ពលរដ្ឋ​ថា​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​​ដាក់​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន​ OCIC​ ដែល​ឈូស​ឆាយ​ដី​ធ្លី​ពួក​គាត់​​

តុលាការ និងច្បាប់ | បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១០ មិថុនា ២០២១ |ម៉ោង ១៨:៤១
VOD

គ្រឿងចក្ររបស់ក្រុមហ៊ុន OCIC ធ្វើសកម្មភាពឈូសឆាយរបងនិងស្រះត្រីពលរដ្ឋមួយគ្រួសារ ដោយពួកគេអះអាងថាការឈូសឆាយនោះមិនបានជូនដំណឹងមុននិងមិនមានសំណងសមរម្យនៅឡើយ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ផ្ដល់ឱ្យ)

គ្រឿងចក្ររបស់ក្រុមហ៊ុន OCIC ធ្វើសកម្មភាពឈូសឆាយរបងនិងស្រះត្រីពលរដ្ឋមួយគ្រួសារ ដោយពួកគេអះអាងថាការឈូសឆាយនោះមិនបានជូនដំណឹងមុននិងមិនមានសំណងសមរម្យនៅឡើយ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ផ្ដល់ឱ្យ)


ពលរដ្ឋមួយគ្រួសារដែលអះអាងថារងគ្រោះដោយសារវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC ថាកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល​ជាច្រើននាក់ត្រូវបានដាក់ពង្រាយការពារគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបានឈូសឆាយរបងនិងស្រះត្រីរបស់គាត់ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងនោះទេ​។

លោក គឹម ឆាយ ដែលអះអាងជាជនរងគ្រោះ ប្រាប់អ្នកសារព័ត៌មាននៅមុខ«រមណីយដ្ឋានដីមាស»របស់ខ្លួន នៅ​ថ្ងៃទី១០ ខែមិថុនានេះថា កងកម្លាំងប្រហែល៦០នាក់ត្រូវបានអាជ្ញាធរដាក់មកជួយការពារគ្រឿងចក្រឱ្យក្រុមហ៊ុន OCIC  ដែល​បានមកឈូសឆាយដីធ្លីរបស់គ្រួសារគាត់ ដោយមិនបានជូនដំណឹងនិងដោះស្រាយសំណងឡើយ។ 

លោកបន្តថា ដីរបស់គាត់ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC មានទំហំជាង២ហិកតា ដោយដីនោះ គ្រួសាររបស់គាត់បានទិញពីប្រជាពលរដ្ឋផ្សេងតាំងពីឆ្នាំ២០០៥។ 

លោកថា៖ «មិនគំរាមកំហែងម៉េច! កម្លាំងខាងប៉េអឹមប៉ូលិសមក៥០ទៅ៦០នាក់ ហើយខាងកម្មករ[មួយចំនួនទៀត] បូកៗទៅក្បែរ​ជាង១០០​នាក់ដែរ គ្រាន់តែមកធ្វើដីខ្ញុំមួយហ្នឹងជាង១០០នាក់ ឆ្លុះបញ្ចាំងថា រាជរដ្ឋាភិបាល ការធ្វើការងារ​អីក៏ដោយ ខ្ញុំជូនថា សង្គមនេះ សម័យនេះ ​មានការអីក៏យើងអាចចរចាគ្នាទៅ​ កុំឱ្យធ្វើបែបហ្នឹងអី […] យើងគ្មានអីទៅតតាំងទេ ព្រោះបើយើងតតាំង ខុសច្បាប់​​ទៀត»។

លោក គឹម ឆាយ បន្តថា ដីទំហំជាង២ហិកតាដែលរងផលប៉ះពាល់ដោយក្រុមហ៊ុន OCIC បើគិតតម្លៃតាមទីផ្សារ ប្រហែល២លានដុល្លារ។ លោកបន្តថា ប្រសិនបើអាជ្ញាធរនិងក្រុមហ៊ុនយកដីរបស់គាត់ គួរតែធ្វើការ​ដោះស្រាយ​សំណងឱ្យបានសមរម្យ ជាជាងការមិនដោះស្រាយហើយបែរជាដាក់កម្លាំងចម្រុះនិងគ្រឿងចក្រមកឈូសឆាយបែបនេះ ហើយមានត្រៀមទាំងរថយន្តបាញ់ទឹកទៀតផង។ 

លោកថា៖ «នៅជាច្រើនគ្រួសារណាស់ដែលមិនទាន់ដោះស្រាយ ដោយសារការដោះស្រាយគាត់គឺធ្វើម្ដងមួយៗ ខ្ញុំមិនដឹងថា គោលនយោបាយគាត់ម៉េចទេ! ​ខ្ញុំគិតថា ហេតុអីមិនដោះស្រាយទាំងអស់គ្នាតែម្ដងទៅ! ក្នុងនេះ តែមួយគ្រួសារខ្ញុំទេ ខ្ញុំមិនដឹងគាត់ [ក្រុមហ៊ុន] ដោះស្រាយឱ្យពួកគាត់ម៉េចទេ។ ពីមុនខ្ញុំ​គិតថា រាជរដ្ឋាភិបាលនឹង​ដោះស្រាយ យើងចេះតែចាំបាត់ៗ មកដល់ថ្ងៃនេះ គេមកឈូសហ្នឹង គេមកដោះសា្រយឱ្យខ្ញុំអ៊ីចឹង! គ្រឿងចក្រ៣ ទៅ៤គឿង មានឡានពន្លត់អគ្គិភ័យទៀត ​ប្រជាជនយើងមានអីជាមួយគាត់ ខ្ញុំមិនដឹងគាត់គិតម៉េច»។

មេការនៅរមណីយដ្ឋានដីមាស លោក ឌឿន ដន់ ចាត់ទុកការចុះឈូសឆាយដោយមានប្រើកងកម្លាំងការពារនេះថា ជាទង្វើឃោរឃៅ ខណៈ​ការឈូសឆាយនេះ អាជ្ញាធរមិនបានជូនដំណឹង ហើយប្រើកម្លាំងមកគំរាមពួកគាត់តែម្តង។ លោកបន្តថា រូបគាត់និងបុគ្គលិកផ្សេងទៀតបារម្ភខ្លាចបាត់បង់ការងារ បន្ទាប់ពីរមណីយដ្ឋាននេះ​ត្រូវ​អាជ្ញាធរឈូសឆាយអស់។

លោកថា៖ «នេះព្រលឹមឡើងម៉ោង៦កន្លះព្រឹក ដាក់កម្លាំងរុញយកៗតែម្ដង! គេរុកបំបាក់របងប្រហែលកម្ពស់២ម៉ែត្រ​បាក់អស់។ អីវ៉ាន់សម្បីតែឡាន យកមិនទាន់ផង គាត់ស្ទូចយកទៅខណ្ឌទៀត»។ 

នាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ លោក សែម ដារិទ្ធ សុំមិនធ្វើអត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ ដោយថាករណីនេះ អាជ្ញាធរធ្វើតាមបញ្ជាថ្នាក់លើតែប៉ុណ្ណោះ។

លោកថា៖ «ទាក់ទងទៅអភិបាលខណ្ឌ ខ្ញុំមិនអាចឆ្លើយជូនបានទេ! នេះគឺមានបញ្ជាថ្នាក់​លើក្នុងកិច្ចការងារហ្នឹង ដឹងតែប៉ុណ្ណឹង​បានហើយ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានទេ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ​មិនអាចទាក់ទងបានឡើយ។ ចំណែកក្រុមហ៊ុន OCIC ក៏មិនអាចរកការបំភ្លឺបានដែរពាក់ព័ន្ធ​ករណីនេះ​។ 

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សូផាត ចាត់ទុកការយកអាជ្ញាធរនិងកងកម្លាំងទៅការពារឱ្យក្រុមហ៊ុនថាជារឿងផ្ទុយនឹងច្បាប់ និងជាការគំរាមហែងពល​រដ្ឋរងគ្រោះ។ 

លោកសង្កេតឃើញថា រាល់ក្រុមហ៊ុនដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ បន្ទាប់ពីពួកគេ​ទទួល​បានដីសម្បទានពីរដ្ឋាភិបាល ភាគច្រើនអាជ្ញាធរតែងតែប្រើកម្លាំងការពារ​ឱ្យក្រុមហ៊ុនទៅវិញ។

លោកថា៖ «កន្លងមកនេះ ភាគច្រើនក្រុមហ៊ុនអាចមានអំណាច ​​អាចទាក់ទាញ​កម្លាំងសមត្ថកិច្ច​ ជួយការពារនៅពេលណាដែលគាត់ត្រូវការបណ្ដេញប្រជាពលរដ្ឋចេញ។ នេះ​​វាជាចំណុចខុសឆ្គងមួយសម្រាប់អ្នកអនុវត្តច្បាប់ ដែលយកកងកម្លាំងទៅអនុវត្តច្បាប់​ គឺយើងធ្វើម៉េចឱ្យមានសមភាព​ យើងហាក់បីឃើញលម្អៀងទៅក្រុមហ៊ុនជាជាងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ជាប្រជាពលរដ្ឋយើង ក្រោមឆ័ត្ររដ្ឋធម្មនុញ្ញទាំងអស់គ្នា ប៉ុន្តែដល់ការអនុវត្តវាផ្សេងគ្នា​»។

កាលពី​ឆ្នាំ២០១៦ រដ្ឋបាល​​រាជធានី​ភ្នំពេញ ​បាន​ប្រជុំ​កំណត់​ជាគោល​នយោបាយ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​ជូន​ពលរដ្ឋ​នៅខណ្ឌ​ជ្រោយចង្វារ ដោយ​សម្រេច​ផ្តល់​ចំណែក១០ភាគរយ​ជូន​ម្ចាស់ដី និង៥០ភាគរយ​បាន​ទៅ​រដ្ឋបាល​រាជ​ធា​នី​ភ្នំ​ពេញ ខណៈ៤០ភាគរយ​ទៀតបាន​ទៅ​ភាគី​ក្រុមហ៊ុន OCIC។ ប៉ុន្តែយន្តការដោះស្រាយសំណងនេះ ពលរដ្ឋដែលរងផលប៉ះពាល់អះអាងថា ធ្វើឡើងដោយមិនមានតម្លាភាពនិងអយុត្តិធម៌ ​​ដែ​លប​ង្កឱ្យមាន​ជម្លោះ​រ៉ាំរ៉ៃមិនទាន់ដោះស្រាយចប់​រហូតមកដល់​សព្វថ្ងៃ​នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment