អ្នក​ជំនាញ​ថា ទាល់តែ​​កម្ពុជា​​ខ្លាំង​​ខ្លួន​​ឯង ទើប​​រក្សា​បាន​​​អធិបតេយ្យជាតិ​​ពេញ​លេញ​

ដោយ សេក បណ្ឌិត
2021-06-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំនាញ​ថា ទាល់តែ​​កម្ពុជា​​ខ្លាំង​​ខ្លួន​​ឯង ទើប​​រក្សា​បាន​​​អធិបតេយ្យជាតិ​​ពេញ​លេញ​

លោក វ៉ាង វេនប៊ិន ​(Wang Wenbin) ​អ្នកនាំពាក្យ​ការបរទេស​ចិន និង​អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក។ រូប៖ ហ្វេសប៊ុក Wang Wenbin និង U.S. Asia Pacific Media Hub


ក្រុម​អ្ន​ក​​តាម​ដាន​ស្ថាន​ការណ៍​នៅ​តែ​​​មើល​ឃើញ​ថា មាន​តែ​ការ​ពង្រឹង​ខ្លួន​ឯង​ឱ្យ​រឹងមាំ និងអនុវត្ត​គោល​នយោបាយ​ការ​បរទេស​​អព្យាក្រឹត្យទេ ទើប​​អាច​​ជួយឱ្យ​​កម្ពុជា​​​មាន​​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​ពេញលេញបាន​។

សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយបណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍ថា គោល​នយោបាយ​ការ​បរទេស​​ឆ្លាត​វៃសម្រាប់​​ប្រទេស​​តូច ​ដូច​ជា​​កម្ពុជា គឺការ​ប្រកាន់​យក​​គោល​នយោបាយ​​អព្យាក្រឹត្យ​នៅ​ចំពោះមុខ​​ប្រទេសចិន និង​​សហរដ្ឋ​អាមេរិក។ លោក​ថា កម្ពុជាមិន​​អាច​​ពឹង​ផ្អែក​​លើ​​ប្រទេសចិន ឬសហរដ្ឋ​អាមេរិក​​​ផ្តាច់​មុខ​​នោះ​ទេ ពីព្រោះវា​​នឹង​​ធ្វើ​ឱ្យ​កម្ពុជា​​រង​សម្ពាធ​ពី​មហាអំណាចម្ខាងទៀត។ លោក​សង្កត់ធ្ងន់​ថា ចំណុច​សំខាន់​​មួយទៀត​នោះ គឺកម្ពុជា​ត្រូវ​មាន​ឯកភាពជាតិ និង​​កសាង​ស្ថាប័ន​នយោបាយឱ្យ​​រឹងមាំ៖ «ពេល​យើង​កសាង​រដ្ឋ​របស់​យើង​ឱ្យ​កាន់​តែ​ខ្លាំង លំហូរ​នៃ​ការ​កៀរគរ​នៃការ​វិនិយោគ កៀរគរ​​ការ​អភិវឌ្ឍជាតិ​ កៀរគរ​ពីការ​ចាប់​អារម្មណ៍​របស់​មហាអំណាច​ វាកាន់​តែ​បាន​ច្រើន ហើយកាត់​បន្ថយ​សម្ពាធ​ពីមហាអំណាច​ក៏​បាន​កាន់​តែ​ច្រើនដែរ ដូចពាក្យ​ស្លោក​គេថា ព្រះជួយ​អ្នក​ណា​ដែល​ជួយ​ខ្លួន​ឯង។ អ៊ីចឹង​មានន័យថា យើង​ជួយ​ខ្លួន​ឯង​ឱ្យ​ខ្លាំង​ ហើយ​ឆ្លៀត​យក​ឱកាស​នៃការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ដើម្បី​មក​ធ្វើ​ទំនើបកម្ម​ប្រទេស​របស់​យើង​ ដោយ​ឈប់​ពឹង​អាស្រ័យ​ទៅលើ​បារមី​របស់​មេដឹកនាំ ហើយ​គួរ​នាំ​គ្នា​ផ្តោត​អារម្មណ៍​កសាង​​ស្ថាប័ននិយម ការឱ្យ​តម្លៃ​ទៅលើ​ស្ថាប័ន​ជាតិ»។

អ្នក​ជំនាញផ្នែកភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​បែបនេះ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ តាម​រយៈរដ្ឋ​មន្ត្រីការ​បរទេស​លោក វ៉ាង យី (WANG YI) បាន​អះអាង​ជាថ្មីទៀតថា ចិនបន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍជាតិ​របស់កម្ពុជា។​ ទន្ទឹមនឹង​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​ជួយ​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដីរបស់កម្ពុជា។

ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីការបរទេស​ចិនលោក វ៉ាង យី បាន​បញ្ជាក់​បែបនេះ​ទៅកាន់រដ្ឋមន្ត្រីការបរទេស​​កម្ពុជាលោក​ ប្រាក់ សុខុន ក្នុង​ជំនួប​ទ្វេភាគី ​កាល​ពី​ថ្ងៃទី០៨ ខែមិថុនា អំឡុង​ពេលលោក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការបរទេស​ពិសេស​អាស៊ាន​-ចិន និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​នៃកិច្ច​សហប្រតិបត្តិ​ការ​មេគង្គ-ឡានឆាង ​លើក​ទី៦។

ក្រសួង​ការបរទេស​កម្ពុជា​ឱ្យដឹង​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី០៨ ខែមិថុនាថា ក្រៅពី​ការ​រំលឹក​ឡើងវិញ​អំពីការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ក្នុ​ងការ​បន្ត​ជួយ​ដល់កម្ពុជានេះ ភាគី​ចិន​ក៏​បាន​សន្យាថា នឹង​នាំ​ចូល​ផលិត​ផល​កសិកម្ម​បន្ថែម​ទៀត​ពីកម្ពុជា ជាពិសេស​អង្ករ និង​ស្វាយ។ ជាមួយគ្នានេះ ភាគី​ចិន​សន្យាថា នឹង​បន្តបរិច្ចាគវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ និង​សម្ភារៈ​វេជ្ជសាស្ត្រ​បន្ថែម​ទៀត​ដល់​កម្ពុជា។

ក្រសួង​ការ​បរទេសអះអាងទៀត​ថា ភាគី​កម្ពុជា-ចិន ប្តេជ្ញាចិត្តយ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឱ្យចំណង​មិត្តភាព​​កាន់​តែ​ស៊ីជម្រៅ​​ ព្រម​ទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ជាច្រើន​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ និង​សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង និង​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសាកសួរ​បន្ថែម​អំពីរឿងនេះ​បាន​ទេ នៅថ្ងៃទី០៩ ខែមិថុនា ដោយ​ទូរស័ព្ទចូលតែពុំ​មាន​អ្នក​ទទួល។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ចិន និង​សហរដ្ឋ​អាមេរិក មាន​ជំហរ​ផ្សេង​គ្នាក្នុង​ការ​លើក​ឡើង​អំពីបញ្ហាអធិបតេយ្យ​របស់​កម្ពុជា។ លោកយល់​ថា ចិន​ចេញមុខ​ធានា​ការពារអធិបតយ្យកម្ពុជា គឺដើម្បី​កុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ព្រួយបារម្ភ​ចំពោះការ​ដាក់​​សម្ពាធពីសំណាក់​សហរដ្ឋ​អាមេរិក ហើយ​ចិន​ចង់​​ទាញ​កម្ពុជា​ឱ្យ​ងាក​ទៅរក​ឥទ្ធិពលរបស់ខ្លួន​។ ផ្ទុយ​ទៅវិញ សហរដ្ឋ​អាមេរិក​ត្រឹម​ចង់​ឱ្យ​កម្ពុជា​អនុវត្ត​គោលនយោបាយ​​អព្យាក្រឹត្យ មិន​មែន​ទាញកម្ពុជា​ឱ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់សហរដ្ឋ​អាមេរិក​នោះទេ។ លោក ឯម សុវណ្ណារ៉ា បន្ថែម​​ថា ក្នុងបរិបទបែបនេះ កម្ពុជា​ត្រូវ​​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត្យ​ដូច​ដែល​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​មិន​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​ការ​ប្រជែង​ឥទ្ធិពល​គ្នា​របស់​​កំពូលមហាអំណាច​ទាំងពីរបានឡើយ៖ «កម្ពុជា​គួរ​តែ​ឈរ​យក​អត្ថ​ប្រយោជន៍​នយោបាយ​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិករបស់​សហរដ្ឋ​អាមេរិក ហើយ​និងគំនិត​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់​ចិន។ ហើយ​ខ្ញុំ​គិត​ថា នៅ​ឆ្នាំ​ក្រោយ​ហ្នឹង​ប្រហែល​ជា​លេច​ចេញគំនិត​នយោបាយ​ប៉ាស៊ីហ្វិក​មួយ​ទៀត​របស់​សហភាពអឺរ៉ុប​​ ដែល​ផ្តោត​មក​លើ​តំបន់​អាស៊ាន​ហ្នឹង អ៊ីចឹង​កម្ពុជា​គួរ​តែ​ឈរ​អព្យាក្រឹត​ទើប​បាន​អត្ថប្រយោជន៍​ច្រើន ពីព្រោះ​កម្ពុជា​ពឹង​ផ្អែក​លើ​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប និង​អាមេរិក​ច្រើនជាងចិន ហើយ​និង​ផល​ប្រយោជន៍​នយោបាយ​ការ​ទូត ​ក៏​ត្រូវ​ការ​ការ​គាំទ្រ​ពី​លោក​ខាងលិច​ច្រើនជាង​ចិន​ដែរ ព្រោះចិន​មាន​តែមួយ​សំឡេង»។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញជំហរ​លម្អៀង​ទៅរក​ប្រទេសចិន ដោយ​ឥត​លាក់​លៀម ទាំងលើវិស័យយោធា ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ។ នៅពេល​ត្រូវ​បាន​ចោទសួរ​អំពីទំនាក់​ទំនង​ដ៏ជិតស្និទ្ធិ​​នេះក្នុងវេទិកាអន្តរជាតិ​កាល​ពី​ចុងខែឧសភា លោក ហ៊ុន សែន មាន​ប្រសាសន៍ថា លោក​មិន​ដឹង​ទៅពឹង​ប្រទេស​ណា​នោះទេ ក្រៅពីពឹង​​ចិន ​ដើម្បីឱ្យ​ជួយ​អភិវឌ្ឍ​កម្ពុជា។ ជាងនេះទៅទៀត រដ្ឋាភិបាលរបស់​លោក ​បាន​អនុញ្ញាត​ឱ្យ​ចិន​ជួយ​អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន​ទ័ពជើង​ទឹក​រាម​ ក្រោយ​បាន​​វាយកម្ទេច​ចោល​សំណង់​អគារ​ដែល​ជាជំនួយ​របស់​សហរដ្ឋ​អាមេ​រិក​ទៀតផង។ ការ​អភិវឌ្ឍមូលដ្ឋាន​ទ័ពជើងទឹក​រាមនោះ គឺជាជំនួយ​ឥតសំណង​របស់​ចិន ហើយ​កងកម្លាំង​របស់​ចិន​ក៏​ចូលរួម​ក្នុង​កិច្ច​ការ​នោះដែរ។

ជាការ​ឆ្លើយតប សហរដ្ឋ​អាមេរិក​បាន​សម្តែង​កង្វល់ជា​បន្ត​បន្ទាប់​អំពីវត្តមានកង​ទ័ពចិន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅមូលដ្ឋាន​ទ័ព្ទជើងទឹក​រាមនោះ។ ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នាពេល​ថ្មីៗនេះ អនុរដ្ឋ​មន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានលើក​ឡើងថា មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា នឹង​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ មន្ត្រី​ជាន់​ខ្ពស់​ការ​បរទេស​អាមេរិក​រូប​នេះ ជំរុញ​ថ្នាក់​ដឹក​នាំរបបក្រុង​ភ្នំពេញ ឱ្យ​រក្សា​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជា​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment