ប្រពន្ធ​ជន​រង​គ្រោះ​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​យុត្តិ​ធម៌​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ក្រោយ​ពេល​យោធា​បាញ់​ប្ដី​ធ្លាយ​ស្មា

ដោយ សេក បណ្ឌិត
2021-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រពន្ធ​ជន​រង​គ្រោះ​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​យុត្តិ​ធម៌​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ក្រោយ​ពេល​យោធា​បាញ់​ប្ដី​ធ្លាយ​ស្មា

អ្នកភូមិអង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥១ តវ៉ា​នឹង​ការ​រឹប​អូស​យក​ដី​ពួក​គាត់ ដោយ​​ដាក់​មែក​ឈើ និង​អាវ​​របស់​អ្នក​ភូមិ​ម្នាក់​ដែល​ត្រូវ​យោធា​បាញ់​បណ្ដាល​ឲ្យ​របួស​ស្មា កាល​ពី​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ប្ដី​ត្រូវ​យោធា​បាញ់​ឲ្យ​របួស​កាល​ពី​ថ្ងៃ​ទី ៣ មិថុនា បាន​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់​ព័ន្ធ។ ការ​លើក​ឡើង​នេះ​ដោយ​សារ​តែ​សមត្ថកិច្ច មិន​ទាន់​បង្ហាញ ឬ​វែក​មុខ​ជន​ល្មើស​ដែល​បាញ់​ប្រហារ​ដោយ​ហិង្សា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ​នៅ​ឡើយ។

គ្រួសារ​ក្រីក្រ​មួយ​រស់​នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ស្វែង​រក​យុត្តិធម៌​ឱ្យ​ប្ដី បន្ទាប់​​ពី​ក្រុម​យោធា​បាញ់​គ្រប់​ពិត​បណ្ដាល​ឱ្យ​ប្ដី​រង​របួស​ធ្ងន់​ដេក​ដួល​លើ​វាល​ស្រែ ហើយ​កំពុង​ត្រូវ​ពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

ប្រពន្ធ​ជន​រង​គ្រោះ លោក មុំ ចន្ថា គឺ លោក​ស្រី គាំ សាវន រៀប​រាប់​ប្រាប់​ថា​ប្ដី​លោក​ស្រី​មាន អាការៈ​គាត់​មិន​ទាន់​ល្អ​ប្រសើរ​នោះ​ទេ។ លោកស្រី​ព្រួយ​បារម្ភ​ពី​មុខ​របួស​ប្ដី ដែល​ត្រូវ​គ្រាប់​កាំ​ភ្លើង​ធ្លាយ​ស្មា​ខាង​ឆ្វេង​បន្ត​ហូរ​ឈាម។ ប្រពន្ធ​ជន​រង​គ្រោះ​រូប​នេះ​អះអាង​ថា​រហូត​ដល់​ពេល​នេះ​សមត្ថ​កិច្ច​មិន​ទាន់​បង្ហាញមុខ​ជន​ប្រព្រឹត្ត ដើម្បី​ផ្តល់​ក្ដី​សង្ឃឹម​ដល់​លោក​ស្រី​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ស្រី​នឹង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ប្ដី​តាម​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សិទ្ធិមនុស្ស​ដើម្បី​ជួយ​ផ្លូវ​ច្បាប់ វែក​មុខ​​​ជន​​ល្មើស​​យក​​ផ្ដន្ទាទោស៖ « បើ​អត់​ប្ដី​ខ្ញុំ​មួយ​រក​អត់​កើត ខ្ញុំ​ធ្វើការ​រោង​ចក្រ​បាន​ណា​គេ រឿង​ដែល​កើត​ឡើង​មាន​អារម្មណ៍​ថា ភ័យ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ស្លាប់​អ៊ីចឹង​ទៅ គាត​អ្នក​ណា​អ្នក​បាញ់​ពិបាក​អ៊ីចឹង ចង់​រក​យុត្តិ​ធម៌​ឱ្យ​គាត់»។

ឆ្លើយ​​តប​​រឿង​​នេះ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ចាត់​អភិបាល​រង​ខេត្ត និង​មន្ត្រី​ផ្សេង​ទៀត​ទៅ​សួរ​សុខ​ទុក្ខ ផ្តល់​ប្រាក់​មួយ​ចំនួន និង​សុំទោស រួម​ទាំង​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ឱ្យ​គ្រួសារ​ជន​រងគ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដែរ។ លោក​អះអាង​ថា ក្រោយ​កើត​ហេតុ​អាជ្ញាធរ បាន​ជួប​ប្រជា​ពលរដ្ឋ​ដោយ​សន្យា​ខិតខំ​ដោះ​ស្រាយ​ករណី​នេះ​តាម​រយៈ​គណៈកម្មការ​អន្តរ​ក្រសួង៖ «មិនមែន​ជា​បុគ្គល​ទេ អា​ហ្នឹង​គឺ​ប្រើ​បេសកកម្ម​អង្គ​ភាព យើង​នឹង​ណែ​នាំ យើង​នឹង​តប​ស្នង ការ​សង​គុណ​ការ​ជួយ​សង្គ្រោះ ការ​ព្យាបាល​ឡើង​វិញ ហើយ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​សុំ​ខមាទោស​បង​ប្អូន​ប្រជាជន និង​សុំ​ទោស​ចំពោះ​សាធារណ​ជន ថា​អង្គភាព​យោធា​បាន​ប្រើ​នេះ​ជ្រុល​ដៃ​បន្តិច ការ​បាញ់​ឡើង​លើ​នេះ​ប៉ះ​ដល់​ប្រជាជន»។

ចំណែក​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បញ្ជាក់​ដដែល​ថា ករណី​នេះ​លោក​សុំ​មិន​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​រឿង​នេះ ដោយ​លោក​លើក​ហេតុផល​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត៖ «អត់​បាន​ធ្វើ​ការ​ហ្នឹង កំពុង​ធ្វើ​ហើយ​បាន​មិន មិន​ទាន់​រាយការណ៍​ទេ គឺ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង»។

កាល​ពី​ថ្ងៃ​ទី៣ មិថុនា ពលរដ្ឋ​ជាង ៣០០នាក់ បាន​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ ដែល​ក្រុម​យោធា​បម្រុង​យក​ទៅ​ឈូស​ឆាយ​ដី​ស្រែ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ប្រជា​ពលរដ្ឋ។ ពេល​ពលរដ្ឋ​កំពុង​តវ៉ា ស្រាប់​តែ​ក្រុម​យោធា​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​បាញ់​ទៅ​លើ​ដី​និង​ឡើង​លើ ប៉ុន្តែ​ត្រូវ​ពល​រដ្ឋ​ម្នាក់។ ដី​មាន​ទំនាស់​របស់​ពលរដ្ឋ​និង​ក្រុម​យោធា មាន​ទំហំ ២៨០ហិកតារ។

ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មើល​ឃើញ​ថា ករណី​ក្រុម​យោធា​បាញ់​បង្ក្រាប​ប្រជា​ពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​នេះ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​សង្កេត​ឃើញ​ថា​ករណី​ហិង្សា​បាញ់​លើ​ពលរដ្ឋ​នេះ​តែង​តែ​កើត​ឡើង​បន្ត​បន្ទាប់ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​របួស ពិការ និង​ស្លាប់ ប៉ុន្តែ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​បាន​ស្វែង​រក​ជនល្មើស ឬ​អ្នក​ទទួល​ខុស​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ សង្គម​ស៊ីវិល​ក៏​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា​នេះ​ដោយ​ត្រឹម​ត្រូវ តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​លុប​បំបាត់​អំពើ​និទណ្ឌភាព បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​បង្ក​ហិង្សា​បន្ត​ទៀត៖ «សុំ​ទោស ចេញ​ថ្លៃ​ព្យាបាល​ហើយ​បញ្ចប់ អា​ហ្នឹង​ហើយដែល​គេ​ហៅ​ថា​វប្បធម៌​និទណ្ឌភាព វា​អាច​កើត​ឡើង​បន្ត​ទៅ​ទៀត​ពី​ព្រោះ​អ្នក​ដែល​ប្រើប្រាស់​អាវុធ​បាញ់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​របួស ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​អត់​ត្រូវ​បាន​យក​ទៅ​អនុវត្ត អា​ហ្នឹង​វប្បធម៌​និទណ្ឌភាព​ហើយ អ្នក​​ដែល​ពាក់​ព័ន្ធ​​ត្រូវ​​តែ​​ធ្វើ​​ការ​​ស៊ើប​​អង្កេត​​ឱ្យ​​បាន​​ច្បាស់​​លាស់​​ហើយ​​កំណត់​​អនុវត្ត​​ទៅតាម​​ផ្លូវ​​ច្បាប់ អា​ហ្នឹង​​ជា​​យុត្តិ​ធម៌​​ពេញ​​លេញ ហើយ​​ជា​​ការ​​ទប់​​ស្កាត់​​ដើម្បី​​កុំ​ឱ្យ​មាន​​ទង្វើ​​ហ្នឹង​​ត​​ទៅ​​ទៀត»។

សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ គឺ​មិន​បិទ​បញ្ចប់​អំពើ​និទណ្ឌភាព​បាន​ឡើយ ព្រោះ​ជន​ដែល​ប្រព្រឹត្ត​មិន​បាន​យក​ទៅ​អនុវត្ត​ទោស​តាម​ច្បាប់។ លោក​ថា​ករណី​នេះ​សង្គម​ស៊ីវិល​នឹង​ពិចារណា ប្រសិន​គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​ការ​មេធាវី​របស់​អង្គ​ការ។

ករណី​យោធា​ប្រើប្រាស់​កាំ​ភ្លើង​ពិត​បាញ់​ប្រហារ​ពលរដ្ឋ​រឿង​ទំនាស់​ដី​ធ្លី​នេះ តែង​កើត​មាន​ជា​ញឹកញាប់​នៅ​កម្ពុជា តួ​យ៉ាង​ដូច​ជា នៅ​ខេត្ត​ក្រចេះ​កាល​ពី​ឆ្នាំ២០១៨ និង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ២០១៩ ជា​ដើម។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើ​ប្រាស់ យន្ត​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដែល​មាន​ស្រាប់ ដើម្បី​ជៀស​វាង​អំពើ​ហិង្សា​របស់​មន្ត្រី​យោធា​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment