មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​យល់​ពី​តួនាទី​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2021-05-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​យល់​ពី​តួនាទី​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង

(ឆ្វេង) លោក នី សុខា ប្រធាន​ផ្នែក​​សិទ្ធិមនុស្ស​​នៃ​​សមាគម​ការពារ​​សិទ្ធិមនុស្ស​​អាដហុក (ADHOC) លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង (ស្ដាំ) លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) រូប៖ ហ្វេសប៊ុក ADHOC IDEA និងលោក Um Sam An


មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​ថា ពួក​គេ​ចេះ​តែ​រិះគន់ មិនបាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ។ ពួក​គេ​ថា ​ការ​​ដោះស្រាយ​​បញ្ហា​ជូន​ពលរដ្ឋ​នោះ គឺ​​ជា​កាតព្វកិច្ច​​របស់​អាជ្ញាធរ ហើយ​​អង្គការ​​សង្គម​ស៊ីវិល និង​​បក្ស​ប្រឆាំង អាច​​ត្រឹម​​តែ​ផ្តល់​យោបល់​​លើ​​ចំណុច​​ខ្វះខាត​​ប៉ុណ្ណោះ។  

មន្រ្តី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​សោក​ស្ដាយ ចំពោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ ដែល​មិន​បាន​ដឹង​អំពី​តួនាទី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​ត្រូវ​​របប​ក្រុង​​ភ្នំពេញ​រំលាយ​ចោល គឺ​លោក អ៊ំ សំអាន លើក​ឡើង​ថា វិធានការ​បិទ​ខ្ទប់ និង​ការពារ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ របស់​របប​ក្រុង​ភ្នំពេញ មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​អះអាង​ឡើយ ព្រោះ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ បន្ត​កើន​ឡើង។ ម្យ៉ាងទៀត លោក​ថា ការ​ផ្តល់​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​មិន​បាន​ឆ្លើយតប​តាម​តម្រូវការ​របស់​ពលរដ្ឋ​នោះ​ឡើយ ទើប​ពលរដ្ឋ​ខ្លះ​ផ្ទុះ​ការ​តវ៉ា​នៅ​តាម​តំបន់​បិទ​ខ្ទប់។ លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង និង​លាតត្រដាង​អំពើ​អយុត្តិធម៌​សង្គម និង​រិះគន់​រដ្ឋាភិបាល​ដើម្បី​កែ​លម្អ ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដោះ​ស្រាយ​បញ្ហា​ជាតិ​រួមគ្នា​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ៖ «ត្រូវការ​ចូលរួម​ពីសង្គម​ស៊ីវិល​គណបក្សប្រឆាំង អា​ហ្នឹង​បាន​មាន​តម្លាភាព ក្នុង​ការ​គ្រប់គ្រង​ជំនួយ ឬ​អំណោយ​ផ្សេងៗ ការ​ទប់​ស្កាត់​រាល​ដាល​ជំងឺកូវីដ១៩ ឃើញ​ជំនួយ​ច្រើន​ណាស់​ពី​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក ដែល​គេ​ជួយ​ជំនួយ ឬ​អំណោយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង មិន​ដឹង​លុយ​ហ្នឹង​បាត់​ទៅ​ណា​អស់ ហើយ​រៃអង្គាស​ពី​សប្បុរសជន ពី​ឧកញ៉ា​អី លុយ​ហ្នឹង​មិន​ដឹង​ទៅ​ណា​អស់​ដែរ មិន​ដល់​ដៃ​ប្រជាពលរដ្ឋ កញ្ចប់​ថវិកា​ជាតិ​ថា​ចំណាយ​ឆ្នាំ២០២០ កន្លង​មកនេះ​អស់​ជាង​មួយ​ពាន់​លាន​ដុល្លារ​ជាង​មិន​ដឹង​លុយ​ហ្នឹង​ទៅ​ណា»។

ស្រដៀង​គ្នា​នេះ ប្រធាន​ផ្នែក​​សិទ្ធិមនុស្ស​​នៃ​​សមាគម​ការពារ​​សិទ្ធិមនុស្ស​​អាដហុក (ADHOC) លោក នី សុខា លើក​ឡើង​ថា លោក​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មិន​យល់​អំពី​តួនាទី​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី បំពេញ​ការ​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល។ ទាក់ទង​រឿង​ជំនួយ​វិញ លោក នី សុខា បញ្ជាក់​ថា រដ្ឋ​មាន​ កាតព្វកិច្ច​ត្រូវ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​បែប​យ៉ាង មិន​មែន​​មក​និយាយ​​ថា​សង្គម​​ស៊ីវិល​​មិន​​បាន​​ជួយ​​អ្វី​នោះ៖ «ជំនួយ​របស់​រដ្ឋ​មិនមែន​ជំនួយ​មនុស្សធម៌​ទេ គឺជា​ជំនួយ​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ មិនមែន​ជា​ជំនួយ​មនុស្ស​ធម៌​ទេ ប៉ុន្តែ​សង្គម​ខ្លះ មាន​បងប្អូន​សង្គម​ស៊ីវិល​ខ្លះ គម្រោង​ខ្លះ​ដែល​សង្គម​ស៊ីវិល​មាន​ក្នុង​ការ​ជួយ​ទៅ​លើ​ប្រជាពលរដ្ឋ​តិចតួច អា​ហ្នឹង​ជា​ជំនួយ​មនុស្សធម៌ ឱ្យ​យល់​ច្បាស់​ពី​ជំនួយ​មនុស្សធម៌ និង​ជំនួយ​ជា​កាតព្វកិច្ច»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​​គណបក្ស​​ប្រឆាំង​​ទាំងនេះ កើត​​មាន​​ឡើង​បន្ទាប់​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី៦ ឧសភា​ថា វិធាន​ការ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ គឺ​ជា​វិធានការ​ទាន់​ពេល​វេលា។ លោក​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចែក​ស្បៀង​អាហារ​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​បាន​ជិត ៣០ម៉ឺន​កញ្ចប់​ហើយ ហើយ​ប្រសិន​ពលរដ្ឋ​ដែល​ខ្វះខាត​ត្រូវ​ទាក់ទង ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទទួល​បាន​ស្បៀងអាហារ។ លោក​ចោទ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា បាន​តែ​និយាយ​រិះគន់ ដោយ​មិន​បាន​ជួយ​អ្វី​ដល់​រដ្ឋាភិបាល​នោះ​ទេ៖ «ហើយ​សួរ​ថា​សង្គម​ស៊ីវិល​ចូល​រួម​បាន​ប៉ុន្មាន​ ហើយ​ក្រុម​ប្រឆាំង​ចូលរួម​បាន​ប៉ុន្មាន​ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ​ សូម​ឱ្យ​លោក​ដក​លេខ​ខ្លួនឯង គឺ​ធ្វើ​អី​ក៏​ប្រឆាំង​ដែរ នៅ​ពេល​គាត់​អត់​បាន​ចេញ​លុយ​មួយ​រៀល និង​អត់​បាន​ចេញ​កម្លាំង​ពលកម្ម​មួយ​បន្តិច​សោះ រហូត​ដល់​ម៉ោង​នេះ​ទាំង​អស់​គ្នា​ដឹង​ហើយ​ពីណា​ចុះ​ហ្វេសប៊ុក​ថា​ម្ចាស់​ផ្ទះ​ដេញ​គាត់​ចេញ​ទេ ទឹក​ផ្ដាច់​ទឹក​ទេ ភ្លើង​ទៅ​ផ្ដាច់​ទេ អត់​ទាន់​មាន​ទេ រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​បញ្ហា​ដែល​កើត​មាន»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លើក​ឡើង​ថា សង្គម​ស៊ីវិល បាន​នាំសារ​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឱ្យ​ពួក​គាត់។ លោក​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​គួរ​ចោទ​ប្រកាន់​សង្គម​ស៊ីវិល​នោះ​ទេ ព្រោះ​សង្គម​ស៊ីវិល​ចែក​ជំនួយ​ជូន​ប្រជាពលរដ្ឋ​កន្លងមក​គឺជា​ជំនួយ​សប្បុរសធម៌ មិន​មែន​ការ​ប្រកួត​ប្រជែក​នឹង​អាជ្ញាធរ​នោះ​ទេ។ លោក​ថា ស្ថានភាព​នេះ អាជ្ញាធរ​គួរ​យក​ចិត្ត​ទុក​ដោះ​ស្រាយ​ថ្លៃ​ទឹក​ភ្លើង បន្ទប់​ជួល និង​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ឡើង​វិញ៖ «ប្រទេស​ប្រកាន់​ភ្ជាប់​នូវ​នីតិរដ្ឋ ប្រទេស​ដែល​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​រវាង​អាជ្ញាធរ​រដ្ឋ​និង​ពលរដ្ឋ​មិនមែន​ទាល់​តែ​ប្រជាពលរដ្ឋ​លើក​ឡើង​ហើយ ចាំ​ដោះ​ស្រាយ​ទេ តួនាទី កាតព្វកិច្ច​របស់​អាជ្ញាធរ​រដ្ឋ​ត្រូវតែ​ដោះ​ស្រាយ មុន​​ធ្វើអ្វី​មួយ​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ ហើយ​អ៊ីចឹង​រដ្ឋ​ត្រូវ​ឆ្លើយ​តប​ទៅ​លើ​ចំណុច​អ្វី​ខ្លះ ដូច​ជា ចំណុច​ដែល​ត្រូវ​ឆ្លើយ​តប​ទៅ​លើ​ស្បៀង​អាហារ ឆ្លើយ​តប​ទៅលើ​ការ​បាត់​ប្រាក់​ចំណូល គាត់​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង គាត់​ត្រូវ​មាន​ផែនការ​រួច​ជា​ស្រេច​កុំ​ចាំ​តែ​ពលរដ្ឋ​លើក​ឡើង​ហើយ ទើប​ទៅ​ដោះ​ស្រាយ​ក្រោយ ឃើញ​ស្ថានភាព​បែប​នេះ គឺ​ឃើញ​ប្រជា​ពលរដ្ឋ​ច្រើន​ស្រែក​ច្រើន​តើ​នៅ​តាម​បណ្ដាញ​សង្គម»។

ជាទូទៅ​របប​ឯក​បក្ស​មិន​ដែល​ទទួល​យក​ការរិះគន់ ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ អំពី​ភាព​អសកម្ម​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ របប​ឯក​បក្ស​តែងតែ​ចាត់​ទុក​មតិយោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ក្រុម​ប្រឆាំង​ទៅវិញ។ ក្រុម​អ្នក​តាមដាន​សង្គម អះអាង​ថា សំឡេង​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​កញ្ចុះ​ឆ្លុះ​សង្គម ដែល​ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​យល់​ពី​តួនាទី​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង"

  1. so socheath says:

    អាពូជសំផឹង !
    ពួកអ្ហែងអស់ហ្នឹង វាគ្មានអីធ្វើ ក្រៅតែញុះញង់ អុចអាល
    បង្ករចលាចលក្នុងសង្គមនោះទេ អាចុយម៉្រាយ ​ !

  2. Anonymous says:

    AH…SO SOCHEATH >>>CHHKOUTH