មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ប្រកាន់​ជំហរ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង

ដោយ សេក បណ្ឌិត
2021-05-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ប្រកាន់​ជំហរ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង

(ឆ្វេងលើ) លោក ឯម សុវណ្ណរ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ (ក្រោម) លោក កឹម សុខា និង​លោក ប៉ាប្លូ កាង (Pablo Kang) អគ្គរដ្ឋទូត​អូស្ត្រាលី​ និង (កណ្ដាល) លោក សួន សូរីដា តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា រូប៖ ហ្វេសប៊ុកលោក គឹម សុខ លោក កឹម សុខា និង​ Suon So Rida


មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក សួន សូរីដា អះអាង​ថា លោក កឹម សុខា កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ហើយ​លោក​ប្រកាន់​ជំហរ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ប្រដូច​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ថា កំពុង​ដង​ទឹក​ស្អុយ​ដាក់​ពាង។ អ្នក​វិភាគ​លើក​ឡើង​ថា លោក កឹម សុខា គួរ​តែ​បង្ហាញ​សកម្មភាព​ឱ្យ​សកម្ម​ជាង​សព្វថ្ងៃ ដូច​ជា សកម្មភាព​មនុស្សធម៌​ជា​ដើម។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា អះអាង​ថា លោក កឹម សុខា កំពុង​ធ្វើ​សកម្មភាព​សម្រប​សម្រួល​នយោបាយ ដែល​ឈាន​ដល់​ការ​ផ្សះផ្សា​ជាតិ។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ឱ្យ​ដឹង​ថា ពេល​នេះ​ស្ថានទូត​ប្រទេស​សេរី​រង់ចាំ​តែ​ជួយ​សម្រប​សម្រួល​នយោបាយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​លោក កឹម សុខា ត្រូវ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ភាគី​ជម្លោះ​គណបក្ស​កាន់​អំណាច​អាច​បែរ​មក​អង្គុយ​ជជែក​គ្នា​ឡើង​វិញ៖ «យើង​បាន​ធ្វើ​ការ​ដែល​ធ្វើ​ឱ្យ​ភាគី​អន្តរជាតិ​លូក​ដៃ​មក​អន្តរជាតិ​មក​អន្តរាគមន៍​នៅ​តែ​ភាគី​នៃ​ជម្លោះ​ជជែក​គ្នា​ទេ​តើ។ អ៊ីចឹង ដើម្បី​ឱ្យ​ភាគី​នៃ​ជម្លោះ​ជជែក​គ្នា គឺ​យើង​ដែល​ភាគី​ដែល​ជម្លោះ​ហ្នឹង ហើយ​ដែល​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មិន​ដែល​បង្ក​ឱ្យ​មាន​ផ្ទុះ​ចេញ​នូវ​កំហឹង គំនុំ​សងសឹក​កើត​ឡើង ហើយ​បើ​កាល​ណា​យើង​បង្ក​ឱ្យ​មាន​នូវ​គំនុំ​សងសឹក​កើត​ឡើង​យុទ្ធសាស្ត្រ​របស់​យើង​បរាជ័យ»

លោក​ថា ពេល​នេះ​លោក កឹម សុខា កំពុង​ធ្វើ​សកម្មភាព​ធំៗ បី គឺ​កំពុង​ជួប និង​បន្ត​ធ្វើ​ គឺ​ជួប​សវនាការ​ជាមួយ​អង្គ​ទូត​ប្រទេស​សេរី​ ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឱ្យ​ប្រទេស​ទាំង​នោះ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ម្ចាស់​ហត្ថលេខី។ ការ​ចុះ​ជួប​ពលរដ្ឋ បាន​ចូលរួម​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា លោក កឹម សុខា នៅ​តែ​ស្វែង​រក​ការ​ចរចា និង​ការ​ជជែក​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ដោយ​អហិង្សា និង​មិន​យក​ខ្មែរ​ជា​សត្រូវ។

ដោយ​ឡែក ចំពោះ​ការ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ លោក សួន សូរីដា យល់ថា អ្នក​ទាំង​នោះ​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​ម្ចាស់​ឆ្នោត ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា អ្នក​សុំ​សិទ្ធិ​នយោបាយ និង​បង្កើត​បក្ស​ថ្មី គឺ​លទ្ធផល​ចប់​ទាំង​ជីវិត​នយោបាយ ចប់​ទាំង​កេរ្តិ៍ឈ្មោះ ដែល​លោក​យល់​ថា ស្មើ​នឹង «រត់​ចេញ​ទៅ​ដង​ទឹក​ស្អុយ​ដាក់​ពាង»។

មក​ដល់​ពេល​នេះ អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចំនួន ២២នាក់​ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨នាក់ (ស្លាប់​ម្នាក់) ដែល​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា លើក​ឡើង​ថា ការ​រក្សា​គោល​ជំហរ​លោក កឹម សុខា នូវ​គោល​នយោបាយ​អហិង្សា ឬ​មិន​សុំ​សិទ្ធិ​នយោបាយ ឬ​ទៅ​បង្កើត​បក្ស​ថ្មី ធ្វើ​ឲ្យ​លោក​រក្សា​បាន​ប្រជាប្រិយភាព ​ហើយ​អន្តរជាតិ​នៅ​តែ​បន្ត​ជួប​លោក។ ទោះ​យ៉ាង​នេះ​ក្ដី លោក ឯម សុវណ្ណារ៉ា យល់​ថា បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គួរ​តែ​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​ថែម​ទៀត ដើម្បី​ឱ្យ​មាន​លទ្ធផល​នៃ​ដំណោះស្រាយ​នយោបាយ៖ «ទាមទារ​ឱ្យ​មាន​តម្លៃ និង​កម្លាំង​នយោបាយ​ ហើយ​បើ​សិន​អ្នក​នយោបាយ​​អត់​កម្រើក​អ៊ីចឹង​ ធ្វើ​បាន​មាន​កម្លាំង​នយោបាយ​ដែល​ចរចា ឬ​ទាមទារ ឬ​ក៏​រក​ខុស​ត្រូវ​ខ្លួន​ឯង សម្រាប់​បក្ស​ខ្លួន​ឯង រហូត​មក​ដល់​ថ្ងៃ​នេះ​ អត់​ទាន់​មាន​លទ្ធផល​ខ្លួន​ឯង​រក​យុត្តិធម៌​មាន​ឯ​ណា»

ដោយ​ឡែក អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក គឹម សុខ យល់​ថា ការ​ប្រកាន់​ទស្សនៈ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស​បាន​ត​ទៅ​ទៀត។ លោក​បន្ត​ថា ចរិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តាម​រំលាយ​បក្ស​ប្រឆាំង​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​មូលដ្ឋាន៖ «គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ស៊ី​ច្រើន​អាណត្តិ​ទៅ​ទៀត ពី​ព្រោះ​នយោបាយ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង​នៅ​ប្រទេស​កម្ពុជា គឺ​មិន​ជួប​ភ្លៀង​ទេ ប៉ុន្តែ​ទី​បំផុត​គឺ​ជួប​ព្យុះ​ទៅ​វិញ ព្យុះ​នៃ​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ព្យុះ​នៃ​ការ​រំលាយ​គណបក្សប្រឆាំង ព្យុះ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាំង​ពី​បណ្ដាញ​ថ្នាក់​លើ​ដល់​ជើង​ក្រោម​មូលដ្ឋាន ព្យុះ​នៃ​ការ​គំរាម​កំហែង​សព្វ​បែប​យ៉ាង​ទាំង​អស់ ដែល​អ្នក​ប្រជាធិបតេយ្យ​ងើប​មិន​រួច​ទេ»

ឆ្លើយ​តប​នឹង​ទស្សនៈ​ក្រុម​អ្នក​វិភាគ​នេះ លោក​ សួន សូរីដា ថា ពេល​នេះ​អ្វី​ដែល​លោក កឹម សុខា ធ្វើ​ មិន​អាច​បំពេញ​តាម​ចិត្ត​អ្នក​ចង់​បាន​ទេ ប៉ុន្តែ​គឺ​ជា​ការ​ធ្វើ​តាម​លទ្ធភាព និង​ប្រើប្រាស់​ការ​សន្ទនា ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ៖ «ការ​ជជែក​គ្នា​ការ​ចរចា​គ្នា​ទៅ​បាន​លុះ​ត្រា​តែ​មនោសញ្ចេតនា​នៃ​ភាគី​ទាំង​សង​ខាង​ទោ​ទន់​ទៅ​រក​គ្នា ​អត់​មាន​កំហឹង​នឹង​គ្នា។ បើ​សិន​យើង​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា យើង​ប្រើ​ពាក្យ​សម្ដី​ទាំង​ឡាយ​ណា ដែល​បង្ក​ឱ្យ​ចរិត​ញុះញង់ សងសឹក​រវាង​ខ្មែរ និង​ខ្មែរ ​តើ​ការ​ចរចា ការ​ជជែក​គ្នា​អាច​ឈាន​ទៅ​បាន​ទេអត់​ទេ»

ទោះ​យ៉ាង​ណា​ក្ដី លោក សួន សូរីដា ថ្លែង​ថា​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ការ​ជជែក​គ្នា​ណា​មួយ​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន នៅ​ឡើយ​ទេ។ លោក​ថា ចាប់​តាំង​ពី​មាន​វិបត្តិ​នយោបាយ​ លោក កឹម សុខា បាន​ជួប​អង្គុយ​ជជែក​ផ្ទាល់​ជាមួយ​លោក ហ៊ុន ​សែន ម្ដង​គត់ កាល​ពី​ខែ​ឧសភា ឆ្នាំ២០២០ គឺ​ក្នុង​ពិធី​បុណ្យ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles