ខ្មែរ​ក្រោម​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ក្នុង​ឱកាស​រំឭក​ខួប​៧២​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី

ដោយ យន់ សាមៀន
2021-06-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរ​ក្រោម​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ក្នុង​ឱកាស​រំឭក​ខួប​៧២​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី

ផែនទីទឹកដីខ្មែរកម្ពុជាក្រោម។ RFA


ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព តាម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​រំឭក​ខួប​៧២​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី។ ពួក​គាត់​នៅតែ​សោកស្ដាយ ចំពោះ​ការបាត់បង់ សិទ្ធិ សេរីភាព និង​ទឹកដី​របស់​ខ្លួន ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​ខ្មែរក្រោម ត​ទៀត។

ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​នាំ​គ្នា​បន្ថែម​កម្រង​ស៊ុម ​(frame) រូប​ផែនទី​កម្ពុជា​ក្រោម នៅ​លើ​គណនី​ហ្វេសប៊ុក របស់​ពួកគេ និង ភ្ជាប់​អក្សរ​ថា យើង​ត្រូវ​រួមគ្នា ការពារ​សិទ្ធិ ខ្មែរ​ម្ចាស់​ស្រុក ឬ​ទិវា​កាន់ទុក្ខ​ជាតិ​ខ្មែរ​។ ឯ​អ្នក​ផ្សេង​ទៀត ក៏​បាន​បង្ហោះ​ចម្រៀង​នានា ដែល​បរិយាយ​ពី​ជីវភាព ទឹកដី វត្ត​អារាម នៅ​កម្ពុជា​ក្រោម និង​ការ​បង្ហាញ​វីរភាព​អតីត​អភិបាលខេត្ត​ព្រះ​ត្រពាំង ឧកញ៉ា ស៊ឺន គុយ ជាដើម​។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា នៅ​ប្រទេស​ថ្ងៃ និង​នៅ​លើ​ទឹកដី​កំណើត​កម្ពុជា​ក្រោម បង្ហាញ​ការ​សោកស្ដាយ​ពន់​ពេក ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម។

ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ គង់​នៅ​វត្ត​នាគវ័ន្ត រាជធានី​ភ្នំពេញ ព្រះភិក្ខុ យឿង វិជ័យ ឲ្យ​ដឹង​ថា ព្រះអង្គ​នៅតែ​សោកស្ដាយ ចំពោះ​អាណានិគម​បារាំង ដែល​បាន​កាត់​ទឹកដី​របស់​ខ្មែរ ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង កាលពី​៧២​ឆ្នាំមុន​។ ព្រះអង្គ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​កម្ពុជា​ក្រោម បាន​បាត់បង់​សិទ្ធិ​សេរីភាព​ទាំងស្រុង ចាប់តាំងពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន។

ព្រះអង្គ​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​បង្រៀន​អក្សរ​ខ្មែរ​តាម​វត្ត​អារាម​ឡើង​វិញ​បាន​ខ្លះ តែ​អនុញ្ញាត​ឲ្យ​រៀន​តែ​អក្សរ និង​សាសនា​ប៉ុណ្ណោះ ដោយ​ហាមប្រាម​ការ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ ដាច់​ខាត​។ ព្រះអង្គ​បញ្ជាក់​ថា កូនក្មេង​នៅ​ខ្មែរ​ក្រោម​ខ្លះ មិន​បាន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ទេ​។ ឯ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ គឺ​អាជ្ញាធរ​វៀតណាម នៅតែ​ធ្វើ​ទុក្ខបុកម្នេញ លើ​ពលរដ្ឋ​ខ្មែរ​ដដែល៖ «យើង​បាន​តែ​អក្សរ​ធម្មតា​ទេ​។ បើ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ គេ​មិន​ឲ្យ​បង្រៀន​ដាច់ខាត​។ នៅ​ក្នុង​សាលា​រដ្ឋ​វិញ បឋមសិក្សា ឬ​អនុវិទ្យាល័យ គេ​បញ្ចូល​អក្សរ​ខ្មែរ​យើង​បាន​២​ម៉ោង​។ ប៉ុន្តែ​ក្នុង​កម្មវិធីសិក្សា​របស់​គេ​ហ្នឹង ក៏​គេ​និយាយ​តែ​ពី​ការ​ចងក្រង​របស់​គេ​។ និយាយ​តែ​ពី​គឹង របស់​អ៊ំ គេ​ទេ​បាន​ន័យ​ថា និយាយ​អំពី​មនោគមវិជ្ជា​របស់​អ៊ំគេ​ទេ គឺ​ការ​បញ្ចូល​មនោគមវិជ្ជា ឲ្យ​កុមារ​ខ្មែរក្រោម»។

ការ​ធ្វើបាប​ពលរដ្ឋ​ខ្មែរ រស់នៅ​កម្ពុជា​ក្រោម ជា​បន្តបន្ទាប់​ច្រើន​ឆ្នាំ​មក​នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្លះ ភៀស​ខ្លួន​ចេញពី​ទឹកដី​កំណើត​នៅ​កម្ពុជា​ក្រោម លែង​ហ៊ាន​ត្រឡប់​ទៅវិញ​។ ជនភៀសខ្លួន​ខ្មែរក្រោម​ម្នាក់ កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ លោកស្រី យឿង ធីកង ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ខ្មែរ​ក្រោម នៅ​ក្នុង​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម ខកខាន​ប្រារព្ធ​ទិវា​រំលឹក​ខួប​៧២​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី ដោយសារ​អាជ្ញាធរ​ថៃ ដាក់​បម្រាម​ជួបជុំគ្នា បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)​។ លោកស្រី​បញ្ជាក់​ថា នៅពេល​អាជ្ញាធរ​ថៃ ដក​បម្រាម​ជួបជុំ​ពេល​ណា ពួកគាត់​នឹង​នាំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅក្នុង​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម​ដូច​រាល់​ឆ្នាំ ហើយក៏​នឹង​និមន្ត​ព្រះសង្ឃ​កម្ពុជា​ក្រោម ដែល​ឡើង​មក​រៀន នៅ​ប្រទេស​ថៃ មក​សូត្រ​មន្ត ផង​ដែរ៖ «ជាប់​កូវីដ​ហ្នឹង ហើយ​នៅ​កន្លែង​ស្នាក់ការ ដែល​ពួក​យើង​ជួល​ឲ្យ​ក្មេងៗ​រៀន​ហ្នឹង រដ្ឋបាល​គេ​ហាមឃាត់ មិន​ឲ្យ​ធ្វើ​អ្វី​ទាំងអស់​។ ឥឡូវ​សូម្បីតែ​រៀន ក៏​មិនទាន់​បាន​បើក​សាលារៀន​ផង។ អ៊ីចឹង គេ​ហាមឃាត់​មិន​ឲ្យ​យើង​ជួបជុំគ្នា ហើយ​យើង​សោកស្ដាយ​ណាស់ ព្រោះ​ការបាត់បង់​ទឹកដី​ហ្នឹង ជា​ទុក្ខ​ក្រៀមក្រំ​របស់​យើង​បំផុត​ហើយ»។

នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម​ឯណោះ​វិញ ពលរដ្ឋ​ខ្មែរ មិន​អាច​ធ្វើ​ពិធី​រំលឹក​ខួប​នេះ បាន​ទេ​។ កសិករ​ខ្មែរ​ម្នាក់ រស់នៅ​ខេត្ត​ក្រមួនស លោកស្រី វិន ធីហូវ បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ប្រារព្ធ​ពិធីបុណ្យ​ជាតិ បានតែ​២​គត់ គឺ​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​សែនដូនតា (​ភ្ជុំបិណ្ឌ)។

ចំណែក​ពិធី​ផ្សេងទៀត អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ទេ​។ លោកស្រី ឲ្យ​ដឹង​ថា នៅ​តាម​តំបន់​ដែល​សំបូរ​ជនជាតិ​ខ្មែរ​រស់នៅ គឺ​ពួកគេ​មិន​ភ្លេច​ថ្ងៃ​ខួប៤ មិថុនា នេះ​ទេ តែ​ពួកគេ​មិន​អាច​ជួបជុំគ្នា ឬ​ធ្វើ​កម្មវិធី​រំលឹក​ខួប​អ្វី​បាន​ទេ ក្រៅពី​នាំគ្នា​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទឹកដី​សណ្ដ​ទន្លេមេគង្គ ដ៏​បវរ​មួយ​នេះ៖ «អារម្មណ៍​យើង​នៅតែ​សោកស្ដាយ​អ៊ីចឹង​។ តែ​សម្រាប់​យើង​នៅ​ក្រោម​សិទ្ធិ​របស់​គេ​កាន់កាប់​អ៊ីចឹង​ណា យើង​មិនអាច​តវ៉ា​អ្វី​បាន ដូច​តែ​យើង​នៅតែ​នឹកឃើញ​សោកស្ដាយ កាត់​ដី​ទៅ​អ៊ីចឹង»។

ចំណែក​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត ជា​កម្មករ​ធ្វើការ​នៅ​ទីក្រុង​ព្រៃនគរ លោក ពន្លក ខេមរា ប្រាប់​ថា អ្វី​ដែល​លោក​អាច​ធ្វើ​បាន ក្នុង​ទិវា​ខួប​នេះ គឺ​ការ​បន្ថែម​រូប​សញ្ញា​ផែនទី​កម្ពុជា​ក្រោម នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក និង​ការ​ចែករំលែក​ព័ត៌មាន​មួយចំនួន​ស្ដីពី​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម។ លោក​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កូន​ខ្មែរ នៅ​កម្ពុជា​ក្រោម ជំនាន់​ក្រោយ ដឹង​លឺ​ថា ទឹកដី​កម្ពុជា​ក្រោម គឺជា​របស់​ជនជាតិ​ខ្មែរ។

លោក ខេមរា អះអាង​ថា តាំង​ពី​ដើម​មក លោក​មិនដែល​ទទួលស្គាល់​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​ទេ គឺ លោក​ចាត់ទុក​ថា លោក​រស់​នៅ​លើ​ទឹកដី​កម្ពុជា តែ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម។ លោក​បន្ត​ថា ខ្មែរក្រោម​ភាគច្រើន សុទ្ធតែ​ដឹង​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​ជនជាតិ​ខ្មែរ តែ​ពួកគេ​មិនអាច​បញ្ចេញមតិ​បាន​ទេ ពិសេស​គឺ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ជា​មន្ត្រីរាជការ​របស់​វៀតណាម៖ «ខ្ញុំ​ធ្វើ​អ្វី ដែល​យើង​អាច​ធ្វើ​បាន​អ៊ីចឹង​ណា។ ដល់​កន្លែង​ខ្លះ យើង​ចង់​ធ្វើ តែ​យើង​មិនអាច​ធ្វើ​បាន​។ ដូចជា​ដាក់​Logo អ៊ីចឹង ដល់​ពេល​មាន​រឿង​អ្វី ដក​យក​ចំណុច​កន្លែង​ហ្នឹង មក​និយាយ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ដាក់​រូប​Logo អ៊ីចឹង ដោយសារ​ខ្ញុំ​ស្រលាញ់ និង​ពេញចិត្ត ហើយ​ចង់​ដាស់តឿន​ខ្មែរក្រោម ឲ្យ​ដឹង​ថា ទឹកដី​ហ្នឹង ជា​ទឹកដី​កំណើត​របស់​យើង»។


រៀងរាល់​ឆ្នាំ សហគមន៍​ខ្មែរក្រោម នៅ​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក តែងតែ​ប្រារព្ធ​ទិវា​ខួប​៤ មិថុនា​ឆ្នាំ​១៩៤៩​។ តែ​ឆ្នាំនេះ កម្មវិធី​នានា​ត្រូវ​លើក​ពេល ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ ទោះ​យ៉ាងណា សហគមន៍​ខ្មែរក្រោម មាន​គម្រោង​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​នេះ នៅ​ថ្ងៃអាទិត្យ ទី ២៤​ចុងខែ​មិថុនា ក្នុងករណី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដក​បម្រាម​ជួបជុំគ្នា​វិញ។

ចំណែក​សហព័ន្ធ​ខ្មែរក្រោម ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ក៏​នឹង​ជួបជុំគ្នា ធ្វើ​ពិធី​រំលឹក​ខួប​បាត់បង់​ទឹកដី​នេះ​ដែរ​។ សាខា​សហព័ន្ធ នឹង​ធ្វើ​ពិធី​នេះ នៅ​តាម​រដ្ឋ​នីមួយៗ​។ ចាប់តាំងពី​វៀតណាម​ត្រួតត្រា​ទឹកដី​ខ្មែរក្រោម​ទាំង​២១​ខេត្ត និង​កោះ​មួយចំនួន​ក្នុង​សមុទ្រ​មក វៀតណាម​មាន​មហិច្ឆតា​បំបាត់ អត្តសញ្ញាណ​ខ្មែរ តាមរយៈ​ការ​កែប្រែ​ឈ្មោះ​ខេត្ត ទៅជា​ភាសា​វៀតណាម ការ​បំបាត់​វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និង សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត ជាដើម។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​តាម​ប្រទេស​នានា និង​នៅ​លើ​ទឹកដី​កំណើត កំពុង​ធ្វើ​ចលនា នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច ដោយ​ខ្លួន មកវិញ​។ តែ រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ទេ​។ អ្នកនាំពាក្យ លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ទៅ​លូកលាន់​លើ​បញ្ហា​ខ្មែរក្រោម​បានទេ ព្រោះ​ដែនដី​មួយ​នេះ ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យ​របស់​វៀតណាម​។ ផ្ទុយ​ពី​ការ​អះអាង​នេះ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​អះអាង​ថា ទឹកដី​មួយ​នេះ ជា​ផ្នែក​មួយ របស់​កម្ពុជា ដែល​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​បន្ត​ពី​អាណានិគម​បារាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment