សាច់​ញាតិ​​ស្នើ​ក្រសួង​មហា​ផ្ទៃ​ស៊ើប​រឿង​​​ហិង្សា​លើ​បុរស​ម្នាក់​​​បណ្តាល​ឱ្យ​​ស្លាប់​​​ពេល​សមត្ថ​កិច្ច​សាកសួរ​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |០៧ ឧសភា ២០២១ |ម៉ោង ១៨:២៨
VOD

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)


សាច់ញាតិសពបុរសម្នាក់នៅខេត្តបាត់ដំបង ស្នើក្រសួងមហាផ្ទៃបើក​ការ​​ស៊ើបអង្កេតឡើងវិញ លើករណីប្អូនប្រុសរបស់ខ្លួនដែល​រងអំពើហិង្សា​រហូត​ដល់ស្លាប់ ក្នុងអំឡុង​ពេល​​សមត្ថកិច្ចស្រុកសង្កែចាប់​ខ្លួន​យក​​ទៅសាកសួរ។

បុរសដែលស្លាប់នោះ​មាន​ឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ មាន​មុខរបរជា​ជាងផ្សា​រដែក រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបងមួយ ស្រុកសង្កែ​ ខេត្តបាត់ដំបង បានស្លាប់​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ខណៈសមត្ថកិច្ចបាននាំគាត់​ទៅសាកសួរ បន្ទាប់ពីម្ដាយក្មេកប្ដឹងទៅសមត្ថកិច្ច ដោយ​​​ ចោទប្រកាន់ថា​បានសម្លាប់ភរិយាខ្លួនឯង

ក្នុងពាក្យបណ្ដឹងរបស់បងជនរងគ្រោះដែលបាន​ដាក់ទៅក្រសួងមហាផ្ទៃ ចុះ​​ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១ ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនខ្លួន​ប្អូនប្រុសរបស់គាត់​ទៅអ​ធិការស្រុក​សង្កែ ដើម្បីធ្វើការ​សាកសួរនោះ ស្រាប់តែរយៈពេល៣​ម៉ោងក្រោយមក ប្អូនប្រុស​របស់​គាត់​​​ក៏បាន​ស្លាប់ ហើយនៅលើខ្លួនសពក៏​មានស្នាមជាំពេញ​ខ្លួន ហូរឈាមតាមច្រមុះ ត្រចៀក និងស្នាមនៅខ្នង រួមទាំងកន្លែងដាក់ខ្នោះដៃ ជាដើម។

អ្នកស្រី ពេជ្រ លីណា ដែលជាបងស្រី​​របស់សព​​ឈ្មោះ ពេជ្រ ធារ៉េត បាន​ឱ្យដឹងថា​​ មូលហេតុដែលអ្នកស្រីស្នើ​ឱ្យស៊ើបអង្កេតលើករណីស្លាប់របស់ប្អូនប្រុសគាត់ឡើងវិញនោះ​ ដោយ​សារ​តែ​​ប្អូនប្រុស​មិនមែនស្លាប់ដោយសារ​គាំងបេះដូងដូច របាយការណ៍ របស់អធិការស្រុកសង្កែនោះ​ឡើយ។

អ្នកស្រីអះអាង​ថា ការស្លាប់របស់ប្អូនប្រុសគាត់បណ្ដាលមកពីការធ្វើទារុណកម្មធ្ងន់ធ្ងរ ទើបរាងកាយសព​មានស្នាមជាំពេញខ្លួននិងហូរឈាមច្រមុះ ខណៈខោអាវដែលប្អូនគាត់​​​ស្លៀក​ពាក់ជាប់​ខ្លួនពេលសមត្ថកិច្ចចាប់យកទៅនោះ ក៏ត្រូវបានដោះចេញហើយប្ដូរខោ​អាវផ្សេងជំនួសវិញផងដែរ។

អ្នកស្រីថា៖ «ពេលអ៊ុំខ្ញុំទៅបើកសាកសពមើលបានឃើញ គឺស្លុតតែម្ដង! ដោយសារអីសពមានឈាមតាមច្រមុះ តាមត្រចៀក​ ក្បាលបែក ភ្នែកឡើងជាំ​ខ្មៅ ហើយកន្លែងខ្នោះកដៃឡើងខូងជាំខ្មៅ​ ហើយកន្លែងភ្លៅគឺវាយឡើងសុះតែម្ដង ហើយកជើងមានស្នាមអុចៗ។ ហើយខាងអធិការថា​ដួលម៉ូតូ ប៉ុន្តែរូបភាពជាក់ស្ដែងដែលគេថតពេលដាក់ខ្នោះប្អូនខ្ញុំ​នៅផ្ទះ រូបភាពជើងប្អូនខ្ញុំ​ចាប់តាំងឆ្អឹងករហូតដល់ក្បាលគ្មានស្នាមអីទាំងអស់»។

អ្នកស្រី ពេជ្រ លីណា ស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ដល់គ្រួសារអ្នកស្រី ដោយធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ និងចាត់វិធានការច្បាប់​លើអ្នកដែលប្រើប្រាស់អំពើហិង្សា ដើម្បីកុំឱ្យមានករណីនេះកើតឡើងចំពោះអ្នកដទៃទៀតផងដែរ។ 

អ្នកស្រី​ថា៖ «ខ្ញុំដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃដែលប្រឆាំងនឹងការធ្វើទារុណកម្មហ្នឹង​ ឱ្យគាត់រកយុត្តិធម៌ឱ្យប្អូនខ្ញុំវិញ ព្រោះអត់ត្រូវយកប្អូនខ្ញុំទៅវាយធ្វើទារុណកម្មដល់ស្លាប់អ៊ីចឹងទេ​ បើប្អូនខ្ញុំខុស គាត់ដាក់គុកទៅ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងកំពុងធ្វើការងារនេះ ប៉ុន្តែសម្រាប់លទ្ធផលស៊ើបអង្កេតនោះ លោកថាមិនទាន់ដឹងនៅឡើយ។

លោកថា៖ «គេស្រាវជ្រាវមើលសិន​​! គ្រាន់តែជម្រាបជូនថា រាល់[ការងារស៊ើបអង្កេត]​ធម្មតា សូម្បីតែចាប់ចោរ ចោរក៏វាមិនដែលថាត្រូវទេ! អ៊ីចឹងទុកឱ្យសមត្ថកិច្ចធ្វើការងារហ្នឹងសិន»។

អធិការស្រុកសង្កែ លោក ស៊ុន សុវណ្ណ មិនអាចសុំការបំភ្លឺជុំវិញការចោទរបស់ក្រុមគ្រួសារសពបានទេនៅថ្ងៃនេះ។

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង ​លោក យិន ម៉េងលី មានប្រសាសន៍ថា ករណីដែល​ក្រុមគ្រួសារសពចាត់ទុកថាជាការធ្វើទារុណកម្មលើ​​ជនរងគ្រោះ ក្នុងពេលសមត្ថកិច្ចសួរចម្លើយនិងជាប់នៅក្នុងពន្ធនាគារ​ក្នុងខេត្តនេះ ​បានកើតមាន​ចំនួន៣ករណីហើយ ប៉ុន្តែមកដល់ពេលនេះ ក្រុមគ្រួសារមិនទាន់​ទទួលបានយុត្តិធម៌នៅឡើយ។

លោកស្នើទៅក្រសួងមហាផ្ទៃដែលជាអ្នកចុះស៊ើបអង្កេតសំណុំរឿងនេះ ឱ្យពន្លឿននីតិវិធីដើម្បីផ្តល់​យុត្តិធម៌ជូនជនរងគ្រោះ។​

លោកថា៖ «យើងចង់ឱ្យស៊ើបអង្កេតមួយឱ្យបានច្បាស់លាស់ ហើយបើរកឃើញលទ្ធផល សុំឱ្យមានចាត់វិធានការទៅតាមច្បាប់ចំពោះមន្ត្រី ដោយមិនមានការយោគយល់ ព្រោះកាលណាស្លាប់មនុស្សហើយ គ្មានការស៊ើបអង្កេតឱ្យច្បាស់លាស់ទេ​ អ៊ីចឹងរបាយការណ៍ដែលបង្ហាញទៅមិនបានច្បាស់លាស់​ មានការសង្ស័យ ហើយបញ្ហាហ្នឹងវានៅតែកើតឡើងបន្ថែមទៀត»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles