អង្គការ-​សមាគម​​ចំនួន​៤​ ស្នើ​​​ក្រសួង​​ផ្តល់​​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន​ចូល​យក​ព័ត៌មាន​នៅ​តំបន់​​ក្រហម​

កូវីដ-១៩ | ព័ត៌មានជាតិ | សេរីភាពសារព័ត៌មាន
លោក ឃុត សុគន្ធ | ០៧ ឧសភា ២០២១ |ម៉ោង ១៦:៣៧
VOD

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន៤ អំពាវនាវទៅក្រសួងព័ត៌មាន ស្តារឡើងវិញនូវ​​​​​​សិទ្ធិរបស់អ្នកសារព័ត៌​មាន​ក្នុងការ​ចូលទៅយកព័ត៌មានដោយសុវត្ថិភាពនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ការអំពាវនាវរបស់អង្គការសមាគមទាំងនេះធ្វើឡើងក្រោយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៤ ខែឧសភា បានព្រមានចាត់វិធានការច្បាប់លើអ្នកសារព័ត៌មាន ដែលចុះផ្សាយព័ត៌មានពាក់ព័ន្ធវិធានការបិទខ្ទប់និងវិធានការសុខាភិបាលបំភ្លៃខុសពីការពិត ហើយធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំនិងបង្កភាពច្របូកច្របល់ក្នុងសង្គម​ នៅអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍រួម​របស់​​អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន៤ រួមមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) សហព័ន្ធអ្នកសារព័ត៌​មាន​អន្តរ​ជាតិ (IFJ) និងក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានលើក​ឡើង​ថា លទ្ធភាពរបស់អ្នកសារព័ត៌មានក្នុងការផ្លាស់ទីដោយសេរីទៅក្នុងតំបន់ក្រហម គឺមានភាពចាំបាច់ណាស់ដល់ការងាររបស់ពួកគេ ក្នុងការផ្តល់ព័ត៌មានជូនដល់សាធារណជន។ ប៉ុន្តែការដកហូតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននាពេលថ្មីៗនេះ ដោយមិនឱ្យចូលយកព័ត៌មានក្នុងតំបន់ក្រហមនោះ បានរឹតត្បិតសិទ្ធិរបស់ពួកគេក្នុងការរាយការណ៍ដោយសេរីនិងយុត្តិធម៌។

សេចក្តីថ្លែងការណ៍រួមបន្តថា ក្រៅពីការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មានមិនឱ្យចូលក្នុង«តំបន់ក្រហម» ការអនុញ្ញាតចូលទៅ«តំបន់លឿងទុំ»សម្រាប់តែអ្នកសារព័ត៌មានដែលត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលនោះ គឺបានដាក់កម្រិតលើលំហូរព័ត៌មាន ខណៈការផ្តល់ព័ត៌មានទៅសាធារណជនគឺជាគន្លឹះក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

អង្គការ-សមាគមទាំងនោះបញ្ជាក់ថា អ្នកសារព័ត៌មានឯករាជ្យមួយចំនួនបានត្រៀមខ្លួនទទួលយកហានិភ័យ និងចាត់វិធានការការពារខ្លួន​ដែលចាំបាច់យ៉ាងម៉ត់ចត់ ដើម្បីចុះយកព័ត៌មានក្នុងតំបន់ក្រហម ទៅតាមវិធីដែលអាចការពារខ្លួនពួកគេនិងការពារសុវត្ថិភាពសាធារណជន​បាន។

អង្គការសមាគមអ្នកសារព័ត៌មានបានបន្តទៀតថា​ អ្នកសារព័ត៌មានទាំងអស់ដែលប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល គោលការណ៍វិជ្ជាជីវៈ និងមានក្រមសីលធម៌ត្រឹមត្រូវនោះ គួរតែត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងតំបន់ក្រហម និងតំបន់លឿងទុំ។ ពួកគេយល់ថា ការរឹតត្បិតនេះនឹងធ្វើ​​ឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារសេរីភាពសារព័ត៌មាននិងការទទួលបានព័ត៌មាន។

អ្នកសារព័ត៌មានទាំងអស់ ទាំងអ្នកសារព័ត៌មានបម្រើការតាមស្ថាប័ន និង​អ្នកសារព័ត៌មានឯករាជ្យមិនមានស្ថាប័ន (freelance journalists) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ហើយគួរតែទទួលបានសិទ្ធិស្មើគ្នាក្នុងការចូលយកព័ត៌មានក្នុងតំបន់ហាមឃាត់។ នេះបើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ។

អង្គការ-សមាគមអ្នកសារព័ត៌មាន បានទាមទារឱ្យក្រសួងព័ត៌មានអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មានឯករាជ្យមិនមានស្ថាប័ន (freelance journalists) បំពេញមុខងាររបស់ពួកគេនៅទូទាំងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ហើយថា អ្នកសារព័ត៌មានដែលមានបណ្ណបញ្ជាក់អត្តសញ្ញាណនៅមានសុពលភាព និងប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹង មានការពាក់ម៉ាស់ ហើយមានការប្រុងប្រយ័ត្នខ្ពស់នោះ ត្រូវតែទទួលបានការអនុញ្ញាតឱ្យបន្តការងាររបស់ពួកគេដោយប្រក្រតី។

អង្គការ-សមាគមអ្នកសារព័ត៌មាន បាន​គូសបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកសារព័ត៌មាន យើងជឿជាក់ថា ការផ្តល់​ព័ត៌មានត្រឹមត្រូវ ឆ្លងកាត់ការផ្ទៀងផ្ទាត់ និងមិនលម្អៀង គឺជាសេវាកម្មសាធារណៈដ៏ចាំបាច់មួយ។ ហើយយើងខ្ញុំសូមជំរុញដល់ក្រសួងព័ត៌មាន មេត្តាអនុញ្ញាតឱ្យអ្នកសារ​ព័ត៌មានឯករាជ្យទាំងជនជាតិកម្ពុជានិងជនបរទេស អាចបន្តបំពេញតួនាទីដ៏សំខាន់នេះ»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ លោក ណុប វី មានប្រសាសន៍ថា ប្រសិនបើមានការបិទ​ខ្ទប់ឬមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅយកព័ត៌មានក្នុងតំបន់ណាមួយនោះ វានឹងប៉ះពាល់ទៅដល់ការទទួល​​ព័ត៌​មានពិតរបស់សាធារណជន។

ករណីនេះ លោក​​បានទទូចឱ្យមានការគាំទ្រ​​និងអនុញ្ញាតឱ្យមានស្ថាប័នសារព័ត៌មានចម្រុះ អាចចូលទៅយកព័ត៌មាននៅតំបន់ហាមឃាត់ណាមួយបានដូចៗគ្នា ដោយពុំមានការរើសអើង ដើម្បីឱ្យពួកគេអាចប្រមូល​យកព័ត៌មានផ្សេងៗ ដែលប្រជាពលរដ្ឋកំពុងជួបបញ្ហាយកទៅ​ផ្សព្វផ្សាយ​ឱ្យសាធារណជន​និងរដ្ឋាភិបាលបានដឹង ហើយធ្វើការដោះស្រាយទាន់ពេលវេលា។

លោក ណុប វី បន្ថែមថា៖ «អ្វីដែលជាការព្រួយបារម្ភរបស់យើង គឺយើងព្រួយបារម្ភរឿងទាក់ទង​នឹងផលប៉ះពាល់ទៅដល់ការទទួលបានព័ត៌មានពីសាធារណជនទូ​ទៅ រួមជាមួយខាងអាជ្ញាធរក៏ដូចជា​ប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីគាត់ដឹងអំពីបញ្ហារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម និងតំបន់ដែលមានការរាំងខ្ទប់។ នេះជាការ​ព្រួយរបស់យើង ដែលយើងទាមទារធ្វើម៉េច​​ឱ្យមានការអនុញ្ញាតឱ្យអ្នកសារព័ត៌មាន​គាត់អាចចេញចូលដើម្បីយកព័ត៌មានបាន ដោយសារតែពួកគាត់មានវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩»

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ សុំមិនបកស្រាយនឹងសេចក្តីថ្លែងការណ៍របស់អង្គការ-សមាគមទាំង៤នេះ។

តែយ៉ាងណា លោក​ថា៖ «ក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មានទាំងអស់គោរពទៅតាមសារាចរ បទបញ្ជាណែនាំ និងគោលការណ៍ណែនាំរបស់សមត្ថកិច្ច ​ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍​ប្រជាពលរដ្ឋ សុខភាពសាធារណៈ​ និងប្រទេសជាតិយើងទាំងមូលដែលកំពុងតែស្ថិតក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ»

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អង្គការ​សង្គមស៊ីវិលចំនួន​៤៥ ​បាន​ផ្សព្វផ្សាយរបាយណ៍ មួយដោយ​លើក​ឡើង​​ថា គិតចាប់តាំងពី​អំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ មានអ្នកកាសែត៣នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយចំនួន៦ត្រូវបានក្រសួងព័ត៌មាន​ដកអាជ្ញាបណ្ណ ពាក់ព័ន្ធនឹង​សកម្មភាព​រាយការណ៍ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles