអី​ផ្សេង ​ខ្ញុំ​និយាយ! ទាក់ទងគណបក្សប្រឆាំង ឬគណបក្ស សម រង្ស៊ី ព្យាយាម​មិន​និយាយ ទុកឱ្យ​ពេលវេលាវា​សម្រេច​ទៅចុះអាហ្នឹង»។

នាយកវិទ្យាស្ថានប្រជាធិតេយ្យកម្ពុជា និង​ជា​អ្នកតាមដាននយោបាយ លោក ប៉ា ចន្ទរឿន មើល​ឃើញថា វត្តមានលោក សម រង្ស៊ី ចង់វិលចូលស្រុកវិញនៅពេលនេះគឺ​​ពិត​ជា​មិនអាចទៅរួចឡើយ ហើយ​​ការ​ប្រកាស​ធ្វើមាតុភូមិនិវត្តន៍នេះ​​ទៀត​សោត គ្រាន់តែជា​យុទ្ធនាការផ្នែកនយោបាយរបស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។

ចំណែកការវិល​ចូល​ស្រុក​​​វិញបានឬមិន​​បានរបស់​មេដឹកនាំបក្សប្រឆាំងរូបនេះ លោកថា ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​​របស់រដ្ឋាភិបាល និង​​លុះត្រាបញ្ហាន​យោ​បាយ​​​នេះត្រូវបានដោះ​ស្រាយ​តាមការចរចា​ជាមុន​សិន។

លោក ប៉ា ចន្ទរឿន មានប្រសាសន៍​បន្ត​ទៀត​​ថា បើពិនិត្យទៅលើទំនាស់គូ​ភាគី​នយោ​បាយ​ទាំងពីរនេះ មិនងាយនឹងរកផ្លូវចេញ ដើម្បី​អាចឈានទៅបញ្ចប់វិវាទបានទេ។ លោកបន្ថែមថា មាន​​​​​​​​តែផ្លូវពីរប៉ុណ្ណោះដែលអាចទម្លាយភាពទាល់ច្រកនេះបាន ក្នុងនោះ ទី១ ​ត្រូវមាន​ការជ្រោម​ជ្រែង​ពី​អន្តរជាតិ និងទី២ ត្រូវមានការផ្សះផ្សា​ពីតួអង្គព្រះមហាក្សត្រ។ 

លោកបន្តថា៖ «យើងឃើញថា ប្រវត្តិសាស្រ្តខ្មែរ​យើង​មុន​​​ឆ្នាំ១៩៩៣នេះ មុនដែលភាគី​ខ្មែរ​យើង​​ឈ្លោះគ្នា ទាល់​​​​តែបរទេសគេជួយ​បានយើង​ចេះស្រុះស្រួលគ្នា ចេះជ​ជែកគ្នា ផ្សះផ្សាគ្នា និងចរចាគ្នារកភាព​សុខ​ដុមរម​​នា»។

បើទោះជាបែបណា លោក​យល់ឃើញថា ប្រសិនបើការប្រកាសវិលចូលស្រុកវិញរបស់​លោក សម រង្ស៊ី លើកនេះ ត្រូវបរាជ័យជាថ្មីទៀត ក៏ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ទំនង​មិន​ស្រក​​ស្រុតប៉ុន្មានទេ បើថ្វីត្បិតពុំមានការសិក្សាណាមួយពីសន្ទុះនៃការ​គាំទ្រលោក សម រង្ស៊ី ក៏ដោយ​។​

ដោយអំណាចសាលដីកានៃតុលាការកំពូល អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ​ចេញ​​ពី​ឆាក​នយោបាយកាលពីដើមខែ​វិច្ឆិកា ឆ្នាំ២០១៧។ បញ្ហានេះបានធ្វើ​ឱ្យ​​ជីវិត​នយោបាយ​​របស់​លោក សម រង្ស៊ី ត្រូវចាក់ស្រែះទៅដោយសំណុំរឿង និងជាប់​ទោស​​ជិត៥០ឆ្នាំ​តាមផ្លូវ​តុលាការ។

គួរបញ្ជាក់ថា នេះជាការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ជាថ្មីទៀត​របស់​លោក សម រង្ស៊ី ក្រោយពីលោកបាន​ប្តេជ្ញាថានឹងវិលចូលកម្ពុជាវិញ កាលពីថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែ​បំណង​នោះត្រូវបរាជ័យ ដោយសាររដ្ឋាភិបាល​​បានបញ្ជាឱ្យ​​បិទគ្រប់ច្រកចេញចូលទាំងអស់ រួមទាំង​​ផ្លូវ​ទឹកនិងអាកាស៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "មន្ត្រីរដ្ឋា​ភិបាល​ចាត់​ទុក​​ការ​ប្រកាស​​ធ្វើ​​មាតុ​ភូមិ​និវត្ត​ន៍​ជា​ថ្មី​​​របស់​លោក​ សម​ រង្ស៊ី​ ​ថា​គ្មាន​ន័យ​"

  1. so socheath says:

    មាតុភូមិនិវត្តន៍ ជារដូវកាល ដាច់លុយចាយ របស់អាពូជឆ្កែសមរង្ស៊ី !

  2. Anonymous says:

    come on open your leg AH CHHKOUTH