សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វត្តមានយោធា​ចិន​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​បើកទូលាយ​ការបោះឆ្នោតខាងមុខ

នយោបាយ
01 មិថុនា 2021
វីអូអេខ្មែរ
វីអូអេខ្មែរ

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)
អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

វ៉ាស៊ីនតោន —  លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ​និង​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​ឯករាជ្យ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោកស្រី​ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​ក្តី​ព្រួយ​បារម្ភ​នេះ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។

សេចក្តី​ប្រកាស​ព័ត៌មានដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា៖​

«លោកស្រី ​Sherman អនុរដ្ឋ​មន្ត្រី​ការបរទេស​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​វត្តមាន​យោធា​និង​ការសាងសង់​អគារ​របស់​ចិន​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ដែល​នៅ​ក្នុង​ឈូងសមុទ្រ​ថៃ»

លោកស្រី​ Sherman ​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ពី​ការវាយ​ចោល​អគារ​ចំនួន​២​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​សាងសង់​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​ ដោយ​ចាត់​ទុកថា​ទង្វើ​នេះនឹង​ធ្វើ​ឲ្យ​ខូចខាត​អធិបតេយ្យ​ភាព​កម្ពុជា​ គំរាមកំហែង​ដល់​សន្តិសុខ​តំបន់​ និងមាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ទៀត​ថា៖ «លោកស្រី​អនុរដ្ឋ​មន្ត្រី​បាន​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​រក្សា​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ និង​រក្សា​តុល្យភាព​ ដើម្បីផលប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ពលរដ្ឋ​កម្ពុជា»។ ​

ប្រតិភូ​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ ដោយ​លោកស្រី ​Sherman បាន​ទៅដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃចន្ទ។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយ​មាន​ការចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​លើ​សកម្មជន​សហជីព​ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ក្នុង​នោះ​មានលោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​បង្ខំ​ឲ្យ​ថ្នាក់​ដឹកនាំ​ដទៃទៀត​នៃ​គណបក្សរស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស។ ​

ក្នុងជំនួប​ជាមួយ​នឹង​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន ​លោកស្រី ​Sherman ក៏​បាន​សង្កត់​ធ្ងន់​លើ សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​និង​ការការពារ​សេរីភាព​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា៖

«លោកស្រី​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​និង​អន្តរជាតិ​និង​ធានា​ដល់​ការការពារ​សិទ្ធិ​កម្មករ។ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយ​ប្រឆាំង អ្នកសារព័ត៌មាន​និង​សកម្មជន​នានា»

លោកស្រី ​Sherman ​ក៏​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើកចំហរ​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល​នៅ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ ​

លោកស្រី​ Sherman ​ក៏បាន​ជួប​នឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​លោក​ កឹម សុខា​ ផងដែរ​ដោយផ្តោត​លើ​អនាគត​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សន្តិភាព​ ចម្រុងចម្រើន​ អធិបតេយ្យ​និង​ប្រជាធិបតេយ្យ។

លោកស្រី​អនុរដ្ឋមន្ត្រី​ក៏​បាន​ធានា​ដល់​លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ពី​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើការ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​ផង​ដែរ៕

What Next?

Related Articles

2 Responses to "សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វត្តមានយោធា​ចិន​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​បើកទូលាយ​ការបោះឆ្នោតខាងមុខ"

  1. Anonymous says:

    I quest this AH CHESSTU felling sick when he know his future will be soon end. being an evil man for so many decade finally this evil monster come to an end soon . as I used to say the evil will have it’s day

  2. Anonymous says:

    I can not say this strong man of Cambodia will be that strong to fight back to the US . if nay thing felt not just only him will getting a big problem his hole families and also all Cambodian . I quest HUN SEN is trying to great world war three in this region .

Leave a Reply

Submit Comment