ក្រសួង​ការពារ​ជាតិ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក

ដោយ សេក បណ្ឌិត
2021-06-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​ការពារ​ជាតិ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់ (ស្ដាំ) នារាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០២០។ Photo courtesy of Cambodia’s Ministry of Defense


នៅមុន​ការផ្សាយ​របស់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី១១ ខែ​មិថុនា នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ថា មន្ត្រី​យោធា​កម្ពុជា មិន​បើក​ចំហរ​ពេញលេញ​ក្នុង​ការ​ដើរ​ពិនិត្យមើល​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ថា ការ​លើក​ឡើង​នេះ គឺ​ខុសពី​ការពិត និង​មាន​ចេតនា​បង្កើត​បញ្ហា​ជា​បន្តបន្ទាប់ ដើម្បី​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការពារជាតិ លោក ណឹម សុវត្ថិ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រុម​ការងារ​ខ្មែរ​បាន​ជូន​មន្ត្រី​យោធា​អាមេរិក ទៅ​មើល​ទីតាំង​ជាច្រើន​កន្លែង​តាម​ការ​ស្នើសុំ ប៉ុន្តែ​យោធា​អាមេរិក បាន​ទាមទារ​ទៅ​មើល​កន្លែង​ផ្សេងៗ​ទៀត ដែល​ហួស​ព្រំដែន​នៃ​កម្រិត​ទស្សនកិច្ច​ដែល​បាន​ដាក់​ចុះ​។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​រូប​នេះ បន្ថែម​ថា ក្នុង​ការ​ទស្សនកិច្ច​យោធា គឺ​មាន​កម្រិត ហើយ​ប្រសិនបើ​យោធា​អាមេរិក ចង់​ចុះ​ទៅ​ច្រើនដង​ទៀត គឺ​អាស្រ័យ​លើ​ការ​ជជែក​គ្នា​បន្ត​ទៀត រវាង​ភាគី​ទាំងពីរ៕

មន្ត្រី​អនុព័ន្ធយោធា​អាមេរិក បញ្ឈប់​ដំណើរ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ភ្លាមៗ ក្រោយ​មន្ត្រី​យោធា​កម្ពុជា មិន​ឲ្យ​ដើរ​មើល​គ្រប់​កន្លែង

មន្ត្រី​អនុព័ន្ធយោធា​អាមេរិក បាន​ចុះ​ទៅ​ពិនិត្យ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ថ្ងៃទី​១១ ខែមិថុនា តែ​ខាង​មន្ត្រី​យោធា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ដើរ​មើល​ច្រើន​កន្លែង​នោះ​ទេ ដូច្នេះ​ខាង​មន្ត្រី​អាមេរិក ក៏​សម្រេច​បញ្ឈប់​ការពិនិត្យ​នោះ​ភ្លាមៗ និង​ស្នើ​ឱ្យ​កម្ពុជា​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជាថ្មី​ឡើងវិញ​ឲ្យ​បាន​ឆាប់​បំផុត​។ អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ បារម្ភ​ថា ប្រសិនបើ​កម្ពុជា មិនអាច​លាង​ជម្រះ​មន្ទិលសង្ស័យ​របស់​អាមេរិក​បានទេ ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​នឹង​នៅតែ​បន្ត​ប្រេះស្រាំ។

ក្តី​ព្រួយបារម្ភ និង​មន្ទិលសង្ស័យ​របស់​សហ​រដ្ឋ​អាមេរិក​អំពី​វត្តមាន​យោធា​ចិន​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នា​ខេត្ត​ព្រះសីហនុ នៅតែ​មិនទាន់​ជ្រះស្រឡះ​នៅឡើយ​ទេ ដោយសារតែ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អនុព័ន្ធយោធា​អាមេរិក​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន និង​ទំព័រ​ហ្វេសប៊ុក​(Facebook) របស់​ស្ថានទូត​ថា អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក គឺ​លោក​វរសេនីយ​ឯក ម៉ាកុស អិម ហ្វឺរ៉ារ៉ា ( Marcus M. Ferrara) បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​មូលដ្ឋានទ័ព​រាម នៅ​ថ្ងៃទី​១១ ខែ​មិថុនា ដោយ​ឆ្លង​តាម​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា​។ នៅ​ក្នុង​ពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា មិន​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អនុព័ន្ធយោធា​អាមេរិក​ទៅ​មើល​គ្រប់កន្លែង​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះ​ទេ​។ នៅ​ពេល​ដឹង​ច្បាស់​ថា មន្ត្រី​យោធា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​មើល​បាន​អស់​កន្លែង​នោះ លោក ម៉ាកុស អិម ហ្វឺរ៉ារ៉ា បាន​បញ្ចប់​ការ​ដើរ​មើល ហើយ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​មើល​គ្រប់កន្លែង​នៅ​ក្នុង​ពេល​ខាងមុខ​ឲ្យ​បាន​ឆាប់​បំផុត​។ ស្ថានទូត​សហរដ្ឋអាមេរិក គូស​បញ្ជាក់​ថា ទស្សនកិច្ច​ជា​ធម្មតា និង​ញឹកញាប់​របស់​អនុព័ន្ធយោធា​របស់​សហ​រដ្ឋ​អាមេរិក និង​អនុព័ន្ធយោធា​បរទេស​ដទៃ​ទៀត នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាច​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​រក​តម្លាភាព និង​ការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​បាន​ច្រើន។

ទាក់ទង​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ និង​ក្រុម​មន្ត្រី​នាំពាក្យ​ក្រសួងការពារជាតិ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។ រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ លោក​មិន​បាន​ដឹង​រឿង​នេះ​លម្អិត​នោះ​ទេ ដោយ​គ្រាន់​បង្ហាញ​ការយល់ ឃើញ​យ៉ាង​ខ្លី​ថា ការ​មិន​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​របស់​សហរដ្ឋអាមេរិក ដើរ​មើល​គ្រប់​ទីកន្លែង​នោះ ព្រោះ​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា៖ «អាហ្នឹង​ទាល់តែ​សួរ​ខាង​ក្រសួង​ការពារជាតិ សួរ​ខ្ញុំ​ម៉េច​បាន។ សួរ​ក្រសួងការពារជាតិ​ទៅ​អា​ប្រុស ព្រោះ​កន្លែង​ខ្លះ​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ធ្វើជា​អធិបតេយ្យភាព​របស់​កម្ពុជា អាហ្នឹង​អ៊ីចឹង ដូច្នេះ​កន្លែង​ដែល​ត្រូវ​មើល​គឺ​ទៅ​មើល តាម​ខ្ញុំ​ដឹង គឺ​កន្លែង​ការ​កសាង​កំពង់ផែ​ហ្នឹង​ឯង ហើយ​បើ​កាលណា​យើង​ទៅ​ហួស​ពី កន្លែង​កំពង់ផែ អានេះ​គឺជា​រឿង​ផ្សេង​មួយទៀត ខ្ញុំ​អត់​ដឹង​ទេ​អាហ្នឹង ប៉ុន្តែ​ដើម្បី​ជាក់ច្បាស់ សូម​សួរ​ខាង​ក្រសួង​ការពារជាតិ​របស់​យើង»។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ពី​សំណាក់​មន្ត្រី​អនុព័ន្ធយោធា​អាមេរិក​នេះ ធ្វើឡើង​ទៅ​តាម​ការយល់​ព្រម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បាន​យល់ព្រម​ឲ្យ​អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក ចុះទៅ​មើល​ទៀងទាត់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ​ថា មាន​មូលដ្ឋានទ័ព​ចិន ឬក៏​អត់​នេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) កាលពី​ថ្ងៃទី​១ ខែ​មិថុនា ។ លោក ហ៊ុន សែន សម្រេច​ចិត្ត​ដូច្នេះ ជា​ការ​ឆ្លើយតប​នឹង​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​អ្នកស្រី វិនឌី ហ្សឺមែន ដែល​បាន​លើក​ឡើង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា គំរាមកំហែង​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក​រូប​នេះ បាន​ជំរុញ​មេដឹកនាំ​កម្ពុជា​ឱ្យ​រក្សា​គោល​នយោបាយ​ការបរទេស​ប្រកបដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជាធំ។

ជុំវិញ​រឿង​នេះ សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា ការ​ប្រកាស​របស់​ស្ថានទូត​អាមេរិក​នេះ គឺ​បង្ហាញ​ពី​ការ​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក ប៉ុន្តែ​ភាគី​កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​រក្សា​ការសម្ងាត់​ចំពោះ​កិច្ចការ​សំខាន់ៗ​ដូចជា​កិច្ចការ​សន្តិសុខ​ជាតិ​ជាដើម​។ ទោះជា​យ៉ាងណា លោក​យល់ថា ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​បាន​បន្ទច់បង្អាក់ បែប​នេះ នឹង​មិន​អាច​លាង​ជម្រះ​មន្ទិលសង្ស័យ​របស់​ភាគី​អាមេរិក​បាន​ឡើយ ទាក់ទង​រឿង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងនេះ នឹង​នៅ​តែ​មាន​ភាព​អាប់អួរ​ដដែល៖ «ប៉ុន្តែ​សហរដ្ឋអាមេរិក ខ្ញុំ​គិត​ថា បើសិនជា​ដឹង​មែនទែន មិន​ចាំបាច់​មើល​ទេ ព្រោះ​គាត់​មើល​ពី​ផ្កាយរណប​មក​ឃើញ​ទាំងអស់​ដែរ គ្មាន​អី​លំបាក​ទេ ប៉ុន្តែ​ភាគី​អាមេរិក គួរតែ​លើក​ពី​ចំណុច​សង្ស័យ​ទីតាំង​មួយចំនួន ឬ​ទីតាំង​ណា​ដែល​សង្ស័យ​ហ្នឹងហើយ​ស្នើ​មក​ភាគី​កម្ពុជា តើ​ភាគី​កម្ពុជា​ឲ្យ​ទៅ​មើលទៅ​ពិនិត្យ​អត់ ព្រោះ​អាហ្នឹង វា​នៅក្នុង​សមត្ថកិច្ច ឬ​នៅ​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា អ៊ីចឹង​អាស្រ័យ​ទៅ​លើ​ភាគី​កម្ពុជា​។ អានេះ ខ្ញុំ​គិតថា មុន​នឹង​មាន​ទស្សនកិច្ច​លើក​ក្រោយ គួរតែ​មាន​ការ​លើកឡើង​កន្លែង​ដែល​ភាគី​អាមេរិក​គិតថា សង្ស័យ​ហ្នឹង លើក​ឲ្យ​ចំ​មក ឲ្យ​ភាគី​កម្ពុជា​ឆ្លើយ​តប ទើប​មាន​ប្រសិទ្ធភាព»។

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ ១​ថ្ងៃមុន​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា កម្ពុជា​ពិតជា​បាន​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​ជើង​ទឹក​រាម​ប្រាកដ​មែន ក្រោយ​បាន​វាយកម្ទេច​ចោល​អាគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​។ លោក​ថា ចិន​ផ្តល់​ជំនួយឥតសំណង ហើយ​ក្នុង​នោះ ក៏​មាន​វត្តមាន​កងកម្លាំង​របស់​ចិន​មក​ជួយ​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​ផង​ដែរ​។ លោក​អះអាង​ថា នៅពេល​ធ្វើ​ចប់ ចិន​នឹង​ប្រគល់​ឲ្យ​កម្ពុជា ហើយ​កម្ពុជា​មាន​សិទ្ធិ​ពេញ លេញ​ប្រើប្រាស់​មូលដ្ឋាន​នោះ។ ទោះបីជា​របប​ក្រុងភ្នំពេញ បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា ពុំ​មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ក្តី សហរដ្ឋអាមេរិក នៅតែ​មិន​ជឿទុក​ចិត្ត​ឡើយ និង​ទាមទារ​ឲ្យ​មន្ត្រី​អនុព័ន្ធយោធា​បរទេស​ទាំង​អស់ អាច​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​ជា​ញឹកញាប់​និង​ជាប្រចាំ ដើម្បី​បង្កើន​នូវ​តម្លាភាព​លើ​បញ្ហា​នេះ។

របប​លោក ហ៊ុន សែន ធ្លាប់​បាន​នាំ​អ្នក​ក្រុម​សារព័ត៌មាន​ទៅ​ពិនិត្យ​មើល​មូលដ្ឋាន​ទ័ពជើងទឹក​រាម​នេះ​ម្តង​ដែរ កាល​ពី​កក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​សារព័ត៌មាន The Wall Street Journal របស់​អាមេរិក​បាន​ចុះផ្សាយ​ថា របប​នេះ​បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព​បោះទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ។ ប៉ុន្តែ​ក្រុម​អ្នកសារព័ត៌មាន​ឯករាជ្យ​អះអាង​ថា អាជ្ញាធរ​មិន​បាន​នាំ​ពួកគេ​ទៅ​មើល​ច្រើន​កន្លែង​នោះ​ឡើយ ហើយ​អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ដើរ​មើល​ទីតាំង​ដទៃ ក្រៅពី​កន្លែង​ដែល​មាន​ការរៀបចំ​ទុក​នោះ​ដែរ​។ ម្យ៉ាងវិញទៀត អាជ្ញាធរ​ផ្តល់​ពេលវេលា​ខ្លី​បំផុត ដោយ​រាប់ទាំង​សន្និសីទកាសែត និង​ការ​នាំទៅ​មើល​ទីតាំង​យោធា អាជ្ញាធរ​ប្រើ​ពេល​ត្រឹមតែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​ឯករាជ្យ​មិនអាច​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ជូន​សាធារណជន​បាន​នោះ​ឡើយ៕

What Next?

Recent Articles

One Response to "ក្រសួង​ការពារ​ជាតិ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក"

  1. Anonymous says:

    I knew they got to be fair by telling the truth if not consequence . regime change may be apply to HUN SEN regime . every one know the word regime change that mean hunting the leader OK

Leave a Reply

Submit Comment