សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ ទាម​ទារ​ឲ្យ​ក្រុមហ៊ុន ​NagaWorld ​បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក​​​​​​

សិទ្ធិ​មនុស្ស
08 មិថុនា 2021
ហ៊ុល រស្មី
វីអូអេខ្មែរ

រូប​ឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ​នៅ​​តំបន់​​​កាស៊ីណូ ​NagaWorld ស្ថិតក្នុងភាពស្ងាត់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។
រូប​ឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញ​នៅ​​តំបន់​​​កាស៊ីណូ ​NagaWorld ស្ថិតក្នុងភាពស្ងាត់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

ភ្នំពេញ —  ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​និង​បុគ្គលិក​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍ ​(NagaWorld) បាន​ដាក់​ពាក្យ​បណ្តឹងទៅ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ជា​បន្ទាន់​ការ​កាត់​បន្ថយ​បុគ្គលិក និង​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាម​រយៈ​ការ​កោះ​ហៅ​ឲ្យ​ទៅ​ជួប​ថ្នាក់​គ្រប់​គ្រង​របស់​ក្រុមហ៊ុន។

បើ​តាម​ពាក្យ​បណ្តឹង​ដែល​មាន​ស្នាម​មេដៃ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ជា​សមាជិក​សហជីព​ចំនួន​២,០៤៩​នាក់​ក្រុម​សហជីព​និង​បុគ្គលិក​បាន​លើក​ឡើង​នូវ​ចំណុច​ទាមទារ​មួយ​ចំនួន​ទៀត​រួមមាន​ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​បាន​ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ​នៅ​ពេល​ក្រុមហ៊ុន​បើក​ដំណើរ​ការ​ឡើង​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ប្រាក់​បំណាច់​កិច្ច​សន្យា​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​ដល់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​មួយ​ចំនួន​នៅ​ចុង​ឆ្នាំ​២០២០​ដល់​មុន​ពេល​ប្រកាស​កាត់​បុគ្គលិក។

ក្នុង​ពាក្យ​បណ្តឹង​ដដែល​នោះ​ក្រុម​សហជីពនិង​បុគ្គលិក​ ក៏​បាន​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ផ្តល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំង​អស់​ដែល​កំពុង​បម្រើ​ការងារ​និង​អនុវត្ត​វិធាន​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួមចំណែក​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​នៅ​ក្នុងក្រុមហ៊ុន​កាស៊ីណូ​ NagaWorld ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp។

កញ្ញា​ ឈឹម​ ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បុគ្គលិក​ជាង​៥០០​នាក់​កំពុង​បន្ត​តវ៉ា​មិន​ចាក​ចេញ​ពី​ការងារ​ខណៈ​មាន​បុគ្គលិក​ជាច្រើន​រយ​នាក់​ទៀត​ត្រូវ​បាន​បង្ខំ​ដោយ​ក្រុមហ៊ុន​ឲ្យ​ទទួល​យក​សំណង​សម្រាប់​ការ​ចាកចេញ។​

កញ្ញា​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​និយាយ​ថា​ពួក​គាត់​ត្រូវ​បាន​បង្ខំ​ហ្នឹង​គឺថា​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ហើយ​នៅ​ក្នុង​ការណ៍​ដែល​គាត់​ផ្ញើ​សារ​ហៅ​បុគ្គលិក​ម្តង​ម្នាក់​ទៅ​ជួប​ក្រុមហ៊ុន​មួយ​ទល់​នឹង​មួយដោយ​មិន​មាន​វត្តមាន​សហជីព​អម​គាត់​ជាមួយ​គឺ​ថា​…នៅ​ពេល​ដែល​គេ​ហៅ​គាត់​ជួប ជួប​ជាមួយ​គ្នា​នោះ​គឺ​ជួប​ជាមួយ​ខាង​តំណាង​ក្រុមហ៊ុន​ហ្នឹង​គឺ​បើ​គាត់​មិន​ព្រម​ទទួល​យក​ទេ​ពួក​គាត់​ហ្នឹង​ត្រូវ​បាត់​បង់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត»

រូប​ឯកសារ៖ កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។
រូប​ឯកសារ៖ កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។

កញ្ញា​បន្ថែម​ថា​បុគ្គលិក​ដែល​មិនស្ថិត​ក្រោម​ផែនការ​កាត់ចេញ​ដោយ​ក្រុមហ៊ុន​ប្រមាណ​៧.០០០​នាក់​ផ្សេង​ទៀត កំពុង​បារម្ភ​ពី​សុវត្ថិភាព​ការងារ ប្រសិន​បើសហជីព​ត្រូវ​បាន​លុប​បំបាត់​ចេញ​ពី​ក្រុមហ៊ុន​នោះ។

ប្រធាន​សហជីព​រូប​នេះ​បញ្ជាក់​ថា៖ «បើ​សិន​ជា​មិន​មាន​វត្តមាន​សហជីព​នៅ​ទីនេះ​ទេ​គឺ​ពួកគាត់​នឹង​ប្រឈម​ជាមួយ​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​ដូច​អ្វី​ដែល​យើង​ដឹង​ស្រាប់​ដែល​ឆ្នាំ​២០១៩​បុគ្គលិក​គាត់​ផ្ទុះ​ការ​តវ៉ា​ដោយសារ​រឿង​ប្រាក់​ខែ​តិច​ដោយ​សារ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ហ្នឹង​បូកផ្សំ​ជាមួយ​នឹង​អំពើ​ហិង្សា​ការ​បៀតបៀន​ហើយ​និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ចុងក្រោយ​ នៅចុង​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​កូវីដ​ខ្លាំង​ហ្នឹង​គឺ​ថា​ក្រុមហ៊ុន​អត់​ព្រម​បិទ​ក្រុមហ៊ុន​ទេ​គាត់​នៅ​ចង់​បើក​អាជីវ​កម្ម​រកស៊ី​រហូត​ទាល់​តែ​មាន​ករណី​ឆ្លង​រហូត​ដល់[១៤]​ករណី ទាល់​តែ​មានការ​តវ៉ា​ពី​បុគ្គលិក​ទើប​ពួក​គាត់​ព្រម​ឈប់​ព្រម​ផ្អាក​អាជីវកម្ម»

យោង​តាម​សារ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​បុគ្គលិក​មួយ​ចំនួន​ទទួល​បាន ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​លា​ឈប់​ពី​ការងារ​នោះ ក្រុមហ៊ុន​ប្រាប់​បុគ្គលិក​ថា​ក្រុមហ៊ុន​ចាប់​ផ្តើម​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង​កាល​ពី​ថ្ងៃទី​៨ ខែ​មេសា​ ឆ្នាំ​២០២១ដែល​ពាក់​ព័ន្ធ​នឹង​ជំហាន​មួយ​ចំនួន​ដែល​រួមមាន​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក​តាម​រយៈ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ដោយ​ការ​ព្រម​ព្រៀង​គ្នា។

សារ​ជូន​ដំណឹង​នោះ​មាន​ន័យ​ដើម​ថា៖ «ប្រសិន​បើ​អ្នក​ជ្រើស​រើស​ទទួល​យក​គម្រោង​ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ដោយ​ការ​ព្រម​ព្រៀង​នេះ​យើង​នឹង​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ដែល​ខ្ពស់​បំផុត​តាម​ច្បាប់​ស្តីពី​ការងារ​ជា​ធរមាន​ដោយ​រាប់​បញ្ចូល​ទាំង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំង​អស់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​អត្ថ​ប្រយោជន៍​ទៅ​តាម​កិច្ចសន្យា​ការងារ​និង​អត្ថ​ប្រយោជន៍​នានា»

ពាក្យ​បណ្តឹង​របស់​ក្រុម​សមាជិក​សហជីព ​ដែល​ដាក់​ទៅ​ក្រសួង​ការងារ ឲ្យ​ដឹង​ថា​ចាប់តាំង​ពី​ខែ​មេសា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍បាន​ដាក់​គម្រោង​បញ្ឈប់​ការងារ​រួម​ដល់​កម្មករ​និយោជិត​រហូតដល់​១,៣២៩​នាក់។ ក្នុង​នោះ​មាន​កម្មករ​និយោជិត​រាប់​រយ​នាក់​ត្រូវ​បាន​ជូន​ដំណឹង​បញ្ចប់​កិច្ច​សន្យា​ការងារ ដោយ​ក្រុមហ៊ុន​បាន​ផ្តល់​នូវ​ហេតុផល​ថា​ខ្លួន​បាត់​បង់​ប្រាក់​ចំណូល​និង​ខាត​បង់​ដោយ​សារ​វិបត្តិ​សាកល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ ដែល​ជា​ហេតុ​ផល​សហជីពមិន​អាច​ទទួល​យក​បាន​ឡើយ។​

ពាក្យ​បណ្តឹង​បន្ថែម​ថា៖ «ក្រុមហ៊ុន​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ប៉ុន្តែ​បុគ្គលិក​បម្រើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណូល​ទាប​រស់​នៅ​ក្នុង​ជីវភាព​លំបាក​ដែល​ស្តែង​ឡើង​យ៉ាង​ច្បាស់​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។​ទោះ​បី​កម្ពុជា​រង​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​នៅ​ដើម​ឆ្នាំ​២០២០​ក៏​ដោយ​ក៏​ក្រុមហ៊ុន​ណាហ្គា​រក​បាន​ចំណូល​ជិត​៩០០​លាន​ដុល្លារ​និង​ចំណេញ​សុទ្ធ​ជាង​១០០​លាន​ដុល្លារ។​ជាក់​ស្តែង​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​រហូតមក​កម្មករ​និយោជិត​ធ្វើ​ការ​ស៊ី​ប្រាក់​ឈ្នួល​តាម​ចំនួន​ថ្ងៃ​ដែល​រៀបចំ​ដោយ​ថ្នាក់​គ្រប់​គ្រង​តែ​ប៉ុណ្ណោះ»

រូប​ឯកសារ៖ ក្រុម​បុគ្គលិក​កាស៊ីណូ​នៃក្រុមហ៊ុន Naga World​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ចិញ្ចើម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​បង្ហាញសាធារណជនអំពី​ការ​ចង់បានប្រាក់​ឧបត្ថម្ភ​ចំនួន​៤០ដុល្លារ​ក្នុង​មួយខែ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/​VOA)​
រូប​ឯកសារ៖ ក្រុម​បុគ្គលិក​កាស៊ីណូ​នៃក្រុមហ៊ុន Naga World​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ចិញ្ចើម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​បង្ហាញសាធារណជនអំពី​ការ​ចង់បានប្រាក់​ឧបត្ថម្ភ​ចំនួន​៤០ដុល្លារ​ក្នុង​មួយខែ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/​VOA)​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក​ Hein​Dames តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ វីអូអេ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ជា សេងហុង ប្រធាន​ការិយា​ល័យ​នៃ​នាយកដ្ឋាន​វិវាទ​ការងារ​និង​លោក​ ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ដែរ។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក ​ឃុន​ ​ថារ៉ូ ថ្លែង​ថា ក្រោយ​ទទួល​បណ្តឹង​របស់​ក្រុម​បុគ្គលិក​និង​សហជីព​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​មាន​ពេល​៤៨​ម៉ោង​ដើម្បី​ចាត់​មន្ត្រី​មក​ផ្សះផ្សា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុនណាហ្គាវើលដ៍។

លោក​ថា​ក្រុមហ៊ុន​កាស៊ីណូ​នេះ​មាន​ចេតនា​ចង់​បំបាត់​សំឡេង​សហជីព ដោយ​ហេតុថា​បញ្ជី​ឈ្មោះ​បុគ្គលិក​ដែល​ត្រូវ​កាត់​ចេញនោះ​ក៏​មាន​ឈ្មោះ​ថ្នាក់​ដឹក​នាំ​សហជីព​និង​ក្រុម​សកម្ម​ជន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន។

លោក ​ឃុន​ ​ថារ៉ូ ថ្លែង​ថា៖ «ចុងក្រោយ​នេះ​គឺ​ក្រុមហ៊ុន​ហ្នឹង​គាត់​មាន​ចេតនា​មួយ​ទៀត​នោះ គឺ​ការ​បញ្ឈប់​ទៅ​ដល់​ថ្នាក់​ដឹកនាំ​សហជីព​មាន​ន័យ​ថា​បញ្ជី​ឈ្មោះ​របស់​បុគ្គលិក​ហ្នឹង​មាន​ដែល​ត្រូវ​គ្រោង​ក្នុង​ការ​បញ្ឈប់​ហ្នឹង​គឺ​មាន​ទាំង​ឈ្មោះ​ថ្នាក់​ដឹកនាំ​សហជីព​ហើយ​ដោយ​ឡែក​ភាគ​ច្រើន​ទៀត​ជា​សកម្មជន​នៅ​តាម​ផ្នែក​មួយៗ​ដែល​ជា​សកម្មជន​សកម្ម​របស់​សហជីព»

លោក​ ឃុន​ ​ថារ៉ូ កត់​សម្គាល់​ថា​ស្ថានភាពហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក៏​មិន​ទាន់​ចុះ​ខ្សោយ​ខ្លាំង ព្រោះ​ក្រុមហ៊ុន​នៅ​បន្ត​រក​បាន​ប្រាក់​ចំណេញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ។ លោក​បន្ត​ថា​ផ្អែក​លើ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​នេះ​ក្រុមហ៊ុន​មិន​គួរកាត់​បន្ថយ​បុគ្គលិក​ដែល​ភាគ​ច្រើន​ជា​សមាជិក​និង​ថ្នាក់​ដឹកនាំ​សហជីព​នោះ​ទេ។​

​បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គាវើលដ៍ដែល​ចុះ​បញ្ជី​ក្នុង​ទីក្រុង​ហុងកុង​បាន​រក​ប្រាក់​ចំណេញ​ប្រមាណ​១០២​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ​២០២០ ទោះ​បី​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ក៏​ដោយ៕

What Next?

Recent Articles

One Response to "សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ ទាម​ទារ​ឲ្យ​ក្រុមហ៊ុន ​NagaWorld ​បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក​​​​​​"

  1. Anonymous says:

    I know every thing is dead no income the wars is HUN SEN can not landing any money from any country . use you watch NANA or use your life