សាលា​រាជធានី​ភ្នំពេញ​ប្រកាស​បន្ត​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់​ក្នុង​រាជធានី​នេះ​រយៈ​ពេល ៧ថ្ងៃ​ទៀត

ដោយ សុជីវី
2021-05-07
RFA

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​បន្ត​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់​ក្នុង​រាជធានី​នេះ​រយៈ​ពេល ៧ថ្ងៃ​ទៀត

ផ្សារ​ស្ទឹង​មានជ័យ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ ចាប់​តាំង​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាលា​រាជធានី​ភ្នំពេញ​ប្រកាស​បន្ត​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់​ក្នុង​រាជធានី​នេះ​រយៈ​ពេល ៧ថ្ងៃ​ទៀត គឺ​ចាប់​​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា​នេះ​រហូត​ដល់​ថ្ងៃ​ទី១៤ ឧសភា​ខាង​មុខ។

សេចក្ដី​សម្រេច​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ចេញ​កាល​ពី​យប់​ថ្ងៃ​ទី៦ ខែឧសភា ឱ្យ​ដឹង​ថា ការ​សម្រេច​នេះ​​យោង​តាម​តម្រូវ​ការចាំបាច់​ចំពោះ​មុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​សម្រេច​ម្ដង​រួច​មក​ហើយ កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែមេសា​ ដោយ​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​រយៈពេល១៤ ថ្ងៃ ហើយ​ដែល​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី៧ ខែ​ឧសភា។ កាល​ណោះ​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​បាន​កើន​ឡើង​ខ្លាំង​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​ក្រុង​នេះ ព្រម​ទាំង​រំពឹង​ថា​វិធានការ​នេះ​នឹង​ជួយ​ទៅដល់​ការ​កាត់​ផ្ដាច់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍។ តែ​ទៅ​ជា​យ៉ាង​ពលរដ្ឋ​ត្អូញត្អែរ​ថា ពួក​គាត់​ពិបាក​រក​ទិញ​អាហារ​ហូបចុក រីឯ​អាជីវករ​ក៏​ត្អូញត្អែរ​ថា បាត់បង់​ចំណូល​ដោយ​មិនបាន​ចេញ​លក់​ដូរ​ដូច​មុន ជាមួយគ្នា​នេះ​កសិករ​ក៏​​មិន​អាច​ប្រមូល​ផល ដោយ​ទុក​ផល​ដំណាំ​ឱ្យ​ខូច​ចោល​ក្នុង​ចម្ការ ព្រោះ​គ្មាន​ទៅ​យក​មក​លក់​ក្នុង​ទីក្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles