2021-06-01
RFA
ភាគីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងវត្មានអ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញអំពីក្ដីកង្វល់ខ្លាំងអំពីវត្តមាន និងការកសាងបរិក្ខារយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគី បន្ទាប់ពីអ្នកស្រីបានមកដល់កម្ពុជានៅរសៀលថ្ងៃទី១ មិថុនានេះ។ ដំណើរទស្សនកិច្ចដ៏កម្ររបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមកកាន់កម្ពុជានេះ ធ្វើឡើងចំពេលស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្ថិតក្នុងភាពយ៉ាប់យ៉ឺន។
ស្ថានទូតសហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលជំនួបរវាង អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅល្ងាចនេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងអំពីវត្តមាន និងការកសាងបរិក្ខារយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ អ្នកស្រីបានសួរបញ្ជាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាអំពីការវាយកម្ទេចចោលអាគារពីរខ្នង ដែលជាជំនួយរបស់អាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ឱ្យបានត្រឹមត្រូវ។ អ្នកស្រីគូសបញ្ជាក់ថា មូលដ្ឋានកងទ័ពចិននៅកម្ពុជា នឹងប៉ះពាល់ដល់អធិបតេយ្យកម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman)ជំរុញថ្នាក់ដឹកនាំកម្ពុជា ឱ្យរក្សាគោលនយោបាយការបរទេសអព្យាក្រឹត្យ និងឯករាជ្យ ដោយតម្កល់ផលប្រយោជន៍ពលរដ្ឋខ្មែរជាធំ។ ជុំវិញរឿងសិទ្ធិមនុស្សវិញ អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសិទ្ធិមនុស្ស និងកិច្ចការពារសេរីភាពជាមូលដ្ឋាន ដែលជាគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្ដេជ្ញាចិត្តទាំងថ្នាក់ជាតិ និងអន្តរជាតិអំពីការគោរពសិទ្ធិមនុស្ស ហើយនិងធានាឱ្យបាននូវកិច្ចគាំពារដល់សិទ្ធិកម្មករផងដែរ។ ជាងនេះទៅទៀត អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយលើអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនជាបន្ទាន់។ ម្យ៉ាងវិញទៀត អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលបើកលំហនយោបាយ និងពលរដ្ឋឡើងវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសាកសួរអំពីជំហរក្នុងជំនួបនេះបានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
អំឡុងទស្សនកិច្ចមកកាន់កម្ពុជានេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) ក៏បានជួបជាមួយតំណាងមកពីសង្គមស៊ីវិល និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផងដែរ។ ជំនួបនោះ គឺដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន ដែលមានសារៈសំខាន់រួមគ្នាជាមួយសហរដ្ឋអាមេរិក ដូចជា ការធានាបាននូវប្រទេសកម្ពុជាមួយ ដែលមានសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យនាពេលអនាគត។
អ្នកស្រីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលខ្លីនៅកម្ពុជានៅល្ងាចថ្ងៃទី១ មិថុនាដដែល រួចបន្តដំណើរទៅទីក្រុងបាងកក (Bangkok) ទីដែលអ្នកស្រីនឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលថៃអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការរឹតចំណងសេដ្ឋកិច្ច ការលើកកម្ពស់សេរីភាពមូលដ្ឋាន បញ្ហាមួយចំនួនក្នុងតំបន់ទន្លេមេគង្គ និងវិបត្តិនៅភូមា មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី៤ មិថុនា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HAS….HAS..HA… I will not let any one invaded my sovereignty . after all it was HUN SEN’s sovereignty because he wanted to SDACH PEARL