លោក សម រង្ស៊ី អះអាងថា ថវិកាដែលបានមកពីការលក់ប័ណ្ណនាឡិកាដៃនឹងប្រើប្រាស់ដោយតម្លាភាព

កម្ពុជា-សង្គម
07/06/2021 – 08:29
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក សម រង្ស៊ី
លោក សម រង្ស៊ី © សហការី

យុទ្ធនាការ​ស្វែង​រក​ប្រាក់​ក្រោម​រូបភាព​លក់​ប័ណ្ណ​នាឡិកាដៃ​របស់ ​លោក សម រង្ស៊ី ដើម្បី​ប្រមូល​ប្រាក់​ទិញ​ស្បៀង​អាហារ​ចែកជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារតែ​កូវីដ​១៩​នៅកម្ពុជា បាន​បិទ​បញ្ចប់​ហើយ​កាលពីថ្ងៃ​ម្សិលមិញ។ ជាលទ្ធផល​យុទ្ធនាការ​រយៈពេលជិត​១ខែមកនេះគឺប្រមូល​បានថវិកាជិត២៣​ម៉ឺនដុល្លារ ខណៈ​នាឡិកាដៃ​ម៉ាកាស្យូ​របស់​លោក សម រង្ស៊ី មានតម្លៃត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។

នៅ​ចំពោះ​ក្រុមអ្នកគាំទ្រ ​និងព្រះសង្ឃ ក្នុង​ពិធី​បិទយុទ្ធនាការ​លក់​ប័ណ្ណនាឡិកាដៃ និង​ការចាប់​ឆ្នោត​ ធ្វើ​ឡើង​នៅ​ប្រទេសបារាំង នៅថ្ងៃទី៦មិថុនា អតីត​ប្រមុខ​បក្ស​ប្រឆាំង ​បាន​អះអាងថា លោក​នឹង​ប្រើ​ប្រាស់​ថវិកា​នេះ​ឲ្យបានតម្លាភាព​បំផុត ​ដោយធានាថា​នឹងមិន​ឲ្យ​បាត់បង់​សូម្បី​តែ​មួយរៀល។

បើតា​ម​ លោក សម រង្ស៊ី ក្រុម​ការងារ​របស់​លោក​បានប្រើ​ប្រាស់​ថវិកា​ដែល​ប្រមូលបាននោះអស់​មួយ​ចំនួន​ហើយ ដោយបាន​ទិញ​ស្បៀងអាហារ​ចែកជូនប្រជាជនបានចំនួន១៧៨០គ្រួសារ ក្នុងខេត្តចំនួន៦នៃប្រទេសកម្ពុជា ហើយថានឹងបន្តចែកជូន​បន្ថែមទៀតរហូតអស់ដល់អស់ថវិកា​ដែល​ប្រមូលបាននេះ។

ជាមួយនឹងការ​អរគុណ​ដល់​អាជ្ញាធរមូលដ្ឋានលោក សម រង្ស៊ី ថ្លែងថា ការចែក​ស្បៀងអាហារនេះ​មិនមានការ​រារាំងពីអាជ្ញាធរមូលដ្ឋាន ឬគណបក្សប្រជាជនកម្ពុជាឡើយ ខណៈ​លោកថាការ​ចែក​ជូនជំនួយទាំងនោះ​ធ្វើ​ឡើង​​ដោយ​មិនមានការ​ប្រកាន់​និន្នាការនយោបាយ។

ជាការកត់​សំគាល់ យុទ្ធនាការនេះ ​គឺមិនមែនជាចៃដន្យនោះឡើយ ពោលធ្វើឡើងក្រោយពីអភិបាលរងម្នាក់​នៅរាជធានីភ្នំពេញ បានចំអក​ថា ​ក្រុម​ប្រឆាំងមិន​បានជួយ​លុ​​​យសូម្បីតែ​មួយ​រៀល​ រួមទាំង​កម្លាំង​ ដល់ប្រជាជន ខណៈ​រដ្ឋាភិ​បាល​ខំ​ប្រឹង​ប្រែងទប់​ស្កាត់ការឆ្លងជំ​ងឺកូវីដ​១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

សូមបញ្ជាក់ថា​ លទ្ធផលនៃការ​ចាប់​ឆ្នោត​លេខ​សំគាល់​ប័ណ្ណ​នាឡិកាដៃ ​របស់​លោក សម រង្ស៊ី ម៉ាក់​កាស្យូ គឺបានទៅលើ លោក ​ពៅ  និច  រស់នៅរដ្ឋ  California សហរដ្ឋអាមេរិក នៅក្នុងចំណោមប័ណ្ណដែលលក់បានសរុបមានចំនួន ៤៥៦៣៦ សន្លឹក ស្មើនឹងថវិកាចំនួន ២២៨១៨០ ដុល្លារ៕

What Next?

Recent Articles

Leave a Reply

Submit Comment