ប្រជាពលរដ្ឋ​រិះគន់​​វិធានការ​​ទប់ស្កាត់​​ជំងឺ​កូវីដ​១៩ មិន​​ច្បាស់លាស់​​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ ​

ដោយ មាន ឫទ្ធិ
2021-06-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​រិះគន់​​វិធានការ​​ទប់ស្កាត់​​ជំងឺ​កូវីដ​១៩ មិន​​ច្បាស់លាស់​​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ ​

អាជ្ញាធរ​រាជ​ធានីភ្នំពេញ​សម្រេច​ដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋ​បាល ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្ម​ភាព​ការ​ងារ មុខរបរ ឬ​អាជីវ​កម្ម ដែល​មាន​ហា​និភ័យ​ខ្ពស់​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ និង​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯក​ជន នៅ​ក្នុង​តំបន់​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញរយៈ​ពេល​១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែមិថុនា ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា។ រូប៖ គេ​ផ្ដល់​ឱ្យ


​ប្រជាពលរដ្ឋ​​​មួយ​​ចំនួនរស់​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា ពួក​គាត់​មិន​សូវមាន​ជំនឿ​ចិត្ត​លើ​វិធានការ​កន្លងមក​របស់​​អាជ្ញាធរ​នោះ​ទេ  ព្រោះ​ចំនួន​អ្នក​ឆ្លងនិង​​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ថម​ថយ។ ពួក​គេ​ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ហាញ​ពី​ប្រសិទ្ធ​ភាពនៃ​វិធាន​ការ​ទប់​ស្កាត់​​ជំងឺកូវីដ និង​ចេញ​​មុខ​​ដោះ​ស្រាយ​​ជីវភាព​របស់​ពលរដ្ឋ​ពេល​អាជ្ញាធរ​អនុ​វត្ត​វិធាន​ការ​ទប់​ស្កាត់​​ជំងឺ​នេះ។

អ្នក​រត់​តាក់​ស៊ី​ម្នាក់នៅ​រាជធានី​ភ្នំពេញលោក ម៉ៅ ឆន ប្រាប់អាស៊ីសេរី​ថា ​លោក​បារម្ភដែល​ចំនួនអ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង ដែល​អាចបញ្ញាក់​ថា វិធាន​ការ​ទប់​ស្កាត់​​ជំងឺ​កូវីដ​១៩ របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​​ពុំ​មាន​​ប្រសិទ្ធភាព ។ លោក​បន្ត​ថា​ ពលរដ្ឋ​រស់​នៅ​ទាំង​ត្រដាប​ត្រដួល ខ្លាច​ដាច់ឆ្នាំបាយ ជាង​ឆ្លង​ជំងឺ​កូវីដ​​១៩ ព្រោះ​ពួក​គាត់​​ប្រឈម​​បង់​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក​ភ្លើង សង​បំណុល និង​ដោះ​ស្រាយ​ជីវិភាព​ប្រចាំ​ថ្ងៃ​ជា​ដើម៖ «មក​​ដល់​​ម៉ោង​​នេះ​​មិន​​មាន​​ស្រាក​​ស្រាន្ត​​ទេ គិត​​តែ​​ពី​​ឡើង ហើយ​​ស្លាប់​​រឹត​​តែ​​កើន​​ឡើង​​ទៅ​​ទៀត ចឹង​​ចង់​​មិន​​ចង់​​ក្នុង​​នាម​​ខ្ញុំ​​ប្រជា​​ពលរដ្ឋ​ខ្ញុំ​មើល​​ទៅ​​អាច​​វិល​​ទៅ​​រក​​កន្លែង​​ដូច​​ដើម​​វិញ បិទ​​ខ្ទប់​​ឡើង​​វិញ បើ​​បិទ​​ខ្ទប់​​ម្តងទៀត​​សម្រាប់​​សេដ្ឋ​កិច្ច​​ប្រជា​​ពលរដ្ឋ​ដូច​​ជា​​រូប​​ខ្ញុំ​​អី​ប៉ះ​​ពាល់​​ខ្លាំង​មែន​​ទែន អត់មាន​​ប្រសិន​​ភាព​​អី​​ទេ​​រឹត​​តែ​​ដុន​​ដាប​​ទេ​​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់​ហាងនំ​ខេក​ម្នាក់នៅ​​រាជធានី​​ភ្នំពេញលោក​ស្រី ម៉ៃ សៃយ៉ា លើក​​ឡើង​ថា​ ដំបូង​ឡើយ​គ្រួសារ​​លោក​ស្រី​បើក​ហាង​នំ ដោយ​ខ្ចី​លុយពី​ធនា​គារ ប៉ុន្តែ​ការ​រីក​រាល​ជំងឺ​កូវីដ​១៩ ជាង​មួយ​ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​អាជី​កម្មរបស់​លោក​ស្រី​មិន​អាច​ងើប​រួច​ពី​បំណុល និង​បង់​ថ្លៃ​ផ្ទះ​ជួល​ជាង​៦​រយ​ដុល្លារ(៦៥០)ក្នុង​មួយ​ខែ​នោះ​ទេ។ លោក​ស្រី​រិះ​គន់​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩របស់​អាជ្ញា​ធរ ដែល​មិន​អាច​ធានា​ដល់​ដំណើរ​ការ​អាជីវ​កម្ម​របស់​ប្រជា​ពលរដ្ឋ។ ស្រ្តី​រូប​នេះ​ប្រាប់​ទៀត​ថា​អាជ្ញាធរ​ហាក់​មើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​រំលង​​ពី​​សុ​ខ​ទុក្ខ និង​ផល​ប៉ះពាល់​មុខ​របរ​របស់​ប្រជា​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩។ លោក​ស្រី​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្តែត​បណ្តោយ មិន​​អាច​ទប់​ស្កាត់​ការ​រីក​រាល​​ដាលជំងឺ​​កូវីដ​១៩​បាន លោក​ស្​រី​នឹ​ង​​សម្រេច​​បិទ​ហាង​នំបុ័ង​ ដែល​ជា​ក្តី​សង្ឃឹម​របស់​គ្រួសារ​លោក​ស្រី៖ «ចា៎​លក់​នៅ​តែ​ភ័យ​ខ្លាច​ហ្នឹង បើ​អារម្មណ៍​អត់​នៅ​ក្នុង​ខ្លួន​ទេ អត់​មាន​ទំនុក​ចិត្ត​អី​ផង ជួល​ផ្ទះ​ផង​បង់​ធនា​គារ​ផង ជួយ​ឱ្យ​គាត់​មើល​ប្រជាពលរដ្ឋ​ផង ព្រោះ​ពិបាក​ខ្លាំង​មួយ​គ្រួសារ​មួយ​គ្រួសារ»

ដូច​​គ្នា​​នេះ​​ដែរ អា​ជីវ​ករ​ម្នាក់​ទៀត​នៅ​​រាជ​​ធានី​​ភ្នំពេញលោក​ស្រី សុខ ហូរ ប្រាប់​ថា​ មុខ​របរ​លក់​សាច់​ជ្រូក​របស់​លោក​ស្រី​ធ្លាក់​ជាង​៧០​ភាគ ព្រោះ​ម៉ូយតាម​ហាង ឬ​ភោជ​នីយ​ដ្ឋាន​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​បន្ត​បិទ ឬ​ផ្អាកដំណើរ​ការ ដោយ​សារ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​បន្ត​អូស​បន្លាយ ហើយមូល​ហេតុ​នេះ​ក៏​បាន​រុញ​ច្រាន​ជីវភាព​គ្រួសារ​លោក​ស្រី​ខ្វះ​ខាត ដូច​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែរ៖ «បើ​មិន​ស្រួល​គេ​បិទ​ទៀត​ទៅ ហើយ​បើ​សិន​បិទ​ទៅ​យើងខាន​លក់​ដូរ​ទៅ ប្រឈម​មុខ​នឹង​លំបាក​ដែរ​ហ្នឹង ចេះ​តែ​ខ្លាច​ដែរ​ឮ​សូរ​ចេះ​ចុះច្រើន​ដែរ ប៉ុន្តែ​បើ​យើង​អត់​លក់​បាន​អី​ហូប ចឹង​បាន​យើង​ត្រូវ​មក​លក់​ដូរ​តែ​ចេះតែ​ទ្រាំ​ទៅ»។

ប្រតិកម្ម​របស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋ​បាល​រាជ​ធានីភ្នំពេញ​សម្រេច​ដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋ​បាល ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្ម​ភាព​ការ​ងារ មុខរបរ ឬ​អាជីវ​កម្ម ដែល​មាន​ហា​និភ័យ​ខ្ពស់​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ និង​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯក​ជន នៅ​ក្នុង​តំបន់​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញរយៈ​ពេល​១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែមិថុនា ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា។ ពលរដ្ឋ​​​អះ​អាង​​ដូច​គ្នា​ថា រដ្ឋាភិបាល​ និង​​អាជ្ញាធរ​ ​ផ្តោត​​​តែ​​ទៅ​​លើ​​ការ​​​បិទ ឬ​ផ្អាក ប៉ុន្តែ​​ហាក់​​​មិន​​​បាន​​​គិត​​គូរ​​អំពី​​​បញ្ហា​​​ដំណើរ​ការមុខ​របរ និង​អា​ជីវ​កម្ម​របស់​ពលរដ្ឋ ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព និង​​​ការ​​ខ្វះ​ខាត​​របស់​​ពួក​​គាត់​​​​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​​មិន​​អាច​​ទាក់​​ទងអភិបាល​រាជ​ធានី​ភ្នំពេញលោក ឃួង ស្រេង និង​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញលោក ម៉េត មាសភក្តី ដើម្បី​​សុំ​​ការ​​បក​ស្រាយ​​ជុំវិញ​​រឿង​​នេះបាន​​ទេ នៅ​ថ្ងៃ​ទី៦ ខែមិថុនា ដោយ​​ទូរ​ស័ព្ទ​​ចូល​​​ពុំ​​មាន​​អ្នក​ទទួល។

ទោះ​យ៉ា​ណា​ប្រជា​ពលរដ្ឋ​អះ​អាង​ទៀត​ថា​ រដ្ឋាភិបាល និង​អាជ្ញាធរ មិន​ទាន់បង្ហាញ​ផែន​ការ​ច្បាស់​លាស់​ជុំវិញ​វិធាន​ការ​ទប់​ស្កាត់​​ជំងឺ​កូវីដ​១៩ ដើម្បី​ឱ្យប្រជា​ពលរដ្ឋ​ជឿ​ជាក់​នៅ​ឡើយ​ទេ។ ពួក​គាត់​យល់​​ថា​ការ​លុប​ចោល​​វិធាន​ការ​បិទ​ខ្ទប់​នៅ​រាជ​ធានី​ភ្នំពេញ​កន្លង​មក បង្ហាញ​ថា ​អាជ្ញាធរ​ចង់​គេច​វះ​ពី​ការទទួល​ខុស​ត្រូវ​ចំពោះ​ជីវភាព​រស់​នៅ​ប្រជា​ពលរដ្ឋ និង​ការ​ផ្ទុះ​ការ​តវ៉ា​ពីសំណាក់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ។

ជុំវិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ​រឿង​នេះ​ ប្រធាន​​សមា​គម​​ប្រជា​ធិបតេយ្យ​​នៃ​​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន ពៅ មើល​ឃើញ​ថា​ រដ្ឋា​ភិបាល​​បាន​​រៀប​ចំ​ផែន​ការ​​ទប់​ស្កាត់​​ជំងឺ​កូវីដ១៩ ដែរ ប៉ុន្តែ​ផែន​ការ​ទាំង​នោះ​​មិន​បាន​ឆ្លើយ​តប ឬ​ជួយ​ដល់​ប្រជា​ពលរដ្ឋដែល​បាត់​បង់​ការ​ងារ មុខ​របរ និង​ខាត​បង់​អាជីវ​កម្ម​នោះ​ទេ ព្រោះ​កន្លង​មក​រដ្ឋា​ភិបាល​មិន​​ទាន់​​បង្ហាញ​យន្ត​ការ ឬ​ផែន​ការ​ច្បាស់​លាស់​ដើម្បី​ផ្តល់​ជំនឿ ដល់ប្រជា​ពលរដ្ឋ​នៅ​ឡើយ។ លោក​យល់​ថា ​រដ្ឋា​ភិបាល​គួរ​រៀប​ចំ​ផែន​ការ​មេច្បាស់​លាស់​មួយ ដើម្បី​ឲ្យ​​ពលរដ្ឋ​ជឿ​ជាក់​លើ​ដំណើរ​ការ បើកអាជីវ​កម្ម​របស់​ពួក​គេឡើង​វិញ។ លោក​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋា​ភិបាល​មើល​គំរូ​ប្រទេស​ជិត​ខាង​នូវចំណុច​វិជ្ជមាន​ដែល​មន្រ្តី​ពាក់​ព័ន្ធ​គួរ​យក​មក​រៀប​ចំ​ផែនការ​បើក​ដំណើរការ​វិស័យ​ទេស​ចរណ៍ និង​អាជីវ​កម្ម​ឡើង​វិញ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ដោះ​ស្រាយជីវ​ភាព និង​ដោះ​ស្រាយ​បំណុល​របស់​ពួក​គេ​បាន៖ «ពិនិត្យ​ឡើង​វិញ​នូវ​ការ​កសាង​សេដ្ឋ​កិច្ច​របស់​ពលរដ្ឋ ក្នុងដំណើរ​ការ​កូវីដ​១៩​នេះ យើង​ត្រូវ​តែ​ថែ​រក្សា​ទាំង​ក្រពះ​ថែ​រក្សា​ទាំង​សួត រដ្ឋ​ត្រូវមាន​យន្ត​ការ​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​ចាក់​វ៉ាក់​សាំង​ជូន​ពល​រដ្ឋ​គ្រប់​គ្នាៗ​ដើម្បីធានា​ដែល​គាត់​ប្រកប​មុខ​របរ​អាជីវ​កម្ម ក៏​ដូច​តំបន់​ទេសចរណ៍​មួយ​ចំនួន ធ្វើយ៉ាង​ណា​ឱ្យ​អន្តរ​ជាតិ​មាន​ទំនុក​ទុក​ចិត្ត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូល​មកទេស​ចរណ៍​ឡើង​វិញ រដ្ឋ​ត្រូវ​រៀប​ចំ​កញ្ចប់​ថវិកា​យ៉ាង​ណា​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ»។

ប្រជា​ពលរដ្ឋ​ ​ដែល​​​​កំពុង​​​​ជួប​​​​ការ​​​​ខ្វះ​ខាត​ សំណូម​​ពរ​​​​ដល់​​​​រដ្ឋា​ភិបាល​​​ឱ្យ​​​​​គិត​​គូរ​បន្ថែម​​​ទៀត​​​​​ដល់​​​សុខ​ទុក្ខ​​​​របស់​​​ពួក​​​​គាត់ ដូច​​ជា ចំណី​​អាហារ និង​​​ថវិកា​ជា​ដើម ដើម្បី​​​​ជួយ​​​​សម្រួល​​​​ចំណាយ​ចំាបាច់ ព្រោះ​​ពួក​គាត់​​មិន​​អាច​រក​ប្រាក់​ចំណូល ផ្គត់ផ្គង់​គ្រួសារ ខណៈ​ពេល​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ របស់​អាជ្ញាធរ​មិនទាន់​ច្បាស់​លាស់។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​តែង​តែ​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន បង្ហាញ វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ឱ្យ​បាន​ច្បាស់​លាស់ជាង​នេះ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ រួម​ទាំង​ធានា​នូវ​ដំណើរ​ការ​មុខ​របរ និង​អាជីវ​កម្ម​ពលរដ្ឋ ដោយ​បញ្ចៀស ពី​បញ្ហា​ខាត​បង់​ប្រាក់​កាក​ដោយ​ផុង​ខ្លួននឹង​បំណុល​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment