អ្នក​​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំរកា​ ជួប​ការ​​លំបាក​​និង​​រស់​ដោយ​​ក្ដី​អស់​សង្ឃឹម​ស្រប​ពេល​​​វិបត្តិ​​កូវីដ-១៩​

កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព | អភិបាលកិច្ច
លោក ពក ខឺយ |០៧ មិថុនា ២០២១ |ម៉ោង ១១:២៦
VOD

សាលាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

សាលាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបភាព៖ សូត សុខប្រថ្នា


ប្រជាពលរដ្ឋមួយចំនួនដែលផ្ទុកមេរោគអេដស៍ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុង​ជួបបញ្ហាខ្វះស្បៀង​អាហារ ធ្វើឱ្យជំងឺធ្វើទុក្ខខ្លាំង បច្ចុប្បន្នពួកគេរស់នៅជាមួយនឹងភាពអស់សង្ឃឹម។ ពលរដ្ឋទាំងនោះកន្លងមករស់ដោយបានជំនួយបន្តិចបន្តួចពីសប្បុរសជន ព្រោះមិនអាចទៅធ្វើកិច្ចការងារនៅឯណាបាន។

ស្របពេលនៃការរីករាលដាលកូវីដ-១៩ ពួកគាត់មិនទទួលបានជំនួយទៀតនោះទេ ជាហេតុធ្វើឱ្យមានផលប៉ះពាល់​ដល់ជីវភាព។

អ្នកស្រី​ យឿង អែម ជាពលរដ្ឋមួយរូបរស់នៅឃុំរកា ឃ្លានចំណីណាដែលមានរសជាតិផ្អែម ដើម្បីទ្រទ្រង់រាងកាយដ៏ស្គមស្គាំងរបស់គាត់ ក៏ប៉ុន្តែគាត់បាន​ត្រឹមតែស្រមៃ ព្រោះថា សព្វថ្ងៃនេះ សូម្បីតែអង្ករក៏គាត់​មានប៉ផុតប៉ផើយដែរ។ អ្នក​ស្រី និង​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ក្នុង​ឃុំ​នេះ កំពុងប្រឈមនឹងការខ្វះស្បៀងអាហារប្រចាំថ្ងៃ។

ពលរដ្ឋនៅទីនោះ ភាគច្រើន​ជា​អ្នក​មា​នផ្ទុកមេរោគអេដស៍ តែមួយរយៈកាលកន្លងមកនេះ ហាក់ដូចជាខ្វះ​ការយកចិត្តទុកដាក់ពីសំណាក់​អាជ្ញាធរមូលដ្ឋាន ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងមមាញឹកក្នុងការទប់ស្កាត់​ការ​រាលដាលនៃវីរុសកូវីដ-១៩។

អ្នក​ស្រី យឿង អែម ផ្ទុកមេរោគអេដស៍អស់រយៈពេលជាង៨ឆ្នាំហើយ ហើយ​សព្វថ្ងៃរស់នៅ​ជាមួយ​នឹង​ចៅស្រី​ម្នាក់ អាយុ៥ឆ្នាំ។ គ្រួសារអ្នក​ស្រី​កំពុងតែជួបបញ្ហាកង្វះខាតស្បៀងនិងគ្រឿង​បរិភោគ​ ដើម្បី​ជំនួយ​ដល់រាង​កាយ។ អ្នក​ស្រី​ថា ស្រប​ពេលដែលមានបញ្ហាខ្វះខាត អ្នកស្រីមិនសូវជាស្រួលខ្លួនប៉ុន្មាននោះទេ ព្រោះសព្វថ្ងៃរស់នៅ​ដោយពឹងអាស្រ័យតែទៅលើថ្នាំនិងគ្រឿង​បរិភោគបន្តិចបន្តួច។

អ្នកស្រីនិយាយថា៖ «ដូចថាយើងខ្វះខាតអ៊ីចឹង បើមានអីហូបគ្រប់គ្រាន់ទៅ លេបថ្នាំទៅ អត់សូវធ្វើទុក្ខទេ! កាលណាបើថា​ ដូចថាអត់សូវមានចំណី អត់មានអីហូបក្នុងថ្ងៃនិងពេលល្ងាច ម៉ោង៧លេបថ្នាំហ្នឹង អត់មានអីហូប គឺថា​វាថិកថាក់ដែរកូន ធ្វើទុក្ខអស់ដៃអស់ជើងដែរ បើថាយើងមានចំណីចំណុកហូបនេះហូបនោះទៅ អត់អី!​​ ធ្វើធម្មតា អត់សូវអីទេ»។

ស្រ្ដីមេម៉ាយអាយុ៤១ឆ្នាំរូបនេះ ​មាន​ប្រសាសន៍ថា មួយរយៈចុងក្រោយនេះ អ្នកស្រីធ្វើទុក្ខខ្លាំងដោយសារ​ជំងឺប្រចាំកាយមួយនេះ ស្រប​ពេល​ដែល​អ្នក​ស្រី​គ្មាន​ចំណីផ្អែម ដូចជាផ្លែឈើ​និង​ទឹកដោះគោសម្រាប់បរិភោគ ដូច​​គាត់​ធ្លាប់​ទទួល​ទានកន្លងមក។​

នៅក្នុងខែធ្នូ ឆ្នាំ​២០១៤ រឿងអកុសលមួយបានផ្ទុះឡើងនៅក្នុងឃុំរកានេះ ដោយសារតែមាន​ករណី​ពលរដ្ឋក្នុងឃុំជិត៣០០នាក់ ត្រូវ​បាន​​រក​​ឃើញ​​ថា ​មានឆ្លងមេរោគហ៊ីវ (HIV) ក្រោយពីទទួល​ការ​ចាក់ថ្នាំនិង​ចាក់សេរ៉ូមពីលោក យ៉ែម ជ្រិន ដែលកាលនោះ​តាំង​ខ្លួន​ជា​ពេទ្យនៅក្នុងភូមិ។​ អ្នកឆ្លង​មេរោគនេះមាន​ចាប់តាំង​ពី​កុមារតូចរហូតដល់ម​នុស្សវ័យប្រមាណ៨០ឆ្នាំ ហើយមានទាំងលោក​តាអាចារ្យនិងព្រះសង្ឃផងដែរ។

ពេល​នេះ លោក យ៉ែម ជ្រិន កំពុងជាប់​ពន្ធនាគាររយៈពេល​២៥​ឆ្នាំ ​ពី​បទ «បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណ​កម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»។ រីឯជនរងគ្រោះមួយចំនួនបានស្លាប់បាត់ទៅហើយ ហើយ​​អ្នកនៅរស់ត្រូវ​បន្ត​រស់​នៅទាំងត្រដរជាមួយជំងឺប្រចាំកាយនិង​កង្វះស្បៀងអាហារប្រចាំថ្ងៃ។

លោកស្រី យឿង អែម មាន​ប្រសាសន៍ថា គាត់ទទួល​បាន​អំណោយពីអាជ្ញាធរ​ភូមិ-ឃុំ យូរៗម្តង​ដែរ។ តែគាត់​ឧស្សាហ៍ខ្វះអង្ករច្រកឆ្នាំងណាស់ ដោយសារតែគ្មានលុយទិញ ហើយ​​​ចេះតែត្រដររស់បាន​ ដោយសារក្តីអាណិត​អាសូរ​របស់​អ្នកភូមិ ដែលឱ្យគាត់ខ្ចីអង្ករយកទៅដាំហូបដោះទ័លមួយគ្រាៗសិន។

អ្នកស្រីនិយាយ​ថា៖ «កូនឱ្យដែរ តិចតួច! យើងខ្វះខាតខ្លាំងទៅ ទៅរក[អ្នក]ដែលថាញាតិដែលស្គាល់ក្នុងភូមិហ្នឹង គេឱ្យ​ខ្លះមក ដូចថាយើងអត់ ទៅជឿគេអ៊ីចឹងទៅ! មាន់មួយពីរលក់ទៅ ជឿអង្ករ​គេមួយអ៊ីចឹងទៅ! ពេលលក់បានអ៊ីចឹងយើងសងគេទៅ មាន់មួយត្រឹម២០ ០០០ [រៀល] ១៥ ០០០​រៀល មានពីរបីអីទៅ […] អត់ដែរ គេមិនទារដែរ មានសងគេ ថ្ងៃណាសងគេ! អ៊ុំបានសងគេប្រុយដែរ បើអ៊ុំអត់ អត់បានយកទៅសងគេទេ គេអត់មកទារទេ ដឹងថាអត់»។

អ្នកស្រីបន្តថា​ បើទោះបីនៅក្នុងគ្រួសារទទួលបានបណ្ណ​ក្រីក្រយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចកាត់បន្ថយភាពលំបាកបាននោះទេ ព្រោះក្នុងមួយខែបានត្រឹមតែ២០០ ០០០រៀល ក្នុងនោះ​ត្រូវបែងចែកជា៣គ្រួសារ ទៅឱ្យកូន២គ្រួសារ និងខ្លួនឯង។ លោកស្រីបានលើកឡើងទាំងក្ដីអស់សង្ឃឹមនិង​អួលដើមក ដោយស្នើសុំឱ្យរដ្ឋា​ភិបាលនិងសប្បុរសជនមេត្តាជួយដល់អ្នកស្រី។

អ្នកស្រី ព្រឹង វេញ ជាអ្នកភូមិផងរបងជាមួយ​ដែលមាន​ផ្ទុកមេរោគអេដស៍ដែរនោះ និយាយថា​ មួយរយៈពេលនេះ អ្នកស្រីតែងតែមានអាការវិលមុខ​និងអស់កម្លាំងខ្លាំង ដោយសារតែខ្វះទឹកដោះគោឆៅសម្រាប់បរិភោគ។

ស្រ្ដីវ័យ៦៤ឆ្នាំរូបនេះមិនអាចរកចំណូលមកផ្គត់ផ្គង់​ខ្លួនឯងបាននោះទេ ក្រោយពីឆ្លងមេរោគនេះជាប់ខ្លួន។ កន្លងមក អ្នកស្រីធ្លាប់មានកូនស្រីម្នាក់ដែលទៅធ្វើការនៅប្រទេសថៃ ផ្ញើលុយមកឱ្យចាយសម្រាប់ទ្រទ្រង់ជីវភាព ប៉ុន្តែជាច្រើនខែកន្លងមកនេះ កូនអ្នកស្រីមិនបានផ្ញើមកទេ ដោយគ្មានចំណូល ក្រោយពីគេផ្អាកពីការងារ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅពេលត្រូវ​បាន​សាកសួរអំពីបញ្ហាខាងលើនេះ អ្នកស្រី ស៊ឹម ពៅ ជាមេឃុំនៃឃុំរកា មានប្រសាសន៍ថា អ្នក​ស្រីមិន​ដឹង​ថា​មានប្រជាពលរដ្ឋណាខ្លះដែលកំពុងតែជួបបញ្ហាខ្វះខាតនោះទេ។

អ្នកស្រីនិយាយថា៖ «សំខាន់បើគាត់មានបញ្ហាអ្វីក៏ដោយ ឱ្យគាត់ទាក់ទងមកលេខខ្ញុំ ឬក៏មកជួបសាលាឃុំ ឬតាមមេភូមិ តាមរយៈមេភូមិ នៅពេលគាត់ជួបខ្វះខាតស្បៀងនៅពេលកូវីដនេះ​ ឬមកជួបខ្ញុំ នៅសាលាឃុំមានស្បៀងមួយចំនួនដែរ ទុកជួយចែករំលែកគាត់»។

អ្នកស្រីមេឃុំ បានសុំទោស​ដែលមួយរយៈកន្លងមកនេះ ខាងអាជ្ញាធរ​ឃុំមិនបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឱ្យបានដិតដល់ និងផ្ដល់ប្រឹក្សាយោបល់ដល់ពលរដ្ឋកើតជំងឺ។ ប៉ុន្តែកន្លងមក អ្នកស្រីថា​ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមកជួយផ្នែកប្រឹក្សាយោបល់​ជាហូរហែដែរ តែដោយឡែក​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ក្រុមគ្រូពេទ្យទាំងនោះចប់អាណត្តិ ហើយគ្មានកញ្ចប់​ថវិកាសម្រាប់បន្ត ទើបធ្វើឱ្យ​​ពលរដ្ឋហាក់​មាន​ភាពឯកាបន្តិច។

អ្នកស្រីបន្តថា៖ «កាលដែលពួកខ្ញុំ វគ្គមុនមាន សព្វថ្ងៃនេះសេវាកម្ម អត់បានចុះអប់រំនោះទេ ព្រោះអីខាងអង្គការប្រាំៗនាក់ បានចប់អស់ហើយ ផ្នែកដែលថាមួយក្រុមៗផ្ទុះមេរោគអេដស៍អ៊ីចឹង គឺអត់មានលុយឧបត្ថម្ភគាត់ ចុះផ្សព្វផ្សាយតាមភូមិនីមួយៗអ៊ីចឹង តែខ្ញុំខ្វះខាតឆ្នាំនេះទៅ ក៏សម្រាកមួយរយៈសិនទៅ»។

អ្នកស្រីក៏បានប្រាប់ឱ្យដឹងដែរថា ពលរដ្ឋដែលស្លាប់ដោយសារជំងឺអេដស៍មានចំនួន៤០នាក់ ហើយ​សព្វថ្ងៃអ្នកផ្ទុកមេរោគអេដស៍មានត្រឹមតែ២៧៥នាក់។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី កត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាមានការមើលរំលងលើសុខទុក្ខរបស់​អ្នកផ្ទុក​មេរោគអេដស៍នៅក្នុងឃុំរកានេះ។ លោកស្នើឱ្យរដ្ឋា​ភិបាល​យកចិត្តទុកដាក់ឱ្យបានដិត​ដល់ចំពោះជនរងគ្រោះទាំងនោះឡើងវិញ នៅពេលដែលពួកគេ​គ្មានលទ្ធភាពធ្វើអ្វីបានដើម្បី​ចិញ្ចឹម​ជីវិត​​ដោយ​ខ្លួន​ឯង។

លោកថា៖ «ភាពរងគ្រោះនៅរកា ទីមួយ រដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការថែទាំសុខភាព ប៉ុន្តែទី២ ដោយសារតែគាត់មិនអាចចេញទៅរកស៊ីនៅខាងក្រៅបាន ហើយម៉្យាងទៀតសុខភាពរបស់គាត់ក៏មិនអាចរឹងមាំដូចអ្នកដទៃ អ៊ីចឹងរដ្ឋាភិបាលត្រូវតែត្រៀមលក្ខណៈនៅក្នុងស្ថានភាព លទ្ធភាពបែបណាមួយ ដើម្បីជួយឧបត្ថម្ភស្បៀងជាប្រចាំដល់ពលរដ្ឋ ចំនួនមិនច្រើនទេ ចំនួនមួយឃុំទេ បើសិនជារដ្ឋាភិបាលមានការគិតគូរ ខ្ញុំគិតថាមិនពិបាកទេ»។

កាលពីមិនទាន់ឆ្លង​​មេរោគអេដស៍ចូល​ទៅ​​ក្នុងខ្លួន អ្នក​ស្រី ព្រឹង វេញ មានប្រសាសន៍ថា គាត់​អាចលក់ដូរនំចំណីបានខ្លះ​គ្រាន់ទ្រទ្រង់​ជីវភាព ប៉ុន្តែមកដល់បច្ចុប្បន្ន​ អ្នកស្រី​មិនអាចនៅលក់ដូរបានទេ ព្រោះខ្លាចមិនមានអ្នកមកទិញ ណាមួយកន្លងមក​ធ្លាប់មានគេរើសអើង មិនសូវចង់រាប់​អានអ្នកស្រីផងដែរ។ អ្នកស្រីបន្ត​ថា ដោយសារតែ​ការ​លំបាកស្មុគស្មាញ​ ធ្លាប់​បានធ្វើ​ឱ្យ​អ្នក​ស្រីមានគំនិតចង់សម្លាប់ខ្លួនម្ត​ងៗដែរ ព្រោះមិនដឹងជារស់ដើម្បីអ្វី។

អ្នកស្រីនិយាយថា​៖ «លើកមុនគិត ប៉ុន្តែឥលូវដូចថាចង់រស់នៅបានមើលចៅ គ្រាន់បានជួយចិញ្ចឹមទៅ បានរស់ទៅមុខទៀត តែមិនដឹងថាទៅរកណា [ទៅប្រកបមុខរបររកស៊ី] ទៅរកអី? បើទៅរកធ្វើអត់រួច មិនដឹងទៅរកអី»៕


អត្ថបទទាក់ទង

បុរសចំណាស់ម្នាក់អង្គុយសុំលុយនៅមុខក្បែរច្រកទ្វារចូលរោងចក្រ ខណៈពេលកម្មកររោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញសម្រាកអាហារថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មនុស្ស​ចាស់​និង​ជន​ងាយ​រង​គ្រោះ​ខ្លះ​នៅ​តែ​ត្រូវ​បាន​គេ​មើល​រំលង​នៅ​ក្នុង​សង្គម​


មនុស្សវ័យចំណាស់និងជនងាយរងគ្រោះមួយចំនួននៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ជនពិការ ជន​ទីទ័លក្រ​ នៅតែត្រូវបានគេមើលរំលងនៅក្នុង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment