អាមេរិក​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​ចំនួន ២៧រូប ឱ្យ​កម្ពុជា​វិញ

2021-06-10
RFA

អាមេរិក​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​ចំនួន ២៧រូប ឱ្យ​កម្ពុជា​វិញ

 រូប៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ


សហរដ្ឋ​អាមេរិក​ប្រកាស​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២៧រូប ដែល​រឹបអូស​បាន​ពី​ការ​​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​ទីក្រុង​ញ៉ូវយ៉ក (New York) មក​ឱ្យ​កម្ពុជា​វិញ។ វត្ថុ​បុរាណ​ទាំង​នោះ រួមមាន រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យ​អង្គរ ដូចជា ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះឥសូរ និង​ព្រះនាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្ម​ភក់​ជា​ដើម។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ជុំ សុន្ទរី និង​តំណាង​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក បាន​ចុះហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនោះ កាល​ពី​ថ្ងៃ​ទី៩ មិថុនា ដោយ​មាន​ការ​ចូល​រួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ​ពីសំណាក់​មន្ត្រី​កម្ពុជា និង​មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ក្រសួង​វប្បធម៌​កម្ពុជា។

មន្រ្តី​តុលាការ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា ការ​បញ្ជូន​វត្ថុបុរាណ​ដ៏​ល្អ​នេះ​ត្រឡប់​ទៅ​មាតុភូមិ​កម្ពុជា គឺ​ជា​ការ​ស្តារ​ឡើង​វិញ​នូវ​ចំណង​ទាក់ទង​គ្នា​ដ៏​សំខាន់​រវាង​សម័យ​បុរាណ​អង្គរ​របស់​កម្ពុជា ជាមួយ​នឹង​ប្រពៃណី​នា​សម័យ​ថ្មី និង​ជំនឿ​របស់​ខ្លួន ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ជា​យូរ​មក​ហើយ​ដោយសារ​សារ​ការ​លោភលន់​របស់​ពួក​ឈ្មួញ​ជួញដូរ​វត្ថុបុរាណ។ មន្រ្តី​ដដែល​បន្ថែម​ទៀត​ថា ពិធី​ប្រគល់​វត្ថុបុរាណ​នេះ​ជា​ការ​រំឭក​យ៉ាង​ច្បាស់​ថា អ្នក​ដែល​លួច​ប្លន់ និង​លក់​វត្ថុ​ដែល​មាន​តម្លៃ​ផ្នែក​វប្បធម៌ កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ មិន​មែន​គ្រាន់​តែ​ប្រឆាំង​នឹង​បេតិកភណ្ឌ​នៃ​ប្រទេស​មួយ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប្រឆាំង​នឹង​បច្ចុប្បន្នភាព និង​អនាគត​នៃ​ប្រទេស​នោះ​ថែម​ទៀត។

បន្ថែម​ពី​លើ​នេះ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) មាន​ប្រសាសន៍​ថា ពិធី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​ការ​ការពារ​មិន​ឱ្យ​មាន​ការ​លួច​ប្លន់ និង​ការ​ជួញ​ដូរ​វត្ថុបុរាណ​ខ្មែរ។ លោក​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ដើរ​តួនាទី​ធានា​ឱ្យ​បេតិកភណ្ឌ​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរ ស្ថិត​នៅ​គង់វង្ស។

ជាការ​ឆ្លើយតប អ្នកស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​អំណរគុណ​ដល់​ស្ថាប័ន​សហរដ្ឋ​អាមេរិក និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ដែល​គាំទ្រ និង​សហការ​ក្នុង​ការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនោះ ​មក​ឱ្យ​កម្ពុជា​វិញ។ អ្នក​ស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​សហការ​ស្រាវជ្រាវ​ ដើម្បី​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង​ឡាយ ដែល​ត្រូវ​បាន​គេ​លួច​នាំចេញ​ដោយ​ខុស​ច្បាប់​ ត្រឡប់​មក​កម្ពុជា​វិញ។ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​រូប​នេះ ក៏​អំពាវនាវ​ដល់​សារមន្ទីរ​នានា និង​អ្នក​រក្សា​ទុក​វត្ថុបុរាណ​ទូទាំង​ពិភពលោក ប្រគល់​សម្បត្តិ​វប្បធម៌​ខ្មែរ​មក​ឱ្យ​ប្រទេស​កំណើត​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment