គ.ជ.ប លុប​ចោល​​ការ​បោះឆ្នោត​ឃុំសង្កាត់​​សាកល្បង​​តាមបញ្ជា លោក ហ៊ុន​ សែន ក្រោម​​ហេតុផល​ទប់ស្កាត់​​ជំងឺកូវីដ-១៩​

ដោយ សុជីវី
2021-06-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ.ជ.ប លុប​ចោល​​ការ​បោះឆ្នោត​ឃុំសង្កាត់​​សាកល្បង​​តាមបញ្ជា លោក ហ៊ុន​ សែន ក្រោម​​ហេតុផល​ទប់ស្កាត់​​ជំងឺកូវីដ-១៩​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបចោលភ្លាមៗចំពោះការបោះឆ្នោតសាកល្បងតាមប្រព័ន្ធអេឡិចត្រូនិកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក SPM


គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​សម្រេច​លុបចោល​គម្រោង​បោះឆ្នោត​សាកល្បង​​របស់ខ្លួន​ភ្លាមៗ​នៅក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​​ទៅ​ស្ថានប័ន​ដែល​របប​ឯកបក្ស​របស់លោកតែងអះអាងថា ឯករាជ្យនេះ​កាលពី​យប់ថ្ងៃទី៩ ខែ​មិថុនា ម្សិលម៉ិញ។

សេចក្ដី​សម្រេច​របស់ គ.ជ.ប អោយ​ដឹង​ថា ​ការលុប​ចោលនេះ​ដោយយោង​តាម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ។

វិទ្យុអាស៊ីសេរី​​ពុំទាន់អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ទេ​កាលពី​យប់​ថ្ងៃ​ទី៩ ខែមិថុនា ដោយទូរស័ព្ទ​មិន​អាចទាក់ទង​បាន។ បើទោះជា​យ៉ាងណា​​ សេចក្ដីសម្រេច​របស់​ គ.ជ.ប មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​បោះ​ឆ្នោត​សាកល្បង​នេះ​ត្រូវ​លុប​ចោលទាំង​ស្រុង ឬអាច​នឹង​ដំណើរការ​ឡើងវិញ​នៅពេល​ណាមួយ ដែល​ជំងឺកូវីដ-១៩​បាន​ធូរស្រាល​វិញ​នោះ​ឡើយ។

លោក​នាយក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ចេញ​បញ្ជា​តាម​រយៈសារជា​សំឡេង​រយៈពេល​ជិត​១០​នាទី​ថា គ.ជ.ប ត្រូវ​លុបចោល​បន្ទាន់​នូវការកៀគរ​អ្នក ​ពាក់ព័ន្ធ​​ចូលរួម​វគ្គ​បណ្តុះបណ្ដាល​រៀបចំការ​បោះ​ឆ្នោត​សាកល្បង​។ លោក​ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​ខេត្តក្រុង​ទាំងអស់​ចាត់​វិធានការ​​អនុវត្ត​បទបញ្ជា​នេះ​អោយ​មាន​ប្រសិទ្ធភាព៖ «ក្នុង​ពេលវេលា ដែលយើង​កំពុង​តែប្រឈម​ជាមួយ​ការឆ្លង​រីករាល​ដាល នៃ​ជំងឺកូវីដ-១៩ ព្រមទាំង​ការបង្ក​បង្កើនផល​របស់​ប្រជាជន​ផង ដូច្នេះ​ខ្ញុំ​សូម​ចេញ​បទ​បញ្ជា​ទៅ​ឯកឧត្តម​ លោកជំទាវ​អភិបាលរាជធានី ខេត្ត​ទាំងអស់ សូមកុំ​ប្រមូល​ប្រជាជនមក​ធ្វើការបណ្ដុះបណ្ដាល រៀនសូត្រ សម្រាប់​ការបោះឆ្នោត​សាកល្បង​ចាប់តាំង​ពីពេល​ទទួល​បទបញ្ជា​នេះ​តទៅ ព្រោះខ្ញុំដឹង​ថាថ្ងៃស្អែកនេះ​នឹង​មាន​ការហ្វឹកហាត់​នៅខេត្ត​មួយចំនួន។ ខ្ញុំត្រូវ​បង្ខំចិត្ត​ចេញ​បទ​បញ្ជា​នេះ ដើម្បី​ទប់ស្កាត់​ការប្រមូល​ប្រជាជន ដើម្បី​នឹង​មក​ហ្វឹកហាត់​ប្រើប្រាស់​ប៊ិច ឬ​ក៏របៀប​ណា​មួយ​នោះ​ក្នុងការ​បោះឆ្នោត​សាកល្បង ដែល​គ្មានការ​ចាំបាច់​ទាល់​តែ​សោះ»

មិន​ខុស​ពី​ការ​បញ្ជាក់​ក្នុង​សេចក្ដីសម្រេច​របស់ គ.ជ.ប ដែរ លិខិត​ចេញ​បន្ទាន់ភ្លាមៗ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន ​សែន បាន​បញ្ជាក់​ថា បទបញ្ជា​អោយ​លុបការ​បោះឆ្នោត​នេះ​សំអាង​លើ​ស្ថានភាព​ជាក់ស្ដែង​​នៃការរីក​រាល​ដាល​ជំងឺកូវីដ-១៩។

គ.ជ.ប បាន​ជូន​ដំណឹង​កាលពីថ្ងៃទី១ ខែមិថុនា ដោយ​កំណត់​យក​ថ្ងៃ​ទី២០ ខែមិថុនា អនុវត្ត​​​ការ​បោះ​ឆ្នោត​សាកល្បង​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​ធ្វើឡើង​នៅ​ទូទាំង​២៥រាជធានី-ខេត្ត។ គ.ជ.ប បាន​កំណត់​យក​ការិយាល័យ​ចំនួន​ ២ នៅតាម​ឃុំ-សង្កាត់​នីមួយៗ ពោល​គឺមាន​ចំនួន​ការិយាល័យ​បោះឆ្នោតសារុប​ចំនួន ៥០ ​នៅទូទាំង​ប្រទេស និង​ទទួល​ពាក្យ​អ្នកសង្កេតការណ៍​ពីគ្រប់​មជ្ឈដ្ឋាន​ចាប់​ពី​ថ្ងៃទី១ ដល់ទី១៨​ ខែ​មិថុនា។ សេចក្ដីប្រកាស​របស់​ គ.ជ.ប បញ្ជាក់​ថា​នោះគឺ​ ជា​ការ​បោះឆ្នោត ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​  ឬ​ជាការ​បោះឆ្នោត​​អេឡិចត្រូនិក។ បើតាម​ គ.ជ.ប ការ​បោះឆ្នោត​នេះ​ជាផ្នែក​មួយ​នៃការសិក្សា និង​កែ​លម្អ​នីតិវិធីបោះឆ្នោត មុន​នឹង​ គ.ជ.ប សម្រេច​ជា​ផ្លូវ​ការ​ដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​អេឡិកត្រូនិក​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ក្នុង​ឆ្នាំ២០២២ ខាងមុខ។

តែទោះ​ជា​យ៉ាងណា​ ទីប្រឹក្សា​អង្គការ​ផ្នែក​បោះឆ្នោត​ខុមហ្រ្វែល(COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា​ គ.ជ.ប មិន​បាន​បើក​ចំហរព័ត៌មាន​អោយ​ខាង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ស្វែង​យល់​ពីរបៀបរបប និង​ប្រព័ន្ធបោះឆ្នោតថ្មីតាមកុំព្យូទ័រនេះ​នៅឡើយ ដែល​ធ្វើ​អោយ​មាន​មន្ទិល​សង្ស័យ​ជាច្រើន៖ «យើង​យល់​ថា គ..ប ធ្វើ​ហ្នឹង​ក៏​សំខាន់សម្រាប់គាត់ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​ ដែល​គាត់រកឃើញថ្មី ផ្លាតហ្វម (Platform) ដើម្បីតេស្ត​ថាវាធ្វើការ ឬអត់។ ប៉ុន្តែ​យើង​ភាគី​ផ្សេងៗ​ចូល​ទៅ​នាំ​គ្នា​គិត​រឿង​ហ្នឹង​គឺ​នៅមានកម្រិត»

ជាមួយគ្នា​នេះ​អ្នកវិភាគ​នយោបាយ ដែល​ភៀសខ្លួន​នៅ​ក្រៅប្រទេស​លោក គឹម សុខ មើលឃើញ​ថា​ ការ​បង្កើត​ឱ្យ​មានការបោះឆ្នោត ដែល​ពុំមាន​តម្លាភាព​តាំង​ពីដំបូង​បែប​នេះ​ នឹង​នាំ​អោយ​មាន​ការចោទ​ប្រកាន់​បន្ត​ទៀត​ថា ​គណបក្ស​កាន់អំណាច​អាច​នឹង​ប្រើ​ប្រាស់​ស្ថាប័នបោះឆ្នោត​នេះ ដើម្បី​គៃ​បន្លំ​សន្លឹកឆ្នោត។ លោក​បារម្ភ​ថា​ អាច​នឹង​មានករណី​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិច សរសេរ​កម្មវិធី​កុំព្យូទ័រលំអៀង​ទៅ​គណបក្ស​កាន់អំណាច ដោយ​ការប្រើប្រាស់ទិន្នន័យ​ក្លែងបន្លំ​ផ្ដល់​សំឡេង​​ឆ្នោត​លើសលុប​ទៅ​អោយ​បក្សនេះជាស្វ័យប្រវត្តិ ដែល​មិនខុសគ្នា​ពីការលួច​សន្លឹកឆ្នោត ប្រសិន​បើ​ពុំមាន​ភាគី​ជំនាញ​ពាក់ព័ន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ​បាន​តាមដាន ប្រព័ន្ធ​អេឡិចត្រូនិក ដែល​គ្រប់គ្រង​ដោយ​ គ.ជ.ប តែ​ឯង​នោះ៖ «ប្រសិន​បើអោយ​អង្គការ​បោះឆ្នោត​មួយនៃ​ប្រទេស​មួយចេះ​តែ​រៀបចំ ដោយ​មិន​មានការទុក​ចិត្តអ៊ីចឹង​គេអាច​សរសេរ​កូដ(Code) ដើម្បី​កំណត់​នូវ​លទ្ធផល​របៀបណា​ក៏​ស្រេចតែ​គេពី​ព្រោះ​ការបោះឆ្នោត​សាកល្បង​​នេះ​វាដូចជា​ធ្វើប្រជាមតិ​ជាតិ​មួយ​ ដើម្បី​ស្ទង់មើល​ពី​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ថាត្រូវការ​គណបក្ស​នយោបាយ​ប្រភេទ​ណាហើយត្រូវ​ការ​បេក្ខជន ​ដែល​មាន​ទស្សនៈ​វិស័យ​ប្រភេទ​ណា?»។

លោក គឹម សុខ ផ្ដល់ទស្សនៈ​ថា ទោះបី​ជា​មាន​ការលុបចោល​ការបោះឆ្នោត​សាកល្បង​នេះ​ក៏​ដោយ​ក៏​ទំនង​ជា​ពុំមានការ​ពន្យារ​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណិត្ត​ទី៥ នៅ​ឆ្នាំ២០២២ ​ដែរ​ ព្រោះ​គឺ​នោះ​ជា​លេស​តែមួយគត់ ដែលបក្ស​កាន់អំណាច​យកមកប្រើប្រាស់​ ដើម្បី​បន្លំ​បង្ហាញ​ពីការគ្រប់​គ្រង​ត្រឹមត្រូវ​​ស្រប​ច្បាប់​របស់​ខ្លួន។

រដ្ឋាភិបាល​កំណត់​យកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មកដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ជាង​៤០​ហើយ ដែល​បាន​ចុះបញ្ជី​ជាផ្លូវការ​ត្រៀមចូលរួម​ការ​ប្រកួត​ប្រជែង​រកសំឡេងឆ្នោត​សម្រាប់​អាណត្តិ​ទី៥ នៅពេល​ខាងមុខ។

សហគមន៍​ជាតិ អន្តរជាតិ រួមទាំង​អនុ​រដ្ឋមន្រ្តីការបរទេស​ សហរដ្ឋអាមរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែល​ទើប​មកបំពេញ​ទស្សនកិច្ចនៅកម្ពុជា​ផង ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ.ជ.ប លុប​ចោល​​ការ​បោះឆ្នោត​ឃុំសង្កាត់​​សាកល្បង​​តាមបញ្ជា លោក ហ៊ុន​ សែន ក្រោម​​ហេតុផល​ទប់ស្កាត់​​ជំងឺកូវីដ-១៩​"

  1. Anonymous says:

    this BUDDHA kid was so dump every time when election coming up this evil always worry about lost . HUN SEN the leader that every one knew came from Vietcong communist slave always worry if he lost powers people will hang him the reason why??>> he was a dump Cambodian we ever seen , the evil monster , the genocide leader , the wars animal in the art that should not keep for this long . every Cambodian knew no one was KBOTH CHEATH beside this uneducated animal HUN SEN . we knew that this evil will destroy this nation till the end of it . please waking up do some thing to kick this evil out be for this nation end .

Leave a Reply

Submit Comment