សាច់ញាតិ​រក​អន្តរាគមន៍​​ពី​សង្គម​ស៊ីវិល​ឱ្យ​ជួយ​ប្ដឹង​​​រឿង​​​​ធ្វើ​ទារុណកម្ម​យុវជន​ម្នាក់​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង

ដោយ ម៉ៅ សុធានី
2021-05-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​រក​អន្តរាគមន៍​​ពី​សង្គម​ស៊ីវិល​ឱ្យ​ជួយ​ប្ដឹង​​​រឿង​​​​ធ្វើ​ទារុណកម្ម​យុវជន​ម្នាក់​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង

យុវជន​ឈ្មោះ ពិន គិមសេង ជា​ជន​រង​គ្រោះ ដែល​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាច់ញាតិ​​យុវជន​ម្នាក់​ដែល​ស្លាប់​​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​​បាន​ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​ថា បាន​​​​វាយ​​ធ្វើ​ទារុណកម្ម​លើ​ជន​រងគ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​។​ លោក​ស្រី​បាន​ស្វែង​​រក​កិច្ច​អន្តរាគមន៍​​ទៅ​សង្គម​ស៊ីវិល​ផ្នែក​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ស្លាប់​នេះ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​​​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ។

ជន​រង​គ្រោះ​ឈ្មោះ​ ពិន គិមសេង​ អាយុ ២១ឆ្នាំ រស់​នៅ​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​បាន​ស្លាប់​ក្នុង​​ពេល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​កាល​ពី​យប់​ថ្ងៃ​ទី​៣​ឧសភា។

មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​បាត់ដំបង​មិន​បាន​រៀបរាប់​លំអិត​ជុំវិញ​មរណៈ​ភាព​នេះ​ទេ។ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ លោក​ កាក់​ សីលា​ បាន​បញ្ជាក់​នៅ​ក្នុង​សំបុត្រ​មរណៈ​​ភាព​ចុះ​ថ្ងៃ​ទី៣ ខែ​ឧសភា​ថា​ ជនរងគ្រោះ​បាន​ស្លាប់​​​បណ្ដាល​មក​ពី​ហើម​សួត។

សាច់​ញាតិ​ជនរងគ្រោះ​បាន​ប្រតិកម្ម​នឹង​​ការ​លើក​របស់​គ្រូពេទ្យ​នេះ​។ ម្ដាយ​ជន​រងគ្រោះ​លោក​ស្រី មេត សុខសាន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៦ឧសភា​ថា ​នៅ​មុន​ពេល​ជាប់​ឃុំ​ ​កូន​របស់​គាត់​​មាន​សុខភាព​​មាំមួន​អាច​ធ្វើ​ការងារ​ជា​ធម្មតា​ ហើយ​មិន​ធ្លាប់​កើត​ជំងឺ​​សួត​ពី​មុន​មក​​ឡើយ។​លោកស្រី ចាត់​ទុក​ការ​ស្លាប់​​នេះ​ថា ជា​ការ​វាយ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ​ក្នុង​ពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ​​ខេត្ត​បាត់ដំបង។ ​ស្ត្រី​វ័យ​៤១​ឆ្នាំ​រូប​នេះ​ បញ្ជាក់​ទៀត​ថា ​សាកសព​​ជនរងគ្រោះ​មាន​ស្នាម​ជាំលើ​ក្បាល​ហើម​ប៉ោង ​និង​​ទន់​ក​​ខុស​ប្រក្រតី​ប្រៀប​ដូច​គេ​វាយ​បាក់​ឆ្អឹង​ក៖ «ខ្ញុំ​សំណូម​ពរ​ឱ្យ​លោក​ហ៊ុន សែន​ រក​យុត្តិធម៌​ឱ្យ​កូន​ខ្ញុំ​ផង​​ព្រោះ​ថា កូន​ខ្ញុំ​មាន​ទោស​អី​បាន​ធ្វើ​ទារុណកម្ម​គ្នា​រហូត​ដល់​ស្លាប់។ ប៉ោង​ក្បាល​ហើយ​ហូរ​ឈាម​តាម​ត្រចៀក​ទៀត​ ដាច់​ក​គ្នា​ហ្នឹង​ឡើង​ទន់​រឡាក់​។​ទោះ​មិន​បាន​អី​មក​វិញ​ក៏​ឱ្យ​ដឹង​ខុស​ត្រូវ​ថា កូន​ខ្ញុំ​មាន​ទោស​អី បាន​ធ្វើ​ទារុកម្ម​គ្នា​ដល់​ស្លាប់។ ខ្ញុំ​ថា ជា​រឿង​មួយ​អយុត្តិធម៌​បំផុត»។

លោក​ស្រី​ មេត សុខសាន បន្ត​ថា លោក​ស្រី​បាន​ស្វែង​រក​អន្តរាគមន៍​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​ខេត្ត​បន្ទាយ​មាន​ជ័យ​រួច​ហើយ ដើម្បី​ឱ្យ​ជួយ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ឱ្យ​កូន​របស់​គាត់។

លោក ពិន គិមសេង ត្រូវ​បាន​ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​នេះ​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​លួច​នៅ​​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង។ អំឡុង​​ពេល​ជាប់​ឃុំ​​រយៈ​ពេល​៣​ខែ​នោះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​​ទៅ​​ក្រុម​គ្រួសារ​របស់​គាត់​ចំនួន ២លើក​ប៉ុណ្ណោះ។

នៅ​ក្នុង​វីដូឃ្លិប ដែល​អាស៊ី​សេរី​ទទួល​បាន​បង្ហាញ​ថា ​សាកសព​​ជនរងគ្រោះ​មាន​ឈាម​ហូរ​ចេញ​តាម​ត្រចៀក​​ប្រឡាក់​ពេញ​ក្បាល​ និង​មាន​ស្នាម​ជាំ​ត្រង់​ក។

​ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ​​ មន្ត្រី​ពន្ធនាគារ​មិន​បាន​វាយ​ធ្វើ​ទារុណកម្ម​​លើ​ជន​ជាប់​ឃុំ​ដូច​ការ​ចោទ​ប្រកាន់​របស់​សាច់ញាតិ​នោះ​ឡើយ​។​លោក​បញ្ជាក់​ថា ការ​​ស្លាប់​នេះ​ត្រូវ​បាន​គ្រូពេទ្យ​​ត្រួតពិនិត្យ​រក​ឃើញ​ថា ​​ជនរងគ្រោះ​​ស្លាប់​​បណ្ដាល​មក​ពី​ជំងឺ​ហើម​សួត​​​ធ្ងន់ធ្ងរ៖ «អីចឹង​ខាង​ខ្ញុំ​មិន​ទទួល​ស្គាល់​ថា​ វា​ជា​អំពើ​​ធ្វើ​ទារុណកម្ម​ទេ​ គឺ​អានេះ​ជា​អាការៈ​ដែល​ស​បង្ហាញ​អំពី​ជំងឺ​សួត​ ហើយ​បុគ្គល​គាត់​ហ្នឹង​មាន​ប្រវត្តិ​ប្រើ​គ្រឿង​ញៀន​។​អីចឹង​សួត​គាត់​ហ្នឹង​ប៉ះពាល់​ដោយសារ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពី​មុន​មក​ ហើយ​ខ្ញុំ​សួរ​ទៅ​ខាង​ជំនាញ​ខាង​គ្រឿង​ញៀន​ទៀត​ក៏​គេ​ពន្យល់​ថា ប្រហែល​ជា​គាត់​ប្រើប្រាស់​ ប្រភេទ​គ្រឿង​ញៀន​មួយ​ប្រភេទ​ទៀត​នោះ​ដែល​វា​ជះឥទ្ធិពល​ដល់​សុខភាព​ខ្លាំង​នៅ​ពេល​ដែល​យើង​ផ្ដាច់​វា»

ផ្ទុយ​ពី​ការ​លើក​របស់​មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារ​នេះ គ្រូពេទ្យ​ប្រចាំ​គ្លីនិក​នៅ​ទី​ក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក (USA) លោក​វេជ្ជ​បណ្ឌិត ឆាន់ ទូច មាន​ប្រសាសន៍​ថា ​ជំងឺ​សួត​មិន​​បណ្ដាល​ឱ្យ​សាកសព​ទន់​ក ហើម​ក្បាល​និង​ហូរ​ឈាម​តាម​ត្រចៀក​នោះ​ទេ៖ «យើង​ចេះ​តែ​និយាយ​​ផ្ដេសផ្ដាស​​​ ស្លាប់​ដោយ​សារ​ជំងឺ​មិន​មែន​អីចឹង​ទេ​បាទ​។បើ​តាម​ការ​គិត​របស់​ខ្ញុំ​ប្រហែល​ជា​ទណ្ឌកម្ម​ទេ​មើល​ទៅ​ វាយ​ធ្វើ​បាប​ដល់​បាក់​ក​ជាំ​អីចឹង​។បើ​ថា​ឱ្យ​​ស្លាប់​ដោយសារ​ជំងឺ​សួត​លក្ខណៈ​ហ្នឹង​គឺ​គ្មាន​ទេ​ ហើយ​បើ​តាម​ការ​រៀបរាប់​ហ្នឹង​ខ្ញុំ​ជឿ​ថា​ប្រហែល​នឹង​ទណ្ឌកម្ម»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង ​លោក យិន ម៉េងលី វិញ លោក​មាន​ប្រសាសន៍​ថា ការ​ស្លាប់​នេះ​​មាន​អន្ទិល​សង្ស័យ​ជា​ច្រើន ដែល​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ ដោយសារ​ជនរងគ្រោះ​មាន​​ស្នាម​ជាំ​ហើម និង​ហូរ​ឈាម​តាម​ត្រចៀក។ លោក​និយាយ​ថា លោក​នឹង​ប្រឹង​ធ្វើ​ការងារ​នេះ​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ៖ «កូន​គាត់​អត់​មាន​ជំងឺ​សួត​ទេ​ អ្នក​មាន​ជំងឺ​​ប្រចាំ​កាយ​ទេ​ចុះ​ហេតុ​អី​ បាន​ជា​ចាប់​មក​រយៈ​ពេល​៣ខែ​មាន​ជំងឺ​បែប​នេះ​។​អីចឹង​បាន​ជា​លិខិត​របស់​ពេទ្យ​ស្លាប់​ដោយសារ​ជំងឺ​សួត​ធ្វើ​ឱ្យ​គេ​មិន​អស់​មន្ទិល​សង្ស័យ​ហ្នឹង​។​អីចឹង​ឱ្យ​ខាង​ពន្ធនាគារ​ក្ដី​ខាង​មន្ទីរ​ពេទ្យ​ក្ដី​ធ្វើ​របាយការណ៍​បាន​លំអិត​ជាង​ហ្នឹង​ស្លាប់​ដោយសារ​ជំងឺ​សួត​ហ្នឹង​ស្លាប់​របៀប​ម៉េច​ពន្យល់​ឱ្យ​គេ​បាន​យល់»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជន​ជាប់​ឃុំ​បាន​ស្លាប់​ក្នុង​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​នោះ។

កាល​ខែ​មេសា ឆ្នាំ២០២០ បុរស​ម្នាក់​ឈ្មោះ អន ទិត្យ អាយុ ៣៨ឆ្នាំ រស់នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ក៏​បាន​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​ដែរ។ ការ​ស្លាប់​នេះ​ត្រូវ​បាន​សាច់ញាតិ​ជន​រង​គ្រោះ​សង្ស័យ​ថា ដោយសារ​ការ​ធ្វើ​ទារុណកម្ម​របស់​មន្ត្រី​ពន្ធនាគារ​ក្នុង​ពេល​ជាប់​ឃុំ​ ហើយ​សាច់​ញាតិ​បាន​ប្ដឹង​​​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ស្វែង​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles