សត្វក្ងោក​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ ខណៈ​វា​ក្លាយ​ជា​ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភព​លោក​

បរិស្ថាន | ព័ត៌មានជាតិ
កញ្ញា សារុំ ស្រីណាត | ១០ មិថុនា ២០២១ |ម៉ោង ០៨:៤៨
VOD

ប្រភេទសត្វក្ងោកដែលអាជ្ញាធរជាតិ​អប្សរាគ្រោង​ព្រលែងចូលទៅក្នុង​ព្រៃ​ឧទ្យានអង្គរ ដើម្បីអភិរក្សនិងបង្កើនចំនួន​សត្វព្រៃធម្មជាតិនៃឧទ្យានមួយនេះ។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

ប្រភេទសត្វក្ងោកដែលអាជ្ញាធរជាតិ​អប្សរាគ្រោង​ព្រលែងចូលទៅក្នុង​ព្រៃ​ឧទ្យានអង្គរ ដើម្បីអភិរក្សនិងបង្កើនចំនួន​សត្វព្រៃធម្មជាតិនៃឧទ្យានមួយនេះ។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)


ក្ងោកជាប្រភេទសត្វស្លាប ត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រដែលស្ថិតក្នុងបញ្ជីក្រហមឬជិតផុតពូជនៅលើពិភពលោក​ ប៉ុន្តែត្រូវបានប្រទះឃើញថាមានចំនួនកើនឡើងនៅប្រទេសកម្ពុជា។

​រដ្ឋលេខាធិការ​ និងជា​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ​ ភក្រ្តា​ បានប្រាប់ វីអូឌី នៅថ្ងៃទី០៩ ខែមិថុនានេះថា តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី១៥ ០០០ទៅ ២០ ០០០ក្បាល ហើយកម្ពុជាត្រូវបានគេវាយតម្លៃថាមាន សត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រច្រើនជាងគេនៅលើពិភពលោក ដោយមានចំនួនចន្លោះពី២ ០០០ ទៅ៣ ០០០ក្បាល។

លោកបន្តថា ដោយឡែក សម្រាប់ប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម១ ០០០ក្បាលក្នុងប្រទេសនីមួយៗ។ 

លោកបញ្ជាក់​ថា៖ «កម្ពុជាមានសត្វក្ងោកចន្លោះពី២ ០០០ ទៅ៣ ០០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ តំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ដែនជម្រកសត្វព្រៃកែវសីមា មានចំនួន៩៦៦ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាង មានប្រមាណ៥៧០​ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរជ័យ ក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗអាចមានចន្លោះពី៥០ ទៅ១០០ក្បាល»។ 

ប្រធានផ្នែកទំនាក់ទំនងសាធារណ:នៃអង្គការ WWF នៅកម្ពុជា លោក ទេព អស្នារិទ្ធ បានប្រាប់ វីអូឌី ថា បើមើលតាមកាមេរ៉ាដែលដាក់បង្កប់ក្នុងព្រៃសម្រាប់ថតសត្វ បង្ហាញថា ពិតជាមានវត្តមានសត្វក្ងោកច្រើនពិតមែន ហើយក៏មានវត្តមានប្រភេទសត្វកម្រផ្សេងទៀតដែលកំពុងរស់នៅតំបន់ព្រៃការពារក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានបន្តថា៖ «សត្វព្រៃប្រភេទសំខាន់ៗហ្នឹង កម្ពុជាមានច្រើន បាទ! ក្នុងហ្នឹងថនិកសត្វសំខាន់ៗ រួមមាន​ សត្វទន្សោង សត្វខ្ទីង សត្វឈ្លូស ប្រើស រមាំង ហើយនិងថនិកសត្វសំខាន់ៗមួយចំនួនទៀត។ ហើយប្រភេទសត្វស៊ីសាច់ជាអាហារ មានសត្វខ្លារខិន ហើយខ្លារខិននេះជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជី IUCN»។

លោក ទេព អស្នារិទ្ធ ក៏បានស្នើឱ្យ​មានការ​យកចិត្តទុកដាក់ខ្ពស់បំផុតនិងរៀបចំផែនការសមស្របណាមួយ ដើម្បីការពារពពួកសត្វកម្រ​ទាំងនេះឱ្យ​បានគង់វង្ស ​មិនឱ្យបាត់បង់ពីដែនព្រៃការពារ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យ​ពលរដ្ឋចូលរួមក្នុងកិច្ចការពារសត្វព្រៃទាំងនេះផងដែរ។

លោកបានបន្ថែមថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋនេះ គឺសំខាន់ជាងគេ ពីព្រោះបើនិយាយពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ជាពិសេសគឺគាត់រស់នៅក្បែរឬរស់នៅជុំវិញ​តំបន់ធម្មជាតិ គឺពួកគាត់ហ្នឹងហើយជាអ្នករួមចំណែកនិងជាតួនាទីសំខាន់ដំបូងបំផុត នៅពេលដែលមានករណីបរបាញ់ខុសច្បាប់ណាមួយ គាត់អាចផ្ដល់ជារបាយការណ៍មូលដ្ឋាន។ ​ហើយពួកគាត់ត្រូវតែជួយចូលរួមក្នុងការការពារ ការបង្រ្កាប និងទប់ទល់ ធ្វើម៉េចកាត់បន្ថយឬឈានដល់ការបញ្ឈប់លែងឱ្យ​មានការបរបាញ់ខុសច្បាប់»។ 

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការបរបាញ់និងការដាក់អន្ទាក់ ដើម្បីយកស្លាបនិងសាច់របស់វា។ 

មន្ត្រីជាន់ខ្ពស់​រូបនេះបន្ថែមថា ដើម្បីថែរក្សាប្រភេទពូជសត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ ក្រៅពីអំពាវនាវ អ្នកនាំពាក្យរូបនេះព្រមានថា ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់ផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment