អ្នកសា្លប់ដោយសារជំងឺកូវី១៩បានកើនឡើងដល់៣០០នាក់ហើយនៅកម្ពុជា

កម្ពុជា-កូវិដ១៩
10/06/2021 – 08:25
ដោយ៖ វណ្ណ សុគន្ធា
RFI

ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩ © Internet

នៅថ្ងៃព្រហស្បតិ៍នេះ​ ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ថ្មី​ចំនួន៤២៦នាក់​បន្ថែមទៀត​ដែលចំនួននេះ ​គឺថយចុះ​ច្រើនបើ​ប្រៀបធៀប​នឹងកាលពី​ថ្ងៃពុធម្សិលមិញ​។​ ក៏ប៉ុន្តែ ចំ​នួនអ្នកស្លាប់​ដោយសារតែ​ជំងឺដ៏កាចសាហាវនេះ​ មិនបានថយឡើយ​ ពោល ​គឺនៅថ្ងៃនេះ ​អ្នកជំងឺ​កូវីដ១៩​ចំនួន១១នាក់​បន្ថែមទៀត​បានស្លាប់បាត់បង់ជីវិត​។​ គិតមកដល់ពេលនេះ ​អត្រាអ្នកស្លាប់​ដោយជំងឺ​កូវីដ១៩​នៅក្នុងប្រទេស​កម្ពុជា​បានកើនឡើង​ដល់ចំនួន​៣០០នាក់​គត់។​

ប៉ុន្មានថ្ងៃនេះ អត្រាអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩បានស្ថិតក្នុងរង្វង់ជាង១០នាក់ជារៀងរាល់ថ្ងៃ។ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកជំងឺកូវីដ១៩ចំនួន១១នាក់បន្ថែមទៀតបានស្លាប់ ដែលចំនួននេះ គឺដូចគ្នាកាលពីថ្ងៃពុធដែរ។ ប៉ុន្តែ កាលពីថ្ងៃអង្គារវិញ អត្រាអ្នកស្លាប់មានដល់ទៅ១២នាក់ឯណេះដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាដោយសារតែជំងឺកូវីដ១៩។ គិតមកដល់ពេលនេះ អត្រាអ្នកស្លាប់បានហក់មកដល់ចំនួន៣០០នាក់ហើយ។ 

ត្បិតថា ចំនួនស្លាប់មិនថមថយ ប៉ុន្តែ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅថ្ងៃនេះ បានថយចុះគួរឱ្យកត់សម្គាល់ គឺ៤២៦នាក់។ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍មានចំនួន៣៨០នាក់ និងករណីនាំចូលមាន៤៦នាក់។ កាលពីថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មាន៧២៩នាក់ ហើយគិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅកម្ពុជាមាន៣៦ ៦៦៦នាក់ ករណីនាំចូលមានជាង១ពាន់នាក់។ ចំនួនអ្នកជាសះស្បើយវិញបានកើនឡើងដល់ទៅ២៩ ៨០៧នាក់ ដោយបូកបន្ថែមករណីជាសះស្បើយបន្ថែមនៅថ្ងៃនេះចំនួន៧៦០នាក់។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ អាជ្ញាធរកម្ពុជាបានបន្តបិទខ្ទប់នៅទីតាំងក្នុងរាជធានី-ខេត្តដែលមានហានិភ័យខ្ពស់។ ជាក់ស្តែង អាជ្ញាធររាជធានីភ្នំពេញទើបបានកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យជាតំបន់លឿងទុំសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ចំណែក នៅខេត្តមួយចំនួនទៀតក៏មានការបិទខ្ទប់តំបន់ខ្លះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះផងដែរ។

ក្រៅពីវិធានការនេះ កម្ពុជាក៏យកវ៉ាក់សាំងធ្វើជាអាវុធប្រយុទ្ធនឹងជំងឺកូវីដ១៩ថែមទៀត។ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យកម្ពុជាកំពុងសម្រុកចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលជាតំបន់មានហានិភ័យខ្ពស់ជាងគេ។ អាជ្ញាធរក្រុងភ្នំពេញបានអះអាងថា នឹងចាក់វ៉ាក់សាំងឱ្យអស់ប្រជាពលរដ្ឋនៅត្រឹមខែកក្កដា ខែក្រោយនេះ។ ដោយឡែក សម្រាប់ក្របខណ្ឌទូទាំងប្រទេសវិញ ក្រុមគ្រូពេទ្យកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន ២,៧៧០,៦១១នាក់ហើយ ស្មើនឹង២៧.៧១%គិតត្រឹមថ្ងៃទី០៩ ខែមិថុនា៕

What Next?

Recent Articles

Leave a Reply

Submit Comment