ពលរដ្ឋ​​ព្រមាន​​ដើរ​​ក្បួន​និង​បិទ​ផ្លូវ​ចូល​ការ​ដ្ឋាន​សាងសង់​​​ព្រលាន​យន្តហោះ​ថ្មី​ បើ​គ្មាន​ដំណោះ​ស្រាយ​សម​រម្យ​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១០ មិថុនា ២០២១ |ម៉ោង ២១:៣៥
VOD

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)


ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានព្រមាន​ដើរហែក្បួនទ្រង់​ទ្រាយធំនៅក្នុងសហគមន៍ និងបិទផ្លូវចូលការដ្ឋានសាងសង់ព្រលានយន្តហោះមួយនេះ ដើម្បីជំរុញទៅអាជ្ញាធរនិងក្រុមហ៊ុនដោះស្រាយសំណងផលប៉ះពាល់ដីធ្លីជូនពួកគេ។

ការព្រមានដើរហែក្បួននិង​បិទផ្លូវពីសំណាក់ប្រជាពលរដ្ឋនេះធ្វើឡើង ខណៈពួកគេប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស បានប្រមូលផ្តុំគ្នាឈរលើកបដាតវ៉ានៅកន្លែងដីមានជម្លោះ នៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីទាមទារទៅក្រុមហ៊ុនឱ្យផ្តល់សំណងខូចខាតស្រូវដែលក្រុមហ៊ុនបានឈូសឆាយកាលពីពាក់កណ្តាលខែឧសភា និងទាមទារដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរងផលប៉ះពាល់។

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពលរដ្ឋឃុំបឹងខ្យាងមួយរូប អ្នកស្រី ឡុញ វណ្ណា អាយុ៣៨ឆ្នាំ ដែលអះអាងថា បានប៉ះពាល់ដី៧៦អា ប្រាប់អ្នកសារព័ត៌មាននៅ​កន្លែងតវ៉ាថា កាលពីថ្ងៃទី១៤ ខែឧសភា ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយដីស្រែ​ពង្រោះរបស់ពួកគាត់​អស់១ហិកតាកន្លះ ស្ថិត​នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ដោយមិនបានដោះស្រាយសំណងជូនពលរដ្ឋឡើយ។ អ្នកស្រីថា ដីធ្លីរបស់ប្រជាពលរដ្ឋប៉ះពាល់ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនោះ គឺអាជ្ញាធរនៅតែរក្សាជំហរផ្តល់សំណងត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េដដែល។

អ្នកស្រី ឡុញ វណ្ណា ឱ្យដឹងទៀតថា ប្រសិនបើពុំមានការដោះស្រាយសំណងខូចខាតស្រូវនិងផលប៉ះពាល់ដីធ្លីទេ នៅថ្ងៃអាទិត្យសប្តាហ៍នេះ ពួកគាត់នឹងធ្វើយុទ្ធនាការដើរហែក្បួនក្នុងសហគមន៍។ ហើយអាទិត្យសប្តាហ៍បន្ទាប់ នឹងនាំគ្នាបិទផ្លូវចេញចូលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះតែម្តង ដើម្បីជំរុញឱ្យ​មាន​ដំណោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងសុំឱ្យក្រុមហ៊ុនចេញមុខដោះស្រាយផលប៉ះពាល់ស្រូវនេះផង។ ហើយសុំឱ្យសម្តេច ហ៊ុន សែន ជួយដោះស្រាយផលប៉ះពាល់ដីធ្លីជូនបងប្អូនយើងនៅក្នុងសង្គមទាំងអស់ផង ព្រោះថា ដីរបស់ពួកខ្ញុំនេះមានប្លង់រឹងត្រឹមត្រូវ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ុន សឿន អាយុ៦៩ឆ្នាំ ដែលរងផលប៉ះពាល់ដីស្រែ៣០អា និយាយ​ថា កាលពីមិនទាន់មានគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ដី៣០អានេះ អ្នកស្រីអាចបង្កបង្កើនផលបាន៣ដងក្នុងមួយឆ្នាំសម្រាប់ចិញ្ចឹមគ្រួសារ ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍ​ព្រលានយន្តហោះមក អាជ្ញាធរបាន​ហាមមិនឱ្យចូលបង្កបង្កើនផលទៀតឡើយ។

អ្នកស្រី អ៊ុន សឿន ថាការពន្យារពេលមិនព្រមដោះស្រាយសំណងផលប៉ះពាល់ និងការហាមមិនឱ្យប្រជាពលរដ្ឋចូលបង្កបង្កើនផលលើដីស្រែរបស់ខ្លួនឯងនេះ បានធ្វើឱ្យគ្រួសារអ្នកស្រីជួបបញ្ហាជីវភាពជាខ្លាំង។

អ្នកស្រីបន្ថែមថា៖ «រដ្ឋត្រូវការដីកន្លែងនេះដើម្បីអភិវឌ្ឍធ្វើព្រលានហើយ អ៊ីចឹង​ក្នុងដំណោះស្រាយ គាត់ត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ មានជីវភាពរស់នៅដោយសុខស្រួលផង។ ចុះបើអភិវឌ្ឍន៍ធ្វើឱ្យកូនចៅទឹកភ្នែកហូររាល់ថ្ងៃ តាំងពីអត់ដីធ្វើមក គឺមិនមានពេលដេកលក់ស្រួលទេ ពីព្រោះ​វាវេទនាខ្លាំងពេក។ អ្នកខ្លះមានកូន៥ទៅ៦នាក់ ដល់ពេលអត់មានដីសម្រាប់បង្កបង្កើនផល អ៊ីចឹងគ្នាបាន​អីហូប»

មានវ័យ​៧១ឆ្នាំ ពលរដ្ឋម្នាក់ទៀត លោក គង ឃន និយាយថា ប្រជាពលរដ្ឋមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍​របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែពួកគាត់សុំឱ្យមានការដោះស្រាយសំណងសមរម្យឬទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ បានទទូចសុំកុំឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដើរហែក្បួននិងបិទផ្លូវ ដោយថា វាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែលប្រឈមនឹងផ្លូវច្បាប់។

អភិបាលខេត្តរូបនេះ បន្តថា ដំណោះស្រាយសម្រាប់ការអភិវឌ្ឍជំហានដំបូងនេះ គឺមានជម្រើសពីរ ដោយទី១ តម្លៃសំណងក្នុង១ម៉ែត្រការ៉េ ៨ដុល្លារដដែល និងទី២ ដោះដូរដីកន្លែងផ្សេង ហើយអាជ្ញាធរនឹងខិតខំសម្របសម្រួលដោះស្រាយបន្ថែមទៀត។

លោកបន្ថែមថា៖ «បើបងប្អូនបិទផ្លូវ បងប្អូនបានធ្វើខុសហើយ! ហើយបងប្អូនធ្វើខុស យើងមានតែអនុវត្តវិធានការច្បាប់ប៉ុណ្ណឹងទេ ពីព្រោះប្រទេសមានច្បាប់។ គាត់តវ៉ានេះ យើងបានលួងលោមគាត់ និយាយហេតុផលប្រាប់គាត់ ហើយបានដូរដីទៅតាមរដ្ឋាភិបាលកំណត់ជូនគាត់ហើយ បើគាត់នៅតែមិនព្រមទៀត ចាំជជែកគ្នាតាមនីតិវិធីបន្តទៀតទៅ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា តាមច្បាប់​ជាតិនិង​អន្តរ​ជាតិ រាល់គម្រោង​អភិវឌ្ឍន៍​នានា រដ្ឋាភិបាល​ត្រូវតែបានពិភាក្សា​ជាមួយប្រជាពលរដ្ឋ​ឱ្យគ្រប់ជ្រុង​ជ្រោយ​អំពីផលប៉ះពាល់និងបញ្ហាសំណង​ផ្សេងៗ ហើយ​រដ្ឋ​​ត្រូវ​ដោះស្រាយ​​សំណងផលប៉ះពាល់​​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យដែល​អាច​ទទួលយក​​បាន​។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើ​ក្រុមហ៊ុននិងរដ្ឋាភិបាលមិនបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋត្រឹមត្រូវទេ នឹងនាំឱ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះគម្រោងអភិវឌ្ឍន៍នោះ ហើយពួកគេនឹងធ្វើការតវ៉ាផ្សេងៗផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment