មន្ត្រី​សង្គម​ស៊ីវិល​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​​លាងលុយ​​កខ្វក់​​ឲ្យ​មាន​​ប្រសិទ្ធភាព​

ដោយ មាន ឫទ្ធិ
2021-06-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​​លាងលុយ​​កខ្វក់​​ឲ្យ​មាន​​ប្រសិទ្ធភាព​

ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុរបស់​អាមេរិក ហៅកាត់​ថា FinCEN (រូប​លើ) និង​ធនាជាតិ​នៃ​កម្ពុជា (រូបក្រោម)។ រូប៖ គេហទំព័រ FinCEN និង​ទំព័រហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា។ រូប៖ ហ្វេសប៊ុក ធនាគារជាតិ


បើទោះបីជា​កម្ពុជា​​បាន​​អនុម័ត​ច្បាប់​ជាបន្តបន្ទាប់​កាលពី​ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លាងលុយ​កខ្វក់​ក៏ដោយ ក៏​​ស្ថាប័ន​​ឃ្លាំមើល​​អំពើ​លាងលុយ​​កខ្វក់​​នៅ​​លើ​ពិភពលោក រួមទាំង​​សហភាព​​អឺរ៉ុប​ផង​​នៅ​មិនទាន់​ដក​ឈ្មោះ​កម្ពុជា​ចេញពី​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​នៅឡើយទេ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជាលោក ប៉ិច ពិសី មើលឃើញ​ថា ចាប់តាំង​ពី​មាន​ការផ្ទុះ​រាលដាល​ជំងឺកូវីដ១៩​មក លោក​នៅ​មិនទាន់​មើលឃើញ​មាន​ការវិវត្តន៍​ប្រឆាំងនឹង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា​នៅឡើយទេ។ លោកថា អាជ្ញាធរ​ក៏​ពុំ​បាន​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រយុទ្ធប្រឆាំង​នឹង​អំពើលាងលុយ​កខ្វក់ ឬ​ការស៊ើបអង្កេត​ករណី​នេះដែរ៖ «យើង​មាន​គោលការណ៍​គតិយុត្តិ​មិនទាន់​អាច​ដក​កម្ពុជា​ចេញ​ពី​បញ្ជី​ខ្មៅ​នោះទេ។ អ្វីដែល​សំខាន់​គឺ​យើង​អនុវត្ត​គោលការណ៍​ច្បាប់​ដែល​មាន​ជា​ធរមាន​ឱ្យ​មាន​ប្រសិទ្ធភាព​ជាពិសេស​អាច​ឈាន​ទៅ​ដល់​ការទប់ស្កាត់​ការលាងលុយ​កខ្វក់​ហ្នុង​ជាក់ស្តែង។ បើសិនជា​មាន​បទល្មើស​លាងលុយ​គឺ​ត្រូវ​តែ​ចាត់​វិធានការ​អនុវត្ត​ច្បាប់ មាន​ការស៊ើបអង្កេត ឬក៏​ដាក់​ទោសទណ្ឌ​ជនសង្ស័យ​ទាំងនោះ ទើបបាន​យើង​អាច​ឈាន​ទៅដល់​ការប្រសើរ​ឡើង ហើយ​ប្រហែល​ជា​ខាង​ដៃគូ​ទាំងនោះ គាត់​អាច​ពិចារណា​នៅ​ក្នុង​ការដក​ប្រទេស​យើង​ចេញពី​បញ្ជី​ប្រផេះ»

ទោះបីជាយ៉ាងណាលោក ប៉ិច ពិសី សង្កេតឃើញ​ថា ចាប់តាំង​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​មួយចំនួន​ពាក់ព័ន្ធនឹង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើសម្អាតប្រាក់ អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​រតនាគារជាតិ តម្រូវ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ធនាគារ ទាំង​រដ្ឋ និង​ឯកជន បង្កើន​ការត្រួតពិនិត្យ និង​តាមដាន​ចរាចរណ៍​សាច់ប្រាក់​ចេញចូល​ក្នុង​ប្រទេស​កម្ពុជា៖ «ឧទាហរណ៍​ថា កាលមុន​នៅពេល​ដែល​មាន​លុយ​គេ​បញ្ជូន​ពី​បរទេស​មក​ស្រុកខ្មែរ មិនសូវ​មាន​ការសួរ​ដេញដោល​ច្រើន​ទេ​អំពីប្រភព​លុយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺ​គេត្រូវ​ធានា​ថា លុយ​ហ្នុង​ត្រូវ​មាន​ប្រភព​ច្បាស់លាស់​ពី​ខាងណា​ខាងណី​មក មុននឹង​ធនាគារ​ទទួលយក​លុយ​ហ្នុង​ចូល​ស្រុកខ្មែរ។ អ៊ីចឹង កិច្ចការ​នេះ យើង​ឃើញ​ថា រតនាគារ​ជាតិ​គាត់​បាន​ជំរុញ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធ្វើ​កិច្ចការ​ហ្នុង»។

ជុំវិញ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាងលុយ​កខ្វក់​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមឃឿន ពន្យល់​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ពេល​ថ្មីៗនេះ​ថា ក្នុង​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ២០២១​នេះ អាជ្ញាធរ​កំពុង​បើក​ការស៊ើបអង្កេត​លើ​ករណី​មួយ​ចំនួន​ដែល​លោក​សូម​មិន​បញ្ចេញ​តួលេខ​ជាក់លាក់​ឲ្យ​ដឹង​ដោយសារ​អាច​ប៉ះពាល់​ដល់​ការស៊ើបអង្កេត។ លោកថា អាជ្ញាធរ​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​នេះ​យ៉ាងសកម្ម​ប្រកប​ដោយ​ឆន្ទៈ៖ «សូម​បញ្ជាក់​ថា បទឧក្រិដ្ឋ​ក្នុងការ​សម្អាត​ប្រាក់​នេះ មាន​ពាក់ព័ន្ធ​ស្មុគស្មាញ​ច្រើនណាស់ ជាពិសេស​បទល្មើស​ទាំងអស់​នេះ​ភាគច្រើន​ស្ថិតក្រោម​ការចាត់តាំង​ច្បាស់លាស់​ដែល​មាន​ខ្សែរយៈ​បណ្តាញ​របស់​ឧក្រិដ្ឋជន​រៀបចំ​សេណារីយ៉ូ និង​ក្រុមខ្លះ​ក៏​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ទៀតផង។ បញ្ជាក់​ដោយខ្លី​ថា យើង​នៅតែ​បន្ត​សហការ​យ៉ាងសកម្ម​ក្នុងការ​តាមដាន​សង្កេត​ឃ្លាំមើល​សកម្មភាព​ដែល​សង្ស័យ​ពាក់ព័ន្ធនឹង​ការសម្អាតប្រាក់​ដោយ​សហការ​ជាមួយ​នឹង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​យើង​ហៅកាត់​ថា CAFIU»។

ផ្ទុយពី​ការអះអាង​នេះ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី និយាយ​ថា លោក​ពុំ​មាន​ជំនឿ​ទៅនឹង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​លាងលុយកខ្វក់​នេះទេ ព្រោះ​លោកថា រដ្ឋាភិបាល​តែងតែ​ប្រើ​យុទ្ធសាស្ត្រ​បដិសេធ និង​បកស្រាយ តែ​ខ្វះ​ដំណោះស្រាយ​ជាក់លាក់៖ «អាហ្នុង​គេហៅថា យុទ្ធសាស្ត្រ​កាយកប់​ត្រលប់​ជាន់។ សម្រាប់​ខ្ញុំ​ៗ​មើលឃើញ​ថា វា​ទៅ​អត់​រួចទេ។ បញ្ហា​វា​អត់​ត្រូវការ​ការបកស្រាយ​ទេ វាត្រូវការ​ការដោះស្រាយ។ ជំងឺ​វា​អត់ត្រូវការ​ការប្រឹក្សា​ជំងឺទេ វាត្រូវការ​ថ្នាំលេប​ដើម្បី​ព្យាបាល​ជំងឺ។ អ៊ីចឹង ការលាងលុយ​កខ្វក់​នេះ វា​ជា​ផ្នែក​មួយ​នៃ​បញ្ហា វា​ជា​ផ្នែក​មួយ​នៃ​ជំងឺ​សង្គម​ដែល​ត្រូវការ​ដំណោះស្រាយ​សមស្រប​មួយ។ បើយើង​តាមដាន​ព័ត៌មាន​កន្លងមក យើង​សឹងតែ​អត់​មាន​ព័ត៌មាន​ហ្នុង​ម្តង។ យើង​មិនដឹង​ថា​ការចាប់​បាន​លុយ​ដឹក​តាម​យន្តហោះ​មក​ ហ្នុង​ការចាប់​បាន ចុះ​ការចាប់​មិនបានគឺ​ដូចគេហៅ iceberg អ៊ីចឹង។ បើយើង​មើល iceberg មានន័យ​ថា ទឹកកក​អណ្តែត​ទឹក ក្បាល​ទឹកកក​នៅលើ​ទឹក​ឃើញ​តូចទេ ប៉ុន្តែ​អា​ខាងក្រោម​ហ្នុង​វាធំ…»

កាលពី​ខែមីនា ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ហៅកាត់​ថា FinCEN របស់​អាមេរិក បាន​ជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅអាមេរិក ឲ្យ​បង្កើន​ការឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​មាន​ប្រភព​ចេញ​ពី​កម្ពុជា។ ការជូនដំណឹង​ធ្វើឡើង​ស្របតាម​ការសម្រេច​ចុងក្រោយ​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​ពិភពលោក ឈ្មោះ​ក្រុមការងារ​ហិរញ្ញវត្ថុ ហៅកាត់ថា FATF។ ផ្អែក​តាម​សេចក្តីសម្រេច​របស់​អង្គការ​ពិភពលោក​មួយ​នេះ​កាល​ពី​ថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជា​នៅតែ​បន្តជាប់​ឈ្មោះ​អស់​រយៈពេល ៣ឆ្នាំ​ ជាប់គ្នា​មកហើយ ថាជា​ប្រទេស​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការឃ្លាំមើល​ពាក់ព័ន្ធ​នឹង​អំពើលាងលុយ​កខ្វក់។ ទន្ទឹមនឹងនោះ កាលពី​ចុងឆ្នាំ២០២០ សហភាព​អឺរ៉ុប ក៏​បាន​ដាក់បញ្ចូល​កម្ពុជា​ក្នុង​បញ្ជី​ផ្លូវការ​នៃ​ក្រុមប្រទេស​ដែល​ងាយរងគ្រោះ​ខ្លាំង​ខាង​អំពើ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេវរកម្ម ស្របតាម​សេចក្តីសម្រេច​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​របស់​ពិភពលោក​​នេះដែរ។

ឆ្លើយតប​នឹង​បញ្ហានេះ របប​លោក ហ៊ុន សែន បាន​ប្រញាប់ប្រញាល់​បង្កើត​ច្បាប់​ចំនួន​បី (៣) ប្រឆាំង​ការសម្អាតប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ស្តីពី​ការជួយគ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ការបង្កើត​ច្បាប់​ទាំងនេះ មិន​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំងនេះ យល់ព្រម​លុបឈ្មោះ​កម្ពុជា ចេញ​ពី​ក្រុមប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយ​កខ្វក់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សង្គម​ស៊ីវិល​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​​លាងលុយ​​កខ្វក់​​ឲ្យ​មាន​​ប្រសិទ្ធភាព​"

  1. so socheath says:

    អញក៏ចេះនិយាយដែរ ភាសាដូចពួកអាចុយម៉្រាយ​ កូនមី
    កាដួយអាយះស្ញេញ អ្ហែងហ្នឹងនោះ !
    តែវាសំខាន់រត្រង់ ពួកអាកូនមីកាដួយស្អុយអ្ហែងអស់ហ្នឹង មានអំណះអំណាង
    ច្បាស់លាស់ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល និងហ៊ានប្រឈមមុខ ចំពោះតុលាការ​
    សម្រាប់កំហុសចោទប្រកាន់ដែលមិនសមហេតុផល​របស់ អាចុយម៉្រាយ
    អ្ហែងអស់ហ្នឹង ឬអត់អត់តែប៉ុណ្ណោះ ?