ពលរដ្ឋ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​​បារម្ភ​ពី​​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ខណៈ​​ថ្ងៃ​ឱសានវាទ​បាន​មក​ដល់​

ព័ត៌មានជាតិ | សេដ្ឋកិច្ច | អភិបាលកិច្ច
លោក ណាត សុភាព and លោក ពក ខឺយ | ១០ មិថុនា ២០២១ |ម៉ោង ២១:១២
VOD

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលរស់នៅផ្ទៃទឹក ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ់ែន)

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលរស់នៅផ្ទៃទឹក ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ់ែន)


ប្រជាពលរដ្ឋរស់នៅលើផ្ទះ​បណ្តែត​ទឹកតូច​ធំ​ បែ​​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ បង្ហាញក្តីបារម្ភពីជីវភាព ដោយនឹងប្រឈមការបណ្តេញចេញដោយបង្ខំនាពេលឆាប់ៗ​ខាងមុខនេះ ខណៈអ្នកខ្លះកំពុងរុះរើ និងខ្លះទៀតសុំពន្យារពេលរុះរើមួយរយៈ ដើម្បីដោះស្រាយជីវភាពនិងសេដ្ឋកិច្ចគ្រួសារ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយប្រាប់ទៅប្រជាពលរដ្ឋដែលរស់លើផ្ទះ​បណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញពីយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ បើពុំដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលឬវិធានការច្បាប់។

ក្រោយមក នៅដើមសប្តាហ៍នេះ ពោលដល់ថ្ងៃកំណត់ឱ​សាន​វាទ ត្រឹមថ្ងៃទី៩​ ខែមិថុនានេះ អាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ត្រីរដ្ឋបាល​ក្រុង បានសហការគ្នាជិះទូកទៅ ពិនិត្យដល់ទីកន្លែងផ្ទះបណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ហើយបានណែនាំនិងពន្យារពេលឱ្យពលរដ្ឋ៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែមិថុនានេះ ដោយថា បើពួកគេមិនព្រមរុះរើចេញឱ្យអស់ទេ នោះអាជ្ញាធរនឹងចុះរុះរើដោយផ្ទាល់ ហើយ​រាល់ការខូចខាតទ្រព្យសម្បត្តិមិនទទួលខុសត្រូវនោះទេ។

ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសមត្ថកិច្ចខណ្ឌនិងមន្ត្រីពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំណែនាំចំពោះអ្នករស់នៅនិងប្រកបរបរលើផ្ទៃទឹកទន្លេ (ផ្ទះបណ្ដែតទឹក កែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ) ឱ្យរុះរើផ្ទះឬសំណង់របស់ខ្លួនចេញដោយស្ម័គ្រចិត្ត មុននឹងដល់ថ្ងៃទី១២ ខែមិថុនាខាងមុខ ជាថ្ងៃកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អង្គុយគាស់ក្តារ​លើបែចិញ្ចឹមត្រី និងលើទូកដែលជាផ្ទះបណ្តែតទឹក ស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី អាប៊ូតាឡឹប មីទីណាស់ វ័យជាង៨០ឆ្នាំ ដែលអះ​អាង​ថាជាជនជាតិខ្មែរឥស្លាម មានកូនក្នុងបន្ទុកចំនួន៦នាក់ បាននិយាយទាំងទឹកភ្នែក​ថា គាត់រស់​នៅលើផ្ទះទឹក​នេះចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន​នេះ មិនដែលមានទំនាស់ជាមួយអាជ្ញាធរម្តងណាឡើយ។

ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញនេះ គាត់មានការភ្ញាក់ផ្អើលនៅពេលដែលអាជ្ញាធរសង្កាត់និងខណ្ឌបានចុះទៅដល់​ផ្ទះបណ្តែតទឹករបស់គាត់ និងប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេសរូបគាត់ ឱ្យរុះរើផ្ទះ​ចេញយ៉ាងយូរត្រឹមថ្ងៃទី១២ ខែមិថុនានេះ ហើយ​​បើិមិនរុះរើទេ អាជ្ញាធរ​នឹងចុះរុះរើតែម្តង។

អ្នកស្រីនិយាយដូច្នេះថា៖ «គេ [អាជ្ញាធរសង្កាត់ និងខណ្ឌ] មកច្រើនណាស់ កាណូតផង ទូកផង! គេឱ្យយើងរើហ្មង ខ្លាចគេអូស [ផ្ទះលើទឹក] យើងទៅ! យើងបានអីនៅ កូនចៅច្រើន ៥ទៅ៦នាក់ ពិបាកណាស់! វេទនាណាស់! ហើយភ្លៀងផ្គរ​ ខ្ញុំមិនចង់និយាយទេ កំសត់ណាស់! ទោះខ្ញុំកាលនៅសម័យអាពត[ប៉ុល ពត]កំសត់ មករស់នៅទីនេះកំសត់ទៀត ខ្ញុំនិយាយ ទេវតាលោកឃើញហើយ ហើយខ្ញុំមានប្តីឯណា បើអាពតវាវាយចោល»។

ជនជាតិខ្មែរឥស្លាមម្នាក់ទៀត លោក ម៉ាត់ លី ដែលអះអាងថាជាអ្នកប្រកបមុខរបរនេសាទ និងរស់នៅលើផ្ទះបណ្តែតទឹកជាង១០ឆ្នាំ និយាយថា គាត់ត្រូវបង្ខំចិត្តរុះរើផ្ទះចេញពីតំបន់ដែលអាជ្ញាធរហាមឃាត់ ដោយសារគ្មានជម្រើស។ ប៉ុន្តែលោកថា ក្រោយពីរុះរើ ធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដោយសារគ្មានជម្រក​រស់នៅពិតប្រាកដ។

លោកនិយាយថា៖ «យើងភ័យហ្នឹងហើយបង! បើយើងនៅសុខៗ គេមកប្រាប់ថាឱ្យរុះរើ ហើយពិបាករកកន្លែងថ្មីនៅផង សុំគេជ្រកនៅជិតៗហ្នឹងបណ្តោះអាសន្ន។ យើងដើររកផ្ទះជួល ឥលូវពិបាករកផ្ទះជួលទៀត កូវីដ ពិបាករកផ្ទះជួលណាស់នៅជិតៗនេះ ព្រោះយើងធ្លាប់នៅម្តុំហ្នឹង ឱ្យទៅណាឆ្ងាយ ពិបាក អត់ចេះនៅ។ ហើយយើងរកផល មានទូក មានអី មិនដឹងទៅរកទីណា មានតែនៅទីហ្នឹងហើយ»។

អង្គុយយោលចៅឱ្យគេក្នុងអង្រឹង អ្នកស្រី ស្មាន ម៉ៃសុំ រស់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ដែលជាជនជាតិខ្មែរឥស្លាមដែរនោះ និយាយថា គាត់រស់នៅទីនោះប្រហែលជាង២០ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីជាមួយអាជ្ញាធរនោះទេ។ ហើយគាត់និងកូនបានចិញ្ចឹមត្រីក្នុងបែសម្រាប់ទុកលក់ ក្នុង១ឆ្នាំជាង១០ម៉ឺនក្បាល ដែលត្រីទាំងនោះ រួមមាន ត្រីឡាប់យ៉ា ត្រីអណ្តែង ត្រីពោ និងត្រីស្ពិន ជាដើម។

អ្នកស្រីនិយាយថា គាត់មិនជំទាស់នឹងវិធានការរបស់អាជ្ញាធររាជធានី ដែលឱ្យពួកគាត់រុះរើបែចិញ្ចឹមត្រីនិងផ្ទះលើទឹកចេញពីតំបន់នោះទេ ប៉ុន្តែអ្នកស្រីស្នើទៅរដ្ឋាភិបាលទុកពេលឱ្យគាត់ប្រហែលជា៦ខែទៀត ដើម្បីគាត់ប្រមូលផលត្រីចប់សិន ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពនិងសេដ្ឋកិច្ចគ្រួសារ។

អ្នកស្រី​ថា៖ «ខ្ញុំសុំស្នើទៅខាងអាជ្ញាធរ ហើយសម្តេចតេជោ [ហ៊ុន សែន]​ ក៏ដោយ ខ្ញុំសុំឱ្យគាត់ពន្យារពេលរយៈពេលដូចថា ៦ខែ ៧ខែ ឬ១ឆ្នាំក៏ដោយ ឱ្យខ្ញុំចាប់ត្រីអស់ហើយ ខ្ញុំរុះរើហើយ ខ្ញុំអត់ប្រឆាំងនឹងគោលការណ៍របស់គាត់ទេ។ រាល់ថ្ងៃខ្ញុំស្រឡាញ់គាត់ [សម្តេច ហ៊ុន សែន] ជាឪពុកម្តាយទី​ពីររបស់ខ្ញុំ បើខ្ញុំអត់មានគាត់ទេ ក៏ខ្ញុំអត់មានរស់ដល់សព្វថ្ងៃហ្នឹងដែរ។ ខ្ញុំពិបាកវេទនាមែនទែន មើលទីលំនៅខ្ញុំចុះ ដឹងហើយ! ខ្ទប់កំសត់របស់ខ្ញុំ ហើយកន្លែងនេះ ខ្ញុំធ្វើនៅមើលយាមកូន។ ខ្ញុំសុំដីគេធ្វើត្រីនៅនេះ ហាលត្រីនៅនេះលក់ដោះដូរ ដើម្បីបង់អង្គការ [ធនាគារ] យើងយកលុយគេមក យើងដាក់ត្រី ដល់អ៊ីចឹងយើងត្រូវបង់គេ ១ខែ ២០០ដុល្លារ»។

ចំណែកពលរដ្ឋប្រមាណ៧០គ្រួសារ រស់នៅលើផ្ទះបណ្តែត​ទឹកតូច​ធំ​ បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីដើមខែមិថុនានេះ បាននាំគ្នាប្រមូលស្នាមមេដៃនិងធ្វើលិខិតស្នើទៅអាជ្ញាធរខណ្ឌ សុំពន្យារពេលរុះរើកន្លែង​ស្នាក់នៅ​ចិញ្ចឹមត្រីរហូតដល់ដំណាច់ឆ្នាំ២០២១ ដោយសារតែសព្វថ្ងៃ ត្រីដែលកំពុងចិញ្ចឹមនៅមិនទាន់ធំដែលអាចយកទៅលក់នៅទីផ្សារបាននៅឡើយទេ។

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលរស់នៅផ្ទៃទឹក ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ់ែន)

លោក នាម មង្គល ដែលអះអាងថាជាជនជាតិវៀតណាម រស់នៅផ្ទះបណ្តែតទឹក ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា និងជាអ្នកបានដឹកនាំប្រមូលស្នាមម្រាមដៃប្រជាពលរដ្ឋ និយាយថា ដើមចមដែលគាត់ស្នើទៅអាជ្ញាធរពន្យារពេលឱ្យពួកគេដល់ដំណាច់ឆ្នាំ២០២១នេះ ដើម្បីបង្កភាពងាយ​ស្រួលដល់ពលរដ្ឋ​ក្នុងការ​រុះរើ និងកុំឱ្យប៉ះពាល់ដល់ពូជត្រីនិងសេដ្ឋកិច្ចគ្រួសារជាដើម។

លោកនិយាយថា៖ «ខ្ញុំក៏សុំស្នើទៅខាងគាត់ឱ្យមានរយៈពេលវែង ដើម្បីរៀបចំពូជត្រី នៅក្បែរផ្ទះបណ្ដែតទឹកហ្នឹង ឱ្យវាបានសមរម្យបន្តិច។ ប៉ុន្តែខាងគាត់មិនទាន់មានចម្លើយមកខាងខ្ញុំទេ ថាគាត់ព្រមឬក៏មិនព្រមដែរ។ ប៉ុន្តែថ្ងៃនេះ ពួកខ្ញុំប្រមូលផ្ដុំគ្នាធ្វើលិខិតសុំទៅខាងថ្នាក់លើ ដើម្បីឱ្យគាត់ដឹងពីសំណើរបស់ខ្ញុំ ពីប្រជាពលរដ្ឋប៉ុន្មានគ្រួសារហ្នឹង ដើម្បីមានរយៈពេលយូរជាងហ្នឹងក្នុងការរុះរើ»។

ជនជាតិវៀតណាមម្នាក់ទៀត លោក ដង ចិនតាំង​ ដែលរស់នៅលើដងទន្លេ ហើយប្រកបមុខរបរចិញ្ចឹមត្រីអស់រយៈពេលជាង១០ឆ្នាំមកនេះ បានលើកឡើងដែរថា​ លោកមានក្ដីបារម្ភខ្លាំងនៅពេលដែលវិធានការរបស់អភិបាលខណ្ឌហាក់ដូចលឿនពេក ដែលធ្វើឱ្យលោកនិងគ្រួសារ​​ត្រៀម​ខ្លួន​សឹងមិនទាន់ ព្រោះត្រីដែលលោកចិញ្ចឹមមិនទាន់ធំដែលអាចនាំចេញទៅទីផ្សារបាននៅឡើយទេ។ 

លោក ចិនតាំង អះអាងថា បើអាជ្ញាធរមិនពន្យារពេលទេ លោកនឹងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដោយសារបច្ចុប្បន្នកំពុងជំពាក់បំណុលធនាគារផងដែរ។

លោកថា៖ «ខ្ញុំឮដំណឹងអ៊ីចឹង ទន់ដៃទន់ជើងអស់ហើយ ព្រោះធ្វើអីមិនទាន់ទេ ព្រោះអីត្រីនៅក្នុងបែ មានត្រីតូចត្រីធំ។ បើត្រីតូច យើងអាចស្រង់​ឡើង​ស្រះបាន លក់ឱ្យគេថោកបាន ព្រោះអីត្រីធំ យើងជំពាក់បំណុលគេច្រើនណាស់ […] បើអ៊ីចឹងខ្ញុំសុំឱ្យពន្យារពេលឱ្យពួកខ្ញុំនៅ។ អ្នកថ្នាក់លើពន្យារពេលឱ្យពួកខ្ញុំដំណាច់ឆ្នាំនេះទៅ ដាច់ឆ្នាំ២០២១នេះ ហើយពួកខ្ញុំសារ៉េត្រីឱ្យឡើងទីផ្សារហើយ ឱ្យតែខ្ញុំសារ៉េលក់បែបណាបាន ខ្ញុំលក់បែបហ្នឹងចោល។ ខ្ញុំអត់ប្រឆាំងនឹងបទបញ្ជាទេ ប៉ុន្តែខ្ញុំក៏តាមបទបញ្ជាដែរ ខ្ញុំស្នើសុំពន្យារពេល […]។»

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធាន​សមាគមវៀតណាម​ប្រចាំ​កម្ពុជា លោក ស៊ឹម ជី និងអភិបាលខណ្ឌច្បារ​អំពៅ លោក ចេង មុនីរ៉ា បានទេ នៅថ្ងៃនេះ។

ចំណែកអភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកស្នើឱ្យអ្នកសារព័ត៌មានចុះទៅជួបលោកផ្ទាល់ ទើបផ្តល់បទសម្ភាសន៍ឱ្យ។

ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី ក៏មិនអាចសុំការបំភ្លឺបានដែរ។

សេចក្តីជូន​ដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ​បញ្ជាក់​ថា​ ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​​នេះ ​ធ្វើឱ្យ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។​ 

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ក្នុងអំឡុងពេល​នៃ​ការ​ចុះ​អនុវត្ត​ឱ្យ​រុះរើ​នោះ​ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ឬ​បាត់បង់​ណាមួយ​នោះ​ឡើយ​។ បើ​ករណី​រឹងរូស​ អាជ្ញាធរ​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ថែមទៀតផង។

បើតាមអាជ្ញាធរ ខណ្ឌដែលមាន​ផ្ទះ​បណ្តែត​ទឹក​ បែ​ចិញ្ចឹម​ត្រី ​និង​សំណង់​មិន​រៀបរយ នៅក្នុងរាជធានីភ្នំពេញ រួមមាន ខណ្ឌ​ច្បារ​អំពៅ​​ ខណ្ឌមានជ័យ​ ខណ្ឌចំការមន​ ​ខណ្ឌដូនពេញ​​ ខណ្ឌ​ជ្រោយចង្វារ​​ ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​ខណ្ឌ​ព្រែក​ព្នៅ​។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ចាត់ទុកវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានរយៈពេលត្រឹម១០ថ្ងៃនេះថា ហាក់ដូចជាលឿនពេក ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ជាពិសេស​អ្នកដែលមានបែចិញ្ចឹមត្រីនៅតំបន់នោះ ពិបាកក្នុងការអនុវត្ត។

លោក សូចែត ផ្តល់ជាអនុសាសន៍ថា អាជ្ញាធរគួរសិក្សានៅតំបន់ដែលពលរដ្ឋមានបែចិញ្ចឹមត្រី ដោយទុកពេលឱ្យពលរដ្ឋរហូតដល់ពេលត្រីល្មមលក់កាន់តែល្អ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកគេ ដោយសារត្រីដែលចិញ្ចឹមហើយនៅតូច ពិបាកនឹងជម្លៀសទៅកន្លែងផ្សេង ជាដើម។

លោកផ្តល់ជាអនុសាសន៍ដូច្នេះថា៖ «វិធានការ គួរតែពន្យារពេលឱ្យគ្នាមានពេលគ្រប់គ្រាន់ក្នុងការរុះរើឬក៏ចាកចេញពីហ្នឹង។ តែ១អាទិត្យ គ្នាពិបាកដែរ ដោយសារស្ថានភាពគ្នា បែត្រីច្រើន ជញ្ជូនយកទៅណា មានតែរើចោល ហើយត្រីមានតែលែង។ ហើយ១អាទិត្យ បើលក់ រកទីកន្លែងណា លក់មិនចេញ ហើយកន្លែងខ្លះវានៅមិនទាន់ល្មមនឹងលក់ផង វាពិបាកណាស់»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment