“ចរាចរណ៍​គ្រឿងញៀន​នៅ​កម្ពុជា​កើន​គួរ​ឲ្យ​ព្រួយបារម្ភ ទោះ​មាន​ការ​រឹតត្បិត​ករណី​កូវីដ១៩”

ដោយ មួង ណារ៉េត
2021-06-11
RFA

ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ថា​ចរាចរណ៍​គ្រឿងញៀន​នៅ​កម្ពុជា និង​នៅក្នុង​តំបន់ កើន​គួរ​ឲ្យ​ព្រួយបារម្ភ ទោះ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មាន​វិបត្តិ និង​មាន​ការ​រឹតត្បិត ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

ការិយាល័យ​នេះ រក​ឃើញ​ថា គ្រឿងញៀន​ដែល​កើន​សន្ទុះ​ចរាចរណ៍ មាន​ជា​អាទិ៍ ម៉ា​ទឹកកក (Crystalline methamphetamine) ហេរ៉ូអ៊ីន (Heroin) កេតាម៉ីន (Ketamine) និង​កញ្ឆា (Cannabis herb)​។ ក្នុង​នោះ ​ចរាចរណ៍​ម៉ា​ទឹកកក កើនឡើង​បី​ដង ក្នុង​ឆ្នាំ​២០២០ ធៀប​នឹង​ឆ្នាំ ២០១៩​។ អង្គការ​នេះ​បារម្ភ​ដែរ ថា ដោយសារ​មេតំហ្វេតាមីន ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​មួយ​គ្រា​ប់ ១​ដុល្លារ ធ្វើ​ឲ្យ​ចរាចរណ៍ និង​ការប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​នេះ មាន​គ្រប់​ទិសទី​នៅ​កម្ពុជា​។ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន និង​ម៉ា​ទឹកកក​នេះ នាំចូល​ពី​ប្រទេស​ឡាវ (Laos) និង​ចែកចាយ​បន្ត​ទៅ​ប្រទេស​វៀតណាម និង​ថៃ។

នាយក​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​លោក ចេរ៉េមី ដាហ្ក្លាស (Jeremy Douglas) ថា ការ​រត់ពន្ធ​គ្រឿងញៀន​នេះ ធ្វើឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អង្គការ​ចាត់តាំង​។ លោក​បន្ថែម​ថា ទោះបី​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​-១៩ ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ នៅ​តែ​ឆ្លៀតឱកាស​បន្ស៊ាំ​ខ្លួន និង​កេង​ចំណេញ​ពីមុខ​របរ​នេះ​បាន​ដដែល។ របាយការណ៍​គ្រឿងញៀន​ប្រចាំឆ្នាំ ២០១៩ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញថា​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន ភាគច្រើន​លើសលុប​ជា​យុវជន ដែល​មាន​មុខរបរ​មិន​ពិតប្រាកដ វ័យ​ចន្លោះ​ពី ១៨ ដល់ ២៥ ឆ្នាំ​។ បន្ទាប់មក​គឺ​ក្រុម​កម្មករ និង​ពលករ និង​សិស្ស​/​និស្សិត​។ ក្រុម​អ្នកប្រើប្រាស់ និង​ញៀន​គ្រឿងញៀន ក្មេង​បំផុត​មាន​អាយុ ១០ ឆ្នាំ មាន​ប្រមាណ ៥​ភាគរយ​។ ថ្នាំញៀន​ដែល​មាន​ប្រជាប្រិយ​ជាងគេ គឺ​មេតំហ្វេតាមីន​ម្សៅ (ICE)។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថា​ក្រុម​គោលដៅ​ដែល​ប្រឈម​ខ្ពស់ គឺមាន​ដូចជា​ពលករ​ចល័ត​ក្នុងស្រុក និង​ពលករ​ចំណាកស្រុក​ក្រៅប្រទេស​ដោយ​ខុសច្បាប់ កម្មករ​សំណង់ អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន អ្នក​បម្រើសេវា​កម្សាន្ត​សប្បាយ សិស្ស​គេច​សាលា សិស្ស​បោះបង់​ការ​សិក្សា​ជាដើម​។ ចំណុច​ប្រឈម​មួយ​ទៀត គឺ​កម្ពុជា​នៅតែ​ក្លាយជា​កន្លែង​ដែល​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ យក​ធ្វើជា​កន្លែង​ផលិត​កែច្នៃ និង​ឆ្លងកាត់​គ្រឿង​ខុសច្បាប់​តាម​គ្រប់​រូបភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment