ខ្មែរ​ក្រោម​ទាមទារ​ទៅ​វៀតណាម​ថា ត្រូវ​​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក

ដោយ យន់ សាមៀន
2021-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរ​ក្រោម​ទាមទារ​ទៅ​វៀតណាម​ថា ត្រូវ​​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក

(រូប​ឈរ) ​ឧកញ៉ា ស៊ឺន គុយ និង​​ព្រះសង្ឃ​វីរបុរស​ខ្មែរក្រោម ដែល​​លះបង់​ជីវិត ដើម្បីទាមទារ​សិទ្ធិ​សេរី​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។ រូប​ថត​នៅ​ក្នុង​ពិធី​រំឭក​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សហគមន៍​ខ្មែរ​ក្រោម ប្រារព្ធ​ខួប ៧២ឆ្នាំ នៃ​ថ្ងៃ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​វៀតណាម​ទាំង​ខុស​ច្បាប់ រយៈ​ពេល​វែង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​រហូត​ដល់​ចុង​ខែ​មិថុនា។ ថ្ងៃ​ទី១ នៃ​ការ​ប្រារព្ធ​ខួប​នៃ​ទិវា​កាន់​ទុក្ខ​ជាតិ​ខ្មែរ លើក​ទី៧២ នេះ សហគមន៍​ខ្មែរ​ក្រោម ទាមទារ​ទៅ​វៀតណាម​ត្រូវ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក។ ជុំវិញ​ការ​ប្រារព្ធ​ខួប​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យល់​ថា ខ្មែរ​ ក្រោម​មាន​សិទ្ធិ​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ស្រុក ប៉ុន្តែ រដ្ឋាភិបាល​មិន​អាច​ជួយ ឬ​លូក​ដៃ​ការ​ទាមទារ​នេះ​បាន​ទេ ព្រោះ​ពេល​នេះ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​ហើយ។

សហគមន៍​ខ្មែរ​ក្រោម​ជួប​ការ​លំបាក​ក្នុង​ការ​រៀបចំ​ឱ្យ​ជួបជុំ ក្នុង​ពេល​នៃ​វិបត្តិ​នៃ​ជំងឺ Covid-19 ប៉ុន្តែ សហគមន៍​បាន​លើក​យក​បញ្ហា​ខ្មែរ​ក្រោម និង​ទាមទារ​សិទ្ធិ​សេរីភាព មក​ជជែក​តាម​បណ្ដាញ​សង្គម (Facebook) ក្រៅ​ពី​នេះ ក៏​មាន​ការ​ប្រមូល​ថវិកា​​ដើម្បី​ចែក​ជួន​ពលរដ្ឋ​ក្រីក្រ ជាពិសេស ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ថាច់ សេដ្ឋា ឱ្យ​ដឹង​ថា សហគមន៍​ខ្មែរ​ក្រោម​នៅ​តែ​ជំរុញ​ទៅ​វៀតណាម​ត្រូវ​ទទួល​ស្គាល់​ការពិត​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក។ លោក​ស្នើ​ទៅ​ខ្មែរ​ក្រោម​រស់​នៅ​តាម​ប្រទេស​នានា​ និង​ខ្មែរ​កណ្ដាល​ផង​ដែរ​រួម​គ្នា​ជា​សំឡេង​រួម​មួយ ទាមទារ​ឱ្យ​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ដូច​ដែល​វៀតណាម​បាន​ផ្ដល់​សច្ចាប័ន​ទៅ​អង្គការ​សហប្រជាជាតិ​​កន្លង​ទៅ៖ «រឿង​អង្គការ​អន្តរជាតិ​នានា​យើង​តែងតែ​ជំរុញ​ឱ្យ​យួន (វៀតណាមត្រូវ​តែ​ទទួល​ស្គាល់​នៃ​ប្រវត្តិសាស្ត្រ​ពិត​ជាពិសេស​ខ្មែរ​នៅ​ទី​នោះ​ជា​ជនជាតិ​ដើម​អ្នក​កសាង​ទឹកដី​ពិត​ប្រាកដ​មែន​យួន​ (វៀតណាមមិន​អាច​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ហ្នឹង​បាន​ទេ»

លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​ទៀត​ថា ដ្បិត​ការ​រម្លឹក​ខួប​នេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៤ ខែមិថុនា​ក្ដី ប៉ុន្តែ ប្រសិន​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​ខាង​មុខ ស្ថាន​ភាព​ជំងឺ​កូវីដ​ចុះ​ថមថយ នឹង​មាន​ការ​រៀបចំ​ពិធី​ជួបជុំ និង​ការ​ធ្វើ​ការ​ពិធី​សាសនា​ឱ្យ​បាន​ធំ​ដុំ។

ក្នុង​ថ្ងៃ​នៃ​ខួប​បាត់បង់​ទឹក​ដី​នេះ​ដែរ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្ដូរ រូប​លើ​ប្រូហ្វាល (Profile) របស់​ខ្លួន នូវ​រូប​សញ្ញា​កាន់​ទុក្ខ​ជា​រូប​ទង់​ជាតិ​កម្ពុជា​ក្រោម ផែនទី​ទឹក​ដី​ខ្មែរ និង​រៀបរាប់​ពី​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​ដែនដី​​ខ្មែរ​ក្រោម​។​ អ្នក​ផ្សេង​ទៀត ក៏​បាន​បង្ហោះ​ចម្រៀង​បង្ហាញ​ពី​លះបង់​ជីវិត​របស់​ឧកញ៉ា ស៊ឺន គុយ ដែល​ជា​ការ​ប្ដូរ​មក​វិញ សិទ្ធិ​សេរី​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។

ចំណែក​សហព័ន្ធ​ខ្មែរ​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​វិញ ក៏​នឹង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បាត់​បង់​ទឹក​ដី​នេះ​ដែរ។ សាខា​សហព័ន្ធ​នឹង​ធ្វើ​ពិធី​នៅ​តាម​រដ្ឋ​នីមួយៗ។ មន្ត្រី​សហព័ន្ធ​លើក​ឡើង​ថា ចាប់​តាំង​ពី​វៀតណាម​ត្រួតត្រា​ទឹក​ដី​ខ្មែរ​ក្រោម​មក វៀតណាម​មាន​មហិច្ឆតា​បំបាត់​ អត្តសញ្ញាណ​ខ្មែរ​ក្រោម​រួម​មាន ការ​កែ​ប្រែ​ឈ្មោះ​ខេត្ត​ពី​ខ្មែរ​ទៅ​ជា​ភាសា​វៀតណាម បំបាត់​វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និង​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ជា​ដើម។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ឲ្យដឹង​ថា ដើម្បី​ទប់​ស្កាត់ មហិច្ឆតា​របស់​វៀតណាម​នេះ សហព័ន្ធ​នឹង​បំផុស​ស្មារតី​ស្នេហាជាតិ​ដល់​បងប្អូន​ខ្មែរ​ក្រោម ដែល​កំពុង​រស់​លើ​ទឹកដី​កំណើត​ឲ្យ​ប្រកាន់​ភ្ជាប់​និង​រក្សា​អត្ត​សញ្ញាណ​ជា​ខ្មែរ​ក្រោម​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ជោគជ័យ​ទៅ​ថ្ងៃ​ក្រោយ។

កម្ពុជា​បាន​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ខេត្ត​ចំនួន២១ កាល​ពី​ឆ្នាំ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជាក្រោម​ទៅ​ឱ្យ​វៀតណាម​ទាំង​ខុស​ច្បាប់​និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។


ទោះ​យ៉ាង​ណា​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាត់​ទុក​ទឹក​ដី​ខ្មែរ​មួយ​នេះ​ជា​របស់​វៀតណាម​ទៅ​ហើយ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មិន​ដែល​បង្ហាញ​ការ​ឈឺ​ឆ្អាល​ពី​ទុក្ខ​លំបាក​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ជិះជាន់ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ដែរ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើក​ឡើង ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​ទៅ​លូក​លាន់​លើ​បញ្ហា​ខ្មែរ​ក្រោម​បាន​ទេ​ព្រោះ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​ដែន​ដី​អធិបតេយ្យ​ភាព​របស់​វៀតណាម។ ទោះ​យ៉ាងណា​​ សង្កេត​ឃើញ​ ថា​ សហគមន៍​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ឬ​តាម​ប្រទេស​នានា​មាន​សិទ្ធិ​បើក​វិទ្យុ ទូរទស្សន៍ និង​ធ្វើ​​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​នៅ​លើ​អន្តរជាតិ​ និង​នៅ​អង្គការ​សហប្រជាជាតិ៖ «ថ្ងៃ​ប្រវត្តិសាស្ត្រ​ហ្នឹង​យើង​​នាំ​គ្នា​មើល​ប្រវត្តិសាស្ត្រ​​ទៅ​យើង​យល់​មិន​បាច់​ខ្ញុំ​ពន្យល់​ធ្វើ​អីអត់​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ទេ​ព្រោះ​ដី​នៅ​កម្ពុជា​តាំង​ពី​អាណានិគម​ដើរ​ចេញ​មក​​ជា​ដី​ប្រគល់​ឱ្យ​វៀតណាម​ទៅ​ហើយ​ហ្នឹង»

ប្រតិកម្ម​តប​ទៅ​នឹង​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ ពលរដ្ឋ​ខ្មែរ លោក ថាច់ កឿង ដែល​កំពុង​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ថា លោក​សោក​ស្ដាយ​ចំពោះ​ជំហរ​បែប​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា។ យុវជន​ខ្មែរ​ក្រោម​រូប​នេះ​ឱ្យ​ទៀត​ថា ក្នុង​ថ្ងៃ​រំលឹក​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ថ្ងៃ​ទី៤ ខែ​មិថុនា នេះ​ លោក​បាន​បង្ហោះ​រូប​ទង់ជាតិ និង​ផែន​ទី​ខ្មែរ​ក្រោម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បញ្ជា​ឱ្យ​លុប​រូប​នោះ​ចោល និង​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​សួរ​នាំ​លោក​ដល់​កន្លែង​ស្នាក់​នៅ នា​ថ្ងៃ​ទី៦ ខែ​មិថុនា៖ «មាន​អី​គួរ​ឱ្យ​ខុស​ណា​គ្រាន់​តែ​យើង​បង្ហោះ​វីដេអូ​អញ្ចឹង​មាន​អី​គួរ​ខុស​ ប៉ុន្តែ​​អាជ្ញាធរ​វៀតណាម​ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​របស់​ខ្មែរ មិន​ឱ្យ​បង្ហោះ​អ្វី​ឡើយ។ ស្អែក​ហ្នឹង​ពេលវេលា​ម៉ោង ១០កន្លះ គេ​ចូល​មក​បន្ទប់​ប្អូន មាន​ការងារ​បន្តិច ប៉ុន្តែ​មិន​ដឹង​ការងារ​អី​ដែរ​គេ​ប្រាប់​ព្រឹក​មិញ»

អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ​ សាសនា​ និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម។ ​បច្ចុប្បន្ន​ ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក និង​នៅ​លើ​ទឹក​ដី​កំណើត កំពុង​ធ្វើ​ចលនា​នៅ​ជុំវិញ​ពិភពលោក ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​នៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ខ្មែរ​ក្រោម​ទាមទារ​ទៅ​វៀតណាម​ថា ត្រូវ​​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក"

  1. Anonymous says:

    it is a mission that we are wishing for but I knew it not that easy

  2. Anonymous says:

    I know some Cambodian did not know where exactly where KAM POUCHEA KROM is?? if you drive from Phnom Phen to KANDAL province past that province it is KAMPOUCHEA KROM. if you driving to BORVET to the border after that is CAMPOUCHEA KROM. after all Cambodia is not that big as what some one though . come on all AH..CHESSTU learn some more so that you can be a stable’s nation

Leave a Reply

Submit Comment