“ការ​ប្រកាស​ជោគជ័យ​​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​លោក ហ៊ុន សែន ជា​ល្បិច​បង្វែរ​ភាព​អាម៉ាស់​លើ​វិស័យ​ប្រេង”

ដោយ មាន ឫទ្ធិ
2021-06-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

"ការ​ប្រកាស​ជោគជ័យ​​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​លោក ហ៊ុន សែន ជា​ល្បិច​បង្វែរ​ភាព​អាម៉ាស់​លើ​វិស័យ​ប្រេង"

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo Hunsen Facebook’s Page


សកម្មជន​បរិស្ថាន​សង្ស័យ​ថា ការ​ប្រកាស​ពី​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែ​មាស​ជា​លើកដំបូង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​ល្បិច​បង្វែរ​ស្ថានការណ៍​ក្រោយ​រដ្ឋាភិបាល​រង​ភាព​អាម៉ាស់ និង​បរាជ័យ​លើ​វិស័យ​ប្រេង។ ការ​លើកឡើង​នេះ កើត​មាន​ឡើង​ក្រោយ​លោក ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី​១០ មិថុនា ថា កម្ពុជា​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣​តោន​ក្នុង​មួយឆ្នាំ​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ នៅ​ខេត្ត​មណ្ឌលគិរី។

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អួតអាង​ពី​ជោគជ័យ​បានមកពី​វិស័យ​រុករក​រ៉ែ​នៅ​កម្ពុជា​។ កាលពី​ចុងឆ្នាំ​២០២០ លោក​បាន ធ្វើ​យុទ្ធនាការ​ប្រកាស​ក្តែងៗ​អួតអាង​ពី​មោទនភាព​នៃ​ជោគជ័យ​ដែល​កម្ពុជា​សម្រេច​បាន​ពី​វិស័យ​ប្រេង​ពី​ឈូង​សមុទ្រ​ខ្មែរ​។ ក៏ប៉ុន្តែ មិន បាន​កន្លះ​ឆ្នាំ​ស្រួលបួល​ផង ជោគជ័យ​នេះ​បាន​សាបរលាប​ក្លាយ​ទៅជា​បរាជ័យ​ទៅវិញ បន្ទាប់​ពី​ក្រុមហ៊ុន​បូម​ប្រេង​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​បាន​ប្រកាស​ក្ស័យធន ខណៈ​បរិមាណ​ផលិតកម្ម​ប្រេង​មាន​ទាប​ខុស​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​។ របប​លោក​បាន​ប្រញាប់ប្រញាល់​ធ្វើ​ពិធី​ប្រគល់​ទទួល​កែវ​ផ្ទុក​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​យក​ទៅ​ទុក​នៅ​វិមាន​ដែល​លោក​ប្រសិទ្ធនាម​ថា «​ឈ្នះ​-​ឈ្នះ​» ប្រជែង​គ្នា​ឱ្យ​បាន​មុន​ការប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន​បូម​ប្រេង​នេះ។

មួយថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃទី​១០ មិថុនា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​ម្តង​នេះ លោក​លែង​និយាយ​រំឭក​ដល់​រឿង​ជោគជ័យ​លើ​វិស័យ​ប្រេង​ទៀត​ហើយ តែ​និយាយ​ពី​រឿង​ជោគជ័យ​លើ​វិស័យ​រ៉ែ​មាស​វិញ​ម្តង។ លោក​ថា កម្ពុជា​អាច​ផលិត​មាស​សុទ្ធ​ជា​លក្ខណៈ​ឧស្សាហកម្ម​ប្រមាណ ៣​តោន ក្នុង​មួយឆ្នាំ ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ លោក​ថា ផលិតកម្ម​មាស​នេះ អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​រដ្ឋ​អាច​រក​ចំណូល​ចូល​ថវិកាជាតិ​បាន​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ ជា​មធ្យម​ប្រមាណ ៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោក ហ៊ុន សែន នៅ​មិនទាន់​បញ្ជាក់​ឱ្យ​ដឹង​ថា តើ​លោក​គ្រោង​នឹង​យក​ដំណក់​មាស​សុទ្ធ​ដែល​កម្ពុជា​ចាប់ផ្តើម​ផលិត​បាន​នេះ យក​ទៅ​តម្កល់​នៅ​វិមាន «​ឈ្នះ​-​ឈ្នះ​» របស់​លោក ដូច​ដំណក់​ប្រេង​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​។ ទោះ​យ៉ាងណា លោក​ឱ្យ​ដឹង​ថា ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ជា​លើកដំបូង​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា តទៅ ដោយ​ក្រុមហ៊ុន​ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals (Cambodia) ដែល​ជា​ក្រុមហ៊ុន​អូស្ត្រាលី។

ជុំវិញ​ការប្រញាប់​ប្រញាល់​ប្រកាស​ពី​ជោគជ័យ​ពី​វិស័យ​រ៉ែ​មាស​នេះ សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) សង្ស័យ​ថា អាច​ជា​ល្បិច​របស់​របប​លោក ហ៊ុន សែន ដើម្បី​បង្វែរ​ស្ថានការណ៍ និង​ស្តា​មុខមាត់​ក្រោយពី​រង​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​រឿង​មិន​អាច​បូម​ប្រេង​បាន​ដូច​តាម​ការ​រំពឹង​ទុក​៖ «វា​ចម្លែក​ពីព្រោះ​បើ​យើង​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន​អូស្ត្រាលី​នេះ យើង​មិន​ឃើញ​គេ​ប្រកាស​ថា ចាប់ផ្តើម​ដំណើរការ​។ មិន​ឃើញ​ព័ត៌មាន​អី​ទាំងអស់​។ អ៊ីចឹង អាច​នឹង​ជា​ល្បិចកល ឬក៏​ជា​យុទ្ធសាស្ត្រ​របស់​របប​លោក ហ៊ុន សែន ក្រោយ​តែ​ពី​អាម៉ាស់​បំផុត​ក្នុង​រឿង​ប្រេងកាត​ហ្នឹង មក​បង្វែរ​ស្ថានការណ៍ បង្វែរ​អារម្មណ៍​របស់​បងប្អូន​ខ្មែរ​ឱ្យ​គិត​ពី​រឿង​ក្រុមហ៊ុន​អូស្ត្រាលី​នឹង​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​មាស​វិញ»។

វិទ្យុ​អាស៊ីសេរី កំពុង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន អេមើរលដ៍ រីហ្សូសស៊ីស (Emerald Resources) ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​ការប្រកាស​អំពី​ដំណើរការ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​នៅ​កម្ពុជា​នេះ​។ ក៏ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ ពន្យល់​ប្រាប់ វិទ្យុ​អាស៊ីសេរី ថា សក្ដានុពល​នៃ​ផលិតកម្ម​មាស​ដែល​ក្រុមហ៊ុន​អូស្ត្រាលី​នេះ​រំពឹង​ថា ផលិត​បាន​អាច​ចាត់ទុកថា​ជា​លក្ខណៈ​ឧស្សាហកម្ម តែ​មិនមែន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​នៅ​ប្រទេស​ធំៗ​ឡើយ​៖ «​និយាយ​ទៅ​សក្ដានុពល ខ្ញុំ​ចង់​ជម្រាប​ជូន capacity ផលិតកម្ម​នេះ វា​មិនមែន​ជា​ខ្នាត​ធំ​ណាស់ណា​ទេ​ធៀប​ជាមួយ​ប្រទេស​គេ​ធំៗ ប៉ុន្តែ​គ្រាន់តែ​ថា នៅ​កម្ពុជា​យើង វា​ជា​ខ្នាត​ឧស្សាហកម្ម​លើកដំបូង​របស់​យើង​ដែរ​។ អ៊ីចឹង ផលិតកម្ម​ដែល​ចេញ​ហ្នឹង វា​ប្រហែលជា​មធ្យម ១០​ម៉ឺន​អោនស៍ (ounce) មាស​ក្នុង​មួយឆ្នាំ​…​។ យើង​អាច​និយាយ​វាយតម្លៃ​ជា​លក្ខណៈ​ឧស្សាហកម្ម​បាន​ពីព្រោះ​សមត្ថភាព​ផលិត​ក្នុង​១​ឆ្នាំ ដប់​ម៉ឺន​អោនស៍​អ៊ីចឹង​ហើយ វា​ចូល​ជា​លក្ខណៈ​ឧស្សាហកម្ម​ហើយ មិនមែន​ជា​ទ្រង់ទ្រាយ​សិប្បកម្ម​តូច ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ»។

លោក យស មុនីរ៉ាត់ បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អូស្ត្រាលី​នេះ​កំពុង​ដំណើរការ​ជា​ប្រក្រតី​ដើម្បី​ឈាន​ទៅ​ចម្រាញ់ និង​ផលិត​មាស​ដូច​តាម​ការ​គ្រោងទុក​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ខាងមុខ​នេះ ដោយ​មិន​មាន​ឧបសគ្គ​ណាមួយ​រាំងស្ទះ​នោះ​ទេ​៖ «​លើកលែង​តែ​មាន​ឧបសគ្គ​អី​រារាំង​របៀប​ដូចជា​លក្ខណៈ​យើង​ហៅថា Force Majeure នោះ​ទេ​។ បើ​អត់​មាន Force Majeure ទេ វា​អត់​មានអី​រាំងស្ទះ​ទេ​។ ពាក្យ​ថា Force Majeure នោះ ឧទាហរណ៍​ថា យើង​មាន​ព្យុះ ភ្លៀង ទឹកជំនន់ បណ្តាល​ឱ្យ​លិចលង់​អី​ជាដើម ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន នោះ​ទើប​អាច​មាន​ការប្រែប្រួល​។ បើសិនជា​អត់​មាន​បញ្ហា​អី​អស់​ហ្នឹង​ទេ យើង​គិតថា វា​អត់​មានអី​ប្រែប្រួល​នោះ​ទេ គឺ​យើង​នឹង​អាច​ផលិត​ដុំ​មាស​ទីមួយ​នៅ​ថ្ងៃ​នោះ​បាន»។

បើ​តាម​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​រូប​នេះ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង ៤០ ទទួល​បាន​អាជ្ញាប័ណ្ណ​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​មាស​នៅ​ទូទាំង​ប្រទេស។

​ទោះ​យ៉ាងណា សកម្មជន​បរិស្ថាន លោក អាឡិច យល់​ថា ចំណូល​បាន​មកពី​អាជីវកម្ម​រ៉ែ​មាស​នេះ​នៅ​តិចតួច​នៅ​ឡើយ​ទេ ហើយ​លោក​សង្ស័យ​ថា រដ្ឋាភិបាល​កំពុង​លាក់បាំង​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ដទៃ​ទៀត ដែល​លោក​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ត្រកូល​ហ៊ុន​៖ «អាជីវកម្ម​រ៉ែ​មាស​នៅ​ប្រទេស​កម្ពុ​ជា​មាន​យូរហើយ មាន​នៅ​ក្នុង​ខេត្ត​ផ្សេង​ជាពិសេស​ដូច​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន សកម្មជន​មាតា​ធម្មជាតិ​ធ្លាប់​ទៅ​មើល​ផ្ទាល់ គឺ​មាន​អាជីវកម្ម​ពេញទំហឹង​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ហើយ​ឮ​ថា លោក ហ៊ុន សែន នៅ​ពីក្រោយ​។ ហេតុ​អី​មិន​និយាយ​ទោះបីជា​ធ្វើ​អាជីវកម្ម​ពេញទំហឹង​ឡើង​១០​ឆ្នាំ​កន្លង​មក​។ តាម​យើង​យល់ អាជីវកម្ម​រ៉ែ​មាសធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​មិនមែន​របស់ រ៉ឺនេសសង់ ទេ គឺ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដេលខំ (Delcom) ដែល​ហាក់បីដូចជា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ត្រកូល​ហ៊ុន​។ ឃើញ​ទេ ដូច្នេះ យើង​មាន​មន្ទិលសង្ស័យ​ខ្លាំង​មែនទែន​នៅក្នុង​រឿង​ហ្នឹង»។

លោក អា​ឡិច មិន​រំពឹង​ថា ចំណូល​បាន​មកពី​វិស័យ​រ៉ែ​មាស​នេះ អាច​នឹង​ធ្លាក់​ដល់ដៃ​ពលរដ្ឋ​ក្រីក្រ​ឱ្យ​ទទួល​បាន​ប្រយោជន៍​នោះ​ទេ ពីព្រោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ បើ​ទោះ​ជា​លោក ហ៊ុន សែន អះអាង​ថា ចំណូល​ថវិកា​ប្រមូល​បាន​មក​ពី​វិស័យ​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​នូវ​តម្លាភាព និង​ធានា​ថា មិន​មាន​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ឧស្សាហកម្ម​ចម្រាញ់​មាស​នេះ​ទៅលើ​បរិស្ថាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​ជា​ជនជាតិ​ដើម​ភាគតិច។

កាលពី​ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជិត ២០​នាក់ បាន​ស្លាប់ និង​ជាង ៤០០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ពុល​ទឹកអូរ និង​ទឹក​ព្រែក ដែល​សង្ស័យ​ថា បង្ក​មក​ពី​ការ​បង្ហូរ​កាកសំណល់​គីមី​ហ្សានីត ពី​សំណាក់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន​មួយ​ឈ្មោះ រ៉ុង ឆេង ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ឃុំឆ្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាប់​ភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល បាន​សិក្សា​ស្វែង​រុករក​រ៉ែ​មាស​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ១៤​ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​នេះ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​២០០៦ បន្ត​ពី​ក្រុមហ៊ុន Oz Minerals​។ ក្រុមហ៊ុន រ៉ឺនេសង់ នេះ​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ ១០០% របស់​ក្រុមហ៊ុនមេ​ឈ្មោះ អេមើរលដ៍ រីហ្សូសស៊ីស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អូស្ត្រាលី ASX។ កន្លង​ទៅ ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​អូស្ត្រាលី​មួយ​ឈ្មោះ ប៊ីអេហ្យភី ប៊ីលីថុន (BHP Billiton) ធ្លាប់​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​បុកស៊ីត នៅ​ខេត្ត​មណ្ឌលគិរី​។ ក្រុមហ៊ុន​នេះ បាន​បង្ខំ​ចិត្ត​ចាកចេញ​ឈប់​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​វិញ ក្រោយ​ពី​រង​ការចោទប្រកាន់​ជុំវិញ​រឿងអាស្រូវ​ថា បាន​សូកប៉ាន់​លុយ​ទឹកតែ​ទៅ​ឱ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំនួន ២​លាន ៥​សែន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“ការ​ប្រកាស​ជោគជ័យ​​អាជីវកម្ម​រ៉ែ​មាស​លើកដំបូង​របស់​លោក ហ៊ុន សែន ជា​ល្បិច​បង្វែរ​ភាព​អាម៉ាស់​លើ​វិស័យ​ប្រេង”"

  1. Anonymous says:

    SDACH PEAL start to get worry after he is no place to go . please remembers the monster animal if it running out of powers it stay in one place waiting for the last minute to eating alive by the other . to me it seem to be so sorry to see his face but only now be for he got evil monster face just wanted to every one . too bad so sad the future of CHHUN KBOTH CHEATH is like that .

Leave a Reply

Submit Comment