មន្ត្រី​ថា​ រដ្ឋ​​សភា​​គ្មាន​គម្រោង​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មក​សួរ​​ករណី​យោធា​បាញ់​​ពលរដ្ឋ​ឡើយ​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា and លោក សុត បាន | ០៩ មិថុនា ២០២១ |ម៉ោង ១៧:១៥
VOD

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)


មន្ត្រីជាន់ខ្ពស់រដ្ឋសភា អះអាងថា សភាឯកបក្សគ្មានគម្រោងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិមកធ្វើការសាកសួរ ពាក់ព័ន្ធនឹងក្រុមយោធាប្រើអាវុធបាញ់លើពលរដ្ឋម្នាក់ឱ្យរងរបួសស្មាក្នុងរឿងវិវាទដីធ្លីនៅខេត្តកណ្ដាលឡើយ ដោយទុកសមត្ថកិច្ចនេះឱ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ជាអ្នកចាត់វិធានការ។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងយោធាជាច្រើននាក់ប្រដាប់ដោយអាវុធ បានបាញ់ប្រហារដោយគ្រាប់កាំភ្លើងពិតទៅលើប្រជាពលរដ្ឋប្រមាណ៦០នាក់ដែលកំពុងប្រមូលផ្តុំគ្នាតវ៉ារឿងជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅចំណុចភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្ដាលឱ្យ បុរសម្នាក់ឈ្មោះ មុំ ចន្ថា រងរបួសធ្លាយស្មា និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ការផ្ទុះអាវុធ​​របស់​ក្រុម​យោធានោះបានធ្វើឡើង បន្ទាប់ពីក្រុមពលរដ្ឋបានលើកគ្នាទៅតវ៉ា​​ហាមឃាត់​មិន​ឱ្យយកគ្រឿងចក្រឈូសឆាយព្រំដីស្រែរបស់ពួកគេដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា រដ្ឋសភា​គ្មានគម្រោងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិមកសាកសួរ ដោយសាររដ្ឋាភិបាលមានវិធានការរួចហើយចំពោះករណីនេះ។

លោកថា៖ «យើងគណបក្សតែមួយ ហើយយើងធ្វើការនៅគណបក្ស ក្រៅពីធ្វើការនៅសមត្ថកិច្ចរៀងៗខ្លួន​ យើងក៏ធ្វើការនៅខាងគណបក្ស។ ដូច្នេះហើយអំពើដែលខុសឆ្គងផ្សេងៗគឺថា ​ដំបូងឡើយ យើងជូនសមត្ថកិច្ច​ជាអ្នកដោះស្រាយ។ រឿងហ្នឹងយើងបានពិភាក្សាគ្នាជូនទៅសមត្ថកិច្ចជាអ្នកដោះស្រាយបញ្ហាហ្នឹង។ អ្នកដោះស្រាយមានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ នៅថ្ងៃទី៩ ខែមិថុនា ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ​​ សុំមិនធ្វើអត្ថាធិប្បាយករណីនេះ ដោយឱ្យសួរទៅអគ្គស្នងការនគរបាលជាតិ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ករណីនេះ ស្ថិតនៅក្រោមសមត្ថកិច្ចប៉េអឹម។

លោកថា៖ «ខ្ញុំមិនអាចផ្ដល់យោបល់បានទេ សួរទៅខាងអាជ្ញាធរ យោធា និងខាងតុលាការទៅ។ ខ្ញុំអត់មានសមត្ថកិច្ចអីត្រូវឆ្លើយរឿងហ្នឹងទេ! យោធាអ្នកបាញ់ មកសួរប៉ូលិស ម៉េចឆ្លើយរួច! ហើយដោះស្រាយ អាជ្ញាធរ​ដែនដីជាអ្នកដោះស្រាយ​ មិនមែនអគ្គស្នងការនគរបាលជាតិជាអ្នកដោះសា្រយរឿង​ហ្នឹងទេ។ ហើយថាចង់ស៊ើបអង្កេតរឿងគាត់ជាយោធាច្បាស់ហើយ ខាងនគរបាលណាហ៊ានទៅលូកដៃ គឺគេមានខាងប៉េអឹមជាអ្នក​ស៊ើបអង្កេត ព្រោះអំពើប្រព្រឹត្តដោយយោធា»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា សមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ។

លោកថា៖ «គេកំពុងធ្វើការងារនេះ អត់ទាន់មានអីផ្សាយបានទេ»។ 

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ​ និយាយថា សមត្ថកិច្ចនិង​ស្ថាប័នតុលាការកំពុងធ្វើកិច្ចការនេះ។

លោកថា៖ «កំពុងស្រាវជ្រាវហើយ! តាមនីតិវិធីច្បាប់ ​អង្គភាពតុលាការ​អីគេស្រាវជ្រាវហើយ។ អត់មានស្រាវជ្រាវអីមិនឃើញទេ! ហ្វេសប៊ុកគេមិនបង្ហោះមើល? ឃើញ​គ្រប់គ្នាហើយ! គ្មានពិបាកស្រាវជ្រាវ! តាមនីតិវិធីច្បាប់! កំពុងអនុវត្តតាមនីតិវិធីច្បាប់ហើយ»។

អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃអង្គការ​ឃ្លាំមើលការបោះឆ្នោត (ខុមហ្រ្វែល) លោក កន សាវាង្ស​​ លើកឡើងថា ការដែលរដ្ឋសភាមិនកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិមកសួរករណីនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា សភាបច្ចុប្បន្នមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាអ្នកតំណាងឱ្យប្រជារាស្ត្រឡើយ។

លោកថា៖ «រដ្ឋាភិបាលឬក៏ស្ថាប័ននីតិប្រតិបត្តិ​ ត្រូវបានទទួលខុសត្រូវចំពោះមុខរបស់​អង្គនីតិបញ្ញត្តិរបស់សភា អ៊ីចឹងបើសិន​ជា​លោក [រដ្ឋសភា] មើលឃើញថា វាមានបញ្ហាខុសឆ្គង​ឬមានបញ្ហានៅក្នុងការអនុវត្ត ចាំបាច់ណាស់​​ត្រូវតែហៅ។ ប៉ុន្តែបើលោកមើលឃើញការបាញ់នេះ ការ​​ធ្វើបញ្ហានេះទៅលើប្រជាពលរដ្ឋ ហើយ​លោកនៅស្ងៀម អាហ្នឹងវាជា​ចំណុចមួយមិនត្រូវបានបំពេញក្នុងនាមជាតួនាទី​ជាតំណាង ដើម្បីពិនិត្យ​ថា​តើរឿងហ្នឹងវាយ៉ាងម៉េច»។

អុ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ​ចាត់វិធានការច្បាប់ទៅលើអ្នកប្រព្រឹត្ត ដើម្បីកុំឱ្យប្រជាពលរដ្ឋបាត់បង់​ជំនឿ​លើ​ប្រព័ន្ធច្បាប់ និងលុបបំបាត់វប្បធម៌និទណ្ឌភាព។

លោកថា៖ «ខ្ញុំយល់ថា អំពើទាំងអស់នេះ វាកាន់តែបង្ហាញអំពើនិទណ្ឌភាព បើសិនជាមិនមានចំណាត់ការណាមួយដែលធ្វើឱ្យសាធារណជនជឿជាក់ ថា​​ការដែលមានអំពើបាញ់បោះ​ប្រើហិង្សាមកលើប្រជាពលរដ្ឋ​ដែលជាអំពើល្មើសច្បាប់ [តែ]អត់ចាត់វិធានការ​»។ 

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តទាំងអស់ពង្រឹងការអនុវត្តច្បាប់ឱ្យ​បានត្រឹមត្រូវ ​ពិសេស​ការចុះអនុវត្តសាលដីការបស់តុលាការ ​ដោយថា ការប្រើប្រាស់កម្លាំងយោធា​ណាមួយ គឺជារឿងខុសច្បាប់ទាំងស្រុង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "មន្ត្រី​ថា​ រដ្ឋ​​សភា​​គ្មាន​គម្រោង​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មក​សួរ​​ករណី​យោធា​បាញ់​​ពលរដ្ឋ​ឡើយ​"

  1. Anonymous says:

    no investigation on every murder that what this regime always do . we knew the reason why they are a jungle communist brain washed by VIETCONG . killing and put people in jail was their job . please take the top ANKA LEIR out then this nation can be safe

Leave a Reply

Submit Comment