សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​គំនរ​ឈើ​ហ៊ុប​រាប់​រយ​ដើម​កាប់​ចេញ​ពី​ព្រៃឡង់ ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម​ភីអ៊ីនធី

ដោយ ទីន ហ្សាការីយ៉ា
2021-05-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​គំនរ​ឈើ​ហ៊ុប​រាប់​រយ​ដើម​កាប់​ចេញ​ពី​ព្រៃឡង់ ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម​ភីអ៊ីនធី

ប្រជា​សហគមន៍​ព្រៃឡង់ និង​ក្រុម​យុវជន​ប្រទះឃើញ​គំនរ​ឈើ​ហ៊ុប​រាប់រយ​ដើម នៅ​តាម​ដងផ្លូវ​ចូល​ព្រៃ​ឡង់ ក្បែរ​ការដ្ឋាន​របស់​ក្រុមហ៊ុនវៀតណាម​ភីអ៊ិនធី (PNT Co., Ltd.) កាល​ពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០២១។ Photo Provided


ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី (PNT Co., Ltd.) នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​ឈើ និង​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​ដោយ​គ្មាន​ការ​ទប់ស្កាត់​។ ប្រជា​សហគមន៍​ព្រៃឡង់ និង​ក្រុម​យុវជន​អះអាង​បែប​នេះ បន្ទាប់​ពី​ពួកគាត់​បាន​ប្រទះឃើញ​គំនរ​ឈើ​ហ៊ុប​រាប់រយ​ដើម នៅ​តាម​ដងផ្លូវ​ចូល​ព្រៃ​ឡង់ ក្បែរ​ការដ្ឋាន​របស់​ក្រុមហ៊ុន​មួយ​នេះ។ ពួកគេ​ថា ឈើ​ទាំងនោះ ត្រូវ​បាន​គេ​ដឹក​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡង់ ចូល​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម ឋិត​ក្នុង​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

ក្រុម​យុវជន និង​ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ អះអាង​ថា គំនរ​ឈើ​ហ៊ុប​ទាំងនោះ មានមុខ​កាត់​ចាប់​ពី ៣​តឹក ដល់ ៦​តឹក ប្រវែង ៥​ម៉ែត្រ ដល់ ៧​ម៉ែត្រ​ដែល​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​វៀតណាម​កាប់​ចេញ​ពី​តំបន់​ស្នូល​ព្រៃឡង់ នៅ​ចំណុច​វាលស្រែ​អាចម៍ដែក​រួច​ដឹក​មក​ទម្លាក់​ទុក ពាសពេញ​ផ្លូវ ក្បែរ​បរិវេណ​ក្រុមហ៊ុន​ភីអ៊ិនធី។ ប្រភេទ​ឈើ​ទាំងនោះ​ភាគច្រើន គឺជា​ដើម​ត្បែង ឈ្លីក ផ្ចឹក និង​សុក្រំ ជាដើម។

អ្នកសម្របសម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ឧសភា ថា ក្នុង​បរិវេណ​ក្រុមហ៊ុន ចាប់ពី​តំបន់​មួយ ដល់​តំបន់ ៥ គ្មាន​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ ហើយ​គំនរ​ឈើ​ទាំងនោះ ជា​ឈើ​ប្រមូល​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡង់​។ លើស​ពី​នេះ មេការ​ក្រុមហ៊ុន លោក ចាប សារ៉ន មាន​ងារ​ជា​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស កំពុង​ប្រើ​អំណាច​កាង​ការពារ ដំណើរការ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​។ លោក​ថា កម្មករ​របស់​ក្រុមហ៊ុន​រាប់​សិប​នាក់ ប្រដាប់​ដោយ​រណា​យន្ត គោយន្ត និង​រថយន្ត​ច្នៃ​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព កាប់​ឈើ​ចេញពី​តំបន់​ព្រៃឡង់ ជា​បន្តបន្ទាប់​ជា ៣ សប្តាហ៍​មក​ហើយ៖ «ខ្ញុំ​យល់ឃើញ​ថា លោក ចាប សារ៉ន តួនាទី​គាត់​ជា​អាវុធហត្ថ​ការពារ​ព្រៃឈើ ជា​គណៈកម្មការ​មួយ​ហើយ បែរជា​គាត់​មក​ធ្វើ​ឈើ និង​បំផ្លាញ​ឈើ​សួរ​ថា ត្រឹមត្រូវ​អត់​តំបន់​នោះ​បរិស្ថាន​គ្រប់គ្រង តំបន់​ស្នូល​របស់​គេ មិនអាច​ចូល​បានទេ ហេតុ​អី​បាន ចាប សារ៉ន ចូល​ធ្វើ​ឈើ​បាន​។ អ៊ីចឹង​មានន័យថា ទាំង ចាប សារ៉ន ទាំង​មន្ត្រី​បរិស្ថាន និង​ក្រសួង​កសិកម្ម សុទ្ធតែ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ បាន​ជា​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​បាន»។

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​ហ៊ាន​អះអាង​បែប​នេះ បន្ទាប់​ពី​លោក និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ប្រថុយ​ជីវិត ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ពី​ស្ថានភាព​ព្រៃ​ឡង់​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨ ឧសភា ស្រប​ពេល​ដែល​ក្រសួង​បរិស្ថាន​មិន​អនុញ្ញាត​ឱ្យ​សហគមន៍​ល្បាត​ព្រៃ។

បេសកកម្ម​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ទាំងនេះ ក្រុម​យុវជន និង​ប្រជា​សហគមន៍​ព្រៃ​ឡង់ ៦​នាក់ បាន​ថតរូប​ភាព និង​វីដេអូ បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ បង្ហោះ​តាម​បណ្ដាញ​សង្គម ក្នុង​បំណង​ឱ្យ​ពលរដ្ឋ វាយតម្លៃ​ពី​សមត្ថភាព​ការពារ​ព្រៃឈើ របស់​អាជ្ញាធរ និង​ក្រសួងបរិស្ថាន​។ ពួកគាត់​ធ្វើ​បែប​នេះ ព្រោះ​ពួកគាត់​នឿយហត់​នឹង​រាយការណ៍​រឿង​ដដែលៗ​អំពី​បទល្មើស​ព្រៃឈើ ទៅ​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​តែងតែ​ច្រាន​ចោល និង​មិន​ដោះស្រាយ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្តព្រះវិហារ លោក មាស ញឹម និង​មេការ​ក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២៨ ឧសភា។ ចំណែក អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ អ្នកនាំពាក្យ​សាលាខេត្ត​នេះ លោក យ៉ុង គឹមហឿង និង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ក៏​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ថា ករណី​បទល្មើស​ព្រៃឈើ​ទាក់ទង​នឹង​ក្រុមហ៊ុន​ភីអិនធី​នេះ ខាង​ស្ថាប័ន​អយ្យការ​បាន​បញ្ជូន​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ លោក​រុញ​ឱ្យ​អាស៊ីសេរី​សួរ​ទៅ​ចៅក្រម​ស៊ើបសួរ​វិញ ព្រោះ​ផុត​ពី​ដៃ ព្រះរាជអាជ្ញា​ហើយ​។ តែ​យ៉ាងណា​លោក​ថា បើ​ក្រុមហ៊ុន​អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ ពួកគេ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់៖ «ខាង​ណា​ដល់ដៃ​ចៅក្រម សួរ​ចៅក្រម​ទៅ បើ​បន្ត​មានតែ​រុញ​ទៅ​ជម្រះ ខ្ញុំ​ម៉េច​ចាំ​អស់ មិនដឹង​ចៅក្រម​ណា​កាន់​ផង»។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨​ពាន់​ហិកតារ (៧.៩០០) នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ​។ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ទៅវិញ។

មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ កំពុង​ធ្វើឡើង​ដោយ​បើកចំហ ដែល​ទំនង​ជា​មាន​ការ​បើកដៃ ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ។ លោក​ថា ក្រុម​យុវជន និង​ប្រជា​សហគមន៍ គួរតែ​ប្តឹង​បរិហារ​ទៅ​តុលាការ​ថែមទៀត ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​បំពេញ​តួនាទី​ការពារ​សម្បត្តិ រដ្ឋ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់៖ «ជាពិសេស​អំពើពុករលួយ វា​ធ្ងន់ធ្ងរ​បទល្មើស​ព្រៃឈើ និង​កាប់​ឈើ​ហ្នឹង មេភូមិ រហូតដល់​ស្ថាប័ន​ជំនាញ ទទួល​ភារកិច្ច​ការពារ​ព្រៃឈើ ឃុបឃិត​គ្នា​។ ប្រសិនជា​ក្រុម​មន្ត្រី​ទាំងអស់​ហ្នឹង មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ម្ល៉េះ​វា​មិន​មាន​សកម្មភាព​កាប់​ឈើ​ហ្នឹង​បានទេ»។

កាលពី​ថ្ងៃទី​១៩ មេសា​កន្លង​ទៅ ប្រជា​សហគមន៍​ព្រៃឡង់ ៨​នាក់ មេការ​ក្រុមហ៊ុន ភីអ៊ិនធី ម្នាក់ និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ១០​នាក់ ដឹកនាំ​ដោយ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្តព្រះវិហារ​បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​ពេញ​មួយថ្ងៃ​។ ក្រុម​មន្ត្រី និង​អ្នក​ល្បាត​ក៏បាន​ប្រទះឃើញ​ដើមឈើ​ធំៗ ជាច្រើន​ដើម ដែល​ភាគច្រើន​ជាដើម​ច្បោះ​ជ័រទឹក ត្រូវ​គេ​កាប់​រំលំ​ធ្វើ​អាជីវកម្ម ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់​ដែរ។

ប្រជា​សហគមន៍​បន្ថែម​ថា ក្រុមហ៊ុន​មាន​រោងចក្រ​អារច្រៀក​ឈើ ៤​គ្រឿង និង​មាន​រថយន្ត​ច្នៃ ៤​គ្រឿង កំពុង​ធ្វើ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម នៅក្នុង​តំបន់​គ្រប់គ្រង​របស់​មន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។ លើស​ពី​នេះ ពលរដ្ឋ​មូលដ្ឋាន​ខ្លះ និង​ពលរដ្ឋ​ចំណូល​ថ្មី​រាប់​សិប​នាក់ បាន​ស៊ីឈ្នួល​អារឈើ​លក់​ឱ្យ​ក្រុមហ៊ុន។

អង្គការ​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយនេះ ព្រៃឡង់​ដែល​មាន​ទំហំ​ជាង ៤​សែន​ហិកតារ បាន​បាត់បង់​ផ្ទៃដី​ចំនួន​២៤% ឬ​ស្មើនឹង​ជាង ១ សែន​ហិកតារ (១០២.៤៣៦) ក្លាយ​ទៅជា​វាលរហោឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​គំនរ​ឈើ​ហ៊ុប​រាប់​រយ​ដើម​កាប់​ចេញ​ពី​ព្រៃឡង់ ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម​ភីអ៊ីនធី"

  1. Anonymous says:

    this is AH.. KVAK … DEY SAMPATEIN SETHAKECH land concession mean give away land . HUN SEN >> DEY SAMPATHEAN. for me I call DEY..KBOTHCHEATH

Leave a Reply

Submit Comment